«Sisters of Code» លើកទឹកចិត្តស្ត្រីកម្ពុជាក្នុងការសិក្សាផ្នែកព័ត៌មានវិទ្យា
NEWS 4 years ago ជាទូទៅ ការសិក្សាលើផ្នែកព័ត៌មានវិទ្យាមានតែបុរសប៉ុណ្ណោះដែលគេសង្កេតឃើញថាទទួលបានការសិក្សាច្រើនជាងស្ត្រី។ ដោយមតិភាគច្រើនតែងលើកឡើងថាផ្នែកព័ត៌មានវិទ្យានេះមានតែបុរសនោះទេដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការសិក្សា ក៏ព្រោះតែផ្នែកនេះទាមទារ និងតម្រូវឲ្យបុគ្គលម្នាក់ៗមានការយល់ដឹងខ្ពស់ជាមួយនឹងបច្ចេកវិទ្យាច្រើនពីជំនាន់មួយ ទៅជំនាន់មួយទៀត។ ហេតុដូចនេះ ទើបមតិទាំងនោះវាយតម្លៃលើសមត្ថភាពរបស់ស្ត្រីដោយយល់ឃើញថាពួកគេពុំទាន់មានលក្ខណៈគ្រប់គ្រាន់ក្នុងការទទួលយកការសិក្សាផ្នែកព័ត៌មានវិទ្យាទូលំទូលាយដូចបុរសនៅឡើយ។
ដើម្បីជាផ្នែកមួយជួយដល់ស្ត្រីកម្ពុជាអាចសិក្សា ក៏ដូចជាបម្រើការងារនានាទាក់ទងនឹងបច្ចេកវិទ្យាដូចបុរសដែរនោះ វត្តមានរបស់កម្មវិធីសិក្សាមួយស្ថិតក្រោមការគាំទ្រពី IT Academy STEP Cambodia បង្កើតឡើងនៅអំឡុងឆ្នាំ ២០១៩ មានឈ្មោះថា «Sisters of Code» បានបើកទ្វារទទួលស្វាគមន៍កុមារី និងស្ត្រីចាប់ពីអាយុ១០ ឆ្នាំ រហូតដល់ ២០ឆ្នាំ សម្រាប់សិក្សាបណ្តុះបណ្តាលពួកគេក្នុងការរៀនសរសេរកូដដោយឥតគិតថ្លៃ។ ជំនួបជាមួយនឹងអ្នកស្រី Natalja Rodionova ជនជាតិឡាទ្វី (Latvian) ជាស្ថាបនិកានៃ «Sisters of Code» និងជានាយិកា IT Academy STEP Cambodia បានបង្ហាញឲ្យដឹងថា ការបង្កើតកម្មវិធីនេះឡើងដោយសារតែអ្នកស្រីមានបំណងលើកស្ទួយកម្ពស់ស្ត្រីឃើញពីសមត្ថភាព និងសក្តានុពលពេញលេញសំខាន់ៗរបស់ពួកគេ ដើម្បីជាផ្នែកមួយអាចក្លាយជាអ្នកជំនាញឌីជីថលជំនាន់ថ្មីឲ្យកាន់តែរីកចម្រើនបន្ថែមទៀត តួយ៉ាង កម្រិតស្ត្រីដែលស្ថិតក្នុងផ្នែកឌីជីថលនាបច្ចុប្បន្នមានទាបកម្រិតនៅឡើយ។ ជាក់ស្តែង អ្នកស្រី Natalja ក៏បានលើកឡើងពីបញ្ហានៃបរិបទសព្វថ្ងៃដូច្នេះថា ស្ត្រីមួយចំនួនទទួលបានការសិក្សាខាងផ្នែកឌីជីថលក៏ពិតមែន ប៉ុន្តែពួកគេពុំអាចទទួលការងារដូចជំនាញដែលគេបានសិក្សានោះឡើយ ហើយនេះជាបញ្ហាដ៏ធំដែលយើងត្រូវដោះស្រាយ។
មិនត្រឹមតែប៉ុណ្ណោះ ស្ថាបនិកាបានមានប្រសាសន៍ថា Sisters of Code ជានិមិត្តសញ្ញារបាំអប្សរាដែលបង្ហាញពីភាពលូតលាស់ ជាចំណុចមួយដែលអ្នកស្រីចង់ឲ្យស្ត្រីទាំងអស់ចូលរួមចំណែកក្នុងផ្នែកឌីជីថល ដើម្បីជាចំណែកមួយធ្វើឲ្យសេដ្ឋកិច្ចកម្ពុជារីកចម្រើនដូច និងនិមិត្តសញ្ញារបស់ Sisters of Code ដូច្នេះដែរ។ រីឯសំណួរជាច្រើនតែងចោទសួរថា តើវគ្គដំបូងក្នុងការសរសេរកូដមានអ្វីខ្លះ? ជាការពិតណាស់ Sisters of Code បានរៀបចំបែងចែកចំនួន៤ វគ្គសិក្សាផ្សេងៗសម្រាប់សិស្សថ្នាក់ដំបូងមានដូចជា៖ ការសរសសេរកូដតាមរយៈវេបសាយ code.org ការបង្កើតហ្គេមដោយខ្លួនឯងជាមួយនឹង Scratch ការបង្កើតវេបសាយដោយខ្លួនឯងតាមរយៈ WIX និង HTML និងចុងក្រោយជាការអនុវត្តន៍នៃការធ្វើបទបង្ហាញដោយសិស្សម្នាក់តម្រូវឲ្យបង្កើតវេបសាយ ឬការបង្កើតកម្មវិធីផ្សេងៗដោយខ្លួនឯងសម្រាប់បញ្ចប់ការសិក្សាផងដែរ។
អ្នកស្រី Natalja បានបង្ហើបឲ្យដឹងថាថ្មីៗនេះ Sisters of Code ទើបតែបង្ហាញនូវកម្មវិធីថ្មីមួយទៀតឈ្មោះថា Sister of Code Ambassador ដែលផ្តល់សិទ្ធិអាទិភាពដល់សិស្សមានអាយុចាប់ពី២០ឆ្នាំឡើងដែលបំណងចង់ក្លាយជាគ្រូបង្រៀនសរសេរកូដ ហើយក្នុងនោះសិស្សក៏ត្រូវទទួលបានការសិក្សាដូចជា៖ មេរៀនគរុកោសល្យក្នុងការក្លាយខ្លួនជាគ្រូបង្រៀន ការសិក្សាគ្រប់គ្រងគម្រោងដោយខ្លួនឯងដែលគេអាចធ្វើការស្នើរសុំថវិកាជំនួយពី Sisters of Code ការសិក្សាពីការធ្វើបទបង្ហាញជាសាធារណៈ និងការសិក្សាកម្មវិធីវិទ្យាសាស្ត្រកុំព្យូទ័រ និងវិទ្យាសាស្ត្រក្នុងការរចនាសម្ព័ន្ធកម្មវិធី និងការសិក្សាពីបុគ្គលិកលក្ខណៈ និងការលើកទឹកចិត្តនានាចំនួនគេផងដែរ។ ជាចុងក្រោយ អ្នកស្រី Natalja នៅតែបន្តលើកទឹកចិត្តដល់ស្ត្រីកម្ពុជាព្យាយាមសាកល្បងចាប់ផ្តើមក្នុងវិស័យឌីជីថលនេះ ក៏ព្រោះតែផ្នែកព័ត៌មានវិទ្យាបានផ្តល់នូវឪកាសច្រើនលើសពីការយល់ឃើញរបស់យើងទៅទៀត។ គួរជម្រាបផងដែរថា លោកអ្នកក៏អាចស្វែងរក Sisters of Code នៅលើបណ្តាញសង្គមហ្វេសប៊ុក ឬតាមរយៈគេហទំព័រ www.sistersofcode.org ផងដែរ៕
Article by PAN SIVLY