×

«Tinky» កង់​អគ្គីសនី​ដែល​ផលិត​ដោយ​យុវជន​វ័យក្មេង​ពីររូប​ជួយ​សន្សំ​សំចៃ​ការ​ចំណាយ​លើ​ទោចក្រ​យានយន្ត

NEWS 5 years ago
 
 

          ចំនួន​ទោចក្រ​យានយន្ត​មាន​ការ​កើន​ឡើង​ជា​រៀងរាល់​ឆ្នាំ ដែល​នេះ​ធ្វើ​ឲ្យ​ចរាចរ​កាន់​តែ​មាន​ភាព​មមាញឹក​ឡើង និង​ការ​បំពុល​បរិយាកាស​ដែល​បណ្តាល​មក​ពី​ផ្សែង​ទោចក្រ​យានយន្ត​នោះ​កាន់​តែ​អាក្រក់​ទៅៗ​រហូត​បង្កើត​បាន​ជា​កំទេច​ធូលី​ភាគ​ល្អិតតូចៗ​ជា​ច្រើន​ដែល​ហោះហើរ​ពេញ​បរិយាកាស និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ដំណើរ​តាម​ផ្លូវ​ពី​មធ្យម​ទៅ​ធ្ងន់​ទៀត​ផង។ ដោយ​ហេតុ​នេះ ទើប​ធ្វើ​ឲ្យ​យុវជន និង​យុវនារី​មួយគូ សម្រេច​ចិត្ត​បង្កើត​នូវ​កង់​អគ្គីសនី​មួយ​ដែល​អាច​ជួយ​កាត់​បន្ថយ​ការ​បំពុល​បរិយាកាស​ក៏​ដូច​ជា​ជួយ​សន្សំ​សំចៃ​ការ​ចំណាយ​លើ​ទោចក្រ​យានយន្ត​បាន​មួយ​ភាគ​ធំ​សម្រាប់​ប្រជាជន​កម្ពុជា​ទូទៅ​ផង​ដែរ។

          Tinky គឺ​ជា​កង់​ដែល​ដំណើរ​ការ​ដោយ​ថាមពល​អគ្គីសនី​អាច​ធ្វើ​ចលនា​ទៅ​មុខ​ដូច​ម៉ូតូ​ដោយ​មិន​ចាំបាច់​ធាក់ និង​មិន​ប្រើ​សាំង​ជា​ថាមពល​ដើម្បី​ឲ្យ​ម៉ាស៊ីន​ដើរ​ឡើយ។ កង់​នេះ​គឺ​ជា​គំនិត​ផ្តួចផ្តើម និង​ជា​ការ​បង្កើត​ដោយ​យុវជន​វ័យក្មេង​ពីររូប​គឺ កញ្ញា វ័យ ១៩ឆ្នាំ សឿន ច័ន្ទរ៉ាត់តិកា និង ខេមរា គឹមហាក់ អាយុ ២០ឆ្នាំដែល​ជា​និស្សិត​ឆ្នាំទីបី ក្នុង​វិស័យ​ស្ថាបត្យកម្ម។ ជា​សិស្ស​ដែល​កំពុង​សិក្សា​ជំនាញ ស្ថាបត្យកម្ម​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ស្ថាបនិក​ទាំង​ពីរនាក់​នេះ​អាច​រចនា​រូបរាង​កង់​អគ្គីសនី​នេះ​ឡើង​យ៉ាង​ស្រស់ស្អាត​ទាន់​សម័យ សាមញ្ញ និង​ទាក់ទាញ​បែបនេះ។ ជាមួយ​នឹង​ល្បឿន​លឿន​បំផុត​ត្រឹម ៤០គីឡូម៉ែត្រ​ក្នុង​មួយម៉ោង Tinky ប្រើ​ប្រាស់​ថាមពលថ្ម​ដែល​អាច​ឲ្យ​យើង​ជិះ​បាន​ដល់​ទៅ ៦០គីឡូម៉ែត្រ​ក្នុង​ការ​សាក​ថ្ម​ប្រើប្រាស់​ម្តង។ ថ្វីដ្បិត​តែ​ប្រើ​ប្រាស់​ថ្មសាក​ថាមពល​អគ្គីសនី​ក៏​ពិត​មែន ក៏ប៉ុន្តែ​ស្ថាបនិក​ទាំង​ពីររូប​បាន​ធានា​អះអាង​ថា ថ្ម​របស់ Tinky មិន​ទាញ​អគ្គីសនី​ដែល​ឲ្យ​អ្នក​ប្រើប្រាស់​បង់​ថ្លៃ​ភ្លើង​អគ្គីសនី​ច្រើន​ឡើយ ដោយ​ការ​សាកថ្ម​ពី ០ភាគរយ រហូត​ដល់​១០០ភាគរយ ថ្ម Tinky ប្រើ​ប្រាស់​អគ្គីសនី​អស់​តែ ៧០០រៀល​ប៉ុណ្ណោះ។ ចំពោះ​ថ្ម​របស់ Tinky នេះ​ដែរ​អ្នក​ប្រើ​ប្រាស់​ក៏​អាច​ដក​យក​ទៅ​សាក​នៅ​ក្នុង​បន្ទប់​គេង នៅ​ការិយាល័យ​ធ្វើ​ការ ឬ​សាលារៀន​បាន​ផងដែរ។ មិនត្រឹម​តែ​ប៉ុណ្ណោះ​ក្នុង​ករណី​ដែល​កង់​មាន​បញ្ហា​ដូច​ជា កង់បែក​ជា​ដើម​នោះ Tinky ក៏​មាន​មុខងារ​ពិសេស​មួយ​ហៅ​ថា Walk mode ដែល​អាច​ជួយឲ្យ​កង់​វិល​តិចៗ សម្រួល​កម្លាំង​អ្នក​ប្រើប្រាស់​ក្នុង​ការ​បណ្ដើរ​កង់​ទៀត​ផង។

          ជា​មួយ​នឹង​អត្ថប្រយោជន៍​ដ៏​ច្រើន​បែប​នេះ Tinky បាន​ធ្វើ​ឲ្យ​ស្ថាបនិក​ទាំង​ពីររូប​ចំណាយ​ពេល ៣ខែ​ក្នុង​ការ​គិត និង​រចនា​រូបរាង ក៏​ដូច​ជា​សិក្សា​ស្រាវ​ជ្រាវ ដើម្បី​ផលិត​កង់​នេះ​ចេញ​ជា​រូប​រាង​មក​បាន និង​បាន​ប្រកួត​ឈ្នះ​ក្នុង​កម្មវិធី Smart Spark ជា​មួយ​នឹង​ប្រាក់​រង្វាន់ ៣០០០ដុល្លារ​ថែម​ទៀត​ផង។ យ៉ាង​ណា​មិញ រ៉ាត់តិកា និងគឹមហាក់​បាន​បង្ហើប​ឲ្យ​ដឹង​ថា កង់ Tinky នឹង​ចាប់​ផ្តើម​បើក​ទទួល​កុម្ម៉ង់​ចាប់​ពីខែកុម្ភៈ នេះ​ត​ទៅ ជា​មួយ​នឹង​ម៉ូឌែល ៣ ដែល​មាន​រូបរាង​ដូច​គ្នា ក៏​ប៉ុន្តែ​កំលាំង​ថ្ម​ខុស​គ្នា ដោយ​ម៉ូឌែល​ទី១​អាច​ជិះ​បាន ៣០គីឡូម៉ែត្រ តម្លៃ ៥៤៩ ដុល្លារ ម៉ូឌែល​ទី២ ជិះបាន ៤៥គីឡូម៉ែត្រ​ក្នុង​ការសាក​ថ្មម្តង ក្នុងតម្លៃ ៦៤៩ ដុល្លារ និង ទី៣ អាច​ជិះ​បាន ៦០គីឡូម៉ែត្រ ក្នុង​តម្លៃ ៧៤៩ដុល្លារ។ Tinky ក៏​មាន​សេវា​កម្ម​ជួសជុល​ដោយ​ឥត​គិត​ថ្លៃ​ផងដែរ។

          Tinky កង់​អគ្គីសនី​របស់​កម្ពុជា ផលិត​ដោយ​កូនខ្មែរ ធ្វើ​នៅ​ស្រុក​ខ្មែរ​ជា​មធ្យោបាយ​ថ្មី​មួយ​ទៀត​ដែល​អាច​ឲ្យ​ប្រជាជន​កម្ពុជា​ជួយ​បរិស្ថាន​បាន​មួយ​កម្រិត និង​ជួយ​សន្សំ​សំចៃ​សម្រាប់​ពលរដ្ឋ​ខ្មែរ​បាន​មួយ​ភាគ​ធំ​ផង​ដែរ៕

Article by KEO SONG


SUGGESTIONS