×

សាកល្បង​ច្នៃ​ម្ទេសប្លោក​ជា​មុខម្ហូប​ឈ្ងុយឆ្ងាញ់​ប្លែក​មាត់​ជាមួយ​សូវ​រី​ន​នៅ​ថ្ងៃនេះ​ម្តង​មើ​ល៍!

TRAVEL & LIVING 3 months ago

         ​ ​ម្ទេសប្លោក​គឺជា​អាហារ​ទទួលទាន​ដ៏​ពេញ​និយម​ដែល​ជាទូទៅ​គេ​ច្រើន​យកទៅ​ធ្វើជា​ម្ហូប​ឆា​ជាមួយ​សាច់​និង​សាប់​ធ្វើជា​បន្លែ​ញាំ​ជាដើម​។​ ​ថ្ងៃនេះ​សូវ​រី​ន​សូម​ណែនាំ​នូវ​វិធី​ធ្វើ​ក៏ដូចជា​មុខម្ហូប​ចំនួន ​២​មុខ​ដែល​សម្រិតសម្រាំង​ក្រោម​ថ្វីដៃ​កំពូល​ចុងភៅ​ចំណាន​យើង​ដូច​ខាងក្រោម​៖

1. សាលាដ​ ​ម្ទេសប្លោក​

គ្រឿងផ្សំ​៖

​ម្ទេសប្លោក​លឿង​ ​ក្រហម​ ​ខៀវ​ ​មួយ​មុខ​ ​១​/​២​ផ្លែ​
​ខ្ទឹមបារាំង​ ​១​/​៤​ផ្លែ​
​ខាត់ណា​ខៀវ​ ​១​០​០​ក្រាម​
​ប៉េងប៉ោះ​ ​១​០​០​ក្រាម​
​ជីរវ៉ាន់ស៊ុយ​ ​បន្តិច​
​សាច់គោ​ ​១​០​០​ក្រាម​

គ្រឿងផ្សំ​និង​វិធី​ធ្វើ​ទឹកជ្រលក់​៖​ ​

ប្រេង​អូ​លីវ​ ​១​ស្លាបព្រា​បាយ​ ​ទឹកខ្មេះ​២​ស្លាបព្រា​បាយ​ ​អំបិល​មួយ​ចុង​ស្លាបព្រា​កាហ្វេ​ ​ម្រេច​មួយ​ចឹប​ ​Ore​gan​o ​ក្រៀម​ ​១​ស្លាបព្រា​កាហ្វេ​។​ ​ចំពោះ​វិធី​ធ្វើ​យើង​គ្រាន់តែ​យក​គ្រឿងផ្សំ​ទាំងនេះ​ម​កលា​យ​ចូលគ្នា​ឲ្យ​សព្វ​ជាការស្រេច​។​

​វិធី​ធ្វើ​៖​ ​

​          ចាប់ផ្តើម​ត្រៀម​បន្លែ​ដោយ​យក​ម្ទេសប្លោក​ ​ក្រហម​ ​លឿង​ ​ខៀវ​ ​មក​ហាន់​ជា​បួនជ្រុង​តូច​ៗ​ ​ខ្ទឹមបារាំង​ហាន់​ជា​កង់​ស្តើង​ៗ​ ​ចំណែក​ខាត់ណា​ខៀវ​យកទៅ​ស្រុះ​ទឹកក្តៅ​បន្តិច​ហើយ​កាត់​ជា​ចំណិត​តូច​ៗ​។​ ​យក​បន្លែ​ដែល​ហាន់​រួច​ទាំងប៉ុន្មាន​ដាក់​ច្របល់​ចូលគ្នា​ក្នុង​ចានគោម​មួយ​រួច​ទុក​មួយ​ឡែក​សិន​ ​ហើយ​ងាក​មក​ហាន់​សាច់គោ​ជា​បួនជ្រុង​តូច​ៗ​ ​រួច​ដាក់​ឆា​ឲ្យ​ឆ្អិន​ដោយ​បន្ថែម​រោយ​អំបិល​បន្តិច​ ​និង​ម្រេច​បន្តិច​។​ ​បន្ទាប់ពី​ឆា​ឆ្អិន​ហើយ​នោះ​ ​យើង​យក​សាច់គោ​ទៅ​ចាក់​ចូលក្នុង​ចាន​បន្លែ​ដែល​យើង​ច្របល់​ត្រៀម​ស្រេច​ ​រួច​បន្ថែម​ទឹកជ្រលក់​ដែល​យើង​ត្រៀម​ទុក​ស្រោច​ពីលើ​យើង​នឹងបាន​អាហារ​សាលាដ​ដ៏​ឈ្ងុយឆ្ងាញ់​៕

​2. ដំឡូង​បំពង​ស្នូល​ម្ទេស

​គ្រឿងផ្សំ​៖

គ្រី​ម​ឈី​ស​ ​២​៥​០​ក្រាម​
​ដំឡូងជ្វា​ ​២​មើម​
​ម្ទេសប្លោក​ពណ៌ខៀវ​រាង​តូច​ទ្រវែង​ ​៥​ផ្លែ​
​សាច់ក្រក​ ​១​
​Mixed​ ​Cheese​ ​៦​ស្លាបព្រា​បាយ​
​អំបិល​ ​១​/​២​ស្លាបព្រា​កាហ្វេ​
​ម្រេច​ ​១​/​៤​ ​ស្លាបព្រា​កាហ្វេ​
​Bacon​ ​៧​បន្ទះ​
​ប្រេង​ឆា​
​ម្សៅ​បំពង​ ​បរិមាណ​សម​ល្មម​ជាមួយ​ដំឡូង​
​ពងមាន់​ ​១​គ្រាប់​
​ទឹក​បន្តិច​

​វិធី​ធ្វើ​៖

          ​មុន​ឈាន​ដល់​ការ​ច​ម្អិ​ន​ ​ជាដំបូង​យើង​ត្រូវ​យក​ដំឡូងជ្វា​មក​ឈូស​ជា​សរសៃ​ៗ​ ​សាច់ក្រក​ហាន់​ល្អិត​ៗ​ ​ម្ទេសប្លោក​ឆ្កៀល​យក​គ្រាប់​កណ្តាល​ចេញ​ ​រីឯ​សាច់​ ​Bacon​ ​ក៏​ហាន់​ល្អិត​ៗ​ដូចគ្នា​រួច​ទុក​មួយ​ឡែក​សិន​។​ ​ជំហាន​បន្ទាប់​ចាប់ផ្តើម​យក​ចានគោម​មួយ​ដាក់​ម្សៅ​បំពង​លាយ​ជាមួយ​ពងមាន់​(​គោះ​យក​តែ​ពងក្រហម​) ​និង​ដំឡូង​ដែល​ឈូស​រួច​ ​ហើយ​ថែម​ទឹក​បន្តិច​ច្របល់​ចូលគ្នា​ឲ្យ​សព្វ​រួច​ទុក​មួយ​ឡែក​ទៀត​។​ ​ចាប់ផ្តើម​យក​ម្ទេសប្លោក​ដែល​ឆ្កៀល​គ្រាប់​រួចមក​ញាត់​សាច់ក្រក​ ​សាច់​ ​Bacon​ ​និង​ ​Mixed​ ​Cheese​ ​រួច​ធ្វើការ​កាត់​ជា​កង់​ៗ​ប្រវែង​ប្រហែល​មួយ​ថ្នាំងដៃ​។​ ​ដល់ពេល​ច​ម្អិ​ន​យើង​គ្រាន់តែ​យក​ម្ទេស​ញាត់​សាច់​ដែល​កាត់​រួចមក​ប្រឡាក់​រុំ​ជាមួយ​ម្សៅ​លាយ​ដំឡូង​ឈូស​ដែល​យើង​ត្រៀម​ទុក​ហើយ​ធ្វើការ​បំពង​ឲ្យ​ឆ្អិន​ល្មម​ដល់​ក្នុង​រួច​ស្រង់​ដាក់​ចាន​ទទួលទាន​ជាមួយ​គ្រី​ម​ឈី​សតិ​ច​ច្រើន​តាមចំណូលចិត្ត​៕​

Recipes by THIDA


SUGGESTIONS