ពណ៌ចម្រុះស្រស់ឆើតមិនមែនជាជម្រើសតែមួយសម្រាប់អ្នកនិយមលេងម៉ូដហ្វេហ្សិននារដូវក្ដៅនោះទេ នៅមានក្រុមពណ៌មួយចំនួនទៀត ដែលនឹងបន្ថែមនូវភាពស្រស់ត្រកាលឲ្យសម្បូរបែបនាយុគសម័យថ្មីនេះ។ សម្រាប់ឆ្នាំ ២០២១ នេះ ពណ៌ ៤ ក្រុម ត្រូវបានប្រើ់ប្រាស់យ៉ាងទូលំទូលាយលើឆាកបង្ហាញម៉ូដអន្តរជាតិនៃរដូវផ្ការីក និងរដូវក្ដៅ។ ថាតើមិត្តនារីៗគួរជ្រើសរើសពណ៌ណាទើបសក្ដិសម និងទាន់សម័យនោះ? តោះ! ទៅមើ់លទាំងអស់គ្នាឥឡូវនេះ។
1.Holi Festival
ក្រុមពណ៌ទី១ គឺប្រភេទពណ៌ស្រស់ឆើតគ្រប់ពណ៌ ដែលទទួលគំនិតច្នៃប្រតិដ្ឋពី ពិធីបុណ្យ Holi នៃសាសនាហិណ្ឌូ ដែលត្រូវបានគេស្គាល់ថាជាបុណ្យនៃសេចក្ដីស្រឡាញ់ និងអបអរការឈានមកដល់នៃនិទាឃរដូវ ដោយគេនាំគ្នាលេងប៉ាតម្សៅពណ៌ដាក់គ្នា។ វាបានបង្ហាញពីភាពសប្បាយរីករាយក្នុងការស្វាគមន៍នូវរដូវកាលថ្មី ពោរពេញដោយសុទិដ្ឋិនិយមនៃជីវិត អបអរសាទរដោយសេចក្ដីស្រឡាញ់ និងការអត់អោនឲ្យគ្នា។ ក្រុមពណ៌នេះ ត្រូវបានប្រើ់ប្រាស់លើគ្រប់ម៉ូដសម្លៀកបំពាក់ មិនថាឈុតប្រចាំថ្ងៃ ឬឈុតធ្វើការ។ល។ ហើយក៏ត្រូវបានប្រទះឃើញនិយមប្រើលើសម្ភារផ្សេងៗទៀត ដូចជាកាបូប ស្បែកជើងជាដើម។ ម៉ាកល្បីៗដែលបានប្រើទំនោរនិយមនេះមានដូចជា Versace, Dries Van Noten, Prada, Moncler 1 JW Anderson. Philipp Plein។ល។
2.Charm of Jewel
ប្រភេទពណ៌ដិតក្រមៅ ដែលចែងចាំងដូចគ្រាប់ពេជ្រ ឬត្បូងមានតម្លៃនានា គឺជាក្រុមពណ៌បន្ទាប់។ សម្លៀកបំពាក់បែបថ្លៃថ្នូជាច្រើនបានជ្រើសយកក្រុមពណ៌នេះមកច្នៃម៉ូដ មានដូចជាម៉ាក Acne Studios, Tom Ford, Reem Acra, Lanvin, Zuhair Murad។ល។ ដើម្បីបង្ហាញពីឧត្តមភាពនិងប្រណីតភាពរបស់ខ្លូន បង្កប់ដោយភាពរម្យទម ម៉ឹងម៉ាត់ និងស្រស់សោភា។ ប្រភេទសាច់ក្រណាត់ដែលរលោង ក្រណាត់សូត្រ និងអង្កាំឌិននានា សុទ្ធតែបានច្នៃជាមួយនឹងក្រុមពណ៌មួយនេះ ប្រកបដោយភាពទាក់ភ្នែកបំផុត។
3.Soak at Sunset
ក្រុមពណ៌ទី៣ មានភាពស្រទន់បែបទិដ្ខភាពនៃពន្លឺសុរិយាអស្ដង្គត ពោរពេញទៅដោយភាពរ៉ូមេនទិច និងនារីភាព។ ក្រុមនេះផ្ដោតទៅលើពណ៌ទឹកក្រូចប៉ែកផ្កាឈូក ពណ៌ដី ពណ៌សាច់។ល។ ជាមួយនឹងក្រុមពណ៌នេះ ម៉ូដសម្លៀកបំពាក់ភាគច្រើនច្នៃដោយស្បៃ ឬក្រណាត់ស្ដើង ដែលធ្វើឲ្យឈុតទាំងនោះមានភាពរស់រវើក រំផាយរំផាត់ រេរាំតាមខ្យល់។ ម៉ាកដែលប្រើទំនោរនិយមនេះមានដូចជា Christian Dior, Chloé, Valentino, Alberta Ferretti, Emporio Armani ជាដើម។
4.Mediterranean Pastel
ពណ៌បែបស្រាលស្រទន់នៃតំបន់មេឌីទែរ៉ានេ គឺក្រុមពណ៌ចុងក្រោយដែលកំពុងពេញនិយម។ មិនថាពណ៌ខៀវអន ពណ៌ផ្កាឈូកខ្ចី ពណ៌កាកអំពៅ ពណ៌ទឹកសណ្ដែកខៀវ ពណ៌ត្រាវស្រាលជាដើម សុទ្ធតែជាជម្រើសដ៏ល្អក្នុងក្រុមពណ៌ដ៏ស្រទន់នេះ។ ភាគច្រើនម៉ូដសម្លៀកបំពាក់ទូទៅប្រចាំថ្ងៃ ដែលមានដូចជាអាវសាច់ក្រណាត់ អាវយឺត អាវក្រៅ ខោ សំពត់ និងរ៉ូបជាដើម និយមប្រើក្រុមពណ៌នេះ ដូចដែលម៉ាក Tommy Hilfiger, Moschino, Chanel, OFF-WHITE, Nicole Miller បានបង្ហាញ៕
Article by LENG CHANREASEY