×

អារម្មណ៍​ហោះហើរ​ដូច​បក្សី​អម​ទៅ​ដោយ​ជំនោរ​ស្រុក​ឈៀងម៉ៃ​នា​ព្រឹក​ព្រហាម

TRAVEL & LIVING 3 weeks ago
 
 

          បើនិយាយ​ពី​ខេត្ត​ឈៀងម៉ៃ​ដែល​ស្ថិត​នៅ​តំបន់​ព្រៃភ្នំ​ធម្មជាតិ​ភាគ​ខាងជើង​ប្រទេសថៃ​នោះ ទេសចរ​ទាំង​ឡាយ​ប្រាកដ​ជា​នឹក​ដល់​សម្រស់​បុប្ផា​ព្រៃភ្នំ​ដែល​លាក់ខ្លួន​ជ្រក​ក្រោម​ដែនដី​ដែល​រង​ឥទ្ធិពល​សិល្បៈ​វប្បធម៌​ ឡានណា​ តាំង​ពី​សតវត្សរ៍ទី១៣​មកម្ល៉េះ។ ហើយ​ខេត្ត​នេះ​ទៀតសោត​ជា​ប៉ូល​ទេសចរណ៍​ដ៏​ធំ​បំផុត​មួយ​ដែល​សម្បូរ​ទៅ​ដោយ​សក្តានុពល​ទេសចរណ៍​ល្បី​ល្បាញ និង​កំពុង​ទទួល​បាន​នូវ​ការ​ពេញនិយម​ពី​សំណាក់​ភ្ញៀវ​ទេសចរជាតិ​ និង​អន្តរជាតិ។ ក្នុង​ចំណោម​តំបន់​ទេសចរណ៍​តាម​បែប​ប្រវត្តិសាស្រ្ត តំបន់​ទេសចរណ៍​តាម​បែប​ធម្មជាតិ និង​មជ្ឈមណ្ឌល​កម្សាន្ត​ទំនើបៗ​ជា​ច្រើន​នៅ​ទី​នោះ សូវរីន នឹង​បង្ហាញ​ជូន​នូវ​កន្លែង​កម្សាន្ត​មួយ ដែល​​មាន​ឈ្មោះ​ថា Balloon Port at Horizon & Resort។

          នៅ​ក្នុង​ដំណើរ​ទស្សនៈកិច្ច​របស់ សូវរីន រយៈ​ពេល​៤ថ្ងៃ​លើ​ទឹកដី​នៃ​ខេត្ត​ឈៀងម៉ៃ នាថ្ងៃ​ចុងក្រោយ​មុន​ពេល​ដែល​យើង​ត្រលប់​មក​ប្រទេស​កម្ពុជា​វិញ យើង​បាន​ចំណាយ​ពេល​មួយ​ព្រឹកព្រលឹម​ដើម្បី​សាកល្បង​ទទួល​យក​បទពិសោធន៍​ថ្មី​មួយ​ដែល​យើង​មិន​ធ្លាប់​ធ្វើ​ពី​មុន​មក​ទាល់​តែ​សោះ នោះ​គឺ​សកម្មភាព​ជិះបាឡុង​ហោះ​លើ​អាកាស។ វា​ជា​សកម្មភាព​ដែល​ធ្វើ​ឲ្យ​បេះដូង​ភ្ញៀវ​ទេសចរ​ទាំងយើង​ទាំងគេ រំភើប​ញាប់ញ័រ​ជាង​គេ ស្ទើរ​តែ​រក​ពាក្យ​អ្វី​មក​ប្រៀប​ប្រដូច​មិន​បាន​ស្មាន​មិនត្រូវ។ សម្រស់​ព្រៃភ្នំ​ធម្មជាតិ​នៃ ខេត្ត​ឈៀងម៉ៃ​មិន​អាច​ធ្វើ​ឲ្យ​យើង​មើល​សព្វ​ដោយ​ការ​ជិះ​រថយន្ត​មើល​នោះ​ទេ ពោល​គឺ​មាន​តែ​ការ​ជិះ​បាឡុង ហោះ​ដ៏​ធំនេះ​ហើយ​ដែល​អាច​ជួយ​ឲ្យ​ពួកយើង​មើល​ឃើញ​ទិដ្ឋភាព​ដ៏​ស្រស់ស្អាត​នៃ​ខេត្ត​នេះ​កាន់​តែ​ច្បាស់ ដូច​សត្វបក្សី​ហើរ​សំកាំង​ស្លាប​រំពៃ​កែវភ្នែក​សម្លឹង​រកចំណី​នាពេល​ព្រឹកព្រលឹម។

ជំនោរ​ស្រុក​ឈៀងម៉ៃ​ពេល​ព្រឹក​ព្រហាម​គួបផ្សំ​នឹង​ពន្លឺ​ទិនករ​ស្រាលស្រទន់​ដែល​រះ​ឡើង​គ្រប​ដណ្តប់​ផែនពសុធា​ស្វាគមន៍​ថ្ងៃ​ថ្មី​នៃ​លោក​សន្និវាស​ធ្វើ​ឲ្យ​ដួងចិត្ត​យើង​ទាំងអស់​គ្នា​នឹក​ស្រណោះ​អាឡោះ​អាល័យ​ទឹកដី​ឈៀងម៉ៃ​ពុំ​ចង់​ឃ្លាត​ឡើយ។ ទ្រនិច​នាឡិកា​បាន​ចង្អុល​ដល់​ម៉ោង​ដែល​ចុះ​សំចត អ្នក​បញ្ជា​ឬ​យើង​ហៅ​ថា​អ្នក​បើក​បាឡុង​ក៏​បាន​បន្ទាប​បាឡុង​បន្តិចម្ដងៗ មក​កាន់​ទីវាល​ដែល​មាន​ស្មៅ​ក្រាល​យ៉ាង​បៃតង​ស្រស់អម​ទៅ​ដោយ​ទេសភាព​យ៉ាង​ត្រកាល។ ស្ទើរ​តែ​មិនដឹង​ខ្លួន​យើង​ក៏​បាន​សុំចត​នៅ​លើ​ដី​ដោយ​សុវត្ថិភាព ព្រម​ជាមួយ​បទពិសោធន៍​ដ៏​រីករាយ​ជាមួយ ដំណើរ​កម្សាន្ត​តាម​បែប​ថ្មី​មួយនេះ។ សូម​បញ្ជាក់​ផង​ដែរ​ថា​ការ​ជិះ​បាឡុង​ហោះម្ដង​មាន​តម្លៃ ៨៨០០បាត (ជិត ៣០០ដុល្លារ) ដោយ​ក្នុង​នោះ​យើង​អាច​ជិះ​ចាប់​ពី​២នាក់​រហូត​ដល់​៦នាក់​បាន​ក្នុង​បាឡុង​មួយ ក្រោយ​ពី​ជិះ​ហើយ​យើង​ក៏​នឹង​ទទួល​បាន​នូវ​ការ​ស្វាគមន៍​របស់​ក្រុម​ការងារ​ដោយ​ការ​ចាក់​ស្រា​សាំបាញ​នៅ​លើ​សក់​តិចៗ រួម​ជាមួយ​នឹង​ការ​ក្រេប​ឱជារស​នៃ​ស្រា​សាំបាញ​យ៉ាង​ត្រជាក់​ចិត្ត រួម​ជា​មួយ​ការ​ផ្ដល់​នូវ​វិញ្ញាបនបត្រ​បញ្ជាក់​ពី​ឈ្មោះ​យើង​ផង​ដែរ៕

 Article by HENG CHANMAKARA



SUGGESTIONS