×

បើកទំព័រជំនាន់ថ្មី អ្នកច្នៃម៉ូដវ័យក្មេងច្រើនរូបនឹងបង្ហាញភាពអស្ចារ្យឆាប់ៗនេះ

NEWS 6 months ago
 
 

          ពី​មួយ​ឆ្នាំទៅមួយ​ឆ្នាំ​ ​កម្មវិធី​បង្ហាញ​ម៉ូដ​ ​SHOW​ ​ME​ ​SOMETHING​ ​តែងតែ​នាំ​យក​នូវ​អ្វី​ដែល​ថ្មី​ ​ជា​ចំណី​ចក្ខុ​ ​និង​ជា​ស្នាដៃ​ដ៏​ល្អឯក​ ​ដែល​កើត​ចេញពី​គំនិត​ច្នៃ​ប្រតិដ្ឋ​របស់​ធនធាន​ច្នៃ​ម៉ូដ​ជំនាន់​ថ្មី។​ ​ជា​ការពិត​ណាស់​ ​SHOW​ ​ME​ ​SOMETHING​ ​គឺជា​កម្មវិធី​របស់​សាលា​បង្រៀន​ច្នៃ​ម៉ូដ​ហ្វេ​ហ្សិ​ន​ ​FASANA​ ​ដែល​បង្កើត​ឡើង​ដើម្បី​បង្ហាញ​នូវ​ស្នាដៃ​ច្នៃ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​របស់​សិស្ស​បញ្ចប់​ការសិក្សា។​ ​កាលពីឆ្នាំទៅ​មិញ​ ​កម្មវិធី​នេះ​បាន​ពាំ​នាំ​ភាព​អស្ចារ្យ​ជាច្រើន​ ​ដែល​ជា​វឌ្ឍនភាព​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ច្នៃ​ម៉ូដ​ហ្វេហ្សិន​នៅ​កម្ពុជា។​ ​ចុះ​សម្រាប់​ឆ្នាំ២០២៤​ ​នេះ​វិញ​ ​តើ​សាលា​ ​FASANA​ ​ក៏ដូចជា​កម្មវិធី​ខាងលើ​នឹង​មាន​អ្វី​ដែល​ជា​ភាព​អស្ចារ្យ​ជាង​នេះ​ទៅទៀត?

          តាមរយៈ​ជំនួប​ជជែក​រវាង​ក្រុម​ការងារ​ ​សូវរីន​ ​និង​អ្នកស្រី​ ​សៀង​ ​រ៉ា​ណែ​ត​ ​ហៅ​ ​BoBo ​ស្ថាបនិក​សាលា​ ​FASANA​ ​អ្នកស្រី​បាន​បង្ហាញ​ពី​ការ​មើលឃើញ​យ៉ាង​ដូច្នេះ​ថា៖​ ​«ពី​មួយ​ឆ្នាំទៅមួយ​ឆ្នាំ​ ​ខ្ញុំ​ឃើញ​ថា​កម្មវិធី​ ​SHOW​ ​ME​ ​SOMETHING​ ​ពិតជា​មានការ​អភិវឌ្ឍន៍​ ​ពោល​គឺ​ដើរទៅ​លើ​ផ្លូវ​តែមួយ​ ​ខណៈ​ដែល​អ្នកចូលរួម​ក៏មាន​កាន់តែ​ច្រើន​ ​បាន​ធ្វើ​ឱ្យ​សិស្ស​ម្នាក់ៗ​មានការ​បំ​ផុសគំនិត​កាន់តែ​ច្រើនឡើង​ផង​ដែរ»។​ ​អម​ដោយ​ស្នាម​ញញឹម​ ​អ្នកស្រី​ ​BoBo ​បាន​បន្ត​ទៀត​ថា៖​ ​«ឆ្នាំ២០២៤​នេះ​កម្មវិធី​នឹង​រឹត​តែ​ពិសេស​ ​ដោយ​សិស្ស​នៅ​ក្នុង​ជំនាញ​ច្នៃ​ម៉ូដ​ហ្វេ​ហ្សិ​ន​មាន​ការចូលរួម​សហការ​បង្ហាញ​រួមគ្នា​ពី​ ​៣​ ​ស្ថាប័ន​ ​គឺ​សាលា​បណ្តុះបណ្តាល​ច្នៃ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ ​FASANA​, ​សាលា​ច្នៃ​ម៉ូដ​ក្រចក​ដ៏​ល្បី​ ​The​ ​Queen​ ​Nail​ ​និង​សាលា​ប៉ាក់​ចិញ្ចើម​ ​និង​រោមភ្នែក»។​

          លើកឡើង​ពី​ភាព​ច្នៃ​ប្រតិដ្ឋ​សម្រាប់​កម្មវិធី​ ​SHOW​ ​ME​ ​SOMETHING​ 2024 ​អ្នកស្រី​ ​BoBo ​ថា​នឹង​ពាំនាំភាព​អស្ចារ្យ​ទៅលើ​ផ្នែក​សំខាន់​ៗ​រួម​មាន​៖​ ​វាយនភណ្ឌ​, ​បច្ចេកទេស​, ​ក្រចក​ ​និង​រោមភ្នែក​, ​ផលិតផល​ស​ម្លៀ​ក​បំពាក់​បុរស​ ​និង​ស្ត្រី​ ​និង​ទំនោរ​ហ្វេហ្សិន។​

          តាំងពី​បើក​សាលា​បង្រៀន​ច្នៃ​ម៉ូដ​សម្លៀក​បំពាក់​មក​ ​ស្ថាបនិកា​ ​និង​ជា​នាយិកា​សាលា​ ​F​AS​AN​A​ ​រូប​នេះ​បាន​សម្គាល់​ឃើញ​ថា​ ​សិស្ស​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​សុទ្ធតែ​មាន​ទេពកោសល្យ​ល្អៗ​ ​ហើយ​សម្រាប់​សិស្ស​ជំនាន់​ថ្មី​នេះ​ ​ពួកគេ​ពិតជា​សំណាង​ ​ដោយសារ​សិស្ស​ច្បង​ជំនាន់​មុន​ៗ​បាន​បន្សល់ទុក​នូវ​ស្នាដៃ​ល្អៗ​ ​អាច​ផ្តល់​ឱកាស​ជំរុញ​ដល់​សិស្ស​ថ្មីៗ​ជា​គំរូ​ ​និង​មានគំនិត​កាន់តែ​លម្អិត​ ​និង​សម្រិតសម្រាំង​ខ្ពស់​ទៅតាម​ទំនោរ​និយម (Trend) ​របស់​ប្រជាជន​កម្ពុជា។​

          គួរ​ឱ្យ​ដឹង​ដែរ​ថា​ ​កម្មវិធី​ ​SHOW​ ​ME​ ​SOMETHING​ 2024 ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី៦​ ​ខែមេសា​ ​ឆ្នាំ២០២៤។​ ​លើស​ពី​ការ​បង្ហាញ​ស្នាដៃ​ច្នៃ​ម៉ូដ​ ​កម្មវិធី​នេះ​ក៏​ផ្តល់​ឱកាស​ឱ្យ​គ្រប់គ្នា​អាច​បំ​ផុសគំនិត​ចង់​ចេះ​ជំនាញ​ច្នៃ​ម៉ូដ​បន្ថែម​ទៀត​នៅ​ក្នុង​ជីវិត​ផង​ដែរ៕​

​Article by​ ​HEM​ ​SOKKHIM​ (ZM)


SUGGESTIONS