×

តើ​ទម្រង់​សិល្បៈ​ល្ខោន​ខោល​នៅ​កម្ពុជា​មាន​ដំណើរ​វិវឌ្ឍន៏​យ៉ាង​ដូច​ម្តេច​ខ្លះ​?​

TRAVEL & LIVING 2 weeks ago
 
 

          ​អបអរសាទរ​ ​ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត​ ​(​Lkhon​ ​Khol​ ​Wat​ ​Svay​ ​Andet​)​ ​របស់​កម្ពុជា​ត្រូវ​បាន​ទទួលស្គាល់​និង​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូ​ណេស្កូ​ជា​ផ្លូវការ​ហើយ​នៅ​ក្រុង​ ​Port​ ​Loiuis​ ​ប្រទេស​ម៉ូ​រីស​ ​នៅ​ថ្ងៃទី២៨​ ​ខែវិច្ឆិកា​នេះ​។​ ​ឆ្លៀត​ក្នុង​ឱកាស​នេះ​ ​សូ​វរីន​សូម​រៀបរាប់​អំពី​ទម្រង់​សិល្បៈ​ល្ខោនខោល​នេះ​ខ្លះ​ៗ​ដើម្បី​ជា​ចំ​នេះ​ដឹង​ទូទៅ​មួយ​សម្រាប់​ប្រិយមិត្ត​អ្នកអាន​ដូចតទៅ​៖​

          ​​បើ​យោង​តាម​ទស្សនាវដ្តី​កម្ពុជសុរិយា​ឆ្នាំទី២៨លេខ៦ខែមិថុនា​ឆ្នាំ១៩៥៦ល្ខោនខោល​ប្រហែលជា​កើតមាន​ដំណាលគ្នា​នឹង​ល្ខោន​ធម្មតា​ដែរ​ពោល​គឺ​កើតមាន​តាំងពី​រជ្ជកាល​ព្រះកេតុមាលា​ ​(​ព្រះបាទ​ជ័យវរ្ម័នទី២​)​ ​រវាង​គ.ស៨០២ដល់៨៦៩​។​ កាលពី​សម័យមុន​ល្ខោន​នេះ​ធ្លាប់​ត្រូវ​បាន​គេ​ចាត់ទុកជា​មហោស្រព​ព្រះរាជទ្រព្យ​សម្រាប់​លេង​ក្នុង​ពិ​ធិ​ផ្សេង​ៗ​ដូចជា​ព្រះរាជ​ពិធី​តាំងតុ​ចម្រើន​ព្រះជន្ម​ជាដើម​។​បើ​តាម​បញ្ជី​ក្នុង​ព្រះបរមរាជវាំង​សម័យ​នោះ​ល្ខោនខោល​ជា​ល្ខោន​ដែល​មាន​តួ​របាំ​សុទ្ធតែ​ប្រុស​សុទ្ធ​ហើយ​មាន​ចំនួន​យ៉ាងច្រើន​បំផុត៦៥នាក់​។​ ល្ខោន​នេះ​ប្រើ​សម្រាប់​លេង​តែ​ឈុត​ឆាក​ក្នុង​រឿង​រាមកេរ្តិ៍​មួយ​តែប៉ុណ្ណោះ​។​ អ្នក​សម្ដែង​ល្ខោនខោល​នី​មួយ​ៗ​ត្រូវ​ពាក់មុខ​ទៅតាម​តួអង្គ​លើកលែងតែ​តួ​នាង​។​ប៉ុន្តែ​បើ​តាម​ប្រសាសន៍​អះអាង​របស់​ព្រឹទ្ធា​ចារ្យ​យិ​ត​សារិ​ន​ហៅ​លោក​គ្រូ​សវ័យ៩១ឆ្នាំ​ ល្ខោនខោល​ជា​ប្រភេទ​ល្ខោន​មហាជន​ដែល​មាន​ប្រភព​កំណើត​ចេញពី​វត្ត​ស្វាយ​អណ្តែត​ស្រុក​ល្វាឯម​ខេត្តកណ្តាល​តាំងពី​រជ្ជកាល​ព្រះបាទ​ស៊ីសុវត្ថិ​ដោយមាន​លោក​គ្រូ​ស៊ឹ​មមក​ពី​កៀនស្វាយ​ជា​អ្នកបង្ហាត់​បង្រៀន​តាមរយៈ​ឯកសារ​សាស្រ្តា​ស្លឹករឹត​ហើយ​ក្រោយមក​នៅ​ឆ្នាំ១៩៤០ ទើប​ព្រះ​មហាក្សត្រី​យា​នី​ស៊ី​សុ​វត្ថិ​កុសុមៈ​នារី​រត​ន៍​ទ្រង់​សព្វព្រះទ័យ​អនុញ្ញាត​ឱ្យ​ក្រុម​ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត​មក​សម្ដែង​ថ្វាយ​នៅ​ព្រះ​ទីនាំង​ភោជនីយ​ក្នុង​ព្រះបរមរាជវាំង​ក្រុងភ្នំពេញ​។​


​          ​​ក្រោយ​របប​ខ្មែរក្រហម​ដួល​រលំ​ព្រឹទ្ធា​ចារ្យ​ល្ខោនខោល​ដែល​មានភ័ព្វ​វាសនា​រួចផុត​ពី​ការ​កាប់សម្លាប់​ដូចជា​លោ​ក​គ្រួ​យិ​ត​សារិ​ន​អ្នក​គ្រូ​ឯ​ម​ធាយ​អ្នកគ្រូ​សុត​សំ​អុន​អ្នកគ្រូ​ស៊ិន​សា​ម៉ា​ដឹក​ឆូ​អ្នកគ្រូ​ជា​ខាន់​អ្នកគ្រូ​ជា​សាមី​អ្នក​គ្រូ​ស៊ឹម​មន្ថា​និង​អ្នកគ្រូ​រស់​គង់​ជាដើម​បាន​ប្រមូលគ្នា​ចូលរួម​ចំណែក​អភិរក្ស​សិល្បៈ​ល្ខោនខោល​យ៉ាង​សស្រាក់​សស្រាំ​តាមរយៈ​ការ​បណ្តុះបណ្តាល​ថ្នាល​សិល្បៈ​ជំនាន់​ក្រោយ​។​ សព្វថ្ងៃ​ក្រសួងវប្បធម៌​និង​វិចិត្រ​សិល្បៈ​កំពុងតែ​យក​ចិ​ត្ក​ទុកដាក់​ក្នុង​ការ​អភិរក្ស​ និង​ផ្សព្វផ្សាយ​មត៌ក​ល្ខោនខោល​ទៅកាន់​មជ្ឈដ្ឋាន​សាធារណៈ​ និង​ទៅកាន់​ឆាក​អន្តរជាតិ​ថែមទៀត​ផង​។ ​ជាក់ស្តែង ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​​ចិត្ត​ជ្រើសរើស​យក​ទស្សនីយភាព​សិល្បៈ​ល្ខោនខោល​ទៅ​ចូលរួម​សម្ដែង​ក្នុង​កម្មវិធី​មហោស្រព​របាំងមុខ​អាស៊ាន​បូក​បី ​(​ASEAN​ ​+​3​ ​Mask​ ​Festivals​)​ ​នៅ​ប្រទេស​ថៃ​យ៉ាង​មហោឡារឹ​ក​កាលពី​ថ្ងៃទី០៤ ខែកក្កដា​ ឆ្នាំ២០១៦ កន្លងទៅ​ថ្មីនេះ ​ក្រោម​វត្តមាន​ចូលរួម​ពីសំណាក់​គណៈប្រតិភូ​សិល្បករ​តំណាង​ជាតិ​ចំនួន០៥ប្រទេស​គឺ​ ប្រទេស​កម្ពុជា​ ថៃ ​មីយ៉ាន់ម៉ា​ ឡាវ​ និង​ កូរ៉េខាងត្បូង​។​ នេះ​ជា​កិត្តិយស​ដ៏​ថ្មីសន្លាង​មួយទៀត​ សម្រាប់​ល្ខោនខោល​ដែល​ជា​មត៌ក​ដូនតា​ខ្មែរយើង​ ហើយ​សិល្បៈ​យើង​ក៏​ទទួល​បាន​នូវ​ការចាប់អារម្មណ៍​ និង​កា​រស្ញើច​សរសើរ​យ៉ាងច្រើន​ពីសំណាក់​គណៈប្រតិភូ​អន្តរជាតិ​ដែល​មានវត្តមានក្នុង​ឱកាស​នោះ​។​ លើស​ពីនេះ​ទៅទៀត​ យោង​តាម​សេចក្តី​ជូនដំណឹង​ជា​ផ្លូវការ​របស់ក្រ​សួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ចុះ​ថ្ងៃទី០៣ ខែមិថុនា​ឆ្នាំ២០១៦​ ​ថ្មី​ៗ​នេះ ​ក្រសួង​កំពុងតែ​ខិតខំ​យ៉ាង​អស់ពី​សមត្ថភាព ​និង​គ្រប់​មធ្យោបាយ​ក្នុង​ការសិក្សា​ចងក្រង​ឯកសារ​ស្តី​ពី​ល្ខោនខោល​​ព្រម​ជាមួយ​ក្បាច់គុន​ល្បុក្កតោ​ និង​ភ្លេងអារក្ស​ ដើម្បី​ស្នើ​ចុះ​បេតិកភណ្ឌ​អរូបី​នៃ​មនុស្សជាតិ​ទាំងនេះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៅ​ឆ្នាំខាងមុខ​។​ ស្រប​ជាមួយ​សកម្មភាព​ខ្នះខ្នែង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សិល្បករ​ខ្មែរ​ផ្នែក​ដឹកនាំ​ល្ខោនខោល​ក៏បាន​ខិតខំ​ព្យាយាម​ពាំនាំ​ទស្សនីយភាព​ដ៏​ចំណាស់​នេះ​ទៅ​សម្ដែង​ក្នុង​កម្មវិធី​មហោស្រព​សិល្បៈ​ផ្សេង​ៗ​ជាអាទិ៍​នៅ​សាលា​ភូមិន្ទ​វិចិត្រ​សិល្បៈ​ សាលសន្និសីទ​ចតុមុខ​ សមាគម​សិល្បៈ​សុវណ្ណភូមិ​ និង​នៅ​តាម​វត្តអារាម​មួយចំនួន​នៅពេល​មានកម្ម​វិធី​សិល្បៈ​ម្ដងម្កាល​ដើម្បី​ឱ្យ​កូនខ្មែរ​ជំនាន់​ក្រោយ​ និង​ជនបរទេស​ទាំងឡាយ​បាន​សិក្សា​ស្វែងយល់​កាន់តែ​ទូលំទូលាយ​។​ ក្រៅពីនោះ​សិល្បៈ​នេះ​ត្រូវ​បាន​ចាក់​បញ្ចាំង​ខ្លះ​ៗ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ជា​រៀងរាល់​សប្តាហ៍​ផង​ដែរ ​តួយ៉ាង​កម្មវិធី ​“​មន្ត​ស្នេហ៍​សំនៀង​”​ ​របស់​ស្ថានីយ៍​ទូរទស្សន៍​ស៊ី​ធី​អ៊ិ​ន​(​CTN​)​ ​ព្រមទាំង​មានការ​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ក​ជា​ហូរហែ​ថែមទៀត​ផង​ ​ជាពិសេស​ទំព័រ​ហ្វេ​សប៊ុ​ក ​“​ល្ខោនខោល​ខ្មែរ​”​ និង​ ​“​ភាណី​រូបិនី​”​។​ គួរ​បញ្ជាក់​ផង​ដែរ​ថា ​ក្នុងស្មារតី​លើកស្ទួយ​វិស័យ​នេះ​យុវ​សិល្បករ​ឯកទេស​ជាច្រើន​រហូត៣២នាក់ ​ក្រោម​ការ​បង្ហាត់បង្ហាញ​របស់​សាស្រ្តា​ចារ្យ​ជំនាញ​បាន​ប្រមូល​ផ្តុំ​កម្លាំង​គ្នា​បង្កើត​កម្មវិធី​សម្ដែង​ទស្សនីយភាព​ល្ខោនខោល​ដ៏​ធំអស្ចារ្យ​មួយ ​ដកស្រង់​ចេញពី​ឈុត​មួយ​ក្នុង​រឿង​រាមកេរ្តិ៍​ដែល​មានឈ្មោះ​ថា ​“​ថល​ត​យ័ន្ត​”​ ​នៅ​ទីតាំង​សាលា​មធ្យម​វិចិត្រ​សិល្បៈ​នៅ​ថ្ងៃច័ន្ទ​ទី១១ ខែកក្កដា ​ប្រកបដោយ​ភាព​ជោគជ័យ​យ៉ាង​សម្បើម​។ ​លោក ​ខុន​ ច័ន្ទ​សិទ្ធិការ្យ​ អ្នក​ផ្តួចផ្តើម​បង្កើត​កម្មវិធី​បាន​លើកឡើង​ថា ​“​វា​ជា​ព្រឹត្តិ​ការណ៍​ទ្រង់ទ្រាយ​ធំ​មួយ​ដែល​មាន​ក្រុមការងារ​សរុប​ទាំងអស់​ជិត៥០នាក់​។​ ពួក​យើង​ខំធ្វើការ​ខ្លាំង​មែនទែន​!​ ​ខ្ញុំ​មាន​ទឹកចិត្ត​ចង់​ធ្វើ​វា​ដើម្បី​សិល្បៈ​ខ្មែរយើង​!​ យើង​ខំប្រឹង​ខ្លួនឯង​សិន​ទើប​មាន​គេ​ជួយ​!​”​


​          ​​ដោយឡែក ​នៅ​ខាង​សមាគម​សិល្បៈ​ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត​ឯណោះ​វិញ​ ព្រះ​គ្រូ ​ជា​ ប៊ុ​ន​ធឿន​ ចៅអធិការវត្ត​ស្វាយ​អណ្តែត​បាន​មាន​សង្ឃដីកា​ប្រាប់ ​សូ​វរីន ​ថា​ «​នៅ​វត្ត​នេះ​គឺ​យើង​មាន​ទំនៀមទម្លាប់​មួយ​ពេល​ដែល​រដូវ​ចូលឆ្នាំ​បាន​បញ្ចប់​ទៅ​គឺ​យើង​សម្ដែង​ល្ខោនខោល​បី​យប់​ជាប់គ្នា​។​ ថ្នាល​ចាស់​បាន​បាត់បង់​ អ្នកខ្លះ​ចាស់ជរា​ អ្នកខ្លះ​ស្លាប់ ​អ្នកខ្លះ​បាន​ផ្លាស់​ប្តូរ​ទីលំនៅ​។​ដូច្នេះ​ យើង​បាន​បង្កើត​ថ្នាល​ថ្មី​គឺ ក្មេង​នៅ​ទីនេះ​ចេះ​លេងភ្លេង​ពិណពាទ្យ​ផង ​ចេះ​សម្ដែង​ល្ខោនខោល​ផង​។​»​ ​ព្រះ​តេជគុណ​បាន​បន្ត​ថា​ ប្រសិនបើ​ប្រមូល​ទាំងអស់ ​(​ចាស់​ៗ​ក្នុង​តំបន់​មូលដ្ឋាន​)​ ​គ្រូ​ដែល​នៅ​អាច​សម្ដែង​បាន​មាន​ប្រហែល១០នាក់ ​ប៉ុន្តែ​គ្រូបង្គោល​ក្នុង​ការ​បង្ហាត់បង្រៀន​សិស្ស​ផ្ទាល់​តែម្ដង​មាន​ត្រឹម៤​-​៥នាក់​ប៉ុណ្ណោះ​។​​ គ្រូ​នៅ​ទីនោះ​ត្រូវ​បាន​បែងចែក​បង្ហាត់​ទៅតាម​ប្រភេទ​តួ​នី​មួយ​ៗ ​តួយ៉ាង​លោកតា ​អ៊ឹម ​សា​រួន ​ជំនាញ​តួយក្ស ​និង​លោកតា​ ហេង ​សៅ ​ជំនាញ​តួ​ស្វា​។​


​          ​ជាមួយគ្នា​នេះ​ដែរ​ លោក​ ប៉ូច ​ផៃ​ អតីត​នាយក​សាលាបឋមសិក្សា​ស្វាយ​អណ្តែត​ បច្ចុប្បន្ន​ជាស​មា​ជិ​ក​គណៈកម្មការ​គ្រប់គ្រង​ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត​ទទួលបន្ទុក​ផ្នែក​រដ្ឋបាល​ និង​ទំនាក់ទំនង​បាន​មានប្រសាសន៍​ថា ស​មា​ជិ​ក​ក្រុម​ល្ខោន​វត្ត​ស្វាយ​អណ្តែត​នេះ​មក​ពី​បី​មូលដ្ឋាន​ភូមិ​គឺ​ ភូមិ​ពាម​តាឯក​ ​ភូមិ​តា​ស្គរ ​និង​ភូមិ​ព្រែក​តាអុង​។ ​ក្មេង​ៗ​ដែល​មក​ហាត់រៀន​ល្ខោនខោល​មាន​សរុប​ប្រមាណ ៣០​-​៤០នាក់​ ប៉ុន្តែ​ក្នុងចំណោម​នោះ​មានតែ ២០នាក់​ទេ​ ដែល​នៅ​បន្ត​សម្ដែង​ដល់​សព្វថ្ងៃ​។ ​នៅ​ទីនោះ​គ្មាន​រោង​សម្រាប់​សម្ដែង​ជាប្រចាំ​ទេ ​ព្រោះ​រោង​ចាស់​បាក់បែក​អស់ហើយ​។​ ដូច្នេះ​ពេល​សម្ដែង​ម្ដង​ៗ​ត្រូវ​ចំណាយ​ប្រាក់​សម្រាប់​ជួល​រោង ​រី​ឯ​សម្លៀកបំពាក់​សម្ដែង​វិញ​ គឺ​ត្រូវ​ខ្ចីគេ​ប្រើប្រាស់​រហូត​ទើបតែ​មកដល់​ឆ្នាំ២០០០ ទើប​មានការ​ឧបត្ថម្ភ​សម្លៀកបំពាក់​សម្ដែង​ចំនួន១២សម្រាប់​ ​(​អាវ​តួយក្ស៦ និង​អាវ​តួ​ស្វា៦​) ​ពី​អង្គ​កា​រយូនេស្កូ​។ ​សម្លៀកបំពាក់​ និង​របាំងមុខ​ខោល​ទាំងអស់​ត្រូវ​រក្សាទុក​ក្នុង​បណ្ណាល័យ​សាលា​។​


​          ​​«​ចាប់ពី​ឆ្នាំ២០១២មក​យើង​បាន​មូល​និ​ធិហ្គូដ​ហ្វា​ន់​ ​(​Good​ ​Fund​)​ ​របស់​ជនជាតិ​បារាំង​។​ ​គាត់​បាន​ជួយ​ជា​ថវិកា​ដល់​គ្រូបង្ហាត់​ក្បាច់​ និង​បង្ហាត់​ភ្លេង​។ ​ប៉ុន្តែ​ឥឡូវ​ជំនួយ​នេះ​ត្រូវ​បាន​ផ្អាក​ហើយ​ខាង​វត្ត​ផ្ទាល់​គឺ​លោកគ្រូ​ចៅអធិការ​កំពុង​ខិតខំ​រក​ថវិកា​ជួយ​ឱ្យ​បាន​បន្ត​ទៅទៀត​។ ​ល្ខោនខោល​ ​(​ល្ខោន​មហាជន​)​សព្វថ្ងៃ​នៅសល់​តែ​វត្ត​ស្វាយ​នេះ​មួយ​ទេ​!​ ​សូម​មេត្តា​ជួយ​ចូលរួម​គាំទ្រ​ទោះបីជា​ស្មារតី​ក្តី​សម្ភារៈ​ក្តី​ឬ​ជា​ថវិកា​ក្តី​ ​[​…​]​ ​ប្រសិនបើ​សប្បុរសជន​អាណិត​ស្រលាញ់​សូម​ទំនាក់ទំនង​តាមរយៈ​លេខទូរស័ព្ទ​ខ្ញុំ​ផ្ទាល់​គឺ០៩២៦១៣៧០៦​។​»​ ​នាយក​សាលា​ចូលនិវត្តន៍​រូប​នេះ​បាន​លើកឡើង​។​

         ​​យុវជន​យង់​ម៉ា​ឌី​ថា​វ៉ាត់​វ័យ១៨ឆ្នាំ​និស្សិត​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​បាន​សម្ដែង​ចំណាប់​អារម្មណ៍​ថា​ ​«​ខ្ញុំ​ស្រឡាញ់​សិល្បៈ​បុរាណ​ខ្មែរ​គ្រប់​ទម្រង់​មិនមែន​តែ​ល្ខោនខោល​ទេ​។​ចំពោះ​ល្ខោនខោល​វិញ​ខ្ញុំ​មិន​អាច​ចាំ​អស់​ទេ​ថា​មើល​បាន​ប៉ុន្មាន​ដង​គឺ​ច្រើនលើកច្រើនសា​ណាស់​។​ខ្ញុំ​មើល​វា​លើកដំបូង​នៅក្នុង​កម្មវិធី​មួយ​នៅ​សាល​ចតុមុខ​។​ខ្ញុំ​យល់ថា​ ​ល្ខោនខោល​ពិសេស​ត្រង់​សម្ដែង​ដោយ​ប្រើប្រាស់​ការ​ពោល​និង​លាយឡំ​ការ​ច្រៀង​ខ្លះ​តែ​តិចតួច​បំផុត​។​តួសម្ដែង​ភាគច្រើន​ពាក់មុខ​ខ្មុក​។​ ​ខ្ញុំ​គិតថា​យុវជន​សព្វថ្ងៃ​មិនទាន់​យល់​ជ្រួតជ្រាប​អំពី​ល្ខោនខោល​នេះ​ទេ​!​ ​ខ្មែរយើង​ឥឡូវ​បែងចែក​មិន​ដាច់​រវាង​ល្ខោនខោល​និង​របាំ​បុរាណ​ទេ​។​និយាយរួម​គឺ​ចំណេះដឹង​ផ្នែក​វប្បធម៌​នៅ​មានកម្រិត​មែនទែន​!​»​

          ​សរុប​សេចក្តី​មក​សិល្បៈ​ល្ខោនខោល​ខ្មែរយើង​កំពុង​មានដំណើរ​ការ​ទៅមុខ​វិជ្ជ​មា​នប​ណ្តើរៗ​ហើយ​ប៉ុន្តែ​យើង​ក៏​មិន​ត្រូវ​បណ្តែតបណ្តោយ​ទុក​ត្រឹមនេះ​ឡើយ​។​ដើម្បី​ជ​ម្រុ​ញ​ឱ្យ​សិល្បៈ​ល្ខោនខោល​ខ្មែរ​កាន់តែ​រីកចម្រើន​ទ្វេដង​នោះ​សិល្បករ​គប្បី​ប្រឹងប្រែង​បន្ត​ហាត់រៀន​អភិវឌ្ឍ​សមត្ថភាព​ខ្លួនឯង​ឱ្យ​កាន់តែ​ពូកែ​បន្ថែម​។​អ្នកដឹកនាំ​រឿង​ត្រូវ​មានគំនិត​ច្នៃប្រឌិត​បង្កើត​សាច់រឿង​ឬ​ឈុត​ឆាក​សម្ដែង​ថ្មី​ៗ​ឲ្យបាន​ទាំង​បរិមាណ​និង​គុណភាព​ស្របតាម​តម្រូវការ​ជាក់ស្តែង​របស់​សង្គម​សម័យ​ទំនើប​។​ទន្ទឹម​នឹង​នេះ​រាជរដ្ឋាភិបាល​និង​ស្ថាប័ន​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់​ទាំងអស់​ត្រូវ​រួបរួម​សហការ​គ្នា​ជួយ​លើកស្ទួយ​និង​ជ​ម្រុ​ញការ​ផ្សព្វផ្សាយ​សិល្បៈ​ល្ខោនខោល​តាមរយៈ​គ្រប់រូប​ភាព​។​ស្ថានីយ៍​ទូរទស្សន៍​ក្នុង​ស្រុក​គួរ​ងាក​មក​ផ្តោត​ការ​យកចិត្ត​ទុកដាក់​គិតគូរ​លើ​បញ្ហា​សិល្បៈ​វប្បធម៌​ជាតិ​ជាធំ​។​រី​ឯ​មហាជន​ជា​ពិ​សេ​សក្មេងៗ​ជំនាន់​ក្រោយ​គួរ​បណ្តុះ​ទឹកចិត្ត​ស្រ​ឡាញ់់​សិល្បៈ​វប្បធម៌​ឲ្យបាន​មុតមាំ​ពោល​គឺ​រក្សា​ភ្ជាប់​នូវ​ស្មារតី​ជាតិនិយម​ជាដរាប​ទើប​ប្រទេសជាតិ​មាន​ភាព​រីកចម្រើន​រុងរឿង​ស្ថិតស្ថេរ​៕​

Article​ ​by​ ​SRIN​ ​Sokmean​



SUGGESTIONS