×

ពិព័រណ៍​បន្លែ​ធម្មជាតិ​ខ្មែរ​ជាង២០០មុខ​លើកដំបូង​លើទឹក​ដី​បាក់ខែង​

ENTERTAINMENT 5 years ago
 
 

​            ​តាំងពី​បរម​បុរាណ​មក​ ​ខ្មែរ​មានមុខ​ម្ហូប​ប្រពៃណី​រាប់​រយ​មុខ​ប្រកបដោយ​ឱជារស​ឆ្ងាញ់​ពិសា​។​ ​បន្លែ​ស្រែ​ ​និង​គ្រឿង​អន្លក់​ត្រូវ​បាន​ចាត់ទុកជា​ល្បោយ​ដ៏​មាន​ប្រជាប្រិយ​មួយ​ដែល​ខ្មែរយើង​ទទួលស្គាល់​ថា​មិន​អាច​ខ្វះ​បាន​។​ ​ប្រជាជន​ខ្មែរយើង​ពិសេស​រស់នៅ​តាម​ស្រុកស្រែ​ចម្ការ​ជនបទ​និយម​ទទួលទាន​ពពួក​រុក្ខជាតិ​ ​បន្លែ​បៃតង​ចម្រុះ​ ​ដុះ​តាម​ធម្មជាតិ​ ​ភ្លឺស្រែ​ ​ព្រៃភ្នំ​ ​តាម​រដូវ​កាល​នៅ​លើ​ដីខ្មែរ​ច្រើន​ប្រភេទ​ ​ច្រើន​សណ្ឋាន​ ​ច្រើន​រសជាតិ​ ​។​ ​អាស្រ័យហេតុ​នេះ​នៅ​ព្រឹក​ថ្ងៃពុធ​ ​ទី១២​ ​ខែធ្នូ​ ​ឆ្នាំ២០១៩​ ​នេះ​ ​អាហារដ្ឋាន​ ​“​មាតុភូមិ​ ​ប្រហុក​ ​&​ ​គ្រឿង​អន្លក់​”​ ​ដែល​មាន​ឯកទេស​ចម្អិនម្ហូប​អាហារ​ប្រពៃណី​ខ្មែរ​បាន​រៀបចំ​ព្រឹត្តិ​ការណ៍​ដ៏​ធំ​មួយ​ដែល​មិនធ្លាប់​មាន​ក្នុង​ប្រវត្តិ​សាស្រ្ត​ម្ហូបអាហារ​នៅ​កម្ពុជា​កន្លងមក​ ​នោះ​គឺ​ ​«​ពិព័រណ៍​បន្លែ​ខ្មែរ​»​ ​ក្រោម​ប្រធានបទ​ ​«​បន្លែ​ខ្មែរ​-​បន្លែ​ស្រុកស្រែ​-​បន្លែ​ជនបទ​-​បន្លែ​តាម​រដូវ​ ​គ្រប់​ប្រភេទ​»​ ​នៅ​ទីតាំង​ហាង​មាតុភូមិ​សាខា​បាក់ខែង​ ​ម្តុំ​ស្ពាន​ទី១០​ ​ផ្លូវជាតិ​លេខ៦​ ​អា​។​

​            ​លោកស្រី​ ​មាស​ ​ផា​ន្នី​ដា​ ​ស្ថាបនិក​ផ្តួចផ្តើម​ ​និង​ ​ជា​ម្ចាស់​ម៉ាក​យីហោ​និង​និមិត្តសញ្ញា​នៃ​មាតុភូមិ​ ​បាន​ប្រាប់​អំពី​គោលបំណង​នៃ​ការរៀបចំ​ប្រារព្ធ​ពិព័រណ៍​ខាងលើ​នេះ​ថា​ ​«​មាតុភូមិ​ចង់​គាស់កកាយ​ប្រមូល​ផ្តុំ​នូវ​បន្លែ​ធម្មជាតិ​ស្រស់​របស់​ខ្មែរ​គ្រប់​ប្រភេទ​ពី​គ្រប់តំបន់​និង​គ្រប់​រដូវ​កាល​មក​បង្ហាញ​ជូន​ដល់​មហាជន​ឲ្យបាន​ដឹង​ ​ចងចាំ​ ​កត់ត្រា​ទុក​ ​និង​ ​ថែរក្សា​ឡើងវិញ​ ​ព្រមទាំង​បញ្ជ្រាប​ការយល់​ដឹង​អំពី​អត្ថ​ប្រយោជន៍​ដ៏​មហិមា​ដែល​បុព្វបុរស​ដូនតា​យើង​បាន​ធ្វើលំ​នាំ​ទុកឲ្យ​ ​[​…​]​»​។​ ​

​            លោកស្រី​បាន​សង្កត់ធ្ងន់​ថា​ ​ប្រជាជន​នៅ​តាម​ទីក្រុង​ភាគច្រើន​មិនសូវ​មានឱកាស​បាន​ភ្លក់​រសជាតិ​បន្លែ​ស្រែ​ធម្មជាតិ​ឡើយ​ ​ព្រោះ​ភាគច្រើន​បន្លែ​ស្រែ​ទាំងនោះ​មាន​ដុះ​តែ​តាម​ទីវាល​ស្រែ​ជនបទ​តែប៉ុណ្ណោះ​ ​ហើយ​បន្លែ​អន្លក់​ទាំងនេះ​ភាគតិច​ណាស់​ដែលគេ​បេះ​យក​មក​លក់​នៅ​ទីផ្សារ​ ​ហើយ​ទីផ្សារ​សម្រាប់​លក់​អន្លក់​នេះ​ក៏​មាន​បន្តិចបន្តួច​ដែរ​។​ ​បម្រែបម្រួល​អាកាសធាតុ​នៅ​រដូវ​រីងស្ងួត​ ​អស់​ទឹក​ពី​បឹង​ ​ជា​កត្តា​ធ្វើឲ្យ​បន្លែ​ធម្មជាតិ​ទាំងនេះ​មិន​ស្រស់​ល្អ​ ​កាន់តែ​ក្រខ្សត់​ពិបាក​រក​ ​អាច​ឈាន​ទៅ​រក​ការ​ផុតពូជ​នៅ​ថ្ងៃ​អនាគត​។​ ​បន្លែ​ដែល​បាន​តាំង​បង្ហាញ​មាន​ដូចជា​ ​សក់​នាង​ ​ស្គន់​ ​ផ្តៅ​ ​ថ្នក់ទឹក​ ​ស្លាបច្រវា​ ​ត្រកៀត​ ​ត្រួយ​ចន្ទល់ភ្នំ​ ​ស្លឹក​ស៊ុង​រៀង​ ​ឬ​ស្លឹក​សណ្តែក​ខ្មោច​ ​ក​ណ្តៀង​ ​ស្លឹក​ថ្នឹង​ ​ស​ណ្តាន់​ ​ផ្លែ​ពិកា​ ​ត្រួយ​ឆ្អឹង​មាន់​ ​ត្រួយ​រាំងទឹក​ ​ផ្កាក្រចក​អណ្តើក​ ​។​ល​។​

​            ព្រឹត្តិ​ការណ៍​នេះ​បាន​បង្ហាញ​ជូន​មហាជន​នូវ​អត្តសញ្ញាណ​ម្ហូបអាហារ​ខ្មែរ​ជាច្រើន​ដែល​ស្ថិត​ក្នុង​ភាព​កំ​បាង់​ស្ងប់ស្ងាត់​ឲ្យ​រស់រវើក​ឡើងវិញ​ ​លើកស្ទួយ​សុខុមាលភាព​សង្គម​ ​ផ្សារភ្ជាប់​នឹង​ការចូលរួម​បង្ហាញ​ទឹកចិត្ត​ស្រឡាញ់​ចំពោះ​បន្លែ​ធម្មជាតិ​ខ្មែរ​ពីសំណាក់​វរ​សិល្បករ​អាយ៉ៃ​ជើងចាស់​ ​ព្រហ្ម​ ​ម៉ា​ញ​ ​និង​ ​តារាភាពយន្ត​ជួរមុខ​លំដាប់​ប្រទេស​ប្រចាំ​ទ.វ.ទី៨០និង៩០​ ​ជាច្រើន​ដួង​ ​រួមមាន​ ​លោក​ ​ទេព​ ​រិន្ទ​ដា​រ៉ូ​ ​លោក​ ​ជា​ ​សំណាង​ ​លោក​ ​ហម​ ​ឈ​រ៉ា​ ​លោក​ ​ជា​ ​ណូ​បូ​ ​លោក​ ​ចៅ​ ​ចាន់​ណា​រី​ ​លោក​ ​ច័ន្ទ​ ​រិទ្ធ​មេធា​នី​ ​លោក​ ​លឹម​ ​តិច​ម៉ុង​ ​អ្នកស្រី​ ​ចាន់​ ​តារា​ទី​ ​អ្នកស្រី​ ​ប៉ែន​ ​សុ​ផា​នី​ ​អ្នកស្រី​ ​អ៊ុំ​ ​សក្ក​ណា​ ​និង​ ​អ្នកស្រី​ ​លី​ ​រចនា​។​ ​អ្វី​ដែល​មិន​អាច​បំភ្លេច​បាន​សម្រាប់​កម្មវិធី​នេះ​ ​គឺ​ ​ការ​សម្តែង​ទស្សនីយភាព​អាយ៉ៃ​របស់​ ​លោក​ ​ព្រហ្ម​ ​ម៉ា​ញ​ ​ស្តី​ពីអ​ត្ថ​ប្រយោជន៍​បន្លែ​ខ្មែរ​ដើម្បី​ញ៉ាំង​កម្មវិធី​ឲ្យ​កាន់តែ​អធឹក​អធម​។​ ​

​Article​ ​by​ ​SRIN​ ​SOKMEAN​


SUGGESTIONS