សណ្ឋាគារបណ្តែតទឹកទំនើបរំលេចកាយនៅលើផ្ទៃទន្លេមេគង្គលើកដំបូងក្នុងប្រវត្តិសាស្រ្តវិស័យទេសចរណ៍នៅកម្ពុជា
TRAVEL & LIVING 4 years ago ទោះបីជាអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកហើយដែលប្រទេសកម្ពុជាបានរួចផុតពីរបបខ្មែរក្រហមហើយហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ជាច្រើនត្រូវបានបង្កើតឡើងជាបន្តបន្ទាប់នៅរាជធានីភ្នំពេញក៏តំបន់ទន្លេបួនមុខនៃក្រុងចតុមុខមង្គលនៅតែជាទីលម្ហែកាយដ៏ពេញនិយមសម្រាប់មហាជនទូទៅមិនថាក្មេងចាស់ មានក្រ ឬ ជាតិសាសន៍អ្វីនោះទេ ព្រោះទីនេះជាបេះដូងនៃវិស័យទេសចរណ៍ក្នុងរាជធានីប្រវត្តិសាស្រ្តដ៏ចំណាស់នេះគ្រប់សម័យកាលគ្រប់របបសង្គមមិនអាចផ្លាស់ប្តូរបានឡើយ។ ក្នុងវស្សានរដូវដែលព្រះភិរុណតែងតែបង្អុរធ្លាក់ជោកជាំដែលធ្វើឲ្យទេសចរទាំងឡាយពិបាកធ្វើដំណើរទៅកាន់ទីរមណីយដ្ឋានឆ្ងាយៗបាន សូវរីន បានជ្រើសរើសតំបន់ទន្លេចតុមុខ មុខព្រះបរមរាជវាំង ធ្វើជាគោលដៅទេសចរណ៍សម្រាប់ដំណើរកម្សាន្តរយៈពេលខ្លីប្រចាំខែតុលាចុងឆ្នាំនេះ។
នៅទល់មុខបញ្ឆិតផ្សាររាត្រីបន្តិចតាមបណ្តោយដងទន្លេសាប គឺជាកំពង់ផែទូកទេសចរណ៍ដែលប្រិយមិត្តអ្នកអានគ្រប់គ្នាច្បាស់ជាបានស្គាល់រួចមកហើយ។ ម៉ោងប្រហែល៤រសៀល អាកាសធាតុល្អ មេឃស្រទំត្រជាក់ តែសំណាងល្អមិនមានភ្លៀងធ្លាក់ដែលធ្វើឲ្យរាំងស្ទះដល់គម្រោងនាវាចរណ៍របស់ក្រុមការងារពួកយើងនោះទេ។ ពួកយើងបានជួបជុំគ្នានៅកំពង់ផែទេសចរណ៍នោះ ហើយបានចុះទូកទេសចរណ៍ធំល្មមដែលមានលាបពណ៌ឈើក្រម៉ៅរលើបរលោងនិងប្រក់ដំបូលពាក់កណ្តាល មានឈ្មោះថា ឡឺទន្លេ (Le Tonle)។ អ្នកគ្រប់គ្រងទូកដ៏ស្រស់ស្អាតនេះបានប្រាប់សូវរីនថា ទូកឡឺទន្លេតែងតែដឹកជញ្ជូនអ្នកទេសចរពីកំពង់ផែទៅកាន់គោលដៅសណ្ឋាគារបណ្តែតទឹកដែលមានឈ្មោះថា “ ផ្លូតថេសិន ” (Floatation) ចំនួនមួយលើកក្នុងមួយថ្ងៃគឺនៅម៉ោង៥ល្ងាច ហើយវិលត្រឡប់មកផែវិញក្រោយព្រះអាទិត្យអស្តង្គតនៅវេលាម៉ោង៦ និង ៣០នាទី។ ទូកនេះអាចផ្ទុកបានមនុស្សចំនួនជាង២០នាក់ ហើយត្រូវចំណាយពេលប្រមាណជា២០នាទីដើម្បីទៅដល់គោលដៅដែលស្ថិតនៅត្រើយម្ខាង។ឡឺទន្លេមានទទួលរៀបចំជាពិធីជប់លៀងជួបជុំនៅលើទូកផងដែរ។
គ្រាន់តែចុះពីជណ្តើរកំពង់ផែទៅដល់ក្បាលទូកភ្លាម យើងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅប្រកបដោយស្នាមញញឹមស្រស់ស្រាយពីសំណាក់បុគ្គលិកផ្នែកបម្រើសេវាកម្មនៅលើទូក។ ទូកនោះមិនជាធំណាស់ណាទេប៉ុន្តែវាបានផ្តល់បរិយាកាសដ៏សែនមនោរម្យសម្រាប់អ្នកដំណើរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងគេបំផុតនោះ គឺតុឈើដែលប្រើនៅលើទូកច្នៃប្រតិដ្ឋចេញពីម៉ាស៊ីនដេរមើលទៅប្លែកទាក់ទាញ សមជា មួយនឹងកៅអីធ្វើអំពីឈើដូចគ្នាដែរ កល់ពូកជាបង្អែកខ្នងនិងទ្រនាប់អង្គុយទន់ល្មើយត្រូវបានដាក់តម្រៀបជាពីរជួរសងខាងទូកយ៉ាងមានសណ្តាប់ធ្នាប់របៀបរៀបរយ។ អ្នកទេសចរចម្រុះជាតិសាសន៍អាចអង្គុយនៅខាងក្នុងក៏បានខាងក្រៅក៏បានព្រោះទូកនេះមានដំបូលត្រឹមពាក់កណ្តាល។ ប៉ុន្តែភ្ញៀវភាគច្រើននិយមអង្គុយ ខាងកន្សៃទូក ដើម្បីងាយស្រួលគយគន់ទេសភាពដងទន្លេផង និងស្រូបយកខ្យល់ជំនោរទន្លេបរិសុទ្ធដែលបក់មកត្រសៀកៗត្រជាក់កាយាផង។
ភ្ញៀវទេសចររមែងមិនភ្លេចដកយកទូរសព្ទមកផ្តិតយករូបថតជិះទូកយ៉ាងសប្បាយរីករាយជាមួយមិត្តភក្តិជាក្រុម ឬ គូស្នេហ៍យ៉ាងផ្អែមល្ហែមពោរពេញដោយអនុស្សាវរីយ៍បំភ្លេចមិនបាននោះទេ។ បន្ទាប់មក ពួកគេបានថតរូបរាជធានីភ្នំពេញមើលពីផ្ទៃទន្លេដែលមានអគារតូចធំស្អេកស្កះ ព្រមទាំងទិដ្ឋភាពតីរវិថីព្រះសុវត្ថិដែលពោរពេញដោយចរាចរណ៍យ៉ាងមមាញឹកកកកុញនៅពេលល្ងាច។ ទូកចេះតែរំកិលខ្លួនតាមដងទន្លេ សាបចេញពីចំណុចកំពង់ផែម្តុំផ្សាររាត្រីកាត់តាមវត្តឧណ្ណាលោមរហូតដល់ចំណុចទន្លេចតុមុខទល់មុខព្រះបរមរាជវាំង ទើបបង្វែរទិសដៅបត់ឆ្វេងកាត់តាមចុងបំផុតនៃតំបន់ជ្រោយចង្វាត្រង់ចំណុចសណ្ឋាគារសុខាដ៏ខ្ពស់ស្កឹមស្កៃហាក់បីដូចជាប៉មដ៏ធំមួយសង់លើកោះកណ្តាលទន្លេលាតសន្ធឹងល្វឹងល្វើយ។
ខណៈពេលដែលនាវាឡឺទន្លេកំពុងរសាត់បោះពួយជ្រែកផ្ទៃគង្គាបែកផ្កាត្រែង បើយើងចោលភ្នែករំពៃទៅខាងជ្រោយចង្វា យើងបានពើបប្រទះនឹងទិដ្ឋភាពទូកនេសាទរបស់គ្រួសារប្រជានេសាទខ្មែរ-ឥស្លាមឈប់សំចតត្រៀបត្រាដេរដាសពៀបនឹងមាត់ច្រាំងទន្លេ បន្ទាប់ពីពួកគាត់ត្រលប់មកពីនេសាទនៅតាមដងទន្លេយ៉ាងនឿយហត់ អស់រយៈពេលមួយថ្ងៃពេញមកហើយ។ យើងបានឃើញប្រជាជនខ្លះកំពុងដោះត្រីតូចធំចេញពីសំណាញ់ផ្ទេរដាក់ក្នុងធុង ឬ ចានដែកយ៉ាងប៉ិនប្រសប់។ រីឯខ្លះទៀតកំពុងរៀបចំបង្កាត់ភ្លើងដាក់ឆ្នាំងដាំទឹកត្រៀមចម្អិនត្រីដែលគេបង់បានទុកបរិភោគអាហារពេលល្ងាចជួបជុំគ្រួសារក្រោមដំបូលទូកដែលជាជម្រកដ៏សុខដុមរមនា។ បើយើងសម្លឹងមើលទៅកណ្តាលទន្លេឯនាយវិញ យើងឃើញទូកទេសចរណ៍ និង សាឡាងភ្នំពេញ-អរិយក្សត្រ ឆ្លងអ្នកដំណើរជិតឆ្ងាយទៅមកមិនសូវចេះដាច់។
កំពុងតែជក់ចិត្តដិតអារម្មណ៍នឹងទេសភាពទន្លេសាប ទន្លេបាសាក់ ទន្លេមេគង្គលើ និង ទន្លេមេគង្គក្រោម ដែលហូរត្របាញ់ខ្មួលចូលគ្នាក្នុងរដូវទឹកឡើង ព្រមទាំងធម្មជាតិដែលចោលពណ៌បៃតងស្រស់ឆើតឆាយលម្អច្រាំងទន្លេឯត្រើយម្ខាង ទូកបានបន្ថយល្បឿនខិតរំកិលខ្លួនចូលទៅរកគោលដៅចំណតដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីកំពង់ចម្លងអរិយក្សត្រ។ មើលពីលើទូក ពួកយើងដែលជាភ្ញៀវអាចមើលឃើញអគារតូចៗចំនួនបួនសង់ទន្ទឹមគ្នាជាជួរប្របតាមមាត់ទន្លេមេគង្គលើប្រៀបដូចជាផ្ទះតៀមឈើបែបបុរាណក្នុងភូមិនេសាទតាមមាត់ស្ទឹង ឬ ព្រែកដៃសមុទ្រគួរឲ្យចង់សម្រាកលម្ហែបន្ធូរអារម្មណ៍ក្នុងថ្ងៃវិស្សមកាលជាពន់ពេក។ យើងត្រូវចុះពីលើទូកដោយមានការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ពីសំណាក់នាវិកដែលជាបុគ្គលិកផ្ទាល់របស់សណ្ឋាគារបណ្តែតទឹកខាងលើ។ ដំបូង យើងបានឈានជើងឆ្លងកាត់ផែទឹកឥតជញ្ជាំងប្រក់ដំបូលដែលជាកន្លែងចំណតនាវាទេសចរណ៍ផង ជាកំពង់សម្រាប់ភ្ញៀវអង្គុយលម្ហែគយគន់មាត់ទឹកផង។
បន្ទាប់មកយើងដើរឆ្លងតាមបន្ទះឈើមួយផ្ទាំងទៅដល់ភោជនីយដ្ឋាននិងបារនីយដ្ឋានរបស់សណ្ឋាគារ។ នៅទីនោះបរិយាកាសពិតជាពោរពេញដោយភាពរ៉ូម៉េនទិកក្រៃលែង ដោយសារនៅផ្នែកខាងលើមានចងជាកូនអំពូលតូចៗរំលេចរចនាដោយផ្កាកុលាបក្រហមជាខ្សែសម្រាប់ទុកបំភ្លឺនៅពេលរាត្រី។ នៅផ្នែកខាងមុខបារ គេបានរៀបចំជាតុលក្ខណៈគូស្នេហ៍ជាប់នឹងមាត់ទឹកតែម្តងសម្រាប់ភ្ញៀវទទួលទានភោជនាហារនិងភេសជ្ជៈផ្សេងៗ អមដោយសម្លេងទឹកហូរ និង សូរសៀងតូរ្យតន្រ្តីស្រាលស្រទន់ដែលខាងបុគ្គលិករៀបចំចាក់ជូន។ ចំពោះភ្ញៀវដែលមកជាក្រុមហើយមិនចង់ទទួលទានអាហារ គ្រាន់តែចង់ទស្សនាទិដ្ឋភាពថ្ងៃលិចដ៏ស្រស់ ត្រកាលនោះ ពួកគាត់តែងតែឆ្លងទៅផ្ទះទឹកមួយទៀតដែលជាកន្លែងមានសាឡុងឈើវែងសម្រាប់ភ្ញៀវអង្គុយសម្រាកលម្ហែបំបាត់ភាពនឿយហត់ ទន្ទឹងរង់ចាំសុរិយាបន្ទាបខ្លួនបន្តិចម្តងៗចែងចាំងរស្មីពណ៌មាសច្រាលសន្ធោសន្ធៅពាសផ្ទៃអាកាសាដណ្តប់លើកំពូលអគារខ្ពស់ៗតាមបណ្តោយមាត់ទន្លេក្រុងភ្នំពេញ។ ភ្ញៀវអាចគយគន់ថ្ងៃលិចបណ្តើរ ជជែកគ្នាពីនេះពីនោះ និង ទទួលទានភេសជ្ជៈសម្រួលបំពង់កបណ្តើរ។
នៅពេលសន្ធិប្រកាសបានបញ្ចប់ ផ្ទៃមេឃប្រែជាខ្មៅងងឹតបាំងបិទអស់សែងសុរិយាជំនួសដោយពន្លឺភ្លើងអគ្គិសនីទីក្រុងចាំងរំលេចភ្លឺផ្លេកពីចម្ងាយដូចហ្វូងអំពិលអំពែកចូលមកបំភ្លឺស្បៃរាត្រី។ ភ្ញៀវដែលត្រូវសម្រាកនៅទីនេះមួយយប់ ត្រូវសម្រាកក្នុងបាំងហ្គាឡូបណ្តែតទឹករាងជាតង់ដ៏ស៊ីវិល័យតែមួយគត់ដែលស្ថិតនៅចុងខាងឆ្វេងដៃបង្អស់។ បាំងហ្គាឡូឯកជននេះមានឈ្មោះថា ចាំងហ្គាលូ (Jungloo) ជាទីស្នាក់នៅដ៏សក្តិសមបំផុតសម្រាប់ភ្ញៀវគូស្វាមីភរិយា ឬ ភ្ញៀវទោល ដែលប្រាថ្នាចង់បានទីស្ថានស្ងប់ស្ងាត់នៅជិតរាជធានីភ្នំពេញក្នុងអំឡុងពេលវិស្សមកាលរយៈពេលខ្លីរបស់ពួកគេ។ ចំណុចពិសេសបំផុតនោះ គឺបាំងហ្គាឡូនេះមានតែមួយបន្ទប់ប៉ុណ្ណោះ ដូចនេះលោកអ្នកពិតជាអាចប្រាកដក្នុងចិត្តបានថា ការស្នាក់នៅរបស់លោកអ្នកនៅទីនេះប្រៀបដូចជាការស្នាក់នៅផ្ទះលម្ហែមាត់ទឹកផ្ទាល់ខ្លួនដែរពោលគឺគ្មានការរំខានដោយភ្ញៀវដទៃឡើយ។ជាមួយ នឹងតម្លៃស្នាក់នៅ៩០ដុល្លារឡើងទៅក្នុងមួយយប់ ភ្ញៀវអាចទទួលបានអាហារពេលព្រឹកសម្រាប់មនុស្សពីរនាក់ដោយឥតគិតថ្លៃ។ លើសពីនេះទៅទៀត សណ្ឋាគារមានសេវាកម្មរៀបចំដំណើរកម្សាន្តលក្ខណៈឯកជនជូនភ្ញៀវទៅកាន់តំបន់រមណីយដ្ឋានជិតៗនោះ ដូចជា ទស្សនាតម្បាញសូត្រនៅតំបន់កោះដាច់និងសួនចំការស្នេហ៍នៅកោះឧកញ៉ាតី ជាដើម ដោយមានមគ្គុទ្ទេសក៏រួសរាយរាក់ទាក់ នាំមកនូវភាពសប្បាយរីករាយ៕
Article by SRIN SOKMEAN