កាលពីល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥កន្លងទៅនេះ Eyes on Cambodia បានធ្វើការប្រកាសនិងប្រគល់រង្វាន់ជូនជ័យលាភីក្នុងការប្រកួតថតរូប ដែលប្រព្រឹត្តឡើងនៅទីតាំង Wild - Phnom Penh ។ ស្នាដៃជ័យលាភីក្រោមប្រធានបទ «Beautiful Cambodia» ជាសមិទ្ធិផលទទួលបានចំណាត់ថ្នាក់ពីការបោះឆ្នោតចុងក្រោយពីមហាជនទូទៅលើកំពូលស្នាដៃរូបថតដាក់បង្ហាញទាំង៣០ផ្ទាំង ដែលជាជម្រើសយ៉ាងម៉ដ្ឋចត់ពីគណៈកម្មការសុទ្ធតែជាបុគ្គលឆ្នើម និងមានការទទួលស្គាល់នៅក្នុងពិភពថតរូបនិងសិល្បៈ។ ក្នុងនោះរួមមាន៖ លោក លី ស៊ូដេន ស្ថាបនិក និងនិពន្ធនាយកនៃទស្សនាវដ្តី សូវរីន, លោក ម៉ក់ រ៉េមីស្សា អ្នកថតរូបអាជីពដ៏ល្បីល្បាញ និងឈ្នះពានរង្វាន់ថតរូបជាច្រើន, Jessica Lim នាយិកានៃ Angkor Photo Festival & Workshops (APFW) និងលោក Jonathan Taylor អ្នកថតរូបអាជីព និងជាគ្រូបង្រៀនថតរូប។
ពានរង្វាន់រូបថតដែលល្អបំផុតប្រចាំឆ្នាំ២០២៤ (Best Picture Award) ៖
• ជ័យលាភីលេខ ១ បានទៅលើស្នាដៃរូបថត Meaningful Memory របស់លោក Mao Dalin
• ជ័យលាភីលេខ ២ បានទៅលើស្នាដៃរូបថត March of the Mighty របស់លោក Thith Chomran
• ជ័យលាភីលេខ ៣ បានទៅលើស្នាដៃរូបថត Home Sweet Home របស់លោក Suong Mardy
ពានរង្វាន់ប្រជាប្រិយភាពដែលជាជម្រើសពីគណៈកម្មាការ និងជម្រើសពីមហាជនរួមមាន៖
• ជ័យលាភីរូបថតជ្រើសរើសដោយគណៈកម្មាការ (Judges’ Selection Award) បានទៅលើស្នាដៃរូបថត Home Sweet Home របស់លោក Suong Mardy
• ជ័យលាភីរូបថតជ្រើសរើសដោយមហាជន (People’s Choice Award) បានទៅលើស្នាដៃរូបថត Ouk Chaktrang របស់លោក Roberto Crucitti
ក្រៅពីរង្វាន់ធំមានតម្លៃជាង ១៥០០ ដុល្លារ រួមបញ្ចូលនឹងសាច់ប្រាក់ ១០០០ ដុល្លារសម្រាប់អ្នកឈ្នះ។ គួរបញ្ជាក់ផងដែរថា Eyes on Cambodia ក៏ប្តេជ្ញាបង្កើតផលវិជ្ជមានចំពោះបរិស្ថានផងដែរ។ តួយ៉ាង រូបថតទាំងអស់ពីការតាំងពិព័រណ៍ចុងក្រោយ អ្នកចូលរួមទស្សនានឹងអាចធ្វើការជាវបានក្នុងតម្លៃ ១០០ ដុល្លារ ក្នុងមួយផ្ទាំង ដោយ ៦០ ភាគរយនៃលុយប្រគល់ជូនអ្នកថតរូបផ្ទាល់ ចំណែក ៤០ ភាគរយទៀតនឹងបរិច្ចាគទៅកាន់ Wildlife Alliance ដើម្បីគាំទ្រគំនិតផ្តួចផ្តើមការដាំដើមឈើឡើងវិញរបស់ពួកគេនៅកម្ពុជា។ ការទិញនីមួយៗនឹងរួមចំណែកដល់គោលបំណងក្នុងការដាំដើមឈើហោចណាស់ ៣០០ ដើមក្នុងមួយឆ្នាំ៕