ស្វែងយល់ពីប្រភេទស្បែកមុខរបស់អ្នក និងវិធីថែទាំស្បែកទៅតាមប្រភេទ
FASHION & BEAUTY 7 months ago សព្វមួយដងយើងធ្លាប់តែឮស្បែកមុខប្រភេទ ធម្មតា ស្ងួត ប្រេង និងងាយប្រតិកម្មជាដើម។ ដោយឡែក ស្បែកមុខប្រភេទចម្រុះឬស្បែក Combination គឺជាស្បែកដែលរួមបញ្ចូលគ្នាលើមុខតែមួយដោយត្រង់កន្លែងខ្លះប្រេង ដូចជា T-zone (ថ្ងាស ច្រមុះ និងចង្កា) ឯតំបន់ខ្លះទៀតស្ងួតដូចជា ថ្ពាល់ ឆ្អឹងថ្គាមនិងជុំវិញជើងសក់។ អ្នកមានស្បែកមុខប្រភេទចម្រុះអាចបណ្តាលមកពីកត្តាផ្សេងៗគ្នា តែជាញឹកញយវាអាចមកពីតំណពូជ។ ការផ្លាស់ប្តូរអាកាសធាតទៅតាមរដូវកាល និងការប្រើផលិតផលថែសម្រស់ក៏អាចធ្វើឱ្យស្បែកធម្មតាប្រែទៅជាស្បែកចម្រុះផងដែរ។ ការផលិតជាតិប្រេងលើសលុបនៅលើស្បែកអាចធ្វើឱ្យស្បែកតំបន់ T-zone ឡើងប្រេងច្រើន បើមិនបានលាងសម្អាត និងជម្រុះកោសិកាចាស់ៗជាប្រចាំ វានឹងធ្វើឱ្យក្រពេញប្រេងរាំងស្ទះក្នុងរន្ធរោមលាយឡំនឹងកោសិកាងាប់បង្កទៅជាកើតមុន។ ករណីចម្បងមួយទៀតអាចមកពីការប្រើប្រាស់ផលិតផលសម្រស់ដែលផ្ទុកសារធាតុកាត់ឬរមាស់ដែលនឹងធ្វើឱ្យស្បែកកន្លែងខ្លះលើផ្ទៃមុខស្ងួត ខណៈដែលវាក៏រំញោចទៅដល់ការផលិតប្រេងត្រង់តំបន់ស្បែកប្រេងស្រាប់ដូចជា T-zone នេះឯង។
មនុស្សមួយចំនួននៅមិនទាន់ដឹងច្បាស់នៅឡើយថា តើស្បែកមុខរបស់ខ្លួនជាប្រភេទស្បែកមួយណា ដូច្នេះអ្នកអាចសម្គាល់តាមរយៈការសាកល្បងដូចជា៖ លាងសម្អាតមុខជាមួយហ្វូម បន្ទាប់មករង់ចាំមើលស្បែកមុខរយៈពេលពី ១៥ទៅ៣០នាទី។ ប្រសិនបើស្បែកចាប់ផ្តើមស្ងួត និងមានអារម្មណ៍តឹងគា្មនប្រេង នោះស្បែករបស់អ្នកគឺជាប្រភេទស្បែកស្ងួត។ ប្រសិនបើស្បែកមើលទៅរលោង មិនមានសញ្ញាស្ងួតសោះ នោះស្បែករបស់អ្នកគឺជាប្រភេទស្បែកប្រេង។ បើស្បែកមិនស្ងួតមិនប្រេង នោះស្បែករបស់អ្នកជាប្រភេទស្បែកធម្មតា។ ហើយប្រសិនបើស្បែកត្រង់តំបន់ T-zone ចាប់ផ្តើមឡើងប្រេង តែនៅលើថ្ពាល់ និងឆ្អឹងថ្គាមស្ងួតដូចរៀបរាប់នៅខាងដើម នោះប្រាកដណាស់ស្បែករបស់អ្នកជាប្រភេទស្បែកចម្រុះ។
ប្រសិនបើស្បែករបស់អ្នកជាស្បែកប្រភេទចម្រុះ តើអ្នកគួរធ្វើការថែទាំយ៉ាងដូចម្តេច? គោលដៅលាងសម្អាតចម្បងគឺជម្រះនូវភាពកខ្វក់ ធូលី និងគ្រឿងតុបតែងមុខដោយមិនធ្វើឱ្យស្បែកមានអារម្មណ៍ ស្ងួត តឹង ឬឡើងប្រេង។ អាចចាប់ផ្តើមពីការលាងសម្អាតមុខរៀងរាល់ថ្ងៃដោយប្រើហ្វូមប្រភេទគ្រីមឬជែល។ ប្រសិនបើអ្នកចង់សម្អាតឱ្យកាន់តែឥតខ្ចោះ អាចចាប់ផ្តើមដំបូងពីការប្រើផលិតផលក្រមួនជូតសម្អាត (Cleansing Balm) ដើម្បីជម្រះគ្រឿងផាត់មុខ និងឡេការពារកម្តៅថ្ងៃ បន្ទាប់មកទើបប្រើផលិតផលទឹកជូតសម្អាតមុខតាមក្រោយ។ ក្រោយពីសម្អាតរួចរាល់ ជំហានបន្ទាប់ប្រើផលិតផលម៉ាសភក់។ ជ្រើសរើសប្រើម៉ាសភក់ធ្យូង ដែលវាអាចស្រូបយកជាតិប្រេងលើសនៅលើស្បែក និងនៅក្នុងរន្ធរោម។ វាងាយស្រួលលាងសម្អាត និងកាត់បន្ថយប្រេងត្រង់តំបន់ស្បែកប្រេង ជាពិសេសថ្ងាស។ ម៉ាសភក់មិនត្រឹមតែជួយកម្ចាត់ប្រេងប៉ុណ្ណោះទេ ថែមទាំងជួយផ្តល់សំណើមដល់ស្បែកក្នុងពេលតែមួយ។ ក្រោយពីប្រើម៉ាស ជំហានបន្តប្រើ Toner ដើម្បីផ្តល់សំណើម ក៏ដូចជាបំពេញសារធាតុចិញ្ចឹម និងសារធាតុប្រឆាំងអុកស៊ីតកម្មដល់ស្បែក។ Toner ដែលស័ក្តិសមនឹងស្បែកចម្រុះត្រូវតែជា Toner ដែលមកជាមួយរូបមន្តផ្តល់សារធាតុចិញ្ចឹមដល់កន្លែងស្បែកស្ងួត និងជម្រះជាតិប្រេងក្នុងពេលតែមួយ ហើយវានឹងមិនធ្វើឱ្យកន្លែងស្បែកស្ងួតខ្លាំងទេឬក៏មិនធ្វើឱ្យកន្លែងស្បែកប្រេងឡើងប្រេងខ្លាំងផងដែរ។ គួរកុំរំលងជំហាននេះ ព្រោះវាពិតជាមានអត្ថប្រយោជន៍ចំពោះស្បែកប្រភេទចម្រុះ។ ជំហានបន្ទាប់គឺការជម្រុះកោសិកា។ អ្នកអាចអនុវត្តត្រឹមតែមួយអាទិត្យម្តងឬពីរដងគឺគ្រប់គ្រាន់។ ជ្រើសរើសប្រើផលិតផលជម្រុះកោសិកាដែលស្រាល មិនមានធាតុផ្សំស្ក្រាប់ខ្លាំង និងផ្តល់មកវិញនូវសារធាតុ BHA ដែលជួយកម្ចាត់មុននិងធ្វើឱ្យផ្ទៃមុខភ្លឺរលោង។
ផលិតផលជម្រុះកោសិកាដែលមានសារធាតុ BHA អាចជួយជម្រុះកោសិកាស្បែកងាប់ដោយមិនខាត់ស្បែកធ្វើឱ្យដាច់រលាត់ វាជួយជម្រះរន្ធរោមកកស្ទះ កាត់បន្ថយប្រេង ទន្ទឹមនឹងធ្វើឱ្យស្បែកស្រទន់មានសុខភាពល្អ។ ជំហានចុងក្រោយ ប្រើផលិតផលផ្តល់សំណើម និងឡេការពារកម្តៅថ្ងៃ។ សម្រាប់ពេលថ្ងៃ ជ្រើសរើសប្រើឡេការពារកម្តៅថ្ងៃដែលមានសារធាតុ SPF ៣០ ឬលើសពីនេះ។ វាជារនាំងការពារស្បែកចម្បងពីការបំផ្លាញដោយកាំរស្មីព្រះអាទិត្យ ម្យ៉ាងក៏ជាអ្នកជួយទប់ស្កាត់ភាពចាស់មុនអាយុផងដែរ។ អ្នកស្បែកចម្រុះគប្បីប្រើឡេការពារកម្តៅថ្ងៃដែលមានសាច់ស្តើង លាបពេញផ្ទៃមុខ និងកផងដែរ។ ប្រសិនបើត្រង់តំបន់ស្បែកស្ងួតលាបហើយនៅតែមានអារម្មណ៍មិនផ្តល់ជាតិទឹកគ្រប់គ្រាន់ អ្នកអាចប្រើឡេមានមុខងារទ្វេឬ Multitask ឬប្រើសេរ៉ូមប្រភេទប្រឆាំងអុកស៊ីតកម្មលាបមុនសិនសឹមលាបឡេតាមក្រោយ។ ដោយឡែកសម្រាប់ពេលយប់វិញ អ្នកអាចប្រើផលិតផលផ្តល់សំណើមជាជែលឬសេរ៉ូមដែលមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុចិញ្ចឹម ដោយសារវាមានតួនាទីជួលសម្រួលដល់ស្បែក កាត់បន្ថយប្រេងលើស្រទាប់ស្បែកខាងលើ និងជួយដល់បរិវេណស្បែកស្ងួត រួមទាំងរង្វង់ភ្នែកផងដែរ។ ងាកមកការផាត់មុខវិញ ការប្រើគ្រឿងសម្អាងសម្រាប់តុបតែងកន្លែងស្បែកប្រេង ត្រូវតែជ្រើសរើសផលិតផលដែលមកជាមួយរូបមន្តស្រូបជាតិប្រេងឬប្រភេទស្ងួត ចំណែកឯកន្លែងស្បែកស្ងួតប្រើផលិតផលដែលមានសាច់ស្តើង ស្រទន់ និងរួមផ្សំមានជាតិទឹកមកជាមួយផង។
បើអ្នកជាមនុស្សស្រឡាញ់សម្រស់វាពិតជាសំខាន់ខ្លាំងណាស់ក្នុងការស្វែងយល់ឱ្យច្បាស់ពីប្រភេទស្បែកមុខរបស់ខ្លួន។ មនុស្សយើងម្នាក់ៗមានស្បែកមុខមិនដូចគ្នាឡើយ នេះជាហេតុផលដែលអ្នកស្រាវជ្រាវរមែងបង្កើតផលិតផលឡើងមានច្រើនបែបតម្រូវទៅតាមប្រភេទស្បែកមនុស្សម្នាក់ៗហើយយើងជាអ្នកប្រើប្រាស់ក៏ត្រូវជ្រើសរើសផលិតផលណាមួយដែលត្រូវនឹងប្រភេទស្បែករបស់ខ្លួនផងដែរ។ ដូចជានៅក្នុងអត្ថបទនេះ យើងបានពន្យល់អំពីការធ្វើតេស្តស្វែងយល់អំពីប្រភេទស្បែកមុខ ហើយយើងបានផ្តោតសំខាន់ណែនាំអំពីការថែទាំទៅលើប្រភេទស្បែកចម្រុះដែលមនុស្សទូទៅមិនសូវជាដឹងប៉ុន្មាននោះទេ។ សង្ឃឹមថានេះគឺជាចំណេះដឹងតូចមួយទៀតសម្រាប់អ្នកស្រឡាញ់សម្រស់៕
Article by SOVRIN