នៅក្នុងសតវត្សរ៍ទី២១នេះ បានបង្ហាញពីទិដ្ឋភាពខុសប្លែកជាច្រើនខុសពីសតវត្សរ៍មុនៗ តួយ៉ាង មនុស្សស្ទើរតែជុំវិញពិភពលោកបានផ្លាស់ប្តូរទំនៀមទម្លាប់នៃការរស់ជាច្រើន តួយ៉ាង វិស័យឧស្សាហកម្មហ្វេហ្សិនមានការរីកចម្រើនគួរឲ្យកត់សម្គាល់ដោយមនុស្សគ្រប់រូបចាប់ផ្តើមស្វែងយល់ពីការស្លៀកពាក់តាមសម័យកាល ឬកាលៈទេសៈផ្សេងៗផងដែរ។ ជាក់ស្តែង ការស្លៀកពាក់របស់ស្ត្រីស្ថិតក្នុងប្រទេសមួយចំនួននៃតំបន់អាស៊ីនបច្ចុប្បន្នមានកម្រិតនៅឡើយដូចជា៖ ឈុតសម្លៀកបំពាក់ហែលទឹកសម្រាប់កុមារ ឬនារីជាដើម។
ជំនួបជាមួយនឹងស្ថាបនិកានៃអាជីវកម្មលក់សម្លៀកបំពាក់ឈុតហែលទឹក «MARA Swimwear» កញ្ញា វង់ ដារ៉ា ឈ្មោះក្រៅហៅថា ម៉ារ៉ា ជានិស្សិតកំពុងសិក្សាលើមុខជំនាញហ្វេហ្សិនឌីហ្សាញ នៃសាកលវិទ្យាល័យ លីម កុកវីង បានបង្ហើប សូវរីន ពីគំនិតសំខាន់ៗជាច្រើនពីក្រោយការច្នៃម៉ូដឈុតសម្លៀកបំពាក់ហែលទឹកយ៉ាងដូច្នេះដែរថា៖ «បច្ចុប្បន្នការច្នៃម៉ូដនីមួយៗភាគច្រើនសុទ្ធសឹងតែផ្តោតលើសម្លៀកបំពាក់សម្រាប់ធ្វើការ ឬសម្លៀកបំពាក់សម្រាប់ការចូលរួមកម្មវិធីនានាជាដើម ក៏ប៉ុន្តែសម្រាប់ការច្នៃម៉ូដឈុតសម្លៀកបំពាក់ហែលទឹកវិញហាក់បីដូចជាពុំទាន់មានការច្នៃម៉ូដឲ្យកាន់តែទូលាយនៅឡើយ ដោយយើងទាំងអស់គ្នាបានឃើញហើយថាឈុតសម្រាប់ហែលទឹកភាគច្រើនយើងនាំចូលពីប្រទេសខាងក្រៅ រីឯការផ្គត់ផ្គង់ ឬការផលិតក្នុងស្រុកពុំទាន់មានទីផ្សារខ្ពស់នោះទេ ដូច្នេះដែរវាជាឱកាសដ៏ល្អមួយសម្រាប់ខ្ញុំអាចបង្ហាញពីសមត្ថភាពក្នុងការបង្កើតឈុតហែលទឹកទៅកាន់ប្រជាជនខ្មែរដែលនិយមចូលចិត្ពហែលទឹកអាចងាកយករកផលិតផលក្នុងស្រុកប្រកបដោយគុណភាព ទាន់សម័យ និងស៊ីវិល័យទៅតាមបរិបទសម័យកាលផងដែរ មួយវិញទៀត តាមរយៈការច្នៃម៉ូដឈុតហែលទឹកនេះក៏ជាផ្នែកមួយដែលបានលើកស្ទួយដល់សេដ្ឋកិច្ចប្រជាជនខ្មែរថែមទៀតដូចជា៖ ការផ្តល់ឱកាសការងារដល់ប្រជាជនខ្មែរអាចឲ្យពួកគេរកកម្រៃសម្រាប់ជីវភាពជាដើម»។
កញ្ញា វង់ ដារ៉ា
ទោះបីជាមានផលពិបាក និងគំនិតអវិជ្ជមានច្រើនក៏ដោយ កញ្ញា ម៉ារ៉ា នៅតែព្យាយាមពន្យល់មូលហេតុ និងលើកភស្តុតាងនានា ដើម្បីឲ្យប្រជាជនខ្មែរដែលមានផ្នត់គំនិតអវិជ្ជមានទទួលយកនូវការផ្លាស់ប្តូរទៅតាមកាលៈទេសៈ។ ជាក់ស្តែង ការរចនា និងការច្នៃម៉ូដឈុតសម្លៀកបំពាក់សម្រាប់ហែលទឹក គឺជាការច្នៃស្របទៅតាមដងខ្លួនរបស់មនុស្សម្នាក់ៗ ដើម្បីសម្រួលការហែលទឹករបស់ពួកគេឲ្យមានភាពងាយស្រួល ជាទូទៅ ឈុតហែលទឹកតែងមានលក្ខណៈសិចស៊ី បង្ហាញរាង និងឈុតហែលទឹកខ្លះមានម៉ូដសាមញ្ញជាដើម។ ប្រសិនបើយើងងាកមកចាំអារម្មណ៍លើការបញ្ចេញម៉ូដលើឈុតនីមួយៗរបស់ «Mara Swimwear» គឺក្នុងមួយឆ្នាំ ស្ថាបនិកា កញ្ញា ម៉ារ៉ា បញ្ចេញម៉ូដខូឡិកហ្សិនធំៗចំនួន២ និងម៉ូដខូឡិកហ្សិនតូចៗចំនួន២ ម៉ូដខូឡិកហ្សិនតាមរដូវកាលក្នុងមួយឆ្នាំផងដែរ។ «Evocative Blooming» ជាខូឡិកហ្សិនថ្មីដែលបានច្នៃយ៉ាងពិសេសបំផុតសម្រាប់រដូវក្តៅដែលបង្ហាញពីទិដ្ឋភាពយ៉ាងរស់រវើកស្រស់បំព្រងនៃការរីកចម្រើនវិស័យកីឡាហែលទឹកនៅក្នុងអំឡុងឆ្នាំ១៩៥០ រហូតដល់ឆ្នាំ ១៩៦០។
ជាចុងក្រោយ ពីក្រោយភាពជោគជ័យក្នុងការច្នៃម៉ូដឈុតសម្លៀកបំពាក់ហែលទឹករបស់អាជីវកម្ម «Mara Swimwear» គឺជាសាស្ត្រាចារ្យជនជាតិបារាំងម្នាក់ អ្នកស្រី Sarah Boulet ដែលតែងចង្អុលបង្ហាញ ក៏ដូចជាលើកទឹកចិត្តសម្រាប់កញ្ញាក្នុងការមកដល់គោលដៅនៃភាពជោគជ័យនេះ៕
Article by PAN SIVLY