ទីបំផុត ABC Lions of Fashion បានរកឃើញជ័យលាភីអ្នកច្នៃម៉ូដ និងអ្នកដើរម៉ូដក្នុងវគ្គផ្តាច់ព្រ័ត្រ
FASHION & BEAUTY 5 years agoកម្មវិធីប្រកួតប្រជែងអ្នកច្នៃម៉ូដ និងអ្នកបង្ហាញម៉ូដ ABC Lions of Fashion ដោយមានការចូលរួមសហការជាមួយទស្សនាវដ្តីសូវរីន និង Arise Modeling Agency ទីបំផុតបានឈានមកដល់វគ្គផ្តាច់ព្រ័ត្រនេះហើយនាល្ងាចថ្ងៃព្រហស្បតិ៍ ទី៥ ស្ថិតក្នុង City Hall កោះពេជ្រ។ បន្ទាប់ពីបេក្ខជន បេក្ខនារី អ្នកច្នៃម៉ូដ និងអ្នកបង្ហាញម៉ូដ បានឆ្លងកាត់នូវវិញ្ញាសារសំខាន់ៗដូចជា៖ Miss Modern Cambodia Mystery &; Magic និង Business Glam កន្លងមកឃើញថាអ្នកច្នៃម៉ូដ និងអ្នកបង្ហាញម៉ូដបានព្យាយាមបញ្ចេញនូវភាពប៉ិនប្រសប់ គំនិតច្នៃប្រតិដ្ឋ និងភាពឆ្លាតវៃរបស់ខ្លួនតាមរយៈការច្នៃម៉ូដសម្លៀកបំពាក់ហ្វេហ្សិន និងការដើរបង្ហាញម៉ូដដូចទៅនឹងតារាបង្ហាញម៉ូដអាជីពដូច្នេះផងដែរ។ យ៉ាងណាមិញ ABC Lions of Fashion សហការជាមួយនឹងទស្សនាវដ្តីសូវរីន និង Arise Modeling Agency ចូលរួមអបអរសាទដល់បេក្ខនារីអ្នកបង្ហាញម៉ូដ កញ្ញា លាង ស៊ីវឡី ទទួលបានជ័យលាភីពីការបោះឆ្នោតរបស់ទស្សនិកជន។ កញ្ញា មាស ចាន់រូ ទទួលបានជ័យលាភីនៅក្នុងវគ្គជម្រុះលើកទី១ និង កញ្ញា ឡេវ សុជាតា ទទួលបាននូវជ័យលាភីនៅក្នុងវគ្គជម្រុះលើកទី២ រីឯបេក្ខនារីដែលទទួលបាននូវជ័យលាភីក្នុងវគ្គផ្តាច់ព្រ័ត្រនោះគឺ កញ្ញា លៀប ស្រីពៅ។ មិនត្រឹមតែប៉ុណ្ណោះ ABC Lions of Fashion ក៏បានរកឃើញនូវជ័យលាភីនៃអ្នកច្នៃម៉ូដសម្លៀកបំពាក់ហ្វេហ្សិនវ័យក្មេងផងដែរ ក្នុងនោះមានដូចជា៖ លោក គង់ សុធា ទទួលបានជ័យលាភីក្នុងវគ្គជម្រុះលើកទី២ កញ្ញា សុខ បញ្ញា ទទួលបានជ័យលាភីក្នុងវគ្គជម្រុះលើកទី១ និង លោក ពៅ ស៊ីថាន ទទួលបាននូវជ័យលាភីក្នុងវគ្គផ្តាច់ព្រ័ត្រ។
គួរជម្រាបថា សម្រាប់អ្នកច្នៃម៉ូដជាប់ជ័យលាភីជើងឯកនឹងទទួលបានរង្វាន់ជាសាច់ប្រាក់ដើម្បីគាំទ្រឧបត្ថម្ភពួកគេនៅពេលដែលពួកគេចាប់អាជីពច្នៃម៉ូដ ទទួលបានរង្វាន់ដំណើរកម្សាន្តទៅចូលរួមកម្មវិធីបង្ហាញម៉ូដអន្តរជាតិ Fashion Week និងម៉ូដសម្លៀកបំពាក់របស់អ្នកឈ្នះនឹងត្រូវបានចុះផ្សាយនៅលើទស្សនាវដ្តី សូវរីន។ ចំណែក ជ័យលាភីជើងឯកអ្នកបង្ហាញម៉ូដនឹងទទួលបានកិច្ចសន្យាការងារបង្ហាញម៉ូដជាមួយ Arise Modeling Agency ទទួលបានរង្វាន់ដំណើរកម្សាន្តទៅចូលរួមកម្មវិធីបង្ហាញម៉ូដអន្តរជាតិ Fashion Week និងក្លាយជាតារាម៉ូឌែលក្របមុខប្រចាំទស្សនាវដ្តី សូវរីន៕
Article by PAN SIVLY