តាំងពីបរមបុរាណមក ខ្មែរមានមុខម្ហូបប្រពៃណីរាប់រយមុខប្រកបដោយឱជារសឆ្ងាញ់ពិសា។ បន្លែស្រែ និងគ្រឿងអន្លក់ត្រូវបានចាត់ទុកជាល្បោយដ៏មានប្រជាប្រិយមួយដែលខ្មែរយើងទទួលស្គាល់ថាមិនអាចខ្វះបាន។ ប្រជាជនខ្មែរយើងពិសេសរស់នៅតាមស្រុកស្រែចម្ការជនបទនិយមទទួលទានពពួករុក្ខជាតិ បន្លែបៃតងចម្រុះ ដុះតាមធម្មជាតិ ភ្លឺស្រែ ព្រៃភ្នំ តាមរដូវកាលនៅលើដីខ្មែរច្រើនប្រភេទ ច្រើនសណ្ឋាន ច្រើនរសជាតិ ។ អាស្រ័យហេតុនេះនៅព្រឹកថ្ងៃពុធ ទី១២ ខែធ្នូ ឆ្នាំ២០១៩ នេះ អាហារដ្ឋាន “មាតុភូមិ ប្រហុក & គ្រឿងអន្លក់” ដែលមានឯកទេសចម្អិនម្ហូបអាហារប្រពៃណីខ្មែរបានរៀបចំព្រឹត្តិការណ៍ដ៏ធំមួយដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តម្ហូបអាហារនៅកម្ពុជាកន្លងមក នោះគឺ «ពិព័រណ៍បន្លែខ្មែរ» ក្រោមប្រធានបទ «បន្លែខ្មែរ-បន្លែស្រុកស្រែ-បន្លែជនបទ-បន្លែតាមរដូវ គ្រប់ប្រភេទ» នៅទីតាំងហាងមាតុភូមិសាខាបាក់ខែង ម្តុំស្ពានទី១០ ផ្លូវជាតិលេខ៦ អា។
លោកស្រី មាស ផាន្នីដា ស្ថាបនិកផ្តួចផ្តើម និង ជាម្ចាស់ម៉ាកយីហោនិងនិមិត្តសញ្ញានៃមាតុភូមិ បានប្រាប់អំពីគោលបំណងនៃការរៀបចំប្រារព្ធពិព័រណ៍ខាងលើនេះថា «មាតុភូមិចង់គាស់កកាយប្រមូលផ្តុំនូវបន្លែធម្មជាតិស្រស់របស់ខ្មែរគ្រប់ប្រភេទពីគ្រប់តំបន់និងគ្រប់រដូវកាលមកបង្ហាញជូនដល់មហាជនឲ្យបានដឹង ចងចាំ កត់ត្រាទុក និង ថែរក្សាឡើងវិញ ព្រមទាំងបញ្ជ្រាបការយល់ដឹងអំពីអត្ថប្រយោជន៍ដ៏មហិមាដែលបុព្វបុរសដូនតាយើងបានធ្វើលំនាំទុកឲ្យ […]»។
លោកស្រីបានសង្កត់ធ្ងន់ថា ប្រជាជននៅតាមទីក្រុងភាគច្រើនមិនសូវមានឱកាសបានភ្លក់រសជាតិបន្លែស្រែធម្មជាតិឡើយ ព្រោះភាគច្រើនបន្លែស្រែទាំងនោះមានដុះតែតាមទីវាលស្រែជនបទតែប៉ុណ្ណោះ ហើយបន្លែអន្លក់ទាំងនេះភាគតិចណាស់ដែលគេបេះយកមកលក់នៅទីផ្សារ ហើយទីផ្សារសម្រាប់លក់អន្លក់នេះក៏មានបន្តិចបន្តួចដែរ។ បម្រែបម្រួលអាកាសធាតុនៅរដូវរីងស្ងួត អស់ទឹកពីបឹង ជាកត្តាធ្វើឲ្យបន្លែធម្មជាតិទាំងនេះមិនស្រស់ល្អ កាន់តែក្រខ្សត់ពិបាករក អាចឈានទៅរកការផុតពូជនៅថ្ងៃអនាគត។ បន្លែដែលបានតាំងបង្ហាញមានដូចជា សក់នាង ស្គន់ ផ្តៅ ថ្នក់ទឹក ស្លាបច្រវា ត្រកៀត ត្រួយចន្ទល់ភ្នំ ស្លឹកស៊ុងរៀង ឬស្លឹកសណ្តែកខ្មោច កណ្តៀង ស្លឹកថ្នឹង សណ្តាន់ ផ្លែពិកា ត្រួយឆ្អឹងមាន់ ត្រួយរាំងទឹក ផ្កាក្រចកអណ្តើក ។ល។
ព្រឹត្តិការណ៍នេះបានបង្ហាញជូនមហាជននូវអត្តសញ្ញាណម្ហូបអាហារខ្មែរជាច្រើនដែលស្ថិតក្នុងភាពកំបាង់ស្ងប់ស្ងាត់ឲ្យរស់រវើកឡើងវិញ លើកស្ទួយសុខុមាលភាពសង្គម ផ្សារភ្ជាប់នឹងការចូលរួមបង្ហាញទឹកចិត្តស្រឡាញ់ចំពោះបន្លែធម្មជាតិខ្មែរពីសំណាក់វរសិល្បករអាយ៉ៃជើងចាស់ ព្រហ្ម ម៉ាញ និង តារាភាពយន្តជួរមុខលំដាប់ប្រទេសប្រចាំទ.វ.ទី៨០និង៩០ ជាច្រើនដួង រួមមាន លោក ទេព រិន្ទដារ៉ូ លោក ជា សំណាង លោក ហម ឈរ៉ា លោក ជា ណូបូ លោក ចៅ ចាន់ណារី លោក ច័ន្ទ រិទ្ធមេធានី លោក លឹម តិចម៉ុង អ្នកស្រី ចាន់ តារាទី អ្នកស្រី ប៉ែន សុផានី អ្នកស្រី អ៊ុំ សក្កណា និង អ្នកស្រី លី រចនា។ អ្វីដែលមិនអាចបំភ្លេចបានសម្រាប់កម្មវិធីនេះ គឺ ការសម្តែងទស្សនីយភាពអាយ៉ៃរបស់ លោក ព្រហ្ម ម៉ាញ ស្តីពីអត្ថប្រយោជន៍បន្លែខ្មែរដើម្បីញ៉ាំងកម្មវិធីឲ្យកាន់តែអធឹកអធម។
Article by SRIN SOKMEAN