×

​«​ម្អម​»​ ​មាន​តួនាទី​យ៉ាងសំខាន់​ចំពោះ​សុខភាព​លើស​ពី​អ្នក​បាន​ដឹង​!

TRAVEL & LIVING 3 years ago
 
 

           «​ម្អម​»​ ​ត្រូវ​បាន​គ្រប់គ្នា​ភ្នកនឹក​ដល់​សម្ល​ខ្មែរ​បែប​ស្រុកស្រែ​ចម្ការ​ភ្លាម​រហ័ស​ភ្លែត​ ​ក៏​ព្រោះតែ​រុក្ខជាតិ​នេះ​គឺជា​គ្រឿង​បង់​បន្ថែម​ក្លិន​ហូប​ឆៅ​ឆ្អិន​ដែល​តែង​មាន​វត្តមាន​នៅ​ក្នុង​មុខម្ហូប​ប្រពៃណី​ខ្មែរយើង​ ​ជាពិសេស​គឺ​សម្លម្ជូរ​តែម្តង​។​ ​ម្អម​មាន​ពីរ​ប្រភេទ​មួយ​ប្រភេទ​ដើម​និង​ស្លឹក​ខៀវ​ ​រីឯ​មួយទៀត​ប្រភេទ​ក្រហមចាស់​ ​ផ្កា​វា​សម្បុរ​ស្វាយ​ ​ក្លិន​វា​រាង​ហាង​ឆួល​លាយ​ក្រអូប​បន្តិចៗ​ ​ហើយ​ជាទូទៅ​តិណជាតិ​ឬ​ស្មៅ​មួយ​ប្រភេទ​នេះ​រមែង​ដុះ​ដោយអន្លើ​នៅ​តាម​ទី​ទឹករាក់​ៗ​ឬ​ទី​ដីសើម​តាម​ទំនាប​​ ​ភាគច្រើន​គឺ​នៅតាមវាលស្រែ​។​ ​ថ្វី​ដ្បិតតែ​ម្អម​ជា​គ្រឿង​បង់​បន្ថែម​ក្លិន​ ​ប៉ុន្តែ​រុក្ខជាតិ​នេះ​ក៏បាន​លាក់កំបាំង​នូវ​អត្ថ​ប្រយោជន៍​ចំពោះ​សុខភាព​មិនចាញ់​បន្លែ​ផ្លែឈើ​ដទៃ​ប៉ុន្មាន​ឡើយ​។​ ​តួយ៉ាង​នៅ​ក្នុង​ម្អម​មាន​ផ្ទុក​ទៅ​ដោយ​វីតាមីន​ ​A​,B,C ​ជាតិ​ដែក​ ​កាល់​ស្យូ​ម​ ផូស្វ័​រ​ ​និង​សារធាតុ​ ​L​i​m​one​n​e​ ​។​ ​ចុះ​តើ​អាហារ​រូប​ត្ថម្ភ​ទាំងនេះ​បាន​ផ្តល់​ប្រយោជន៍អ្វី​ខ្លះ​ចំពោះ​សុខភាព​?

           ​តាមធម្មតា​ប្រជាជន​ខ្មែរយើង​រមែង​យក​ម្អម​ទៅ​បង់​បន្ថែម​គ្រឿង​សម្រាប់​ស្ល​សម្លម្ជូរ​ ​ខ្លះ​ធ្វើ​គ្រឿង​អន្លក់​ ​ខ្លះទៀត​ធ្វើ​គ្រឿង​ញាំ​ ​ហើយ​រហូតដល់​សម័យ​ទំនើប​គេ​អាច​ច្នៃ​ម្អម​ធ្វើជា​ស្រា​ក្រឡុក​យ៉ាង​ឆ្ងាញ់​ពិសា​ ​ដោយសារតែ​ក្លិន​ដ៏​ប្រហើរ​ ​ឆួល​ ​និង​ចត់​តិចៗ​របស់​វា​។​ ​តាម​ធម្មជាតិ​រុក្ខជាតិ​ម្អម​លូត​ក​ម្ពស់​ខ្ពស់​បំផុត​ប្រមាណ​ត្រឹម​ ​៥​០​ស​.​ម​ដោយមាន​ស្លឹក​ប្រវែង​ពី​២​,​៥​៤​ស​.​ម​ ​ទៅ​៥​ស​.​ម​។​ ​កាលដើមឡើយ​ដើម​ម្អម​មិន​ត្រូវ​បាន​គេ​ដាំ​ដុះ​នោះ​ទេ​ ​ពោល​វា​ដុះ​ដោយឯកឯង​នៅ​តាម​វាល​ស្រែ​​ហើយក៏​មិនសូវ​មាន​អ្នក​ចាប់អារម្មណ៍​ប៉ុន្មាន​ឡើយ​ ​តែ​ឈាន​មកដល់​សម័យ​បច្ចុប្បន្ន​ស្រប​ពេល​តម្រូវ​ការ​កាន់តែ​ច្រើនឡើង​ប្រជាកសិករ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​បាន​ប្រើប្រាស់​ដី​ដែល​សេសសល់​មក​ដាំ​ដុះ​ម្អម​ជា​ដំណាំ​បន្ទាប់បន្សំ​ដើម្បី​ប្រមូល​ផល​ធ្វើអាជីវកម្ម​វិញ​ផង​។​ ​ដោយឡែក​ពី​ប្រធាន​បទ​នៃ​អត្ថបទ​ដែល​យើង​នឹង​រៀបរាប់​អំពី​អត្ថប្រយោជន៍​របស់​ម្អម​ចំពោះ​សុខភាព​ ​ព្រម​ជាមួយគ្នា​នេះ​យើង​ក៏បាន​ពាំ​នាំ​នូវ​វិធីសាស្ត្រ​ក្នុង​ដាំ​ម្អម​នៅផ្ទះ​ដោយខ្លួនឯង​ដោយ​មិន​ចាំបាច់​​ត្រូវការ​ដីស្រែ​តូច​ធំ​វែងឆ្ងាយ​។​ ​យើង​អាច​ស្វែងរក​ម្អម​នៅ​តាម​ទី​ផ្សារ​បាន​យ៉ាង​ងាយស្រួល​ ​ប៉ុន្តែ​ការ​ដាំ​ដុះ​នេះ​យើង​​អាច​ចាត់ទុកជា​កា​រដាក់​រុក្ខជាតិ​សម្រាប់​លម្អ​ផ្ទះ​ផង​ ​ទុកជា​គ្រឿងផ្សំ​សម្រាប់​ប្រើការ​ភ្លាម​ផង​ៗ​ ​ហើយក៏​ជា​ការ​លើក​ទឹក​ចិត្ត​​ឲ្យ​បរិភោគ​បន្លែ​សរីរាង្គ​ឬ​បន្លែ​គ្មាន​ជាតិគីមី​ផង​ដែរ​។​ ​ការ​ដាំ​ម្អម​មិន​ពិបាក​ឡើយ​ ​ជំហាន​ដំបូង​ចូរ​យក​ម្អម​ដែល​ទិញ​​ពី​ផ្សារ​មក​កាត់​យក​គល់​ប្រវែង​ពី​៤​ទៅ​៦​ស​.​ម​បន្ទាប់មក​ដាក់​បញ្ឈរ​ឬ​ត្រាំទឹក​ក្នុង​កូន​កែវ​មួយ​។​ ​ដាក់​ចោល​រយៈពេល​ប្រហែល​ពីរ​ស​ប្តាហ៍​យើង​នឹង​ឃើញ​ថា​ម្អម​ចាប់ផ្តើម​ដុះឫស​វែង​ ​ដែល​វា​ជា​សញ្ញា​ដល់ពេល​ដែល​យើង​ត្រូវ​ប្រមូល​យក​វា​មក​ដាំ​ក្នុង​ដី​វិញ​។​ ​អ្នក​អាច​ប្រើ​ផើង​បួនជ្រុងទ្រវែង​ជម្រៅ​រាក់​ល្មម​ដាក់​ដី​លាយជី​រួច​ស្រោចទឹក​ឲ្យ​សើម​។​ ​យក​ចង្កឹះ​រុក​ដី​ជា​ប្រហោង​ៗ​បន្ទាប់មក​យក​ដើម​ម្អម​ដាក់​ដោត​ចូល​ទៅ​ក្នុង​រន្ធ​ទាំងនោះ​។​ ​ដំណាំ​រុក្ខជាតិ​ម្អម​ត្រូវការ​សំណើម​​​ជាប់​ជានិច្ច​ ​វា​មិន​ត្រូវការ​ពន្លឺ​ថ្ងៃ​តែ​ត្រូវការ​សំណើម​និង​ទឹក​ ​ដូច្នេះ​ក្រោយ​ដោត​ដាំ​ដើម​ម្អម​រួចរាល់​យើង​យក​ឈើ​ឬ​ចង្កឹះ​មក​ដាំ​នៅត្រង់​ជ្រុង​កែង​នីមួយៗ​ ​ហើយ​យក​ថង់​ផ្លា​ស្ទិ​កម​ក​គ្រប​ពីលើ​ឲ្យ​ជិត​ផើង​តែម្តង​។​ ​ឧ​ស្សាហ៍​បើក​ថង់​ស្រោច​ទឹក​​ដើម្បី​រក្សា​សំណើម​ដី​ ​ប៉ុន្តែ​សម្រាប់​ថ្ងៃ​ណា​ដែល​មាន​អាកាសធាតុ​ក្តៅ​ខ្លាំង​ដល់ពេល​យប់​ឡើង​យើង​ត្រូវ​បើក​បង្ហើប​ថង់​ឲ្យ​សំណើម​ហួត​ចេញ​ខ្លះ​រួច​គ្រប​វិញ​នៅ​ពេលព្រឹក​។​ ​រយៈពេល​ពីរ​ទៅ​បី​ស​ប្តាហ៍​កាលណា​ដើម​ចាប់​ឫស​រឹង​មាំ​ហើម​ ​ដើម​ម្អម​អាច​មើលទៅ​រាង​ស្វិត​ឬ​ស្រពោន​បន្តិច​ ​ប៉ុន្តែ​ត្រូវ​រក្សា​ការ​ផ្តល់​សំណើម​ដែល​វា​នឹង​ឲ្យផល​លាស់​មកវិញ​ជាមួយ​ពន្លក​​ត្រួយ​ថ្មី​ដុះ​នៅ​តាម​ថ្នាំង​នីមួយៗ​។​ ​មកដល់​ដំណាក់កាល​នេះ​យើង​មិន​ចាំបាច់​ខ្វាយខ្វល់​វា​ច្រើន​ទៀត​នោះ​ទេ​ ​ដោយ​គ្រាន់តែ​បើក​ថង់​ស្រោចទឹក​រក្សា​សំណើម​ហើយ​គ្រប​វិញ​តាម​ពេលទំនេរ​ជាការស្រេច​។​ ​ចំពោះ​ការ​ផ្តល់​ជីវជាតិ​ដី​ ​រៀង​រាល់​​បី​ខែ​ម្តង​អាច​បន្ថែម​ដាក់ជី​បន្តិចបន្តួច​គឺ​គ្រប់គ្រាន់​។​ ​ម្អម​អាច​មាន​អាយុ​ត្រឹមតែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ​ ​ដូច្នេះ​យើង​អាច​អនុវត្​ត​ដាំ​ដុះ​ដើម​ថ្មី​តាមរយៈ​ការ​កាត់​គល់​ដោត​ដី​ដូច​វិធី​ដើម​វិញ​ក៏​ជាការស្រេច​។​

           ​ក្រោយ​ពី​ទទួល​បាន​ចំណេះ​ដឹង​អំពី​ការ​ដាំ​ដុះ​រុក្ខជាតិ​ម្អម​នៅផ្ទះ​ដោយខ្លួនឯង​ ​ឥឡូវនេះ​យើង​មក​ដឹង​អំពី​អត្ថ​ប្រយោជន៍​​ចំពោះ​ការ​ទទួលទាន​វា​វិញ​ម្តង​។​ ​តាម​ការ​សិក្សាស្រាវជ្រាវ​របស់​អ្នកជំនាញ​ ​ម្អម​គឺ​មាន​ផ្ទុក​នូវ​សារធាតុ​សំខាន់​ៗ​​​ដែល​ជា​ឱសថ​ព្យាបាល​ ​និង​ប្រឆាំង​មេរោគ​បង្ក​បញ្ហា​សុខភាព​ដូចជា​ ​រោគ​ផ្តាសាយ​ ​ក្អក​ ​ក​ម្ចាត់​ជាតិពុល​ ​ពង្រឹង​ប្រព័ន្ធ​ការពារ​ ​និង​ប្រភេទ​ជំងឺ​ផ្លូវ​ដង្ហើម​រួម​មាន​ ​ជំងឺ​ហឺត​ ​ជំងឺ​រលាក​ទងសួត​ ​រលាក​បំពង់ក​ ​និង​ជំងឺក្អកមាន់​ជាដើម​។​ ​ម្អម​ផ្ទុក​នូវ​សមាសធាតុ​ម្យ៉ាង​ដែល​ធ្វើឲ្យ​ស្រាកស្រាន្ត​ពី​អារម្មណ៍​តានតឹង​តប់ប្រមល់​ ​និង​រក្សា​ឲ្យ​អារម្មណ៍​ស្ងប់​ល្អ​ ​ជាពិសេស​វា​ជួយ​ព្យាបាល​ការ​ហើម​រលាក​ ​និង​ការពារ​ការ​ឆ្លង​មេរោគ​នៅ​លើ​ដំបៅ​ឬ​ស្នាមរបួស​ ​ព្រមទាំង​ជួយ​ព្យាបាល​របួស​ឲ្យ​ជា​សះស្បើយ​ឆាប់រហ័ស​។​ ​សម្រាប់​ស្ត្រី​មានផ្ទៃពោះ​វិញ​ ​ការ​ពិសា​ម្អម​នឹង​បង្កើន​ការ​ផលិត​ទឹកដោះ​ហើយក៏​ធ្វើឲ្យ​ទឹកដោះ​ម្តាយ​មាន​ជីវជាតិ​បំប៉ន​ដល់​សុខភាព​កូន​នៅ​ពេល​បំបៅ​ផង​ដែរ​។​

           ​ជា​រួម​មក​ម្អម​គឺជា​រុក្ខជាតិ​ដែល​ស្ថិត​ក្នុងចំណោម​ឱសថ​បុរាណ​ជំនួយ​សុខភាព​ដ៏​ល្អ​ប្រសើរ​ហើយ​វាក៏​នៅតែ​មាន​ប្រជាប្រិយភាព​ណាស់​ដែរ​ចំពោះ​ការប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ទៅលើ​មុខម្ហូប​ប្រពៃណី​ខ្មែរ​។​ ​ទាំងនេះ​អាច​ជា​ចំណេះ​ដឹង​ថ្មី​បន្ថែម​ដែល​ប្រិយ​មិត្ត​ក៏ដូចជា​ស្ត្រី​មេផ្ទះ​ទូទៅ​សឹងតែ​មិនធ្លាប់​គិតដល់​ ​ហើយ​ ​សូវ​រី​ន​ ​នឹង​នាំ​យក​នូវ​អាថ៌កំបាំង​ផ្ទះ​បាយ​​បន្ថែម​​ទៀត​មក​ជម្រាប​ជូន​ប្រិយ​មិត្ត​បន្ថែម​ទៀត​៕​

​Article​ ​by​ ​HEM SOKKHIM


SUGGESTIONS