×

សាក​ផ្លាស់​ប្តូរ​ទម្លាប់​នៃ​ការហាត់ប្រាណ​ដ៏​សាមញ្ញ​ ​ជាមួយនឹង​របៀប​ហាត់ប្រាណ​ហោះហើរ​លើ​អាកាស​វិញ​ម្ដង​

TRAVEL & LIVING 3 weeks ago
 
 

​          ​ការ​លេង​កីឡា​ ​ឬ​របៀប​នៃ​ការហាត់ប្រាណ​ជាច្រើន​ប្រភេទ​តែង​ធ្វើឲ្យ​អ្នកមាន​សុខភាព​ល្អ​ ​និង​ចៀស​ពី​ជំ​ងឺ​ផ្សេង​ៗ​បាន​យ៉ាង​មានប្រសិទ្ធភាព​។​ ​អ្នក​ដែល​ធ្វើលំ​ហាត់ប្រាណ​ជាប្រចាំ​ ​គេ​តែង​ស្វែងរក​នូវ​វិធីសាស្ត្រ​នៃ​ការ​ធ្វើលំ​ហាត់​ប្រា​ណ​ថ្មី​ៗ​ ​ក៏ដូចជា​ប្រភេទ​កីឡា​មួយចំនួន​ដែល​មានការ​ពេញនិយម​ខ្លាំង​ក្នុង​ប៉ែក​អឺរ៉ុប​ ​ឬ​អាស៊ី​ជាដើម​។​ ​ដូច្នេះ​ថ្ងៃនេះ​ ​សូ​វរីន​ ​សូម​បង្ហាញ​ជូន​ប្រិយមិត្ត​អ្នកអាន​ទាំងឡាយ​នូវ​ប្រភេទ​កីឡា​ម៉្យាង​ដែល​ធ្វើឲ្យ​រាងកាយ​របស់​អ្នកមាន​ភាពរឹងមាំ​ ​ថែមទាំង​អាច​កម្សាន្ត​ដល់ចិត្ត​របស់​អ្នកឲ្យ​ចាក​ឆ្ងាយ​ពី​ភាព​តប់ប្រមល់​បាន​មួយផ្នែកទៀត​ផង​។​ ​

​          ​កីឡា​ ​Aerial​ ​Hammock​ ​ឬ​កីឡា​លើ​អាកាស​ ​ត្រូវ​បាន​គេ​ដឹង​ថា​ជា​ប្រភេទ​កីឡា​ដែល​មាន​ប្រភព​ដើម​ចេញពី​ការ​សម្តែង​សៀក​ដ៏​ល្បី​មួយ​ក្នុង​កំឡុង​ឆ្នាំ១៩៥៩នៃ​ប្រទេស​បារាំង​ ​ហើយ​បាន​ប្រែក្លាយ​ជា​កីឡា​ដ៏​ប្លែកភ្នែក​មួយ​បែប​នៃ​ប៉ែក​អឺរ៉ុប​ ​ហើយ​បន្ត​ជះឥទ្ធិពល​ដល់​តំបន់​អាស៊ី​តាម​បណ្តា​ប្រទេស​មួយចំនួន​ដូចជា​៖​ ​ប្រទេស​ម៉ាឡេស៊ី​ ​ទីក្រុង​ហុងកុង​ ​ប្រទេស​តៃវ៉ាន់​ ​ប្រទេស​ចិន​ ​និង​ប្រទេស​ថៃ​នា​បច្ចុប្បន្ន​។​ ​ជាក់ស្តែង​ ​នៅក្នុង​កំលុង​ឆ្នាំ២០១៨​ ​កីឡា​នេះ​ត្រូវ​បាន​នាំចូល​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ ​កញ្ញា​ ​សេង​ ​បុប្ផា​ ​ដែល​ជា​ស្ថាបនិក​ ​និង​គ្រូបង្ហាត់​បង្រៀន​កីឡា​ ​នៃ​ក្លឹប​ហាត់ប្រាណ​ ​ប៊ី​ ​ហ្វ្​លាយ​ ​ស្ទូ​ឌី​យោ​ ​(​B​ ​Fly​ ​Studio​)​ ​បាន​ឲ្យដឹង​ផង​ដែរ​ថា​ ​ការហាត់​កីឡា​លើ​អាកាស​ប្រៀបបានទៅ​នឹង​ការ​ហ្វឹកហាត់​រាងកាយ​ឲ្យ​មាន​ភាព​ទន់ភ្លន់​ដែល​ផ្សារភ្ជាប់​ទៅ​នឹង​សិល្បៈ​ផង​ដែរ​។​

កញ្ញា​ ​សេង​ ​បុប្ផា​

​          តាមរយៈ​ការ​លើកឡើង​របស់​កញ្ញា​ ​បុប្ផា​ ​បាន​ឲ្យដឹង​ថា​ ​«​មុននឹង​យើង​ចាប់ផ្តើម​ហាត់​នោះ​យើង​ត្រូវការ​កម្ដៅ​សាច់ដុំ​ប្រមាណ​ជា៣០នាទី​សិន​ ​ដើម្បីឲ្យ​រាងកាយ​មាន​ភាព​សុំា​បន្តិច​ទើប​យើង​ចាប់ផ្តើម​នូវ​ជំហាន​នៃ​កីឡា​លើ​អាកាស​នេះ​ ​ប្រសិនបើ​មិន​មានការ​កម្ដៅ​សាច់ដុំ​ទេ​ ​ហើយ​ចាប់ផ្តើម​ហាត់​កីឡា​នេះ​តែម្តង​នោះ​វា​នឹង​ធ្វើឲ្យ​រាងកាយ​មានការ​ឈឺចាប់​ជាក់ជា​មិនខាន​។​» ជាមួយគ្នា​នេះ​ដែរ​ ​មនុស្ស​មួយចំនួន​មានការ​ភ័ន្តច្រឡំ​ចំពោះ​កីឡា​នេះ​ ​ទៅ​នឹង​ការ​ហា​ត់​យូ​ហ្គា​នេះ​ក៏​ព្រោះតែ​ការអនុវត្ត​ន៍​នៃ​កីឡា​ទាំងពីរ​នេះ​មាន​ភាព​ស្រដៀងគ្នា​ទាំង​ការ​ពុត​ខ្លួន​នឹង​របៀប​សម្រាល​ខ្លួន​។​

          យ៉ាងណាមិញ​ ​កញ្ញា​ ​បុប្ផា​ ​ក៏បាន​បញ្ជាក់​អំពី​លក្ខណៈ​មួយចំនួន​ឲ្យបាន​ដឹងផង​ដែរ​ថា​ ​ការហាត់​កីឡា​លើ​អាកាស​អាច​ពង្រឹង​នូវ​ភាពរឹងមាំ​នៃ​រាងកាយ​បាន​ច្រើនជាង​ការ​ហា​ត់​យូ​ហ្គា​ ​ក៏​ព្រោះតែ​មនុស្ស​ភាគច្រើន​ដែល​ហា​ត់​យូ​ហ្គា​ ​ដើម្បី​ធ្វើឲ្យ​ដងខ្លួន​មាន​រាង​ស្រស់​ស្អាត​តែប៉ុណ្ណោះ​។​ ​ដោយឡែក​ ​ការហាត់​កីឡា​លើ​អាកាស​បាន​ផ្តល់​នូវ​ទម្រង់​សិល្បៈ​នៃ​ការ​បត់បែន​ដងខ្លួន​ឲ្យ​ដូចជា​អ្នករបាំ​អាជីព​ ​រាងកាយ​មាន​ភាព​មាំមួន​ ​និង​អាច​ជា​កីឡា​កម្សាន្ត​ចិត្ត​សម្រាប់​អ្នក​ហ្វឹកហាត់​ ​ដោយ​ពឹងផ្អែក​ទៅលើ​ខ្សែ​អង្រឹង​ ​អាច​ទប់ទល់​នឹង​ទម្ងន់​មនុស្ស​បាន​រហូត​ទៅដល់​ ​៩០០គីឡូក្រាម​ឯណោះ​។​ ​

​          ​ការ​ថែរក្សា​សម្រស់​ ​និង​សុខភាព​ ​គឺជា​កត្តា​ដែល​សំខាន់​បំផុត​សម្រាប់​មនុស្ស​គ្រប់រូប​ ​ហេតុ​ដូចនេះ​ ​អ្នក​គួរតែ​ចំណាយពេល​ប្រមាណ​ជា៣០នាទី​ជា​រៀងរាល់ថ្ងៃ​ ​សម្រាប់​ធ្វើលំ​ហាត់ប្រាណ​ ​ដើម្បី​បញ្ចៀស​នឹង​ជំងឺ​កាច​សាហាវ​ទាំងឡាយ​ ​ហើយ​ការ​ធ្វើលំ​ហាត់ប្រាណ​នេះ​ក៏​ជាផ្នែក​មួយ​ដែល​អាច​បង្កើន​សម្រស់​ឲ្យ​ក្មេង​ជាង​វ័យ​ថែមទៀត​ផង​៕​ ​

Article​ ​by​ ​PAN​ ​SIVLY​



SUGGESTIONS