តើការញៀននឹងបណ្តាញសង្គមអាចបណ្តាលឲ្យកើតជំងឺបាក់ទឹកចិត្តមែនឬ?
TRAVEL & LIVING 3 years ago បច្ចេកវិទ្យាទំនើបទូរសព្ទស្មាតហ្វូនឬថាប្លេតបានដើរតួជាមិត្តសម្លាញ់យ៉ាងស្និទ្ធស្នាលជាមួយនឹងមនុស្ស ខណៈដែលបណ្តាញសង្គមនានាដូចជា Facebook, Instagram និង Twitter ជាដើម រឹតតែបន្ថែមក្លែមរសជាតិធ្វើឲ្យយើងមិនចង់ឃ្លាតឆ្ងាយសូម្បីមួយវិនាទី។ មួយថ្ងៃៗមនុស្សម្នាក់ៗចាយពេលមិនតិចឡើយទៅលើការប្រើប្រាស់បណ្តាញសង្គម ជាពិសេសយុវវ័យនេះតែម្តងត្រូវបានគេចាត់ទុកជាអ្នកដែលញៀននឹងបណ្តាញសង្គមបំផុត។ យ៉ាងណាមិញ ការប្រើប្រាស់បណ្តាញសង្គមបានផ្តល់ទាំងគុណសម្បត្តិនិងគុណវិបត្តិ ពោលក្រៅពីប្រើប្រាស់ជាប្រយោជន៍ក្នុងការទំនាក់ទំនងកាន់តែងាយស្រួលនិងឆាប់រហ័ស ជាមួយគ្នានេះការប្រើប្រាស់ហួសប្រមាណក៏អាចបណ្តាលឲ្យប៉ះពាល់ដល់សមត្ថភាពខួរក្បាល សុខភាពភ្នែក ដំណេកមិនគ្រប់គ្រាន់ រួមទាំងថាមពលចុះខ្សោយផងដែរ ហើយរហូតដល់មានមតិមួយចំនួនបានលើកឡើងទៀតថាការប្រើប្រាស់បណ្តាញសង្គមអាចជាករណីប្រឈមកើតជំងឺបាក់ទឹកចិត្តទៀតផង។ ចុះតើការលើកឡើងនេះពិតដែរឬទេ? ឬមួយក៏អ្នកកើតជំងឺបាក់ទឹកចិត្តគឺជាអ្នកប្រើប្រាស់បណ្តាញសង្គម?។
បើនិយាយពី Depression ឬជំងឺបាក់ទឹកចិត្តគឺជាជំងឺអាក្រក់ម្យ៉ាងដែលធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តបំផុត វាជាដំបៅមួយនៅក្នុងអារម្មណ៍គ្មានរូបរាងគ្មានវិញ្ញាណដោយគ្មានអ្នកណាដឹងឮឡើយ ហើយបើទោះគ្រូពេទ្យយកឈាមទៅពិនិត្យយ៉ាងណាក៏មិនអាចមើលដឹងថាជាជំងឺអ្វីឲ្យប្រាកដដែរ។ ជំងឺបាក់ទឹកចិត្តអាចរំខានដល់ជីវិតរស់នៅក៏ដូចជាសកម្មភាពការងារប្រចាំថ្ងៃ ជាទូទៅអ្នកកើតជំងឺនេះតែងបង្ហាញសញ្ញាដូចជា បាត់បង់ចំណាប់អារម្មណ៍ទៅលើសកម្មភាពធ្វើឲ្យសប្បាយចិត្តដូចជាការរួមភេទឬលេងកីឡា មានអារម្មណ៍តូចចិត្តសោកសៅជាខ្លាំង មានអារម្មណ៍ខ្លួនឯងលែងមានតម្លៃ គ្មានអារម្មណ៍ក្នុងខ្លួន គេងពុំលក់ គេងច្រើនខុសប្រក្រតី គិតច្រើន គិតយឺត លែងផ្ចង់អារម្មណ៍ឬការចងចាំចុះខ្សោយ អស់កម្លាំងសូម្បីការងារតិចតួច ថប់អារម្មណ៍ ឡេះឡះ ឆាប់មួម៉ៅក្តៅក្រហាយ ខឹងច្រឡោត ចូលចិត្តនៅស្ងៀមស្ងាត់ តែងតែយំមិនដឹងមូលហេតុ លែងចង់ញុំាអាហារ ប្រើប្រាស់ថ្នាំឬគ្រឿងស្រវឹង មានបញ្ហាសុខភាពគ្មានមូលហេតុដូចជាឈឺខ្នងឬឈឺក្បាល ពិសេសគិតតែចង់ធ្វើអត្តឃាត។ តាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញជាច្រើន កត្តាប្រឈមជំងឺបាក់ទឹកចិត្តបណ្តាលមកពីច្រើនករណី តួយ៉ាងមកពីបុគ្គលនោះធ្លាប់ជួបហេតុការណ៍រន្ធត់ដូចជាអំពើហិង្សា ការរំលោភ ការស្លាប់ ការបាត់បង់មនុស្សជាទីស្រឡាញ់ឬបញ្ហាលុយកាក់ជាដើម។ អាចមកពីប្រវត្តិគ្រួសារធ្លាប់មានអ្នកកើតជំងឺបាក់ទឹកចិត្ត ឬមានប្រវត្តិផ្លូវចិត្តដូចជាជំងឺថប់អារម្មណ៍ឬទាក់ទងនឹងការញុំាអាហារ។ អាចមកពីជំងឺធ្ងន់ធ្ងរ និងរុំារៃដូចជាមហារីក ដាច់សរសៃឈាមខួរក្បាល ជំងឺបេះដូងរុំារ៉ៃ និងការប្រើប្រាស់ថ្នាំងងុយគេងនិងថ្នាំលើសឈាមច្រើនពេក។ អាចមកពីស្រឡាញ់ភេទដូចគ្នា ស្រឡាញ់ទាំងពីរភេទ ឬវះកាត់ប្តូរភេទ ម្យ៉ាងសូម្បីការមានចរិតគ្មានទំនុកចិត្តលើខ្លួនឯង ចរិតពឹងពាក់លើអ្នកដទៃច្រើន បន្ទោសខ្លួនឯងច្រើន និងសុទិដ្ឋិនិយមក៏ត្រូវបានរាប់បញ្ចូលជាកត្តាប្រឈមជំងឺបាក់ទឹកចិត្តផងដែរ។ មែនទែនទៅតាមរយៈការរៀបរាប់កត្តាប្រឈមជំងឺបាក់ទឹកចិត្តខាងលើដូចមិនមានករណីណាមួយទាក់ទងនឹងការប្រើប្រាស់បណ្តាញសង្គមដែលអាចធ្វើឲ្យកើតជំងឺបាក់ទឹកចិត្តនោះទេ។ យោងតាមសិក្សាស្រាវជ្រាវរបស់សាកលវិទ្យាល័យ Brock ប្រទេសកាណាដាដែលវិភាគទៅលើមនុស្សពីរក្រុមគឺមនុស្សវ័យជំទង់ និងវ័យកំពុងរៀននៅសាកលវិទ្យាល័យដោយបានតាមដានថាតើក្នុងមួយថ្ងៃនិងមួយសប្តាហ៍ពួកគេចំណាយពេលប្រើប្រាស់បណ្តាញសង្គមប៉ុន្មាន និងចំណាយពេលធ្វើសកម្មភាពផ្សេងៗដូចជាមើលទូរទស្សន៍ ហាត់ប្រាណ និងធ្វើកិច្ចការប៉ុន្មាន រួមជាមួយកត់សម្គាល់ទៅលើសញ្ញានៃជំងឺបាក់ទឹកចិត្តព្រមគ្នាផងដែរ។ ជាលទ្ធផលមនុស្សទាំងពីរក្រុមបានប្រើប្រាស់ពេលវេលាទៅលើទាំងបណ្តាញសង្គម និងធ្វើសកម្មភាពផ្សេងៗមិនខុសគ្នាប៉ុន្មានឡើយ ហើយអ្នកដែលមានសញ្ញាកើតជំងឺបាក់ទឹកចិត្តភាគរយច្រើនបំផុតគឺមនុស្សវ័យរៀនសាកលវិទ្យាល័យ ប៉ុន្តែសញ្ញាជំងឺបាក់ទឹកចិត្តនេះមិនមែនបណ្តាលមកពីការប្រើប្រាស់បណ្តាញសង្គមនោះទេ ផ្ទុយមកវិញអ្នកកើតជំងឺបាក់ទឹកចិត្តទៅវិញទេដែលប្រើប្រាស់បណ្តាញសង្គមដើម្បីបន្ធូរអារម្មណ៍សោកសៅក៏ដូចជាភាពភ័យខ្លាចរបស់ខ្លួន។ អ្នកវិទ្យាសាស្ត្រក៏បានលើកឡើងទៀតថាអ្នកដែលងាយប្រឈមជំងឺបាក់ទឹកចិត្តបំផុតនោះគឺមនុស្សស្រី ក៏ព្រោះមនុស្សស្រីមានអារម្មណ៍ងាយប្រតិកម្ម និងឆាប់ទន់ចិត្ត ហើយរាល់ពេលមានអារម្មណ៍ទុក្ខសោកនាងតែងងាកមកប្រើប្រាស់បណ្តាញសង្គមតាមរយៈការបង្ហោះអ្វីមួយជាសាធារណៈដើម្បីធ្វើឲ្យអារម្មណ៍ល្អឡើងវិញ។
សរុបមកការប្រើប្រាស់បណ្តាញសង្គមមិនបណ្តាលឲ្យកើតជំងឺបាក់ទឹកចិត្តនោះទេ។ ទោះយ៉ាងណា យើងក៏គួរគប្បីកុំបណ្តោយខ្លួនឲ្យកើតជំងឺនេះដែរដោយរមែងប្រកាន់ខ្ជាប់នូវទម្លាប់ដូចជា កាត់បន្ថយស្ត្រេស ធ្វើលំហាត់ប្រាណជាប្រចាំ ផឹកទឹកឲ្យបានច្រើន ទទួលទានអាហារនាំមកនូវសុខភាពល្អ គេងឲ្យបានគ្រប់គ្រាន់ ជៀសវាងសុរានិងទម្លាប់ប្រើប្រាស់ថ្នាំរុំារ៉ៃ៕
Article by HEM SOKHIM