«Tinky» កង់អគ្គីសនីដែលផលិតដោយយុវជនវ័យក្មេងពីររូបជួយសន្សំសំចៃការចំណាយលើទោចក្រយានយន្ត
NEWS 5 years agoចំនួនទោចក្រយានយន្តមានការកើនឡើងជារៀងរាល់ឆ្នាំ ដែលនេះធ្វើឲ្យចរាចរកាន់តែមានភាពមមាញឹកឡើង និងការបំពុលបរិយាកាសដែលបណ្តាលមកពីផ្សែងទោចក្រយានយន្តនោះកាន់តែអាក្រក់ទៅៗរហូតបង្កើតបានជាកំទេចធូលីភាគល្អិតតូចៗជាច្រើនដែលហោះហើរពេញបរិយាកាស និងធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកដំណើរតាមផ្លូវពីមធ្យមទៅធ្ងន់ទៀតផង។ ដោយហេតុនេះ ទើបធ្វើឲ្យយុវជន និងយុវនារីមួយគូ សម្រេចចិត្តបង្កើតនូវកង់អគ្គីសនីមួយដែលអាចជួយកាត់បន្ថយការបំពុលបរិយាកាសក៏ដូចជាជួយសន្សំសំចៃការចំណាយលើទោចក្រយានយន្តបានមួយភាគធំសម្រាប់ប្រជាជនកម្ពុជាទូទៅផងដែរ។
Tinky គឺជាកង់ដែលដំណើរការដោយថាមពលអគ្គីសនីអាចធ្វើចលនាទៅមុខដូចម៉ូតូដោយមិនចាំបាច់ធាក់ និងមិនប្រើសាំងជាថាមពលដើម្បីឲ្យម៉ាស៊ីនដើរឡើយ។ កង់នេះគឺជាគំនិតផ្តួចផ្តើម និងជាការបង្កើតដោយយុវជនវ័យក្មេងពីររូបគឺ កញ្ញា វ័យ ១៩ឆ្នាំ សឿន ច័ន្ទរ៉ាត់តិកា និង ខេមរា គឹមហាក់ អាយុ ២០ឆ្នាំដែលជានិស្សិតឆ្នាំទីបី ក្នុងវិស័យស្ថាបត្យកម្ម។ ជាសិស្សដែលកំពុងសិក្សាជំនាញ ស្ថាបត្យកម្មនេះហើយទើបធ្វើឲ្យស្ថាបនិកទាំងពីរនាក់នេះអាចរចនារូបរាងកង់អគ្គីសនីនេះឡើងយ៉ាងស្រស់ស្អាតទាន់សម័យ សាមញ្ញ និងទាក់ទាញបែបនេះ។ ជាមួយនឹងល្បឿនលឿនបំផុតត្រឹម ៤០គីឡូម៉ែត្រក្នុងមួយម៉ោង Tinky ប្រើប្រាស់ថាមពលថ្មដែលអាចឲ្យយើងជិះបានដល់ទៅ ៦០គីឡូម៉ែត្រក្នុងការសាកថ្មប្រើប្រាស់ម្តង។ ថ្វីដ្បិតតែប្រើប្រាស់ថ្មសាកថាមពលអគ្គីសនីក៏ពិតមែន ក៏ប៉ុន្តែស្ថាបនិកទាំងពីររូបបានធានាអះអាងថា ថ្មរបស់ Tinky មិនទាញអគ្គីសនីដែលឲ្យអ្នកប្រើប្រាស់បង់ថ្លៃភ្លើងអគ្គីសនីច្រើនឡើយ ដោយការសាកថ្មពី ០ភាគរយ រហូតដល់១០០ភាគរយ ថ្ម Tinky ប្រើប្រាស់អគ្គីសនីអស់តែ ៧០០រៀលប៉ុណ្ណោះ។ ចំពោះថ្មរបស់ Tinky នេះដែរអ្នកប្រើប្រាស់ក៏អាចដកយកទៅសាកនៅក្នុងបន្ទប់គេង នៅការិយាល័យធ្វើការ ឬសាលារៀនបានផងដែរ។ មិនត្រឹមតែប៉ុណ្ណោះក្នុងករណីដែលកង់មានបញ្ហាដូចជា កង់បែកជាដើមនោះ Tinky ក៏មានមុខងារពិសេសមួយហៅថា Walk mode ដែលអាចជួយឲ្យកង់វិលតិចៗ សម្រួលកម្លាំងអ្នកប្រើប្រាស់ក្នុងការបណ្ដើរកង់ទៀតផង។
ជាមួយនឹងអត្ថប្រយោជន៍ដ៏ច្រើនបែបនេះ Tinky បានធ្វើឲ្យស្ថាបនិកទាំងពីររូបចំណាយពេល ៣ខែក្នុងការគិត និងរចនារូបរាង ក៏ដូចជាសិក្សាស្រាវជ្រាវ ដើម្បីផលិតកង់នេះចេញជារូបរាងមកបាន និងបានប្រកួតឈ្នះក្នុងកម្មវិធី Smart Spark ជាមួយនឹងប្រាក់រង្វាន់ ៣០០០ដុល្លារថែមទៀតផង។ យ៉ាងណាមិញ រ៉ាត់តិកា និងគឹមហាក់បានបង្ហើបឲ្យដឹងថា កង់ Tinky នឹងចាប់ផ្តើមបើកទទួលកុម្ម៉ង់ចាប់ពីខែកុម្ភៈ នេះតទៅ ជាមួយនឹងម៉ូឌែល ៣ ដែលមានរូបរាងដូចគ្នា ក៏ប៉ុន្តែកំលាំងថ្មខុសគ្នា ដោយម៉ូឌែលទី១អាចជិះបាន ៣០គីឡូម៉ែត្រ តម្លៃ ៥៤៩ ដុល្លារ ម៉ូឌែលទី២ ជិះបាន ៤៥គីឡូម៉ែត្រក្នុងការសាកថ្មម្តង ក្នុងតម្លៃ ៦៤៩ ដុល្លារ និង ទី៣ អាចជិះបាន ៦០គីឡូម៉ែត្រ ក្នុងតម្លៃ ៧៤៩ដុល្លារ។ Tinky ក៏មានសេវាកម្មជួសជុលដោយឥតគិតថ្លៃផងដែរ។
Tinky កង់អគ្គីសនីរបស់កម្ពុជា ផលិតដោយកូនខ្មែរ ធ្វើនៅស្រុកខ្មែរជាមធ្យោបាយថ្មីមួយទៀតដែលអាចឲ្យប្រជាជនកម្ពុជាជួយបរិស្ថានបានមួយកម្រិត និងជួយសន្សំសំចៃសម្រាប់ពលរដ្ឋខ្មែរបានមួយភាគធំផងដែរ៕
Article by KEO SONG