Annual Song Saa Recycled Fashion Show ការបង្ហាញម៉ូដប្រចាំឆ្នាំ២០២៤ ច្នៃដោយសំណល់សំរាមពី «កោះសង្សារ»
ENTERTAINMENT a week agoនាថ្ងៃសៅរិ៍ ទី០៧ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅនេះ កម្មវិធីប្រកួតប្រជែងការច្នៃម៉ូដហ្វេហ្សិនពីសំណល់សំរាម ដើម្បីចូលរួមចំណែកអភិរក្សបរិស្ថានដែនសមុទ្រកម្ពុជា ដែលប្រព្រឹត្តឡើងនៅលើ កោះសង្សារដែលជារមណីយដ្ឋានបែបរីស្សតឯកជនលំដាប់ផ្កាយ៥ នៅលើដែនសមុទ្រនៃប្រជុំកោះរុង ឯខេត្តព្រះសីហនុ។ ដោយបេក្ខភាពចូលរួមគឺជាបុគ្គលិកគ្រប់ផ្នែករបស់រីស្សតកោះសង្សារផ្ទាល់តែម្ដង ក្នុងគោលបំណងរក្សាបរិស្ថាន គ្រប់គ្រងសំណល់នៅលើកោះ និងអភិរក្សជីវចម្រុះក្នុងតំបន់ប្រជុំកោះរុង។
ស្ថាបនិក «កោះសង្សារ» លោកស្រី Melita Koulmandas បានផ្តួចផ្ដើមគំនិតនេះឡើង ដើម្បីលើកទឹកចិត្តបុគ្គលិកឲ្យចូលរួមដោយផ្ទាល់ក្នុងយុទ្ធនាការណ៍គាំពារបរិស្ថានសមុទ្រកម្ពុជា និងធ្វើការរៃអង្គាសសម្រាប់មូលនិធិ Song Saa Foundation (អង្គការមិនរកប្រាក់ចំណេញ) ក្នុងការបន្តបេសកកម្មអភិរក្សជម្រកជីវសាស្ត្រចម្រុះក្នុងប្រជុំដែនសមុទ្រកោះរុង និងគាំពារសុខុមាលភាពសហគមន៍ក្នុងតំបន់នោះផងដែរ។ មកដល់បច្ចុប្បន្ន ខាងមូលនិធិទទួលវិភាគទានសរុបបាន ២២៤០ ដុល្លាសហរដ្ឋអាមេរិក។ គួរបញ្ជាក់ផងដែរថា មូលនិធិ Song Saa Foundation មានវត្តមាននិងចាប់ផ្ដើមបេសកកម្មរបស់ខ្លួនតាំងពីឆ្នាំ២០០៦មកម៉្លេះ។
ក្រោមសក្ខីភាពរបស់ក្រុមការងារសូវវីន ភ្ញៀវកិត្តិយស និងការដាក់ពិន្ទុពីគណៈកម្មការជំនាញផ្នែកហ្វេហ្សិនទាំង ២ រូប គឺលោកស្រី ROMYDA KETH អ្នកច្នៃម៉ូដសម្លៀកបំពាក់កម្ពុជាដ៏ល្បីល្បាញ និងលោក DECLAN CHAN អ្នករៀបស្ទាយល៍និងទីប្រឹក្សាផ្នែកហ្វេហ្សិនប្រចាំនៅហុងកុង។ នាឆ្នាំនេះ ខាងគណៈកម្មាធិការប្រកួតធ្វើការបែងចែកចំណាត់ថ្នាក់ជាពីរផ្នែក ដោយជ័យលាភីបានទៅលើ៖
ផ្នែកម៉ូដបែបច្នៃប្រតិដ្ឋ(Creative)
ជ័យលាភីឯក បានទៅក្រុម Kitchen ខាងផ្នែកចុងភៅ
លំដាប់រងទី១ បានទៅក្រុម Engineering ខាងផ្នែកវិស្វកម្ម
ផ្នែកម៉ូដបែបស្លៀកបាន(Wearable)
ជ័យលាភីឯក បានទៅក្រុម F&B ខាងផ្នែកម្ហូបអាហារនិងភេសជ្ជៈ
លំដាប់រងទី១ បានទៅក្រុម Housekeeping ខាងផ្នែករៀបចំវីឡា
សូមអបអរសាទរម្ដងទៀតទៅដល់ជ័យលាភីទាំងអស់ និងក្រុមដទៃទៀតផងដែរ ដែលបានខិតខំបង្កើតស្នាដៃហ្វេហ្សិនដ៏គួរឱ្យស្ងើចសរសើរ ទោះបីពួកគាត់មិនមែនជាអ្នកជំនាញខាងផ្នែកហ្វេហ្សិនក្ដី តែពួកគាត់បានបង្ហាញគំនិតច្នៃប្រតិដ្ឋល្អៗអំពីការប្រើប្រាស់សំណល់សំរាមឡើងវិញ៕
Article by LENG CHANREASEY