តាំងពីរៀបការសាងគ្រួសារមានកូនស្រីដ៏គួរឲ្យស្រឡាញ់អាយុជាង២ខួប ឈ្មោះ គឹម សីហ៍មរកត ហៅម៉ូម៉ូ(MoMo)មក គង់ ចាន់ស្រីមុំ តែងបង្ហាញសុភមង្គលតាមរយៈការថតរូបលក្ខណៈគ្រួសារមិនថា សកម្មភាពប្រចាំថ្ងៃ ការចូលរួមកម្មវិធី និងដើរកម្សាន្តទៅកន្លែងផ្សេងៗ។ ហើយអ្វីដែលមហាជនចាប់អារម្មណ៍ទៀតសោត គឺរាល់ការថតរូបសុទ្ធតែមានការស្លៀកពាក់ជាក្រុមប្លែកៗ កាច់ស្ទីលឡូយៗ មើលទៅហ្វេហ្សិនបែបលក្ខណៈគ្រួសារតែម្តង។
មែនទែនទៅហោចណាស់១ខែម្តង ស្រីមុំតែងចំណាយពេលដើរកម្សាន្តជាមួយក្រុមគ្រួសារជានិច្ច បើមិនមានវិបត្តិកូវីដ-១៩ទៀតនោះ អាចចេញទៅកម្សាន្តនៅឯក្រៅប្រទេស២ទៅ៣ដងក្នុងមួយឆ្នាំផងដែរ។ រាល់ពេលចេញដើរកម្សាន្តស្រីមុំថា “ពួកខ្ញុំដើរលេងដូចមិនមែនដើរលេងគឺដូចចេញបេសកកម្មថតអីចឹង(សើច...) ត្រូវតុបតែងខ្លួនឯងផង និងកូនតូចផង រាងហត់បន្តិចដែរ”។ ស្រីមុំនិយាយទៀតថា “ការដើរកម្សាន្តទៅកន្លែងមួយយើងត្រូវមានគម្រោងយ៉ាងហោចណាស់ស្នាក់នៅ២យប់៣ថ្ងៃ និយាយទៅមិនមានពេលទំនេរសោះម៉ង ព្រលឹមឡើងម៉ោង៧ព្រឹកយើងថតរហូតដល់ល្ងាចអស់ពន្លឺថ្ងៃទើបបានសម្រាក”។
ឃើញថាការថតមានការស្លៀកពាក់ស្ទាយ៌ប្លែកៗជាគ្រួសារ តើនរណាជាអ្នករៀបចំ? “នៅពីក្រោយស្ទីលស្លៀកពាក់ គឺគ្រួសារខ្ញុំ(គឹម សីហា) ពេលមានគម្រោងទៅដើរលេងកន្លែងណាមួយ គាត់តែងរៀបចំ និងបង្កើតស្ទាយ៌ប្លែកៗជានិច្ច ហើយខ្ញុំក៏ជួយគ្នាបន្ថែមដែរ។ ឈុតស្លៀកពាក់ថតក្នុងការដើរលេងម្តងៗអាចពី៨ទៅ១២ឈុត។ កន្លែងដើរលេងមួយៗឲ្យតែថាទៅត្រូវតែថតរូប អីចឹងពួកខ្ញុំរៀបចំគ្រប់យ៉ាងពីភ្នំពេញឲ្យហើយតែម្តង” ស្រីមុំលើកឡើង។ ចំពោះការកាច់ស្ទីលថតវិញ ស្រីមុំថាមិនមានការគ្រោងទុកទេ ទៅដល់ភ្លាមរកនឹកភ្លែត គ្រាន់តែត្រូវដឹងថាកន្លែងទៅហ្នឹងជាតំបន់ភ្នំឬយ៉ាងណា ពេលទៅដល់កាច់ស្ទាយ៌ថតទៅតាមទីតាំង។
ការថតរូបមិនមែនស្រីមុំធ្វើឡើងតែគ្រួសារឯងឡើយ ពោលមានការចូលរួមសហការពីអ្នកផាត់មុខចល័ត រួមនឹងអ្នកថតរូបផងដែរ។ ស្រីមុំថា “ ពេលយើងដើរទៅលេងកន្លែងណាមួយ យើងត្រូវតែមានអនុស្សាវរីយ៍នៅកន្លែងនោះ អីចឹងយើងក៏ត្រូវមានគម្រោងទៅផ្តិតយករូបភាពសម្រាប់គ្រួសាររបស់យើង ព្រោះរូបភាពទាំងអស់ហ្នឹងហើយជាអនុស្សាវរីយ៍ដែលយើងយកមកមើលម្តងហើយម្តងទៀតរហូតដល់ចាស់ទៅ”។
គួររំឭកដែរថា គឹម សីហា និង គង់ ចាន់ស្រីមុំ បានរៀបអាពាហ៍ពិពាហ៍កាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០១៦ បន្ទាប់ពីបានសាងស្នេហ៍អស់រយៈពេល៨ឆ្នាំ។ អ្នកទាំងពីរបានសន្មតក្លាយជាគូស្នេហ៍នៅថ្ងៃ Valentine’s Day ឬបុណ្យនៃក្តីស្រឡាញ់ក្នុងឆ្នាំ២០០៨ ហើយ Valentine’s Day ឆ្នាំនេះគឺជាខួបគម្រប់ស្រឡាញ់គ្នារយៈពេល១៣ឆ្នាំរបស់អ្នកទាំងពីរផងដែរ។ អ្នកទាំងពីរមានគម្រោងយកកូន៣ទៅ៤នាក់ ដោយកូនបន្ទាប់នឹងចាប់ផ្តើមយកនៅក្នុងឆ្នាំនេះ។ ជាគូស្នេហ៍តារាសិល្បៈគំរូដល់មហាជន តាមរយៈសូវរីន ស្រីមុំ បានផ្តាំផ្ញើដែរថា “សម្រាប់ប្អូនៗ ជំនាន់ក្រោយដែលពួកគាត់ទើបចាប់ផ្តើមស្រឡាញ់គ្នា ខ្ញុំចង់ឲ្យពួកគាត់មានការយល់ចិត្តគ្នាឲ្យបានច្រើន ពិសេសអធ្យាស្រ័យគ្នាឲ្យបានច្រើន ផ្តល់ឱកាសឲ្យគ្នាទៅវិញទៅមកដើម្បីឈានដល់ថ្ងៃអនាគតជាមួយគ្នា”៕
Article by Hem Sokkhim