×

តើ​គួរ​ថែរក្សា​សុខភាព​បែប​ណា​ក្នុង​រដូវ​ក្តៅ​?​

TRAVEL & LIVING 2 months ago
 
 

          ​នៅក្នុង​អំឡុង​ពេល​ដែល​អាកាសធាតុ​ក្ដៅ​ខ្លាំង​រាងកាយ​របស់​អ្នក​ងាយ​នឹង​បាត់បង់​ជាតិទឹក​ ​ដែល​នេះ​នឹងអាច​ធ្វើឲ្យ​អា​រម្ម​ណ៏​អ្នកប្រែ​ប្រួល​ ​សុខភាព​ចុះ​ខ្សោយ​ខុសពី​ធម្មតា​ ​និង​មាន​បញ្ហា​ជាច្រើន​ទៀត​ដែល​អ្នក​មិន​គួរ​មើល​រំលង​។​ ​រោគសញ្ញា​នៃ​ការ​ហត់នឿយ​ពី​កម្តៅ​រួមមាន​ ​ការ​ឈឺក្បាល​ ​វិលមុខ​ ​ក្អួតចង្អោរ​ ​ឈឺ​សាច់ដុំ​ឬ​រមួលក្រពើ​ ​ស្បែក​ឡើង​ស្លេក​ ​អស់កម្លាំង​ល្ហិតល្ហៃ​ខ្លាំង​ ​បើ​ធ្ងន់ធ្ងរ​ខ្លាំង​អាច​ឈាន​ទៅដល់​ការ​ដាច់​សរសៃឈាម​ខួរក្បាល​ ​ប្រកាច់​ ​ការបាត់បង់​ស្មារតី​ ​ដែល​ចេញ​ជាមុ​ខ​សញ្ញា​ដូចជា​ ​ស្រេកទឹក​ខ្លាំង​ ​ងងុយគេង​ ​រលាក​ស្បែក​ ​(​ក្រហម​និង​ស្ងួត​)​ ​វង្វេងស្មារតី​ជាដើម​។​ ​តាមធម្មតា​សីតុណ្ហភាព​រាងកាយ​របស់​មនុស្ស​ស្ថិត​ក្នុង​ចន្លោះ​ ​36.1​ ​-​ ​37.8​ ​អង្សា​សេ​។​ ​ប្រសិនបើ​សីតុណ្ហភាព​រាងកាយ​កើនឡើង​លើស​ពីនេះ​ ​នោះ​មានន័យថា​រាងកាយ​របស់​អ្នក​កំពុងតែ​មាន​បញ្ហា​ហើយ​។​ ​នៅពេល​ដែល​អាកាសធាតុ​ក្តៅ​ខ្លាំង​រាងកាយ​នឹង​ផលិត​ញើស​ច្រើន​ដើម្បី​រក្សា​សីតុណ្ហភាព​ក្នុង​ខ្លួន​ឲ្យ​ត្រជាក់​។​ ​ដើម្បី​ថែរក្សា​សុខភាព​ឲ្យបាន​ល្អ​ប្រសើរ​នោះ​អ្នក​គប្បី​៖​

​1​.​ ​ទម្លាប់​ទទួលទានទឹក​ឲ្យបាន​ច្រើន
          ​ក្នុង​កំឡុង​រដូវ​ក្តៅ​បែបនេះ​ ​កម្តៅ​អាច​ធ្វើឲ្យ​រាងកាយ​របស់​អ្នក​ខ្សោះ​ជាតិទឹក​។​ ​ការ​ខ្វះ​ជាតិទឹក​ក្នុង​រាងកាយ​គឺ​អាច​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​រាងកាយ​ដែល​អ្នក​នឹកស្មាន​មិនដល់​ ​ដោយធ្វើ​ឲ្យ​រាងកាយ​របស់​អ្នក​ស្រេកឃ្លាន​អាហារ​ខុសពី​ធម្មតា​។​ ​វា​ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​រក្សា​តុល្យភាព​ទឹក​ក្នុង​ខ្លួន​អ្នក​យ៉ាងតិច​ ​8​ ​ទៅ​ ​9​ ​កែវ​ក្នុង​មួយថ្ងៃ​។​ ​អ្នក​អាច​ទទួលទានទឹក​ដូង​ ​ទឹក​ផ្លែឈើ​ដែល​មាន​កាឡូរី​ទាប​ ​ឬ​តែ​បៃតង​ជាដើម​។​ ​ការ​ទទួលទានទឹក​បាន​គ្រប់គ្រាន់​នឹង​ជួយ​បង្ការ​រាងកាយ​ពី​ជំ​ងឺ​ផ្សេង​ៗ​បាន​ជាច្រើន​ ​រក្សា​ឆ្អឹង​និង​សាច់ដុំ​របស់​អ្នកឲ្យ​មាន​សុខភាព​ល្អ​ ​ជួយ​រក្សា​ទម្ងន់​របស់​អ្នកឲ្យ​ថេរ​និង​ធ្វើឲ្យ​មុខងារ​ខួរក្បាល​មាន​ភាព​ប្រសើរ​ឡើង​ថែមទៀត​ផង​។​

​2​.​    ​បរិភោគ​អាហារ​ដែល​ថ្មី​និង​ស្រស់​
          ​រដូវ​ក្តៅ​ជារ​ដូវ​ដែល​សំបូរ​ទៅ​ដោយ​ផលិត​ផល​ស្រស់​ៗ​ ​អ្នក​គួរ​ជ្រើសរើស​អាហារ​ដែល​ចម្អិន​ថ្មី​ ​និង​ភ្លាម​ៗ​ ​ព្រោះថា​ការ​បរិភោគ​អាហារ​ដែល​មានគុណ​ភាព​អាច​ជួយការ​ពារ​ការ​កើតជំងឺ​ប្រព័ន្ធ​រំលាយអាហារ​និង​ជួយ​ប្រព័ន្ធ​រាងកាយ​បាន​មួយ​កម្រិត​។​ ​ចូរ​ទទួលទាន​ផ្លែឈើ​និង​បន្លែ​ឲ្យបាន​ច្រើន​ ​នោះ​អ្នក​នឹង​ទទួល​បាន​គុណប្រយោជន៍​ហួសពី​ការស្មាន​។​ ​ឪឡឹក​ ​ត្រសក់ស្រូវ​ ​មង្ឃុត​ ​ម្នាស់​ ​និង​ដូង​នឹង​ជួយ​កម្ចាត់​ភាពក្ដៅ​ពី​ក្នុង​រាងកាយ​ ​រី​ឯ​បន្លែ​ពណ៌បៃតង​វិញ​និង​ជួយ​កម្ចាត់​កម្តៅ​ក្នុង​រាងកាយ​ ​និង​ផ្ដល់​មកវិញ​នូវ​សារធាតុ​ចិញ្ចឹម​។​

​3​.​ ​ជៀសវាង​ការ​ប៉ះពាល់​ផ្ទាល់​ជាមួយនឹង​កម្តៅ​ព្រះអាទិត្យ​
         ​ជា​ការពិត​ណាស់​ដែល​រាងកាយ​មនុស្ស​ត្រូវការ​ពន្លឺ​ព្រះអាទិត្យ​ ​តែ​សូម​ព្យាយាម​កំណត់ពេលវេលា​របស់​អ្នក​ដែល​ស្ថិត​ក្រោម​ពន្លឺ​ព្រះអាទិត្យ​។​ចន្លេះ​ម៉ោង​ ​10​ ​ព្រឹក​ទៅ​ម៉ោង​ ​4​ ​រសៀល​ជា​ពេល​ដែល​មាន​កាំរស្មី​ ​UV​ ​ខ្លាំង​បំផុត​។​ ​ប្រសិនបើ​អ្នក​កំពុង​នៅ​ខាងក្រៅ​ត្រូវ​ប្រាកដ​ថា​បាន​ប្រើ​ឡេ​ការពារ​កម្តៅ​ព្រះអាទិត្យ​យ៉ាងតិច​ឲ្យបាន​ ​30​ ​នាទី​មុន​ពេល​ដែល​ចេញទៅ​ត្រូវ​ពន្លឺ​ព្រះអាទិត្យ​។​ ​វា​ក៏​ជា​គំនិតល្អ​មួយ​ផង​ដែរ​ក្នុង​ការ​ពាក់មួក​និង​វ៉ែនតា​ខ្មៅ​ការពារ​នៅពេល​ដែល​ថ្ងៃ​ក្តៅ​ខ្លាំង​តាមដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​ការពារ​ការ​រលាក​ស្បែក​ឬ​ធ្វើឲ្យ​ស្បែក​ឡើងក្រហម​។​

​4​.​ គេង​ឲ្យបាន​គ្រប់គ្រាន់​
          ​ការ​ទទួល​ដំណេក​បាន​គ្រប់គ្រាន់​គឺ​ពិតជា​ផ្តល់​នូវ​អត្ថ​ប្រយោជន៍​សំខាន់​ជាច្រើន​ចំពោះ​សុខភាព​ផ្លូវកាយ​និង​ចិត្ត​។​វា​អាច​ផ្ដល់​កម្លាំង​សម្រាប់​ប្រព័ន្ធ​រាងកាយ​របស់​អ្នក​ដោយ​មិន​អាច​ខ្វះ​បាន​ ​វា​ប្រៀប​ដូចជា​អាហារ​ ​និង​ទឹក​ដែរ​ ​ដែល​អ្នក​មិន​អាច​ខ្វះ​វា​បាន​នោះ​ឡើយ​ ​ហើយក៏​មិន​អាច​សង​ជំនួស​វិញ​នៅ​ថ្ងៃបន្ទាប់​ទៀត​បាន​ដែរ​។​ ​រាងកាយ​និង​ខួរក្បាល​របស់​អ្នក​ទាមទារ​ការ​គេង​បាន​គ្រប់គ្រាន់​ជា​រៀងរាល់ថ្ងៃ​ដើម្បីឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​ដំណើរការ​បាន​ល្អ​ ​បើ​អ្នក​គេង​បាន​គ្រប់គ្រាន់​នោះ​ ​អ្នក​នឹង​ទទួល​បាន​រាងកាយ​មួយ​ដែល​ពោល​ពេញ​ទៅ​ដោយ​ថាមពល​។​

​5​.​ ស្ថិត​ក្នុង​កន្លែង​ត្រជាក់​
          ​ត្រូវ​ចងចាំ​ថា​នៅពេល​ដែល​អាកាសធាតុ​ក្តៅ​ខ្លាំង​ ​អ្នក​ត្រូវតែ​ស្វែងរក​កន្លែង​សំរាប់​ជ្រក​ជៀសវាង​ ​រាងកាយ​របស់​អ្នកទទួល​ផល​ប៉ះពាល់​ខ្លាំង​ពី​កម្តៅ​នោះ​។​គួរ​កាត់បន្ថយ​សកម្មភាព​ក្រៅ​ផ្ទះ​ទាំងឡាយ​ដោយ​មក​ស្វែងរក​លំហាត់​ប្រាណ​ឬ​សកម្មភាព​ណា​ដែល​មិនបាច់​ទៅ​ប៉ះ​ផ្ទាល់​នឹង​កម្តៅ​ព្រះអាទិត្យ​ដែល​កំពុង​ក្តៅ​ខ្លាំង​។​ ​ការហាត់ប្រាណ​ជា​ទំ​លាប់​ល្អ​មួយ​ដែល​ជួយ​រាងកាយ​ឲ្យ​រឹងមាំ​ដើម្បី​ទប់ទល់​និង​ជំ​ងឺ​ផ្សេង​ៗ​។​

​Article​ ​by​ ​TAING​ ​KIMLY



SUGGESTIONS