ប៉ិច ស្រីណុច ផ្លាស់ប្តូរជីវិត៣៦០ដឺក្រេ ក្រោយក្លាយជាម្ចាស់ពាន Master Chef Khmer រដូវកាលទី២
NEWS 4 years agoថ្វីដ្បិតតែរដូវកាលទី២បានបញ្ចប់មួយរយៈទៅហើយក្តី ប៉ុន្តែប្រិយមិត្តនៅតែរង់ចាំទស្សនាការវិវឌ្ឍជាបន្តបន្ទាប់របស់ម្ចាស់ជ័យលាភី ពីការនាំយកបទពិសោធន៍ធ្វើម្ហូបរបស់រូបគេ មកធ្វើជាភាពជោគជ័យសម្រាប់អនាគត។ ចុះតើម្ចាស់ពាន Master Chef Khmer រដូវកាលទី២នេះជានរណា? ហើយតើរូបគេនឹងយកបទពិសោធន៍ពីផ្ទះបាន Master Chef Khmer ទៅវិវឌ្ឍលើវិស័យម្ហូបអាហារយ៉ាងណាខ្លះ?
ថ្លែងនៅក្នុងទឹកមុខស្រស់ស្រាយនិងជឿជាក់ ប៉ិច ស្រីណុច ម្ចាស់ពានរង្វាន់ Master Chef Khmer រដូវកាលទី២ គឺជានិស្សិតឆ្នាំទី៣ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ជំនាញ គីមីអាហារ។ ក្រោយពីទទួលជោគជ័យពីកម្មវិធី Master Chef Khmer រដូវកាលទី២រួច កញ្ញាស្រីណុច បានចាប់ដៃគ្នាជាមួយបេក្ខជន Master Chef ម្នាក់គឺលោក ឈុំ រ៉ាដូ បើកជាភោជនីយដ្ឋានថ្មីសន្លាងមួយឈ្មោះថា Home Steak ដែលមានទីតាំងនៅម្តុំបឹងត្របែកក្នុងរាជធានីភ្នំពេញ និងមានគម្រោងស្វែងរកវិនិយោគិនបង្កើតជារោងចក្រអាហារមួយក្នុងប្រទេសកម្ពុជា ដោយសារតែមានជំនាញផ្នែកអាហារនេះស្រាប់។
ជជែកពីអតីតកាលបន្តិច ស្រីណុចបានរំឮកថា កញ្ញាជាអ្នកគាំទ្រកម្មវិធីបរទេស Master Chef Junior កាលពីនៅរៀនឆ្នាំទី១មកម្ល៉េះ ហើយកញ្ញាក៏មានអារម្មណ៍រំភើបពេលឃើញកម្មវិធី Master Chef មកដល់កម្ពុជា។ ប៉ុន្តែតាមពិតទៅកញ្ញាស្រីណុច មិនធ្លាប់ស្រមៃថាខ្លួនឯងនឹងក្លាយជាចុងភៅ ឬមានចំណង់ចំណូលចិត្តធ្វើការងារជាចុងភៅឡើយ។ ថ្វីដ្បិតតែបែបនេះមែន ម្ចាស់ពានវ័យ២១ឆ្នាំរូបនេះ គឺជាមនុស្សដែលចូលចិត្តភ្លក្សម្ហូបថ្មីៗ និងចូលចិត្តចម្អិនម្ហូបសម្រាប់ការជួបជុំក្នុងគ្រួសារ ហើយតែងតែទទួលបានការសរសើរពីសំណាក់ញាតិមិត្តបងប្អូនជាញឹកញាប់។ ដោយសារតែជាអ្នកគាំទ្រកម្មវិធី Master Chef និងចង់ដកពិសោធន៍ថ្វីដៃធ្វើម្ហូបរបស់ខ្លួនខ្លះៗផង កញ្ញាក៏សម្រេចចិត្តមិនរួញរាក្នុងការដាក់ពាក្យ ចូលរួមប្រកួតក្នុងកម្មវិធី Master Chef Khmer ដោយមិនមានការលើកទឹកចិត្តពីអ្នកនៅជុំវិញខ្លួនទាល់តែសោះ។ ក្នុងនាមជាម្ចាស់ពានក្នុងកម្មវិធី Master Chef Khmer កញ្ញាស្រីណុចនិយាយថា៖ “ពេលខ្ញុំចូលប្រកួត ក៏គ្មានអ្នកជំរុញទឹកចិត្តឲ្យមកប្រកួតដែរ ប៉ុន្តែខ្ញុំបានជម្នះហើយមកដាក់ពាក្យប្រកួតដោយខ្លួនឯង។ ដូច្នេះបានន័យថា យើងត្រូវជឿជាក់លើខ្លួនឯងជាជាងជឿជាក់លើអ្នកដទៃ”។ ពាក្យរិះគន់ជាច្រើនបានលេចឡើងបន្តបន្ទាប់ក្រោយពេលកញ្ញាស្រីណុច បានក្លាយជាម្ចាស់ពាន Master Chef Khmer រដូវកាលទី២។ ប៉ុន្តែនេះជាអ្វីដែលកញ្ញាស្រីណុច តែងតែទទួលយក ដ្បិតវាបង្កប់ចំណុចវិជ្ជមានជាច្រើនសម្រាប់យកមកអភិវឌ្ឍខ្លួនទៅថ្ងៃអនាគត។
កញ្ញាស្រីណុចលើកឡើងថា៖ “នៅពេលដែលបានក្លាយជាម្ចាស់ពាន វាបានក្លាយជារបត់ជីវិតសំខាន់មួយរបស់ខ្លួនឯងដែលធ្វើឲ្យខ្ញុំបានផ្លាស់ប្តូរជីវិតខ្លួនឯង ៣៦០ ដឺក្រេ។ បើធៀបពីមុន ខ្ញុំសឹងមិនដែលស្គាល់ក្រដាស ១០០ដុល្លារផង ប៉ុន្តែពេលដែលខ្ញុំបានទទួលពានរង្វាន់និងថវិកា វាធ្វើឲ្យខ្ញុំមានលទ្ធភាពបើកអាជីវកម្មដោយខ្លួនឯងបាន។ បើនិយាយពីជីវិតក្នុងសង្គមវិញក៏មានការខុសប្លែក ដោយសារពេលនេះមានគេស្គាល់ច្រើន ហើយពេលចេញទៅណាមកណា មានប្រិយមិត្តហៅនិងស្វាគមន៍ច្រើន ធ្វើឲ្យខ្ញុំមានអារម្មណ៍ថាសប្បាយចិត្ត។ បទពិសោធន៍នេះធ្វើឲ្យជីវភាពគ្រួសារខ្ញុំមានការប្រែប្រួលច្រើន។ ចំណែកជំនាញនៅក្នុងផ្ទះបាយវិញ ក៏មានការរីកចម្រើនច្រើនពីមួយវគ្គទៅមួយវគ្គ”។ កញ្ញានិយាយថា ការប្រកួត Master Chef Khmer បានបង្កប់នូវវិញ្ញាសាជាច្រើន ដែលតម្រូវឲ្យបេក្ខជន បង្ហាញពីស្នាដៃធ្វើម្ហូបជាច្រើនមុខ និងច្រើនប្រភេទ ក្នុងនោះក៏មានទាំងម្ហូបដែលផ្សំពីគ្រឿងទេសបែបខ្មែរ និងបរទេស។ ឆ្លងកាត់ការប្រកួតហើយ កញ្ញាស្វែងយល់កាន់តែច្បាស់ថាតាមពិតទៅគ្រឿងទេសបែបខ្មែរក៏អាចផ្សំជាមុខម្ហូបបរទេសបានដែរ ដែលនេះជាផ្នែកមួយក្នុងការចូលរួមលើកកម្ពស់គ្រឿងទេសខ្មែរនៅក្នុងការចម្អិនម្ហូបល្បីៗរបស់បរទេស។
ជជីកសួរពីយុទ្ធសាស្រ្តក្នុងការដណ្តើមយកជ័យជម្នះពីកម្មវិធី Master Chef Khmer វិញ ម្ចាស់ពានរដូវកាលទី២រូបនេះ បានសង្កត់ធ្ងន់លើការហ្វឹកហាត់អនុវត្ត។ កញ្ញាបានបង្ហើបថា ដើម្បីត្រៀមខ្លួនចូលប្រកួត កញ្ញាបានបើកមើលកម្មវិធី Master Chef Khmer រដូវកាលទី១ ហើយរៀនអនុវត្តខ្លួនឯង ដូចជារៀនគោះស៊ុត រៀនហាន់ខ្ទឹមបារាំងតាមបែបបច្ចេកទេសជាដើម។ បន្ទាប់ពីបានចូលក្នុងការប្រកួតហើយ កញ្ញាស្រីណុចតែងតែព្យាយាមហ្វឹកហាត់នៅក្នុងផ្ទះបាយផ្ទាល់ខ្លួនជានិច្ចនៅពេលត្រៀមចូលប្រឡងក្នុងវគ្គនីមួយៗ។ កញ្ញាបន្ថែមថា៖ “ការប្រកួតគឺមិនមែនផ្តោតលើរសជាតិតែមួយមុខទេ គឺត្រូវការយល់ចិត្តគណកម្មាការផងដែរ។ មកដល់វគ្គផ្តាច់ព្រ័ត្រខ្ញុំបានរើសមុខម្ហូប៣ ដែលខ្ញុំគិតថាគណកម្មាការចូលចិត្ត ព្រោះនោះជាពេលដែលយើងត្រូវយកពិន្ទុពីគណកម្មាការ។ វាដូចជាការរៀបចំម្ហូបជូនភ្ញៀវដែលចូលមកក្នុងហាងយើងដូច្នេះដែរ គឺយើងត្រូវដឹងពីចំណូលចិត្តរបស់ភ្ញៀវដែលធ្លាប់មកហាងយើង ហើយយើងត្រូវគិតពីម្ហូបណាដែលភ្ញៀវចូលចិត្តហើយញ៉ាំបានច្រើន”។
ទោះបីកម្មវិធីរដូវកាលទី២បានបញ្ចប់ទៅហើយក្តី កញ្ញាស្រីណុច នៅតែមានមោទកភាពចំពោះបទពិសោធន៍ដែលខ្លួនទទួលបានពីការប្រកួតកម្មវិធីលំដាប់ពិភពលោកនេះ ហើយក៏បន្ថែមការលើកទឹកចិត្តដល់អ្នកដែលស្រឡាញ់ការចម្អិន ក៏ដូចជាស្រ្តីមេផ្ទះ ជាពិសេសមិត្តនារីឲ្យនាំយកភាពក្លាហាន និងម៉ឹងម៉ាត់ ទៅក្នុងការប្រកួត ដែលនេះហើយជាកត្តាដែលអាចទាក់ចិត្តគណកម្មាការបាន។ កញ្ញាស្រីណុចនិយាយថា៖ “ខ្ញុំចង់លើកទឹកចិត្តឲ្យនារី ត្រូវដាក់គោលដៅធ្វើអ្វីដែលខ្លួនស្រឡាញ់ហើយព្យាយាមធ្វើវាឲ្យបានសម្រេច។ ជួនកាលយើងអាចប្តូរយុទ្ធសាស្រ្តតែមិនត្រូវប្តូរគោលដៅនោះទេ”៕
Article by HEM SOKKHIM