ការផ្អាកបណ្តោះអាសន្ននៃការបោះពុម្ពផ្សាយទស្សនាវដ្តីសូវរីនដោយជំនួសមកវិញនូវការចេញផ្សាយទស្សនាវដ្តីជា Digital Edition
NEWS 5 years agoដោយសារការជះឥទ្ធិពលនៃការរាតត្បាតវីរុសកូវីដ១៩ មកលើប្រទេសកម្ពុជា និងជាពិសេសជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនយើង ទស្សនាវដ្តីសូវរីនសូមជម្រាបជូនដំណឹងដល់ប្រិយមិត្តអ្នកអានដែលនិយមគាំទ្រកន្លងមកឲ្យបានជ្រាបថា យើងខ្ញុំនឹងធ្វើការផ្អាកការបោះពុម្ពផ្សាយទស្សនាវដ្តីបណ្តោះអាសន្ន ហើយជំនួសមកវិញជាការចេញផ្សាយទស្សនាវដ្តីក្រោមទម្រង់ Digital (E-Magazine) វិញ។
នេះជាលើកទីមួយហើយ ដែលទស្សនាវដ្តីសូវរីននឹងចេញផ្សាយជា Digital Edition បន្ទាប់ពីធ្វើការបោះពុម្ពផ្សាយអស់រយៈពេល៨ឆ្នាំកន្លងមក។ សូមជម្រាបផងដែរថា ដើម្បីសុវត្ថិភាពដល់ក្រុមការងារយើងបានកាត់បន្ថយសកម្មភាពការងារចុះទៅតាមមូលដ្ឋានមួយចំនួនដូចជាការថតម៉ូដ ការយកព័ត៌មាន និងការចុះសម្ភាសន៍ផ្ទាល់ជាមួយបុគ្គលផ្សេងៗជាដើម។ ថ្វីដ្បិតតែបញ្ហាវីរុសកូវីដ១៩ ធ្វើឲ្យរាំងស្ទះដល់សង្វាក់ការងាររបស់ស្ថាប័នយើងយ៉ាងណាក្តី ក៏ប៉ុន្តែយើងនៅតែបន្តសកម្មភាពផលិតផ្តល់ជូននូវមាតិកាល្អៗដើម្បីចេញផ្សាយជារៀងរាល់ខែជា Digital Edition ក្នុងនាមជាទស្សនាវដ្តីហ្វេហ្សិនឈានមុខគេមួយនៅកម្ពុជា ដែលតែងតែផ្តល់នូវចំណីអារម្មណ៍ចំណីចក្ខុក៏ដូចជាចំណេះដឹងដល់ទស្សនិកជន និងប្រិយមិត្តអ្នកអាន។
ការចេញផ្សាយទស្សនាវដ្តីបែប Digital Edition (E-Magazine) នេះ យើងនឹងធ្វើក្នុងទម្រង់មួយខ្លីតែពោរពេញដោយខ្លឹមសារដែលប្រជាជនកម្ពុជាទាំងអស់អាចចុចចូលទស្សនាដោយក្តីសោមនស្សរីករាយ និងឥតគិតថ្លៃតាម រយៈគេហទំព័រសូវរីន www.sovrinmagazine.com ។ ព្រមជាមួយគ្នានេះយើងនឹងផ្តោតពង្រឹងបន្ថែមទៅលើគេហទំព័រសូវរីនដោយសម្រិតសម្រាំងផ្តល់ជូនមិត្តអ្នកអាននូវព័ត៌មានចម្រុះទាន់ហេតុការណ៍ ដែលប្រមូលផ្តុំទៅដោយអត្ថបទល្អៗព្រមជាមួយរូបភាពយ៉ាងល្អប្រណីតនៅក្នុងកាលៈទេសៈដ៏លំបាកនេះ។
យើងនឹងចេញផ្សាយ Digital Edition ចាប់ពីខែមេសាឆ្នាំ ២០២០ នេះតទៅរហូតដល់មានការជូនដំណឹងជាថ្មីម្តងទៀត៕