និយាយដល់សិល្បៈចម្លាក់ នរណាក៏ទទួលស្គាល់ថាខ្មែរយើងមានប្រវត្តិសិល្បៈនេះជាយូរយារណាស់មកហើយដែលមានចម្លាក់នៅលើជញ្ជាំងប្រាសាទរាប់ពាន់ប្រាសាទនៅទូទាំងផ្ទៃប្រទេសជាសក្ខីភាពជាក់ស្តែងស្រាប់មិនអាចប្រកែកបាន។ ចម្លាក់ខ្មែរយើងតាំងពីបុរាណកាលមកមានច្រើនប្រភេទ ជាអាទិ៍រួមមានចម្លាក់ថ្ម ចម្លាក់ឈើ ចម្លាស់មាស ចម្លាក់ប្រាក់ ចម្លាក់ស្ពាន់ ។ល។ ប៉ុន្តែនៅក្នុងយុគសម័យដើមសតវត្សរ៍ ទី២១ថ្មីនេះ លោកសាស្រ្តាចារ្យ ព្រហ្ម វិចិត្រ ស្ថាបនិក និង ជាសាស្រ្តាចារ្យគំនូរផ្ទាល់នៃអង្គការ “វិចិត្រករខ្មែរដើម្បីកុមារ” (Khmer Artist for Children Organization) បានផ្តួចផ្តួចគំនិតបង្កើតស្នាដៃចម្លាក់មួយប្រភេទទៀតគឺ “ចម្លាក់ទៀន” ដែលមិនមែនជាការឆ្លាក់ក្បូរក្បាច់នៅលើទៀនព្រះវស្សានោះទេ ប៉ុន្តែជាសិល្បៈថ្មីមួយបែបទៀតដែលគ្មានជនណាម្នាក់ធ្លាប់នឹកនាធ្វើពីមុនមកនោះទេ។
ជួបជាមួយអ្នកយកព័ត៌មានគេហទំព័រទស្សនាវដ្តីសូវរីននៅទីតាំងអង្គការរបស់លោកនៅភូមិក្រាំងពង្រសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ (ម្តុំក្រោយវត្តទឹកថ្លា ក្បែរទំនប់៧មករា ផ្លូវជាតិលេខ ៣) វិចិត្រករជើងចាស់ ព្រហ្ម វិចិត្រ ជាមន្ត្រីវិចិត្រករចូលនិវត្តន៍នៃក្រសួងអប់រំ យុវជន និងកីឡា និង អង្គការទស្សនៈពិភពលោក ដែលមានកេរ្តិ៍ឈ្មោះបោះសម្លេងជាច្រើនទសវត្សរ៍មកហើយនោះបានរំព្ញកពីជំហានចាប់ផ្តើមបង្កើតសិល្បៈចម្លាក់ទៀន ដែលជាអត្តសញ្ញាណធំមួយរបស់អង្គការនេះថា ដោយសារតែឃើញមានកាកសំណល់ទៀននៅតាមវត្តអារាមក្នុងមូលដ្ឋានតំបន់របស់លោកដែលមិនត្រូវបានគេយកទៅកែច្នៃប្រើប្រាស់ឡើងវិញ ទើបលោកមានបំណងចង់រំលេចវាឲ្យទៅជាវត្ថុសិល្បៈមានប្រយោជន៍ ពោលគឺយកវាទៅប្រើប្រាស់ធ្វើជាវត្ថុធាតុដើមថ្មីសម្រាប់បង្កើតផ្ទាំងចម្លាក់ឲ្យសិស្សគំនូរ-ចម្លាក់នៅក្នុងអង្គការរបស់លោកបានសិក្សា អនុវត្តឆ្លាក់ជំនួសការប្រើប្រាស់កំណាត់ឈើ។
ឆ្លើយតបនឹងសំនួរទាក់ទងនឹងអត្ថប្រយោជន៍ការសិក្សាចម្លាក់ទៀន នាយកប្រតិបត្តិអង្គការវ័យជាង៦០ឆ្នាំរូបនេះ បានបង្ហាញអំពីសារៈសំខាន់នៃសិល្បៈចម្លាក់នេះថា “ទីមួយ យើងចង់អភិរក្សកេរដូនតារបស់យើងគឺក្បាច់។ ទីពីរ គឺទៀនគេចោល កាលណាវារលាយទៅជាអាចម៍ (កាកទៀន) ហើយ គេលក់ឲ្យអេតចាយ។ (ទោះ) ទៀនគេអាចស្លប្រើឡើងវិញ តែយើងជាវិចិត្រករ យើងចង់យកអាហ្នឹងទៅធ្វើជាស្នាដៃដូនតា ជាចម្លាក់ត (ពីពួកគាត់) ។ ជាពិសេស ធ្វើឲ្យក្មេងៗចេះទប់អារម្មណ៍របស់ពួកគេ ទៀនបើកាលណាចាក់មួយកាំបិតខុសគឺខុសក្បាច់វាហើយ បើឈើយើងអាចបិតបាន តែទៀន អត់ទេ! […] ” ។ លោកបានបន្ថែមថា ដើម្បីឆ្លាក់រូបលើផ្ទាំងកំណកទៀនបានល្អស្អាត សិស្សានុសិស្សម្នាក់ៗត្រូវយកចិត្តទុកដាក់ផ្តោតអារម្មណ៍លើរូបដែលត្រូវឆ្លាក់ឲ្យមូល ហើយបង្កើនការប្រុងប្រយ័ត្នលើមុខកាំបិតជាងការឆ្លាក់ចម្លាក់លើផ្ទាំងឈើទ្វេដងដើម្បីចៀងវាងកំហុសដោយអចេតនាដែលបណ្តាលឲ្យខូចផ្ទាំងទៀននោះមិនអាចជួសជុលបាន។
យុវតី កង ធារី អាយុ ១៧ឆ្នាំ កំពុងរស់នៅភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ដែលជាសិស្សគំនូរ-ចម្លាក់ទៀននៅក្នុងអង្គការនេះ បាននិយាយប្រាប់ថា ប្អូនស្រីបានមកសិក្សាជំនាញនេះនៅក្នុងអង្គការអស់រយៈពេល៧ឆ្នាំមកហើយ តាំងពីពេលអង្គការនេះទើបដំណើរការដំបូងមកម្ល៉េះ។ ឆ្លៀតពេលទំនេរពីការសិក្សានៅសាលារដ្ឋ នាងនិងមិត្តភក្តិចំនួន០៥នាក់បានមករៀននៅទីនេះមួយសប្តាហ៍ម្តង ជារៀងរាល់ថ្ងៃអាទិត្យ។ មុននឹងឈានមកឆ្លាក់ចម្លាក់ទៀននេះ នាងត្រូវឆ្លងកាត់ការសិក្សាគំនូរលើក្រដាសធម្មតាជាមុនសិន។ ពីរឆ្នាំក្រោយមក ទើបលោកគ្រូអនុញ្ញាតឲ្យនាងចាប់យកជំនាញចម្លាក់ទៀនរហូតដល់សព្វថ្ងៃនេះ។ កន្លងមក នាងធ្លាប់ឆ្លាក់រូបលើទៀនជាច្រើនផ្ទាំង ដូចជា រូបចម្លាក់ហនុមាន និង រូបចម្លាក់នាងមច្ឆា ជាដើម។
ការរៀនជំនាញចម្លាក់ទៀនមិនមែនជារឿងងាយស្រួលប៉ុន្មាននោះទេ ហើយក៏មិនមែនសិស្សទាំងអស់តស៊ូរៀនដល់ចប់ចុងចប់ដើមនោះដែរ។ ជាក់ស្តែងក្នុងចំណោមសិស្ស៦នាក់ដែលចាប់ផ្តើមរៀននៅទីនេះជាមួយគ្នា សព្វថ្ងៃនៅសល់តែគ្នា៤នាក់ប៉ុណ្ណោះដែលនៅតស៊ូរៀនបន្ត។ ក្នុងនាមជាសិស្សដែលសិក្សាយូរឆ្នាំមកហើយ យុវតីខាងលើបានអះអាងថា ក្រៅពីការព្យាយាមស្តាប់គ្រូបង្ហាត់បង្ហាញនៅក្នុងថ្នាក់ នាងក៏ត្រូវចំណាយពេលអានសៀវភៅស្តីពីគំនូរ-ចម្លាក់បន្ថែមដោយខ្លួនឯង ព្រមទាំងស្រាវជ្រាវតាមរយៈបណ្តាញយូធូបដើម្បីអភិវឌ្ឍសមត្ថភាពជំនាញ។ ដោយឡែក ចំពោះការអនុវត្តឆ្លាក់វិញ នាងត្រូវចំណាយពេលយ៉ាងហោចណាស់ ២-៣ថ្ងៃក្នុងមួយផ្ទាំង ឬ អាចឈានដល់លើសពីមួយសប្តាហ៍ក៏មាន អាស្រ័យលើរូបដែលត្រូវឆ្លាក់ថាតើស្រួលឬពិបាកកម្រិតណា ហើយវាក៏អាស្រ័យលើអារម្មណ៍នៅពេលឆ្លាក់ជាក់ស្តែងផងដែរ។
យុវតីដដែលក៏បានពន្យល់ប្រាប់ផងដែរថា ចំពោះដំណាក់កាលផលិតចម្លាក់ទៀន ដំបូងត្រូវប្រមូលកាកទៀន ឬ ហៅថាអាចម៍ទៀននោះយកមកស្លរំលាយ ហើយចាក់បញ្ចូលទៅក្នុងពុម្ពរបស់វា។ បន្ទាប់មក ត្រូវចិត្តសាច់ទៀនឲ្យស្មើល្អ ទើបយកក្រដាសគំនូរមកកាល់(ធ្វើឲ្យដាម) ពីលើសាច់ទៀន។ បន្ទាប់មកទៀត ត្រូវយកកាំបិតមុខតូចឬធំទៅតាមខ្នាតចំណុចដែលត្រូវឆ្លាក់មកឆ្កឹះឆ្លាក់ឲ្យបានលម្អិតទៅតាមអ្វីដែលយើងចង់បាន។ សព្វថ្ងៃ នាងកំពុងព្យាយាមហ្វឹកហាត់បន្ថែមលើការគូរទម្រង់រូបភ្នែក ព្រោះនាងយល់ថាចំពោះគំនូរបុរាណ បើទម្រង់ភ្នែកស្អាតនោះទើបមើលទៅឃើញរូបទាំងមូលស្អាត។ ជាចុងក្រោយ ប្អូនស្រីបាន សម្តែងចំណាប់អារម្មណ៍ចំពោះការងារនេះថា “សម្រាប់ខ្ញុំ ធ្វើការងារនេះវាស្រួល បានឯករាជ្យខ្លួនឯង អត់ចាំបាច់នៅក្រោមអ្នកណាគេ និយាយទៅមានសេរីភាព! ធំឡើងខ្ញុំចង់ក្លាយជាគ្រូបង្រៀនជំនាញនេះនៅសាកល!” ។ ប្អូនស្រីក៏សង្ឃឹមថា យុវជនយុវតីដែលមានបំណងសិក្សាជំនាញនេះដូចប្អូននឹងខិតខំអភិវឌ្ឍស្នាដៃរបស់ខ្លួនជាបន្ត មិនបាក់ទឹកចិត្តបោះបង់វាចោលឡើយ៕
Article by SRIN SOKMEAN