វីដេអូឯកសារ «សុបិន្តដំរី» បង្កប់អត្ថន័យនៃជីវិតដំរី និងសិល្បៈល្ខោនស្បែកខ្មែរ
NEWS 4 years agoការផលិតខ្សែភាពយន្ត ឬវីដេអូឯកសារក្នុងប្រទេសកម្ពុជាមានកម្រិតនៅឡើយ ក៏ព្រោះតែសង្វាក់នៃការផលិតខ្សែភាពយន្ត ឬវីដេអូនីមួយៗសុទ្ធសឹងតែមានតម្រូវការ និងទាមទារខ្ពស់ពីផលិតករគ្រប់រូប តួយ៉ាង ឯកសារយោងដែលបានឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្តែង ពេលវេលា ទីកន្លែង រួមទាំងអ្នកចូលរួមផងដែរ។ ជាក់ស្តែង វីដេអូឯកសារមួយដែលមានឈ្មោះថា «សុបិន្តដំរី» ដែលជាស្នាដៃរបស់ផលិតករខ្មែរពីររូបដែលមានជំនាញផ្សេងគ្នាបានព្យាយាមបង្កើតវីដេអូឯកសារដ៏សំខាន់នេះសម្រាប់ប្រជាជនខ្មែរជំនាន់ក្រោយស្វែងពីខ្សែជីវិតដំរីដែលមានការរួមបញ្ចូលនឹងសិល្បៈល្ខោនស្បែកខ្មែរនៅក្នុងវីដេអូឯកសារនោះថែមទៀតផង។
កញ្ញា ម៉ិច ជូឡាយ \ Image Courtesy: កញ្ញា ម៉ិច ជូឡាយ
ជំនួបជាមួយនឹងផលិតករពីររូបមកពីខេត្ត សៀមរាប កញ្ញា ម៉ិច ជូឡាយ ជាប្រធានផ្នែកនៃគម្រោងការថតវីដេអូឯកសារ និងលោក ស៊ន់ សុរ៉ាន ជាសិល្បៈករផ្នែកចម្លាក់ស្បែកខ្មែរ បានបង្ហាញ សូវរីន ដឹងថាការផលិតវីដេអូឯកសារនេះគឺជាកញ្ចក់មួយបង្ហាញពីការរស់នៅរបស់ដំរីស្ថិតនៅក្នុងកម្ពុជាកំពុងមានបញ្ហាប្រមុខនឹងការបាត់បង់ តួយ៉ាង ប្រសិនបើយើងធ្វើការប្រៀបធៀបពីអតីតភាព និងបច្ចុប្បន្នភាពសត្វដំរីកាន់តែមានជីវិតថយចុះពីមួយឆ្នាំ ទៅមួយឆ្នាំដោយការប្រឈមនឹងការបាត់បង់ជម្រក អាហារ ការថែទាំ ឬដោយជំងឺរោគាពាធ ដែលជាហេតុមួយនឹងធ្វើឲ្យសត្វដំរីបាត់បង់នាថ្ងៃអនាគត។ យ៉ាងណាមិញ តាមការលើកឡើងរបស់ កញ្ញា ម៉ិច ជូឡាយ បានឲ្យដឹងថា វីដេអូឯកសារដែលត្រៀមនឹងផ្សព្វផ្សាយខាងមុខនេះនឹងនាំអារម្មណ៍ ក៏ដូចជាការឆ្លុះបង្ហាញពីចក្ខុវិស័យសំខាន់ៗទាក់ទងនឹងជីវិតរបស់សត្វដំរី បរិស្ថានក្នុងប្រទេសកម្ពុជា និងសិល្បៈល្ខោនស្បែកខ្មែរដែលមានអាយុកាលច្រើនឆ្នាំ។ កញ្ញា ជូឡាយក៏បានបញ្ជាក់ពីគោលគំនិតដែលបានជ្រើសរើសល្ខោនស្បែកខ្មែរជាផ្នែកមួយដ៏សំខាន់ និងទាក់ទាញបំផុតនៅក្នុងវីដេអូឯកសារ «សុបិន្តដំរី» ក៏ព្រោះតែប្រជាជនខ្មែរជំនាន់ក្រោយពុំទាន់ស្គាល់ច្បាស់ពីតម្លៃសិល្បៈនេះនៅឡើយនោះទេ ដូច្នេះ កញ្ញា ជូឡាយ បានសហការនឹងលោក សុរ៉ាន់យ៉ាងល្អិតល្អន់ក្នុងការបង្កើតគម្រោងនេះជោគជ័យដោយផ្អែកលើបទពិសោធន៍ច្រើនឆ្នាំលើវិស័យសិល្បៈ។ លោក សុរ៉ាន ដែលជាអ្នកជំនាញពោរពេញដោយទេពកោសល្យបំផុតក្នុងវិស័យសិល្បៈល្ខោនស្បែកខ្មែរ ដើម្បីធ្វើឲ្យវីដេអូឯកសារត្រៀមនឹងផ្សព្វផ្សាយនាពេលឆាប់ៗនេះកាន់តែទទួលបានគាំទ្រពីសំណាក់អ្នកទស្សនាជាតិ និងអន្តរជាតិផងដែរ។ ទន្ទឹមនឹងនេះ កញ្ញា ជូឡាយបានលើកឡើងបញ្ជាក់ថា «ប្រសិនបើវីដេអូឯកសារនិយាយអំពីជីវិតដំរីតែមួយនោះ វាពុំគ្រប់គ្រាន់ទេខ្ញុំគិតថាចុះប្រសិនបើខ្ញុំបន្ថែមសិល្បៈនៅក្នុងវីដេអូឯកសារនេះថែមទៀត តើវីដេអូឯកសារនេះនឹងមានការគាំទ្រយ៉ាងណា!»។ ដោយឡែក តាមរយៈលោក ស៊ន់ សុរ៉ាន បានឲ្យដឹងថា លោកចង់ប្រើប្រាស់សិល្បៈក្នុងការធ្វើសង្គមកាន់តែឲ្យល្អប្រសើរដោយយើងម្នាក់ៗសុទ្ធតែមានភារកិច្ចរក្សានូវសម្បត្តិបវប្បធម៌ដែលជាអត្តសញ្ញាណជាតិខ្មែរ ហេតុដូចនេះ វីដេអូឯកសារ «សុបិន្តដំរី» នឹងបង្ហាញពីភាពលេចធ្លោរបស់សិល្បៈ ស្នាដៃកូនខ្មែរ និងជាសារមួយក្នុងការគាំទ្រលើកស្ទួយថែរក្សាជីវិតរបស់ដំរីផងដែរ។
កញ្ញា ម៉ិច ជូឡាយ \ Image Courtesy: កញ្ញា ម៉ិច ជូឡាយ លោក ស៊ន់ សុរ៉ាន
បើទោះបីជា ផលិតករទាំងពីររូបជួបប្រទះនឹងផលវិបាក និងមានឧបសគ្គច្រើនក្នុងការថតវីដេអូឯកសារ «សុបិន្តដំរី» ក៏ពិតមែន ប៉ុន្តែផលិតករទាំងពីរនៅតែមិនបោះបង់គម្រោងនេះដែរ ដោយការស្រឡាញ់សិល្បៈ ជាមួយនឹងការផលិតវីដេអូឯកសារផលិតករទាំងពីរនៅតែបន្តគម្រោងនេះដែលជាផ្នែកមួយអាចផ្សព្វផ្សាយ និងអាចបង្វែរអារម្មណ៍ប្រជាជនខ្មែរគាំទ្រសមិទ្ធផលក្នុងស្រុកឲ្យកាន់តែទូលំទូលាយបន្ថែមទៀតផងដែរ៕
Article by PAN SIVLY