ខែចេត្រចូលឆ្នាំកំពុងរំកិលខ្លួនយ៉ាងសន្សឹមៗចូលមកដើម្បីទទួលទេវតាឆ្នាំថ្មី ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ គ្រិស្តសករាជ ២០២១ ដ៏មហោឡារិកតាមទំនៀមទម្លាប់ប្រពៃណីដ៏ផូរផង់តាំងពីបុរាណ កាលតរៀងមក។ ដើម្បីអបអរសាទរស្វាគមន៍ចំពោះឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ទស្សនាវដ្តីសូវរីនមានកិត្តិយសនាំមកនូវស្ទីលថតរូបយ៉ាងល្អវិចិត្រផ្សារភ្ជាប់ទៅនឹងវប្បធម៌ខ្មែរយើងគួប ផ្សំនឹងសិល្បៈនៃការតុបតែងរចនាម៉ូដសក់យ៉ាងស្រស់សោភាចំនួន៥ប្រភេទដែលប្រសូតចេញពីគំនិត ច្នៃប្រតិដ្ឋយ៉ាងចំណានរបស់សិល្បករតុបតែងម៉ូដសក់របស់យើង។ ទន្ទឹមនឹងនេះ យើងក៏បានអញ្ជើញ សិល្បករ សិល្បការិនីទាំង៨ដួងឲ្យមករំព្ញកអនុស្សាវរីយ៍ដ៏ជិតស្និទ្ធសប្បាយរីករាយគួរឲ្យចងចាំរបស់ពួក គេក្នុងដំណើរការផលិតក្របមុខឆ្លុះបញ្ចាំងពីវប្បធម៌ខ្មែរនាពេលកន្លងមកជាមួយក្រុមការងារសូវរីន ព្រមជាមួយសារជូនពរប្រកបដោយអត្ថន័យជ្រាលជ្រៅទៅដល់ពុកម៉ែបងប្អូននិងប្រិយមិត្តអ្នកអានទាំងក្នុងនិងក្រៅប្រទេសក្នុងលេខដ៏ពិសេសនេះ។
លើសពីនេះទៅទៀត យើងក៏បានឆ្លៀតឱកាសធ្វើបទសម្ភាសន៍ជាមួយនឹងបុគ្គលសំខាន់ៗចំនួន បីរូបដែលសុទ្ធសឹងតែជាធនធានមនុស្សផ្នែកសិល្បៈវប្បធម៌ដ៏មានតម្លៃសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល ក្នុងនោះរួមមាន លោកសាស្រ្តាចារ្យបណ្ឌិត អ៊ុង ជិនណារី ឯកទេសខាងនិពន្ធតន្រ្តី បច្ចុប្បន្នកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក លោកជំទាវ កន្ថារ៉ាវីន ងិនការេត ស្ថាបនិកសមាគមងិនការេតទ្រទ្រង់សិល្បៈ ព្រះរៀមបុប្ផាទេវី ដែលមានថ្នាលបណ្តុះបណ្តាលសិល្បៈរបាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរនៅ ឯស្រុកបន្ទាយស្រី ខេត្តសៀមរាប ព្រមទាំង សិល្បការិនីជំនាន់ក្រោយ កញ្ញា យ៉ែម ស្រីពេជ្រ តារាសម្តែងដែលមានទេពកោសល្យលើផ្ទាំងសំពត់សគួរឲ្យកត់សម្គាល់ក្នុងចំណោមតារាស្រីជាច្រើនដួងក្នុងសតវត្សរ៍ទី២១នេះ។ ជាចុងក្រោយ យើងខ្ញុំនឹងបង្ហាញអំពីសក្តានុពលទេសចរណ៍យ៉ាងសម្បូរបែបនៅលើទឹកដី អតីតរាជធានីសម្ភុបុរៈដែលបច្ចុប្បន្នក្លាយមកជាស្រុកសំបូរខេត្តក្រចេះ ភាគឦសាននៃប្រទេសកម្ពុជា អមជាមួយទិដ្ឋភាពធម្មជាតិយ៉ាងស្រស់ត្រកាលដែលជាអំណោយផលពិសេសនៃដងទន្លេមេគង្គលើព្រម ទាំងរបរធ្វើក្រឡានប្រកបដោយឱជារសគ្មានគូផ្ទឹមល្បីរន្ទឺសុសសាយរបស់ខេត្តកំណើតផ្សោតនេះថែមទៀតផង៕