×

លែង​កង្វល់​រង្វង់ភ្នែក​ខ្មៅ​ទៀតហើយ​ជាមួយ​រូបមន្ត​ម៉ាស​ធម្មជាតិ​ពី​សូ​វរីន​ ​

FASHION & BEAUTY 5 years ago
 
 

            រង្វង់ភ្នែក​ខ្មៅ​ស្រអាប់​អាច​ធ្វើឲ្យ​បាត់បង់​សម្រស់​មួយ​កម្រិត​ធំ។​ ​ថ្វី​ដ្បិតតែ​យើង​អាច​បិត​បាំង​រង្វង់ភ្នែក​ខ្មៅ​តាមរយៈ​គ្រឿង​ម្សៅ​តុបតែង​ ​ប៉ុន្តែ​វា​នៅតែ​ជា​ផល​រំខាន​ដែល​ធ្វើ​យើង​បាត់បង់​ទំនុកចិត្ត​រាល់ពេល​បង្ហាញ​សម្រស់​ធម្មជាតិ​ចេញទៅ​ពិភព​ខាង​ក្រៅ​ម្តងៗ។​ ​មិន​ថ្វី​នោះ​ទេ​បញ្ហា​នេះ​នឹង​លែង​ជា​កង្វល់​សម្រាប់​អ្នក​ទៀតហើយ​ដោយ​ថ្ងៃនេះ​សូវ​រី​ននឹង​បង្ហើប​នូវ​អាថ៌កំបាំង​បំបាត់​រង្វង់ភ្នែក​ខ្មៅ​តាម​វិ​ធី​ងាយ​ៗ​ជាមួយ​រូបមន្ត​ម៉ាស​ធម្មជាតិ​ដូច​ខាងក្រោម។​ ​

​            យ៉ាងណាមិញ​មុន​ឈាន​ដល់​ការ​ធ្វើ​ម៉ាស​យើង​សូម​បង្ហាញ​ពីក​ត្តា​ដែល​បណ្តាល​ឲ្យ​រង្វង់ភ្នែក​ឡើង​ខ្មៅ​ស្រអាប់​និង​ប៉ោង។​ ​កត្តា​ទាំងនោះ​មាន​ដូចជា៖​ ​

​•​ ​ករណី​តំណពូជ​ដែល​ត​ឪពុក​ម្តាយ​ឬ​ជីដូនជីតា​
•​ ​ការ​វិ​វដ្ត​ទៅ​រក​ភាព​ចាស់​មានន័យថា​ពេល​អាយុ​ច្រើន​ស្បែក​ចាប់ផ្តើម​លែង​យឺត​ហើយ​រង្វង់​ខ្មៅ​ស្រអាប់​ចាប់ផ្តើម​លេចឡើង​ ​
•​ ការ​យំ​រយៈពេល​យូរ​ ​
•​ ​រាំងស្ទះ​ជាតិទឹក​ ​
•​ ​គេង​មិន​គ្រប់គ្រាន់​ ​
•​ របប​អាហារ​មិន​ត្រឹមត្រូវ
•​ ​ធ្វើការ​ច្រើន​ម៉ោង​នៅមុខ​កុំព្យូទ័រ​
•​ ​ញីភ្នែក​ញឹកញាប់​ ​
•​ ​ត្រូវ​កម្តៅថ្ងៃ​ ​

​1​.​ ​រូបមន្ត​ទី១​
គ្រឿងផ្សំ៖​ ​

•​ ​វីតាមីន​ ​E​ ​១ស្លាបព្រាបាយ​ ​
•​ ​ទឹកឃ្មុំ​បន្តិច​
•​ ​ស៊ុត១គ្រាប់ ​(យក​តែ​ទឹ​ក​អន្ធិល​ស)​ ​

​អនុវត្ត៖​ ​
            យក​វីតាមីន​ ​E​ ​ចាក់​ចូលក្នុង​ចានគោម​មួយ​បន្ទាប់មក​ចាក់ទឹក​ឃ្មុំ​ចូល​បន្តិច​ហើយ​កូរ​ចូលគ្នា​ឲ្យ​សព្វ។​ ​បន្ទាប់មក​ទៀត​ដា​ក់​ស៊ុត​ស​ចូល​វាយ​ចូលគ្នា​ឲ្យ​ក្លាយជា​ល្បាយ​តែមួយ​រួច​យក​មក​លាប​លើ​រង្វង់ភ្នែក​ទុកចោល​រយៈពេល៣ទៅ៤នាទី​ទើប​លាង​ជម្រះ​ចេញ​ដោយ​ទឹក​ស្អាត។​ ​ម៉ាស​នេះ​ក៏អាច​ប្រើ​លាប​ពេញ​ផ្ទៃមុខ​ផង​ដែរ។​ ​អនុវត្ត​រៀងរាល់ថ្ងៃ​ឬមួយ​អាទិត្យ៣ដង​អ្នក​នឹង​ឃើញ​លទ្ធផល​ចាប់ពី​មួយ​សប្តាហ៍​ឡើង​ទៅ។​ ​

​អត្ថ​ប្រយោជន៍៖​
            ​ស៊ុត​ស​ផ្ទុក​ទៅ​ដោយ​កាឡូរី​យ៉ាងច្រើន​លើសលុប​រួម​ទាំង​វីតាមីន​ ​riboflavin​ ​និង​​វីតាមីន​ ​Selenium​ ​ដែល​មាន​សមត្ថភាព​ជួយ​បង្រួម​រន្ធ​រោម​ ​និង​បន្តឹង​ស្បែក​មុខ​បាន​យ៉ាង​ល្អ។​ ​ស៊ុត​សក៏​ផ្ទុក​ទៅ​ដោយសារ​ធាតុ​ខូ​ឡេ​ជិន​ដែល​ជា​ប្រភេទ​វីតាមីន​មានមុខ​ងារ​ជួយ​បាន​ច្រើនមុខ​ ​និង​វីតាមីនA​ ​ផង​ដែរ។​ ​សម្រាប់​វីតាមីន​ ​E​ ​វិញ​ជួយការ​ពារ​ស្បែក​ពី​ការបំផ្លាញ​ដោយ​កាំរស្មី​ព្រះអាទិត្យ​ និង​ទប់ទល់​បញ្ហា​ជាច្រើន​ដូចជា​ ​ស្បែក​ឡើងក្រហម​ ​ការពារ​កាំរស្មី​យូ​វី​រយៈពេល​យូរ​ ​ការ​ប្រឈម​មហារីក​ស្បែក​ ​ព្យាបាល​ស្បែក​រក​លាក​ដោយ​កម្តៅថ្ងៃ​ ​កាត់បន្ថយ​ការ​ហើម​ ​កាត់បន្ថយ​អាចម៍រុយ​ ​ពង្រឹង​ប្រព័ន្ធ​សរសៃឈាម​ ​និង​ជួយ​រក្សា​តុល្យភាព​លំហូរ​ឈាម។​ ​ចំណែក​ទឹកឃ្មុំ​ជួយ​ចិញ្ចឹម​ស្បែក​ឲ្យ​ស្រស់ថ្លា​ ​ផ្តល់​សំណើម​ ​និង​មាន​សារធាតុ​ប្រឆាំង​បាក់តេរី​ ​ដូច្នេះ​វា​ជួយ​ព្យាបាល​ស្បែក​បាន​យ៉ាង​ល្អ។​ ​

​2​.​ ​រូបមន្ត​ទី២​ ​
គ្រឿងផ្សំ៖​

•​ ​Lemon ឬ​ក្រូច​លឿង​ ​១ផ្លែ​ ​
•​ ​ប៉េងប៉ោះ​ ​១ផ្លែ​ ​

​អនុវត្ត៖​ ​
            ធ្វើការ​ច្របាច់​យក​តែ​ទឹក​ពី​ប៉េងប៉ោះ​ និង​ក្រូច​លឿង​ដាក់​ក្នុង​ចានគោម១។​ ​បន្ទាប់មក​យក​ស្លាបព្រា​កូរ​គ្រឿង​ទាំងពីរ​ចូលគ្នា​ឲ្យ​សព្វ​ ​រួច​ចាប់ផ្តើម​យក​មក​លាប​នៅ​ក្រោម​ភ្នែក​យ៉ាង​ប្រុងប្រយ័ត្ន​ព្រោះ​បើ​ចូល​ភ្នែក​អាច​បណ្តាល​ឲ្យ​ផ្សា។​ ​ទុក​ម៉ាស​នេះ​ចោល​លើ​រង្វង់ភ្នែក​រយៈពេល១ម៉ោង​រួច​លាង​ជម្រះ​ចេញ​ដោយ​ទឹក​ស្អាត។​ ​អនុវត្ត៣ដង​ក្នុង​មួយ​សប្តាហ៍​អ្នក​នឹង​ឃើញ​លទ្ធផល​នៅ​សប្តាហ៍​ទី១។​ ​គួរ​ចំណាំ​ថា​ទឹកក្រូច​លឿង​ផ្ទុក​ទៅ​ដោយ​អាស៊ីត​ដូច្នេះ​យើង​សូម​ផ្តល់​ដំបូន្មាន​ឲ្យ​អនុវត្ត​នៅពេល​យប់​មុន​ពេល​ចូលគេង។​ ​

​អត្ថ​ប្រយោជន៍៖
            ប៉េងប៉ោះ​សម្បូរទៅដោយ​ធនធាន​ដែល​ផ្តល់​សំណើម​និង​ជួយ​ឲ្យ​កោសិកា​ស្បែក​មានជីវិត​ជីវា​ឡើងវិញ។​ ​អ្នក​អាច​មិន​ចូលចិត្ត​ប៉េងប៉ោះ​ ​ប៉ុន្តែ​ប៉េងប៉ោះ​ត្រូវ​បាន​គេ​យក​មក​ធ្វើជា​គ្រឿងផ្សំ​ផលិត​ផលិតផល​រក្សា​សម្រស់​ស្បែក​ ​សក់​ ​និង​បបូរមាត់​ដ៏​មានប្រសិទ្ធភាព​ខ្ពស់។​ ​ចំពោះ​ក្រូច​លឿង​គឺជា​ឱសថ​ព្យាបាល​សម្រស់​ល្អ​ជាង​ប៉េងប៉ោះ​ទៅទៀត​ ​ដោយ​វា​ជួយការ​ពារ​ស្បែក​ពី​ជំ​ងឺ​ផ្សេង​ៗ​ជាពិសេស​ការពារ​ពី​ការ​ប្រតិកម្ម។​ ​ដែល​សំខាន់​វា​អាច​ប្រើ​គ្រប់​ប្រភេទ​ស្បែក​មិនថា​ស្បែក​ខ្លាញ់​ ​ស្បែក​ស្ងួត​ ​ឬ​ស្បែក​ខ្លាញ់​លាយ​ស្ងួត​ ​ព្រមទាំង​ជួយ​បង្រួម​រន្ធ​រោម​ឲ្យតូច​ផង​ដែរ។​ ​

​3​.​ ​រូបមន្ត​ទី៣​ ​
គ្រឿងផ្សំ៖​

•​ ​ដំឡូងបារាំង​ ​១មើម​
•​ ​ទឹកឃ្មុំ​ ​១ស្លាបព្រាបាយ​ ​
•​ ​ប្រេង​អូ​លីវ​បន្តិច​ ​

​អនុវត្ត៖​
            ជាដំបូង​យក​ដំឡូងបារាំង​មក​ចិត​សម្បក​ចេញ​ ​និង​លាង​ទឹក​ឲ្យ​ស្អាត​ ​បន្ទាប់មក​យក​ដំឡូង​មក​ឈូស​ជា​កម្ទេច​ល្អិត​ៗ​បំផុត។​ ​ក្រោយ​ឈូស​ដំឡូង​រួចរាល់​យើង​យក​ទៅ​ដាក់​ក្នុង​ចានគោម​មួយ​ហើយ​បន្ថែម​ដោយ​ទឹកឃ្មុំ​ ​និង​ប្រេង​អូ​លីវ​កូរ​ចូលគ្នា​រហូត​ក្លាយជា​ល្បាយ​តែមួយ។​ ​យក​ល្បាយ​លាយ​រួចមក​លាប​នៅ​ក្រោម​ភ្នែក​ឬ​អាច​លាប​ពេញ​ផ្ទៃមុខ​ ​និង​ទុកចោល​រយៈពេល​ប្រមាណ​កន្លះម៉ោង​ទើប​លាង​ជម្រះ​ចេញ​ដោយ​ទឹក​ក្តៅ​ឧណ្ហៗ។​ ​អនុវត្ត​បិត​ម៉ាស​នេះ​ពីរ​ដង​ក្នុង​មួយ​សប្តាហ៍​អ្នក​នឹង​ឃើញ​លទ្ធផល​ជាទី​គាប់ចិត្ត។​

​អត្ថ​ប្រយោជន៍៖​
            យើង​ដឹង​ហើយ​ថា​ការ​ហូប​ដំឡូងបារាំង​អាច​ជួយ​បញ្ចុះ​ជាតិពុល​ចេញពី​រាងកាយ​ធ្វើឲ្យ​សក់​ និង​ក្រចក​រឹងមាំ​ល្អ​ព្រមទាំង​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ​ផង​ដែរ។​ ​ហើយ​ការ​យក​ដំឡូង​មក​ធ្វើ​ម៉ាស​នេះ​ ​វីតាមីន​ ​A​ ​សារធាតុ​ ​Beta​-​carotene​ ​និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​មាននៅ​ក្នុង​ដំឡូង​មានប្រសិទ្ធភាព​ជួយ​ឲ្យ​ស្បែក​ស្រស់ថ្លា​ ​និង​ក្មេង​ជាង​វ័យ។​ ​ទឹកឃ្មុំ​មាន​អត្ថ​ប្រយោជន៍​ដូច​បាន​រៀបរាប់​នៅ​ចំណុច​ខាងដើម​ ​ខណៈ​ប្រេង​អូ​លីវ​មាន​សមត្ថភាព​ជួយ​កម្ចាត់​មុន​ ​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ​ ​ផ្តល់​សំណើម​ ​បន្សុទ្ធ​ស្បែក​ស្រស់ថ្លា​ ​ហើយ​បើ​លាប​លើ​បបូរមាត់​អាច​ជួយ​ព្យាបាល​បញ្ហា​បបូរមាត់​ប្រេះ​របក​ផង​ដែរ។​ ​

​4​.​ ​រូបមន្ត​ទី៤​ ​
គ្រឿងផ្សំ៖​ ​

•​ ​ទឹក​ ​Lemon​ ​ឬ​ក្រូច​លឿង​ ​១ស្លាបព្រាបាយ​
•​ ​ប្រេង​អាល់​ម៉ុន​ ​១ស្លាបព្រាបាយ​

​អនុវត្ត៖​ ​
            យក​ទឹកក្រូច​លឿង​ និង​ប្រេង​អាល់​ម៉ុន​លាយ​ចូលគ្នា​ក្នុង​ចានគោម​មួយ។​ ​បន្ទាប់មក​យក​សំឡី​មក​ជ្រលក់​ឲ្យ​សើម​ហើយ​យក​ទៅ​ដាក់ក្រោម​ភ្នែក​ទាំងសងខាង​ដែល​ឡើង​ខ្មៅ​ស្រអាប់​ដោយ​ទុកចោល​រយៈពេល​ប្រមាណ១០ទៅ១៥នាទី​រួច​បក​ចេញ​ដោយ​មិនបាច់​លាង​ទឹកជា​ការ​ស្រេច។​ ​អ្នក​អាច​អនុវត្ត​បិត​ម៉ាស​នេះ​រៀងរាល់​យប់​មុន​ពេល​ចូលគេង។​ ​

​អត្ថ​ប្រយោជន៍៖​
            ពិត​ណាស់​ដែល​ក្រូច​លឿង​ផ្ទុក​ទៅ​ដោយ​ ​វីតាមីន​ ​B​ C​ ​កាល់ស្យូម​ ​ផូស្វ័រ​ ​ម៉ា​ញ៉េស្យូម​ ​ប្រូតេអ៊ីន​ ​និង​កា​បូន​អ៊ី​ដ្រា​ត​ ​ខណៈ​ប្រេង​អាល់​ម៉ុន​ផ្ទុក​នូវ​វីតាមីន E​ ​និង​ធនធាន​ខនិជ​ជាច្រើន​ដូចជា​ ​ម៉ា​ញ៉េស្យូម​ ​កាល់ស្យូម​ ​ខ្លាញ់​ល្អ​ ​និង​វីតាមីន​ ​D​ ​ដែល​សុទ្ធសឹងតែ​មានប្រយោជន៍​ជួយ​ពង្រឹង​ដល់​កោសិកា​ស្បែក​ ​និង​ជួយ​ឲ្យ​ស្បែក​ខ្មៅ​ស្រអាប់​ប្រែ​មក​ជា​ស្រស់ថ្លា​មានជីវិត​ជីវា​ឡើងវិញ៕​ ​

​Article By​ HEM SOKKHIM​ ​


SUGGESTIONS