បំពង់បឺតធ្វើពីម្សៅអង្ករ បានទាំងប្រើ បានទាំងញ៉ាំ បានទាំងជួយបរិស្ថាន
TRAVEL & LIVING 4 years agoតើទាល់តែដើររើសសំរាមតាមទីសាធារណៈ ទើបអាចជួយបរិស្ថានប្រទេសយើងបានមែនទេ? តាមពិតទៅ មានវិធីសាស្រ្តច្រើនយ៉ាងណាស់ដែលប្រជាពលរដ្ឋអាចអនុវត្តក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេដើម្បីចូលរួមចំណែកជួយបរិស្ថានដែលជារឿងសំខាន់មួយដែលសង្គមជាតិកំពុងយកចិត្តទុកដាក់គិតគូរដោះស្រាយក្នុងពេលបច្ចុប្បន្ន។ សម្រាប់ដើមទសវត្សរ៍ថ្មីនៃស.វ.ទី២១ នេះ សូវរីន សូមណែនាំផលិតផលថ្មីសន្លាងមួយដែលកំពុងធ្វើចរាចរណ៍នៅលើទីផ្សារប្រទេសកម្ពុជាដែលប្រកបដោយពហុអត្ថប្រយោជន៍ នោះគឺ បំពង់បឺតប្រភេទថ្មីដែលផលិតចេញពីម្សៅអង្ករពិតៗតាមគោលការណ៍ធម្មជាតិ។
កន្លងមក លោកអ្នកប្រហែលជាធ្លាប់ដឹងឮរួចមកហើយនូវព័ត៌មានទាក់ទងនឹងបំពង់បឺតដែលជួយកាត់បន្ថយបញ្ហាបរិស្ថានជាច្រើនប្រភេទ ដូចជា បំពង់បឺតធ្វើពីស្មៅ និងបំពង់បឺតធ្វើពីដើមប្ញស្សី ជាដើម។ ប៉ុន្តែដោយឡែក បំពង់បឺតប្រភេទថ្មីដែលយើងចង់ណែនាំនេះគឺ ធ្វើពីម្សៅអង្ករដែលយើងទាំងអស់គ្នាប្រហែលជាពុំធ្លាប់បាននឹកឃើញដល់នៅឡើយទេ។ អ្វីដែលរឹតតែពិសេសគឺ ប្រសិនបើយើងមិនចង់បង្កើតកាកសំណល់ដល់បរិស្ថាន យើងអាចទទួលទានបំពង់បឺតនោះភ្លាមៗតែម្តងក្រោយបឺតភេសជ្ជៈរួច ហាក់បីដូចជាអាហារសម្រន់មួយបែបដែរ ពីព្រោះវាមានជម្រើសច្រើនពណ៌ និងច្រើនរសជាតិ។ ពណ៌ទាំងនោះត្រូវបានចម្រាញ់ចេញពីបន្លែពិតៗ ដែលក្នុងនោះរួមមាន ជាអាទ៍ ពណ៌សផ្សំពីដំឡូងមី ពណ៌ខ្មៅផ្សំពីល្ង ពណ៌លឿងទុំផ្សំពី ការ៉ុត ពណ៌បៃតងផ្សំពីផ្ទី និង ពណ៌ស្វាយផ្សំពីដំឡូងឈាមមាន់។ល។ ជនបរទេសនិយមហៅវាថា បំពង់បឺតផាស្តា (Pasta Straw) ដោយសារគេអាចយកវាទៅស្រុសទឹកក្តៅញ៉ាំបានដូចពពួកផាស្តាឬមីអ៊ីតាលីដែរ។ អ្នកនាង អ៊ុំ សូរិយា ម្ចាស់អាជីវកម្ម Suria Green ជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃដែលផ្តោតសំខាន់លើបរិស្ថានបានរៀបរាប់អំពីការផ្គត់ផ្គង់ផលិតផលនេះថា ក្រុមហ៊ុនរបស់អ្នកនាងទើបតែបង្កើតឡើងក្នុងឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះទេ ហើយកត្តាដែលជំរុញចិត្តរបស់អ្នកនាងឲ្យជ្រើសរើសផលិតផលបំពង់បឺតជួយបរិស្ថានជាផលិតផលគោលនៃអាជីវកម្មនេះគឺ ដោយសារទីមួយមានតម្រូវការពីអ្នកប្រើប្រាស់ជាក់ស្តែង និងទីពីរគឺ ឆន្ទៈរបស់អ្នកនាងចំពោះការជួយសង្គម និងបរិស្ថាន “ធ្លាប់មានអ្នករត់តុម្នាក់សួរបងទាក់ទងនឹងទុយោស្មៅ គ្រាន់តែគាត់សួរបងភ្លាម បងក៏នឹកឃើញរឿង Supply (ផ្គត់ផ្គង់) របស់ eco-product (ផលិតផលជួយបរិស្ថាន) […] មួយទៀត ចិត្តបងតែម្តងហ្នឹង បងចងរកមុខរបរណាដែលបានលុយហើយជួយសង្គមបានពាក់កណ្តាល ដោយឥតប៉ះពាល់អី។”
ស្ថាបនិករូបនេះបានបន្តទៀតថា ដំណើរការផ្គត់ផ្គង់ផលិតផលបំពង់បឺតម្សៅអង្ករនេះក៏ដូចជាបំពង់បឺតស្មៅ និងបំពង់បឺតប្ញស្សីដែរបានជួបប្រទះនឹងបញ្ហាលំបាកគឺ កត្តាតម្លៃទីផ្សារ ដោយសារផលិតផលបែបធម្មជាតិតែងតែមានថ្លៃដើមថ្លៃជាងផលិតផលធម្មតា ពោលគឺថ្លៃជាងតម្លៃបំពង់បឺតប្លាស្ទិក។ ប៉ុន្តែដោយសារការផ្សព្វផ្សាយឌីជីថល ប្រជាជនកាន់តែយល់ដឹងច្រើនអំពីបញ្ហាបរិស្ថានជាបន្តបន្ទាប់ ដែលនេះធ្វើឲ្យតម្រូវការផលិតផលបំពង់បឺតរបស់ Suria Green មានកំណើនឡើងខ្ពស់ក្នុងរយៈពេលដ៏ខ្លីរហូត ១០០%-២០០%។ គិតរហូតមកដល់សព្វថ្ងៃនេះ Suria Green បានផ្គត់ផ្គង់ផលិតផលខាងលើទៅកាន់បណ្តាសណ្ឋាគារ និងភោជនីយដ្ឋានធំៗនៅតាមបណ្តាខេត្តជាច្រើន ដូចជា ខេត្តសៀមរាប ខេត្តកំពត ខេត្តកែប ខេត្តមណ្ឌលគិរី ខេត្តកោះកុង ខេត្តស្ទឹងត្រែង ក្រុងប៉ោយប៉ែត (ខេត្តបន្ទាយមានជ័យ) និង គិរីរម្យ (ខេត្តកំពង់ស្ពឺ)។ ក្រៅពីនេះ នៅមានការផ្គត់ផ្គង់ឲ្យខាងកាហ្វេជាច្រើនកន្លែង ហើយក៏មានការទិញប្រើប្រាស់ផ្ទាល់ (លក់រាយ) ជាហូរហែដែរ។
គួរបញ្ជាក់ផងដែរថា បំពង់បឺតម្សៅអង្ករដែលអាជីវកម្ម Suria Green កំពុងផ្គត់ផ្គង់សព្វថ្ងៃនេះមានពីរទំហំ គឺ មុខកាត់ 6mm សម្រាប់ភេសជ្ជៈធម្មតា និងមុខកាត់ 8mm សម្រាប់ភេសជ្ជៈប្រភេទកាហ្វេក្រឡុក Frappe និងទឹកផ្លែឈើក្រឡុក Smoothie។ បំពង់បឺតនេះអាចប្រើជាមួយភេសជ្ជៈត្រជាក់បានរហូតរយៈពេល៦ម៉ោង និងភេសជ្ជៈក្តៅបាន ៣ម៉ោង។ រីឯសុពលភាពនៃបំពង់បឺតនេះគឺ អាចរក្សាទុកបានរហូត ២៤ខែបន្ទាប់ពីកាលបរិច្ឆេទផលិត។ ទន្ទឹមនឹងនេះ Suria Green ក៏មានផលិតផលជាឈុតគូនឹងបំពង់បឺតមិនមែនប្លាស្ទិក គឺ កែវប្ញស្សី ដៃយួរកែវធ្វើពីកំប្លោក ថាសប្ញស្សី ចានស្រទបស្លា ព្រមទាំង ចាន សម និងស្លាបព្រាធ្វើពីត្រឡោកដូងខ្មែរ។
ជាចុងក្រោយ អ្នកនាង អ៊ុំ សូរិយា បានធ្វើសំណូមពរកុំឲ្យអ្នកប្រើប្រាស់បន្ទាបតម្លៃផលិតផលដែលមានអត្ថប្រយោជន៍ចំពោះបរិស្ថាន ហើយជាពិសេសនោះគឺ លើកទឹកចិត្តសហគមន៍សិប្បកម្មក្នុងស្រុកគ្រប់ទិសទីឲ្យផ្ញើផលិតផលសិប្បកម្មរបស់ពួកគាត់ដើម្បីឲ្យក្រុមហ៊ុនមានលទ្ធភាពជួយផ្សព្វផ្សាយ និងស្វែងរកទីផ្សារឲ្យសិប្បករនៅតាមបណ្តាខេត្តឲ្យកាន់តែទូលំទូលាយ៕
Article by SRIN SOKMEAN