សាកល្បងស្ទីលផាត់ភ្នែកពណ៌លេចៗ ដិតៗ និងភ្លឺផ្លេក ដើម្បីត្រៀមខ្លួនចូលរួមកម្មវិធីពិសេសៗ
FASHION & BEAUTY 5 years agoនិយាយដល់ការផាត់មុខ វាគឺជាសកម្មភាពប្រចាំថ្ងៃមួយដែលស្ត្រីគ្រប់រូបស្ទើរខ្វះមិនបានរាល់មុនពេលបោះជំហានចេញទៅបង្ហាញសម្រស់នៅពិភពខាងក្រៅ។ បើមានកម្មវិធីពិសេសទៀតនោះស្ត្រីរឹតតែយកចិត្តទុកដាក់កាន់តែខ្លាំងទៅលើការតុបតែងមុខដើម្បីទទួលបាននូវភាពលេចធ្លោទាក់ទាញក៏ដូចជាផ្តល់ទំនុកចិត្តខ្ពស់សម្រាប់ខ្លួនឯងផ្ទាល់។ យ៉ាងណាមិញ ឈានមកដល់ដើមរដូវកាលនេះ សូវរីន សូមបង្វែរអារម្មណ៍ប្រិយមិត្ត ជាពិសេសមិត្តៗនារីមកក្រឡេកមើលការលេងស្ទីលផាត់ភ្នែកប្រចាំរដូវកាលថ្មីជាមួយទំនោរបែប លេចៗ ដិតៗ និងភ្លឺផ្លេក ដើម្បីត្រៀមតុបតែងលេងខ្លួនសម្រាប់ចូលរួមកម្មវិធីរាត្រីសមោលសរពិសេសៗដែលនឹងត្រឡប់មកវិញនាពេលឆាប់ៗខាងមុខ។
1. Cat-eye Shadow
ស្ទីល Cat-eye ឬផាត់បែបស្រមោលភ្នែកឆ្មាជាទំនោរដែលតែងតែពេញនិយមមិនជិនណាយគ្រប់រដូវកាល ហើយសម្រាប់រដូវកាលថ្មីនេះក៏ទទួលបានប្រជាប្រិយភាពផងដែរ។ ការផាត់ភ្នែកកាត់កន្ទុយពណ៌ដិតក្រមៅរឹតតែធ្វើឲ្យមិត្តនារីដែលមានភ្នែកតូចមើលទៅឃើញធំមុតសិចស៊ីស្អាត រីឯនារីភ្នែកធំស្រាប់ប្រើពណ៌សូកូឡាក្រមៅដិតខ្លាំងផាត់ជាស្រមោលភ្នែកឆ្មាពេញត្របកភ្នែករឹតតែបង្កើនភាពឡូយឆាយបែបនារីបស្ចឹមប្រទេស។
2. Pretty Pastel
ខណៈតំណក់ទឹកភ្លៀងចាប់ផ្តើមស្រក់ ពណ៌លេចៗដូចទៅនឹងស្រទាប់ផ្កាបានក្លាយជាទំនោរដ៏ពេញនិយមដែលមកទំនៅលើត្របកភ្នែកសម្រាប់រដូវកាលនេះ។ ការលេងភ្នែកពណ៌លេចៗតែមួយពណ៌ផាត់សាយលើត្របកភ្នែកនឹងបង្កើនឲ្យសម្រស់មុខមើលទៅស្រស់បំព្រងទន់ភ្លន់តែក៏បង្កប់ដោយភាពហ្វេហ្សិនផងដែរ។
3. Colored Eyeliner
ច្នៃប្រតិដ្ឋការតុបតែងប្រកបដោយភាពទាក់ទាញ ដោយប្រើពណ៌លេចៗមកលាបជា Eyeliner ខាងលើឬខាងក្រោមភ្នែកដែលមើលទៅស៊ីវិល័យបំផុត។
4. Any Glitter Goes
ភាពភ្លឺផ្លេកស៊ីគ្នាបំផុតជាមួយនឹងភ្លើងពណ៌ ដូចនេះយើងអាចបន្ថែមមន្តស្នេហ៍នៅលើរង្វង់ភ្នែកដោយប្រើភ្លឺផ្លេកជាប្រភេទត្បូងឬប្រភេទគ្រាប់ល្អិតៗតូចធំ ធានាថានឹងបង្កើតមន្តស្នេហ៍ទាក់ទាញរាល់ពេលចោលក្រសែភ្នែកគ្រប់វិនាទី៕
Article by HEM SOKHHIM