×

បច្ចុប្បន្នភាព​និង​ស្នាដៃ​បោះពុម្ព​ថ្មី​របស់​ជាង​ថតរូប​សត្វព្រៃ​អាជីព​ជើងចាស់​កម្ពុជា​

NEWS 4 years ago
 
 

            សៀវភៅ​ “​សម្បត្តិធម្មជាតិ​នៃ​ប្រទេស​កម្ពុជា​” (​Natural​ ​Treasure​s o​f​ ​Cam​bo​d​i​a​) ​ដ៏​មាន​តម្លៃ​មួយ​ក្បាល​ស្តីពី​សម្បត្តិធម្មជាតិ​មហាសាល​របស់​កម្ពុជា​បាន​ប្រសូត​ចេញពី​ស្នាដៃ​ស្រាវជ្រាវ​ ​ចងក្រង​ ​និពន្ធ​ ​របស់​បុរស​ជន​ជាតិខ្មែរ​វ័យ​កណ្តាល​ម្នាក់​គឺ​ ​លោក​ ​មឿន​ ​ញាណ​ ​អ្នក​សារ​ព័ត៌មាន​​​រូបភាព​ជើងចាស់​ដ៏​ឆ្នើម​មួយ​រូប​របស់​កម្ពុជា​ ​ហើយ​ថ្មីៗ​នេះ​សៀវភៅ​នេះ​ត្រូវ​បាន​ដាក់​បោះពុម្ពផ្សាយ​កំណែប្រែ​លើក​ទី​២​និង​ចេញ​លក់​នៅ​លើ​ ​បណ្តាញ​សង្គម​ហ្វេសប៊ុក​សម្រាប់​សាធារណជន​ទូទៅ​ក្នុង​គោលបំណង​ដើម្បី​ស្វែងរក​វិភាគទាន​ថវិកា​ជា​ជំនួយ​បរិច្ចាគ​ដល់​អ្នកនិពន្ធ​ផ្ទាល់​ដែល​កំពុង​មានជម្ងឺ​ដ៏​ចម្លែក​ម្យ៉ាង​គឺ​ "​ជំងឺ​ខួរក្បាល​ទ្រុឌទ្រោម​វិវត្តន៍​ទៅ​ចាស់ជរា​មុន​អាយុកាល​” ​ដែល​អាច​បណ្តាលមកពី​ការប្រើប្រាស់​សមត្ថភាព​ខួរក្បាល​លើសលប់​ពេក​របស់​គាត់​ក្នុង​ ​រយៈពេល​ស្រាវជ្រាវ​និង​បំ​ពេញការ​ងារ​កន្លងមក។​

            “​ខ្ញុំ​ចង់​ឱ្យ​គេឯង​បាន​អាន​ ​ដឹង​ខ្លះ​ៗ​ថា​ ​ពួកគេ​ជា​កូនខ្មែរ​ ​ស្គាល់​ថា​ពួកគេ​ជា​មនុស្ស​មាន​សណ្តា​ន​ពង្ស​ជា​អ្នកគ្រាន់បើ​ដែរ​ ​ហើយក៏​ពួកគេ​រស់នៅ​លើ​ដែនដី​សម្បូរ​សម្បត្តិធម្មជាតិ​ ​និង​មាន​វប្បធម៌​ជ្រៅជ្រះ​ទៀត​ផង​ដែល​មាន​ជា​តឹកតាង​ស្រាប់​ ​ហើយនឹង​ពុំ​មាន​ដែនដី​ណា​ផ្ទឹម​ស្មើ​ទេ​ […]” ​នេះ​ជា​សម្តី​របស់​អ្នកនិពន្ធ​ដែល​ ​កំពុង​ទទួលការ​ព្យាបាល​ពី​វេជ្ជបណ្ឌិត​ជំនាញ​។​ ​ថ្វី​ដ្បិតតែ​ស្ថានភាព​សុខភាព​មិន​អំណោយផល​ក៏​ពិតមែន​ ​ក៏​ទឹក​ចិត្តស្រឡាញ់​អាជីព​របស់​ខ្លួន​និង​បំណង​ប្រាថ្នា​ចង់​បន្ត​ស្នាដៃ​ជូន​ក្មេង​ជំនាន់​ក្រោយ​នៅតែ​មិន​រសាយ​បាត់​ទាល់តែសោះ​ពី​ក្នុង​ខ្លួន​អ្នកនិពន្ធ​រូប​នេះ​។​ ​លោក​​​មានប្រសាសន៍ថា​ “​ខ្ញុំ​រីករាយ​រក​អ្វី​មក​ពណ៌នា​ពុំបាន​ទេ​ ​ព្រោះ​ម្ចាស់​របស់​វា​ ​ដូចជា​ស្លាប់​ម្តងៗ​ទៅ​ហើយ​ ​តែ​ពុំគួរ​ឱ្យ​ជឿ​ថា​ ​មាន​មនុស្ស​មក​ជួយ​ខ្នះខ្នែង​ឱ្យ​សៀវភៅ​នេះ​នៅ​ដំណើរការ​ជាប្រក្រតី​ដូច​សង្គ្រោះ​ជីវិត​ខ្ញុំ​ឱ្យ​រស់​ឡើងវិញ​ដែរ​ ​ព្រោះតែ​មានបំណង​ចង់​ឱ្យ​ជន​ជាតិខ្មែរ​ដែល​រស់នៅ​លើ​លោក​នេះ​បាន​យល់​ដឹង​ខ្លះ​ៗ​ថា​ ​ពួកគាត់​មាន​ដូនតា​សុទ្ធ​សឹង​ជា​មនុស្ស​មានចំណេះ​ដឹង​សម្បើម​ណាស់​ ​ហើយ​ពួកគាត់​ថែមទាំង​បាន​ចារ​នៅ​លើ​សិលា​ច​រឹ​ក​លើ​ថ្ម​ប្រាសាទ​ផង​។​ ​ឯខ្ញុំ​បាន​ត្រឹម​ចម្លង​តាម​ពួក​លោក​ឱ្យ​អ្នកផង​ខ្លះ​ៗ​បាន​យល់​ដឹង​តែមួយ​ផ្នែក​ប៉ុណ្ណោះ។”

            ​អត្ថប្រយោជន៍​នៃ​សៀវភៅ​នេះ​ ​គឺ​អាច​ប្រើប្រាស់​ជា​ឯកសារ​មានប្រយោជន៍​មួយ​សម្រាប់​ផ្តល់​ជា​ពុទ្ធិ​ ​និង​ផ្តល់​ជា​ប្រទីប​បង្ហាញ​ផ្លូវ​ខ្លះ​ៗ​ចំពោះ​កុលបុត្រ​ ​កុលធីតា​ខ្មែរ​ជំនាន់​បច្ចុប្បន្ន​ ​និង​ទៅ​អនាគត​អាច​​​យកទៅ​ធ្វើការ​សិក្សាស្រាវជ្រាវ​ឲ្យបាន​ស៊ី​ជម្រៅ​បន្ថែម​ទៀត​។​ ​វា​បាន​ឆ្លុះបញ្ចាំង​អំពី​បរិស្ថានធម្មជាតិ​និង​វប្បធម៌​ខ្មែរ​ដែល​វេញ​ត្របាញ់​ចាក់ស្រេះ​គ្នា​យ៉ាង​ស្អិត​រ​មួត​ ​ហើយក៏​បញ្ជាក់​ពី​បញ្ញាញាណ​របស់​បុព្វបុរស​ខ្មែរ​ដែល​បាន​សង្កេត​ជ្រើសរើស​យក​ភា​វៈ​ប្រសើរ​ៗ​ពី​ដំណើរ​នៃ​ជីវិត​សត្វ​នៅ​ក្នុង​ធម្មជាតិ​មក​ច្នៃប្រឌិត​សម្រាប់​បម្រើ​ឲ្យ​សេចក្តី​សេចក្តីត្រូវ​ការ​នៅ​ក្នុង​ជីវភាព​សង្គម​រស់នៅ​ប្រចាំ​របស់​ខ្លួន​។​ ​សៀវភៅ​នេះ​អាច​នឹង​ក្លាយ​ជា​ចំណី​អារម្មណ៍​ប្លែក​មួយ​ផ្នែក​សម្រាប់​បណ្តុះ​ពុទ្ធិ​ ​និង​​ក្លាយ​ជា​សៀវភៅ​ជាទី​ពេញ​និយម​សម្រាប់​មិត្ត​អ្នកអាន​ ​សម្រាប់​ក្រុម​គ្រួសារ​ ​ស្ថាប័នរដ្ឋ​និង​ឯកជន​អាច​​​យកទៅ​សិក្សា​បន្ថែម​សម្រាប់​ជា​ជំនួយស្មារតី​ ​និង​​ផ្តល់​ជា​ចំណេះ​ដឹង​មូលដ្ឋាន​សម្រាប់​មិត្ត​អ្នក​សិក្សាស្រាវជ្រាវ​គ្រប់​វ័យ​ ​ហើយ​វា​អាច​នឹង​ជួយ​ញ៉ាំង​ឲ្យ​ចិត្ត​របស់​មិត្ត​អ្នកអាន​បាន​រីករាយ​ ​ជ្រះថ្លា​ ​មាន​មោទកភាព​ជាមួយនឹង​រូបថត​ពី​ធម្មជាតិ​ពិតៗ​នៅ​ក្នុង​មាតុភូមិ​កម្ពុជា​។​

            គួរ​សម្គាល់​ដែរ​ថា​ ​សព្វថ្ងៃនេះ​ ​សុខភាព​របស់​អ្នកនិពន្ធ​ខាងលើ​ប្រែប្រួល​ខុស​ពី​ធម្មតា​ ​មាន​ភាព​រញីរញ័រ​ខ្លាំង​ច្រើនជាង​មុន​ ​ហើយ​និយាយ​ក៏​ហត់​ដែរ​ ​តែ​មាន​ស​ម្លេ​ង​ឮជា​ង​មុន​ ​។​ ​ឯ​កម្លាំង​ពលំ​ក៏មាន​ជាង​មុន​បន្តិច​ ​តែ​មួយរយៈពេល​ចុងក្រោយ​នេះ​ ​គាត់​មាន​អា​កា​រសញ្ញា​ឈឺ​ឆ្អឹងខ្នង​ និង​ចង្កេះ​ ​មិន​អាច​ដើរកើត​។​ ​ក្រុម​លោក​ពេទ្យ​យកចិត្តទុកដាក់​បន្ថែម​ ​ក្រោយ​ពួកគាត់​បានឃើញ​សៀវភៅ​សម្បត្តិធម្មជាតិ​កាល​បោះពុម្ព​លើក​ទី​១​។​ ​គាត់​ត្រូវធ្វើ​សមាធិ​តាម​វេជ្ជបញ្ជា​ ​និង​ទទួលទាន​យិន​ស៊ិន​ពី​កូរ៉េ​ជា​ជំនួយ​បន្ថែម​។​ ​ចំពោះ​ការ​ចងក្រង​សៀ​ភៅ ​គាត់​ឆ្លៀតពេល​ធ្វើ​ ​នៅពេលដែល​គាត់​មាន​អារម្មណ៍​ធូរស្រាល​ ​ប៉ុន្តែ​គ្រូពេទ្យ​បាន​ណែ​នាំឲ្យ​គាត់​និយាយ​ហើយ​ថត​ស​ម្លេ​ង​ឲ្យ​គេ​ជួយ​វាយ​អត្ថបទ​វិញ​ ​ព្រោះ​គាត់​វាយ​កុំព្យូទ័រ​យឺត​ហើយ​វាយ​ខុស​ច្រើន​បណ្តាលមកពី​បញ្ហា​ខួរក្បាល​ “​មាន​ពេទ្យ​ជប៉ុន​ ​បារាំង​ ​អាមេរិកាំង​ ​និង​កាណាដា​ ​ដែល​គិតថា​ជំងឺ​ខ្ញុំ​មិន​អាច​រស់នៅ​បាន​យូរ​ទេ​ ​ប៉ុន្តែ​ខ្ញុំ​បាន​ជម្នះ​ ​ហើយ​ឥឡូវ​ខ្ញុំ​បាន​នៅ​រស់​ហួស​កាលដែល​ពេទ្យ​កំណត់​វេលា​ស្លាប់​របស់​ខ្ញុំ​ទៀត​ផង​”។​

            សម្រាប់​ព័ត៌មាន​ស្តីពី​សៀវភៅ​ខាងលើ​ ​ប្រិយ​មិត្ត​អាច​ធើ្វ​ការ​កក់​ទុក​បាន​ក្នុង​តម្លៃ​ពិសេស​ ​៦​,​៨​០​០​០​រៀល​ ​ឬ​ 17ដុល្លារ។​ ​វា​ជា​សៀវភៅ​ប្រភេទ​ក្រប​រឹង​ ​ទំហំ​ 28.9 c​m​ x 24.1 c​m​ ​ចំនួន​ ​៣​១​២​ទំព័រ​ ​បោះពុម្ព​ចំនួន​៣​០​០​០​ក្បាល​។​ ​ការ​កក់​ទុក​គឺ​ចាប់ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃ​ទី​​២​៨​ ខែកុម្ភៈ​ឆ្នាំ​២​០​២​១​ ​ខាងមុខនេះ​៕​

​Article​ ​by​ SR​IN​ ​SO​K​MEAN​


SUGGESTIONS