«Smart Bin» ជាធុងសំរាមដែលចេះបែងចែកសំរាមដោយខ្លួនឯងនិងចេះផ្តល់ដំណឹងនៅពេលសំរាមពេញទៀតផង
NEWS 5 years agoតាមធម្មតានៅតាមផ្សារទំនើប និងកន្លែងសាធារណៈមួយចំនួនគេតែងប្រទះឃើញធុងសំរាមជាច្រើនដែលគេដាក់ក្បែរៗគ្នាដោយមានការបែងចែកសំរាមតាមធុងនីមួយៗនិងមានដាក់ស្លាកសញ្ញាដូចជា៖ សំរាមស្ងួត សំរាមដែលអាចដុតបាន វត្ថុរាវ កំប៉ុងជ័រឬដបជាដើម ក៏ប៉ុន្តែបើទោះបីជាមានការបែងចែក និងដាក់ស្លាកច្បាស់ៗបែបនេះក្តី ក៏នៅមានប្រជាពលរដ្ឋខ្មែរមួយចំនួននៅតែចោលសំរាមខុសកន្លែងនិងមិនអើពើនូវស្លាកសញ្ញាដែលគេបានដាក់ដដែល។ ដោយសារតែមើលឃើញពីការមិនចាប់អារម្មណ៍នៃការបែងចែកធុងសំរាមរបស់ពលរដ្ឋខ្មែរមួយចំនួននេះ និងចង់ជួយសម្រួលដល់អ្នកប្រមូលសំរាមក្នុងការបែងចែកសំរាមផងនោះទើបយុវជនខ្មែរ ពីររូបមានគំនិតបង្កើតនូវធុងសំរាមឆ្លាតវៃមួយដើរដោយប្រព័ន្ធអេឡិចត្រូនិចមានឈ្មោះថា «Smart Bin»។
ធុងសំរាមនេះមានលក្ខណៈពិសេសត្រង់ថា វាមានកន្លែងស៊កសំរាមតែមួយប៉ុណ្ណោះ តែនៅពេលដែលសំរាមបានចូលដល់ក្នុងធុងហើយវានឹងបែងចែកសំរាមនោះដោយស្វ័យប្រវត្តិតាមរយៈសេនស័រ ទៅតាមថតនីមួយៗដែលនៅក្នុងធុងសំរាម «Smart Bin» នេះតែម្ដង។ នៅក្នុងជំហានដំបូងនៃជំនាន់ទីមួយនេះ «Smart Bin» អាចបែងចែកសំរាមបានតែពីរប្រភេទតែប៉ុណ្ណោះ គឺ សំរាមកំប៉ុង និងដបអំបែង ក៏ប៉ុន្តែសហស្ថាបនិកនៃ Smart Bin នេះបានបង្ហើបប្រាប់សូវរីនថា ខ្លួនក៏កំពុងតែអភិវឌ្ឍន៍នូវធុងសំរាមជំនាន់ទីពីរ ដែលមានបួនថត អាចបែងចែកសំរាមបានបួនប្រភេទដូចជា៖ កាកសំណល់ផ្លាស្ទិក កំប៉ុងជ័រ កំប៉ុងដែក និងដបអំបែងទៀតផង។ លើសពីការគ្រាន់តែបែងចែកសំរាម ធុងសំរាមឆ្លាតវៃនេះក៏អាចផ្ញើសារប្រាប់ម្ចាស់នៅពេលដែលសំរាមពេញទៀតផង។ ទាំងអស់នេះអាចធ្វើការទៅបានលុះត្រាតែមានការភ្ជាប់នូវចរន្ដអគ្គីសនី ជាមួយនឹងធុងសំរាមនេះ។ យ៉ាងណាមិញ សហស្ថាបនិកបានប្រាប់ពីគម្រោងដែល ច្នៃធុងសំរាមនេះភ្ជាប់ជាមួយនឹង សូឡាដើរដោយពន្លឺថ្ងៃផងដែរ។ យុវជន គៀង យ៉ាង ជាសហស្ថាបនិកមួយរូបទើបតែរៀនថ្នាក់ទី ១១ ប៉ុណ្ណោះ ក៏ប៉ុន្តែចេះផ្នែក អេឡិចត្រូនិច និងបានរួមសហការជាមួយនឹង សហស្ថាបនិកមួយរូបទៀត លោក សុខ ពិសី ដែលជាអ្នកផ្ដួចផ្ដើមគំនិតបង្កើតនូវ ធុងសំរាមឆ្លាតវៃមួយនេះ។ គៀង យ៉ាង ក៏បានប្រាប់ពីគុណប្រយោជន៍នៃធុងសំរាមមួយនេះបន្ថែមទៀតថា « Smart Bin» មានបំពាក់នូវស្រ្គីនតូចមួយដើម្បីឲ្យអ្នកប្រើប្រាស់អាចមានឳកាសឆ្លើយសំនួរដើម្បីឈ្នះរង្វាន់ជា Voucher ក្នុងហាងដៃគូណាមួយទៀតផង។
បើទោះបីជាយ៉ាងនេះក្ដី ធុងសំរាមឆ្លាតវៃ ដែលផលិតដោយយុវជនខ្មែរនេះនៅមិនទាន់ចេញលក់ក្នុងទីផ្សារនៅឡើយទេ ហើយក៏កំពុងតែអភិវឌ្ឍន៍ និងគ្រោងនឹងចេញលក់នៅពេលណាមួយឆាប់ៗនេះផងដែរ៕
Aricle by KEO SONG