«Spectrum» កម្មវិធីដើរបង្ហាញម៉ូដហ្វេហ្សិនថ្មីពីអ្នកច្នៃម៉ូដបរទេស៣រូប
FASHION & BEAUTY 4 years agoនាល្ងាចថ្ងៃទី៦ ខែមករា កន្លងទៅស្ថិតនៅក្នុងបរិវេណ The Elysee Koh Pich នៃទីក្រុងកោះពេជ្រត្រូវបានគេសង្កេតឃើញថាមានការរៀបចំនូវព្រឹត្តិការណ៍ការដើរបង្ហាញម៉ូដហ្វេហ្សិនដ៏ទាក់ទាញបំផុតពីអ្នកច្នៃម៉ូដហ្វេហ្សិនឌីហ្សាញបរទេសចំនួន៣រូប តួយ៉ាង លោក Don Protasio លោក Drewe Taylor និងលោក Reynier Abello ។ ទន្ទឹមនឹងព្រឹត្តិការណ៍នេះផងដែរ អ្នកច្នៃម៉ូដហ្វេហ្សិនទាំង៣រូបបានច្នៃខូឡិកហ្សិនរបស់ខ្លួនចំនួន៣ខូឡិកហ្សិន តួយ៉ាង «Brutal» ច្នៃដោយលោក Don Protasio បញ្ជាក់ពីធាតុសំខាន់ៗនៃទិដ្ឋភាពបច្ចុប្បន្នដែលមនុស្សម្នាក់ៗតែងតែប្រឈមមុខជារៀងរាល់ថ្ងៃដូចជា៖ មានភាពរឹងមាំ អំណាច អាចត្រៀមខ្លួនរួចជាស្រេចក្នុងការសម្របខ្លួនទៅក្នុងបរិបទថ្មីនៅពេលដែលចាំបាច់បំផុតផងដែរ។ ពីសម្លៀកបំពាក់មួយឈុត ទៅមួយឈុតនៃខូឡិកហ្សិននេះសុទ្ធសឹងតែត្រូវបានរចនាឡើងប្រកបដោយគុណភាព សោភ័ណភាព ដែលជាផ្នែកមួយមិនត្រឹមតែផ្តល់នូវភាពទាក់ទាញនោះទេ ប៉ុន្តែជាផ្នែកមួយដែលបានការពារពីភាពឈ្លានពានរបស់អ្នកដទៃ។ «Eye of the Storm» ខូឡិកហ្សិនពីអ្នកច្នៃម៉ូដ Drewe Taylor បង្ហាញពីទុក្ខកង្វល់ជាច្រើនដែលកើតឡើងក្នុងឆ្នាំ២០២០ តួយ៉ាង ខូឡិកហ្សិនទាំងអស់នេះក៏ត្រូវបានបញ្ជាក់ពីទីកន្លែងដែលពោរពេញទៅសន្តិភាព សេរីភាព ភាពស្ងប់ស្ងាត់ និងសម្រស់។ ជាក់ស្តែង ខូឡិកហ្សិននេះឆ្លុះបញ្ចាំងពីទិដ្ឋភាពធម្មជាតិមួយចំនួនដែលមនុស្សគ្រប់គ្នាចង់ស្វែងរក ប៉ុន្តែពុំអាចទៅដល់ទីនោះបាន ក៏ព្រោះតែឧបសគ្គតែងតែកើតឡើងជាញឹកញាប់ ហេតុដូចនេះទើប «Eye of the Storm» បង្ហាញពីទិដ្ឋភាពធម្មជាតិដែលអ្នកពុំអាចទៅដល់ផងដែរ។ «Desolation x Creation» ជាខូឡិកហ្សិនចុងក្រោយនៃការដើរបង្ហាញម៉ូដ និងជាស្នាដៃរបស់លោក Reynier Abello បានបង្ហាញពីការវាយតម្លៃ និងដំណើរការឡើងវិញនៃស្លាកយីហោថ្មីមួយដែលចាប់ផ្តើមមានវត្តមានជាថ្មីម្តងទៀតដូច្នេះដែរ។
គួរជម្រាបផងថា «Spectrum» ជាកម្មវិធីដើរបង្ហាញម៉ូដហ្វេហ្សិនដែលមិនត្រឹមតែបង្ហាញប្រិយមិត្តពីសម្លៀកបំពាក់តែម៉្យាងនោះទេ ប៉ុន្តែបានបង្ហាញឲ្យមនុស្សគ្រប់គ្នាមានភាពជឿជាក់ក្នុងការស្លៀកពាក់៕
Article by PAN SIVLY