ទឹកអង្ករយើងរមែងចាក់ចោលរាល់ពេលលាងដាំបាយ តែយ៉ាងណាមិញទឹកសម្រិតចាក់ចោលនេះវាបាននាំយកសារធាតុសំខាន់ៗពីអង្ករដែលយើងអាចយកមកថែសម្រស់ពីក្បាលដល់ចុងជើងលើសពីការរំពឹងទុក។ ជាក់ស្តែង ទឹកអង្ករយកមកថែសម្រស់មានពីរជម្រើស មួយយើងប្រើទឹកលាងអង្ករដែលបានមកពីការលាងអង្ករដាំបាយ និងមួយទៀតទឹកមេអង្ករដែលបានមកពីការត្រាំទឹកអង្ករឲ្យឡើងជូរ។ ការធ្វើទឹកមេអង្ករមានភាពងាយស្រួលដោយគ្រាន់តែយកអង្ករ១ពែងលាងទឹកជម្រះធូលីបន្តិចសិន បន្ទាប់មកច្រោះយកតែអង្ករដាក់ក្នុងកូនក្រឡមួយរួចចាក់ទឹក២ពែងចូលបិទគម្របឲ្យជិតត្រាំរយៈពេលពី១២ទៅ៤៨ម៉ោង យើងក៏អាចយកមកប្រើការបាន។ ប្រសិនបើចង់បានទឹកច្រើនគ្រាន់តែអនុវត្តអង្ករ១ពែងត្រាំទឹក២ពែងជាការស្រេច។ ខាងក្រោមនេះជាអាថ៌កំបាំងក្នុងការយកទឹកអង្ករមកបង្កើតជារូបមន្តថែសម្រស់៖
រូបមន្តសក់ទន់ភ្លឺរលោង៖ អ្វីត្រូវមានក្នុងដៃដូចជា ទឹកអង្ករធម្មតាឬទឹកមេអង្ករ១ពែង ទឹកធម្មតា១ពែង ទឹកប្រទាលក្រពើ១ស្លាបព្រាបាយ និងប្រេងឡាវែនឌ័រឬប្រេងធម្មជាតិណាមួយតាមចំណូលចិត្ត៥តំណក់។ អនុវត្តចាក់គ្រឿងផ្សំទាំងប៉ុន្មានចូលក្នុងដបមួយរួចក្រឡុកឲ្យសព្វ។ បន្ទាប់ពីកក់សក់រួចយកទឹកនោះចាក់លាបនៅលើសក់ និងស្បែកក្បាលធ្វើការម៉ាស្សារយៈពេល៤ទៅ៥នាទីទើបលាងជម្រះទឹកធម្មតាចេញ។ អនុវត្តម្តងឬពីរដងក្នុងមួយសប្តាហ៍អ្នកនឹងឃើញលទ្ធផលជាទីគាប់ចិត្ត។
រូបមន្តសម្អាតស្បែកមុខ៖ គ្រឿងផ្សំមានតែពីរមុខគឺ ទឹកអង្ករ១-២ស្លាបព្រាបាយ និងជម្រើសប្រើម្សៅភក់ណាមួយ២ស្លាបព្រាបាយ។ យកគ្រឿងផ្សំទាំងពីរមុខលាយចូលគ្នាឲ្យក្លាយជាល្បាយ បន្ទាប់មកលាបម៉ាស្សានៅលើស្បែកមុខទុកចោលរយៈពេល៥នាទី រួចលាងជម្រះចេញដោយទឹកត្រជាក់ អ្នកនឹងឃើញលទ្ធផលស្បែកភ្លឺរលោងស្រស់ថ្លាមួយរំពេច។ ប្រសិនបើអនុត្តជាប្រចាំស្បែករបស់អ្នកនឹងទន់ម៉ដ្តភ្លឺថ្លាក្មេងជាងវ័យ។
រូបមន្តប្រឆាំងភាពចាស់៖ ដោយសារទឹកអង្ករផ្ទុកទៅដោយវីតាមីន E និងអាស៊ីត ferulic ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម វាមានសមត្ថភាពខ្ពស់ក្នុងការទប់ស្កាត់ភាពចាស់ និងកាត់បន្ថយស្នាមជ្រីវជ្រួញដែលវិវឌ្ឍទៅតាមវ័យ។ ដើម្បីបានរូបមន្តនេះ យកទឹកអង្ករ១ស្លាបព្រាបាយលាយជាមួយប្រេងអាល់ម៉ុន៥តំណក់ លាបលើមុខនិងកដោយធ្វើការម៉ាស្សាឲ្យសព្វរួចលាងទឹកធម្មតាចេញ។
រូបមន្តព្យាបាលស្បែករមាស់និងតាអក៖ តាមការសិក្សាមួយនៅសាកលវិទ្យាល័យ Vrije ស្ថិតនៅទីក្រុងប្រុយសែលប្រទេសបែលហ្ស៊ិក ការងូតទឹកអង្កររយៈពេល១៥នាទីពីរដងក្នុងមួយថ្ងៃអាចជួយព្យាបាលអ្នកមានជំងឺសើរស្បែករុំារ៉ៃ ស្បែកអាលែកហ្ស៊ី និងស្បែករលាកបានយ៉ាងមានប្រសិទ្ធភាព។ ដើម្បីធ្វើរូបមន្តនេះអនុវត្តយកទឹកអង្ករធម្មតា១ពែងលាយជាមួយប្រេងគ្រាប់ផ្កា borage ១ស្លាបព្រាកាហ្វេកូរចូលគ្នាឲ្យសព្វ។ យកសំឡីជ្រលក់ទឹកលាយជូតទៅលើកន្លែងកើតសើរស្បែកទុករយៈពេល១៥ទៅ២០នាទីរួចជូតសម្អាតចេញឬមិនបាច់ក៏បាន។
រូបមន្តស្បែកស្អាតនិងព្យាបាលអារម្មណ៍តានតឹង៖ ធ្វើការស្ប៉ាខ្លួនដោយខ្លួនឯងដោយគ្រាន់តែយកថង់ក្រណាត់តូចមួយដាក់អង្ករ១/២ពែង និងផ្កាឡាវែនឌ័រ២ស្លាបព្រាកាហ្វេ។ ចងមាត់ថង់ឲ្យជិតរួចយកទៅដាក់ក្នុងទឹកអាងហើយចូលត្រាំរយៈពេលយូរឬឆាប់ទៅតាមចំណង់ចំណូលចិត្ត។ រូបមន្តនេះប្រសិនបើគ្មានផ្កាឡាវែនឌ័រអ្នកអាចមានជម្រើសប្រើគ្រឿងផ្សំដទៃទៀតដូចជា សម្បកក្រូច តែបៃតង ជីរនាងវង ស្លឹកស្តៅ ឬផ្កាស្បៃរឿងជាដើម។
រូបមន្តជម្រុះកោសិកាចាស់៖ មិនត្រឹមតែទឹកអង្ករអាចប្រើជាប្រយោជន៍នោះទេ សូម្បីអង្ករដែលយើងត្រាំទឹកហើយក៏អាចប្រើធ្វើជាស្ក្រាប់ជម្រុះកោសិកាចាស់ដើម្បីបានស្បែកទន់ម៉ដ្តរលោង និងកាត់បន្ថយស្នាមជាំបន្តិចម្តងៗរហូតគ្មានសេសសល់ផងដែរ។ អនុវត្តយកអង្ករដែលត្រាំទឹករួចមកលាយជាមួយប្រេងអូលីវឬប្រេងដូង១ស្លាបព្រាកាហ្វេ ម្សៅសម្បកក្រូច១ស្លាបព្រាបាយ និងប្រេងធម្មជាតិណាមួយ ៣-៤តំណក់ (ប្រេងឡាវែនឌ័រ ប្រេងផ្កាChamomile ឬប្រេងផ្កា myrtle ) កូរចូលគ្នាឲ្យសព្វទុកស្ក្រាប់នៅពេលងូតទឹក។ អ្នកអាចស្ក្រាប់ខ្លួនជាមួយស្ក្រាប់នេះម្តងក្នុងមួយសប្តាហ៍ឬ១៥ថ្ងៃម្តង។
ជារួមមកថ្វីដ្បិតប្រធានបទលើកឡើងមកនេះត្រឹមតែជាទឹកលាងអង្ករ ប៉ុន្តែវាបាននាំយកសារធាតុចិញ្ចឹមនិងវីតាមីនចម្រុះមុខដែលមានប្រយោជន៍យ៉ាងសំខាន់ចំពោះសម្រស់តាំងពីក្បាលរហូតដល់ចុងជើង។ អង្ករមានច្រើនប្រភេទតែយើងអាចប្រើត្រឹមតែអង្ករដែលយើងចម្អិនប្រចាំថ្ងៃក៏បាន ព្រោះអង្ករដទៃទៀតវាខុសគ្នាតែបន្តិចបន្តួចរវាងសារធាតុចិញ្ចឹមនិងវីតាមីនប៉ុណ្ណោះ ម្យ៉ាងអង្ករជាគ្រាប់ធញ្ញជាតិធម្មជាតិវាមិនបង្កហានិភ័យប្រតិកម្មអ្វីចំពោះស្បែកឡើយ៕
Article by HEM SOKKHIM