គ្រឿងសម្អាងតុបតែងមុខនិងស្ត្រីបៀបបីដូចជាគូស្នេហ៍ស្អិតរមួតដែលសឹងគ្មានអ្វីអាចមកបំបែកបាន។ ការផាត់មុខបែបស្រាលៗឬយើងហៅថាបែបធម្មជាតិគឺជាវិធីតុបតែងងាយស្រួលមួយដែលស្ត្រីទូទៅធ្វើឡើងប្រចាំថ្ងៃ ប៉ុន្តែអ្វីដែលស្ត្រីភាគច្រើនរមែងទើសទាល់គឺរាល់ពេលផាត់រួចតែងឃើញក្រាស់ពេក ដិតពេក ឆើតពេក និងពេលខ្លះទៀតឡើងកកម្សៅទៀតផង។ ដូច្នេះ សូវរីន នឹងធ្វើការបង្ហាញអំពីគន្លឹះក្នុងការតុបតែងមុខឲ្យស្រស់ស្អាតបែបធម្មជាតិ ព្រមទាំងណែនាំអំពីប្រភេទផលិតផលគ្រឿងសម្អាងទាំង៧ដែលប្រើប្រាស់ស័ក្តិសមចំពោះការតុបតែងមុខបែបធម្មជាតិផងដែរ។
• ម្សៅទ្រនាប់
នៅពេលផាត់មុខបែបធម្មជាតិ ជឿជាក់ថាសុភាពនារីភាគច្រើនមិនសូវជាចូលចិត្តប្រើម្សៅទ្រនាប់ប៉ុន្មានឡើយ ប៉ុន្តែបើសុភាពនារីមានស្បែកមុខគ្រើមឬមិនម៉ដ្តរលោងគួរតែពិចារណាទៅលើចំណុចនេះ។ ម្សៅទ្រនាប់ដែលស័ក្តិសមចំពោះការផាត់មុខបែបធម្មជាតិគឺជាប្រភេទម្សៅទ្រនាប់សាច់ខៃស្តើង និងពណ៌ស្រាលដូចទៅនឹងពណ៌ស្បែកធម្មជាតិឬភ្លឺជាងពណ៌ស្បែកធម្មជាតិបន្តិច។ ការផាត់ម្សៅទ្រនាប់ឲ្យចូលសាច់មុខល្អ គួរគប្បីផាត់តប់ឲ្យសព្វសាច់ ផាត់តែកន្លែងណាដែលចាំបាច់ សំខាន់ជ្រើសរើសការប្រើជក់ផាត់ជាជាងការប្រើអេប៉ុង។
• ម្សៅ Concealer
សម្រាប់សុភាពនារីមានស្បែកមុខស្នាមប្រើប្រាស់តែម្សៅទ្រនាប់មួយមុខគឺមិនគ្រប់គ្រាន់នោះទេ ជាមួយគ្នានេះក៏ត្រូវប្រើរួមគ្នាជាមួយម្សៅ Concealer ផងដែរ។ ម្សៅ Concealer មានតួនាទីយ៉ាងសំខាន់ក្នុងការបិតបាំង ស្នាមជាំ អុជខ្មៅ ថ្នក់ភ្នែកខ្មៅ និងស្នាមពណ៌ផ្សេងៗបានយ៉ាងល្អ។ ផលិតផល Concealer មានច្រើនពណ៌ដែលតម្រូវបិតបាំងទៅតាមប្រភេទពណ៌ស្នាមនីមួយៗ។ តួយ៉ាង Concealer ពណ៌បៃតងមានតួនាទីកៃខៃទៅលើស្នាមពណ៌ក្រហមនិងក្រហមរាងក្រមៅ Concealer ពណ៌លឿងកែខៃទៅលើស្នាមពណ៌ផ្កាឈូកនិងពណ៌ក្រហមស្រាល Concealer ពណ៌ផ្កាឈូកកែខៃទៅលើស្នាមពណ៌លឿងនិងបៃតងស្រាល Concealer ពណ៌ក្រហម ទឹកក្រូច លឿងទុំ កៃខៃទៅលើស្នាមពណ៌ខៀវ ស្វាយ បិតបាំងអាចម៍រុយ ជាំខ្មៅ និងថ្នក់ខ្មៅក្រោមភ្នែក ចំណែក Concealer ពណ៌ស្វាយនិងខៀវកែខៃទៅលើស្នាមពណ៌លឿង ទឹកក្រូច អុជខ្មៅ និងជាំខ្មៅដោយសារមុន។ ការលាប Concealer ទាមទារការលាបស្តើងៗ និងតប់ឲ្យស្មើសាច់ដើម្បីជៀសវាងឡើងកកនៅពេលលាបគ្រឿងតុបតែងផ្សេងៗនៅជំហានបន្តបន្ទាប់។
• ពណ៌ថ្ពាល់
គួរចងចាំថាការផាត់មុខបែបធម្មជាតិគប្បីប្រើពណ៌បែបស្រាលស្រទន់ដែលជាមន្តស្នេហ៍ទាក់ទាញមិនចេះជិនណាយ។ ជ្រើសរើសពណ៌ផាត់ថ្ពាល់ ពណ៌ឈូកស្រាល ពណ៌ឈូកបែកក្បឿង ឬពណ៌ឈូកបែកមាស មកផាត់នៅត្រង់ឆ្អឹងថ្ពាល់ រួមទាំងយកមកផាត់បន្ថែមជាស្រមោលនៅលើត្របកភ្នែកផងដែរ។
• ក្រែមបបូរមាត់
អាចជ្រើសរើសជាប្រភេទក្រែមទឹករលោង ជែល ឬក្រែមប្រភេទក្រមួន ចំណែកឯពណ៌អាចជាពណ៌ឈូក ឈូកបែកក្រហម និងឈូកបែកទឹកក្រូចជាដើម។ សម្រាប់អ្នកស្រឡាញ់ពណ៌ស្រស់ៗដិតៗអាចប្រើម្រាមដៃបៀកតែបន្តិច រួចតប់ៗលើបបូរមាត់យកប្រឿងៗជាការស្រេច។ តែប្រសិនបើអ្នកមិនចង់សាំញាំច្រើនអាចគ្រាន់តែលាបបែបក្រហមក្នុងក៏ជាការស្រេច។
• ម៉ាស្ការា៉ (Mascara)
ការផាត់មុខបែបធម្មជាតិ បើជៀសបានគួរជៀសការប្រើ Eyeliner ដោយជំនួសមកប្រើម៉ាស្ការ៉ាវិញ។ ជ្រើសរើសម៉ាស្ការ៉ាប្រភេទជួយបណ្តុះរោមឲ្យវែងនិងមានភាពធន់បានយូរ។ នៅពេលលាបគួរសិតទឹកថ្នាំស្តើងៗហើយសិតឲ្យឡើងងដើម្បីឲ្យភ្នែកឃើញស្រឡះស្អាតបែបធម្មជាតិ។
• ខ្មៅដៃគូរចិញ្ចើម
សម្រាប់អ្នកមានរោមចិញ្ចើមច្រើនស្រាប់អាចមិនជាថ្វី ដោយគ្រាន់តែសិតយករាងបន្តិចជាការស្រេច។ ប៉ុន្តែសម្រាប់អ្នកមិនសូវមានចិញ្ចើមអាចត្រៀមខ្មៅដៃគូរចិញ្ចើមពណ៌សូកូឡាឬពណ៌ត្នោតខ្ចីដែលវាស័ក្តិសមបំផុតចំពោះការផាត់មុខបែបធម្មជាតិ ហើយវាក៏ស៊ីមេទ្រីទៅនឹងពណ៌សក់គ្រប់ពណ៌ផងដែរ។
• វីតាមីនអ៊ី(E)
ថ្វីដ្បិតវីតាមីនអ៊ី (E) មិនស្ថិតក្នុងចំណោមផលិតផលតុបតែងមុខ តែសូវរីនសូមផ្តល់ដំបូន្មានដល់សុភាពនារីគួរតែប្រើប្រាស់រៀងរាល់យប់មុនពេលចូលគេងដើម្បីធ្វើឲ្យស្បែកមុខទន់ភ្លឺរលោងមានសុខភាពល្អ ពិសេសជួយជំរុញដល់សម្រស់ផាត់មុខកាន់តែស្រស់ស្អាតទ្វេឡើង។ អ្នកអាចអនុវត្តមុនចូលគេងដោយយកវីតាមីនអ៊ី២ទៅ៣តំណក់មកលាបនៅត្រង់ឆ្អឹងថ្ពាល់ និងតំបន់ស្បែកស្ងួត (ជៀសវាងតំបន់ស្បែកខ្លាញ់) ទុកចោលរហូតដល់ភ្លឺអ្នកនឹងមានអារម្មណ៍ថាស្បែកនឹងមានសភាពទន់ភ្លឺរលោង ហើយវាក៏នឹងអំណោយផលសម្រាប់ការតុបតែងមុខជាមួយផលិតផលផ្សេងៗបានយ៉ាងល្អ។
ទាក់ទងនឹងសម្រស់មានចំណុចសាមញ្ញជាច្រើនដែលសុភាពនារីមិនធ្លាប់គិតដល់។ ខាងលើនេះថ្វីដ្បិតជាចំណុចតូចមួយ ប៉ុន្តែវាអាចជាគន្លឹះដែលធ្វើឲ្យទម្លាប់តុបតែងក៏ដូចជាសម្រស់របស់អ្នកផ្លាស់ប្តូរទាំងស្រុង។ គួបផ្សំនឹងភាពស្រស់ស្អាតតាមរយៈការតុបតែង សុភាពនារីគួរគប្បីមិនភ្លេចឡើយក្នុងការថែរក្សាសម្រស់តាមរយៈការទទួលទានបន្លែផ្លែឈើ ផឹកទឹកឲ្យបានច្រើន ធ្វើលំហាត់ប្រាណជាប្រចាំ និងគេងឲ្យបានគ្រប់គ្រាន់ ដើម្បីទទួលបានភាពស្រស់ស្អាតចេញពីខាងក្នុង៕
Article by HEM SOKKHIM