ត្រូវបានគេស្គាល់ថា ដាវ (Dav) សហគ្រិនវ័យ២១ឆ្នាំរូបនេះ មានឈ្មោះពិតថា ម៉ៅ សាលីន ជាស្ថានិកហាងនំដែលពង្រីកសាខាបានយ៉ាងច្រើនទូទាំងប្រទេសក្នុងរយៈពេលដ៏ខ្លី។ បច្ចុប្បន្ននេះ កញ្ញា ដាវ គឺជាសហគ្រិនឆ្នើមមួយរូប ដែលគ្រប់គ្រងហាងនំ The Cake, សាលានំ, The Cake Factory, និង The Wedding Cake ។
មានស្រុកកំណើតនៅខេត្តបាត់ដំបង កញ្ញា ដាវ បានប្រឡូកក្នុងការធ្វើអាជីវកម្មជាច្រើនឆ្នាំមកហើយ ពោលគឺតាំងពីនៅកំពុងសិក្សាថ្នាក់អនុវិទ្យាល័យមកម្ល៉េះ។ សហគ្រិនរូបស្រស់ម្នាក់នេះ ក៏ធ្លាប់ជាសិស្សឆ្នើមមួយរូបនៅក្នុងការសិក្សាផងដែរ។ ប៉ុន្តែដោយសារទំនួលខុសត្រូវក្នុងអាជីវកម្ម កញ្ញា ដាវ បានសម្រេចចិត្តព្យួរការសិក្សាមួយរយៈបន្ទាប់ពីបញ្ចប់ការសិក្សាកម្រិតមធ្យមសិក្សាបឋមភូមិ ដើម្បីចាប់យកឱកាសពង្រីកអាជីវកម្ម។
កញ្ញាដាវ បានរំឮកថា កញ្ញាបានចាប់ផ្តើមអាជីវកម្មពីការរៀបចំប៉ោងៗនៅក្នុងកម្មវិធីផ្សេងៗដូចជា កម្មវិធីខួបកំណើត និងជប់លៀងខ្នាតតូចធំជាដើម ព្រោះមានទេពកោសល្យនិងក្តីស្រមៃចង់សិក្សាផ្នែក រៀបចំផ្នែកខាងក្នុង Interior Design នៅថ្ងៃអនាគត។ បន្ទាប់ពីប្រឡូកក្នុងអាជីវកម្មរៀបប៉ោងៗបាន១ឆ្នាំ កញ្ញាដាវ ក៏បានរិះរកគំនិតអាជីវកម្មបន្ទាប់ ដែលផ្តោតទៅលើអាជីវកម្មអ្វីដែលពាក់ព័ន្ធគ្នានឹងការរៀបចំប៉ោងៗ។
“ត្រលប់ទៅពីពេលមុន កាលដែលធ្វើជាអ្នករៀបប៉ោងៗ អ្វីដែលឃើញនិងជួបរាល់ថ្ងៃនៅក្នុងកម្មវិធី គឺ ខំខេក” កញ្ញាដាវនិយាយ។ គិតឃើញដូច្នេះហើយទើបកញ្ញាដាវ ស្វះស្វែងរកកន្លែងរៀនធ្វើនំ ដើម្បីជាទុនក្នុងការពង្រីកសេវាកម្មបន្ថែមពីលើការរៀបចំប៉ោងៗ ជាមួយនិងការផ្គត់ផ្គង់នំសម្រាប់កម្មវិធី។ ការរៀនធ្វើនំកាលពី៥ឆ្នាំមុន ហាក់ដូចជាលំបាកបន្តិចសម្រាប់ កញ្ញា ដាវ ដោយសារតែលំបាកក្នុងការស្វែងរកកន្លែងរៀនឲ្យបានប្រសិទ្ធភាព។ បើទោះយ៉ាងនេះក្តី កញ្ញា ដាវ បានស្វះស្វែងរកកន្លែងរៀនធ្វើនំបានជោគជ័យត្រឹមតែរយៈពេល២សប្តាហ៍ ហើយក៏ត្រលប់មកស្រាវជ្រាវបន្ថែម មុននឹងបើកហាងនំ The Cake នៅដើមឆ្នាំ២០១៦ ក្នុងស្រុកកំណើតនៅខេត្តបាត់ដំបង។
សួរថានៅពេលបើកហាងដំបូង តើកញ្ញា ដាវ បានទទួលមតិអវិជ្ជមានពីអ្នកដទៃដែរទេ? កញ្ញាដាវឆ្លើយទាំងមិនស្ទាក់ស្ទើរថាមានច្រើនរាប់មិនអស់ រួមមានទាំងគ្រួសារផងដែរ។ ប៉ុន្តែអ្វីដែលអាចជំរុញ សហគ្រិនវ័យក្មេងរូបនេះ ឲ្យដើរទៅមុខបាន គឺការត្រលប់គំនិតអវិជ្ជមានទៅជាគំនិតវិជ្ជមាន។ «នេះជាអ្វីដែលសំខាន់ ដែលខ្ញុំគិតថាវាកើតឡើងលើមនុស្សទូទៅ ហើយមនុស្សគ្រប់គ្នាគួរតែមានភាពរឹងមាំដើម្បីទទួលយកវា។ ធម្មតាបើយើងគិតអវិជ្ជមាន គឺវានឹងផ្តល់ជាភាពអវិជ្ជមានដល់យើង ប៉ុន្តែបើយើងគិតឲ្យវិជ្ជមានទៅ មតិទាំងនោះសុទ្ធតែជាការបារម្ភទាំងអស់»។
ឆ្នាំ២០១៧ គឺជាឆ្នាំដ៏ជោគជ័យមួយរបស់កញ្ញា ដាវ ដែលកញ្ញាបានពង្រីកសាខាមកដល់ក្រុងភ្នំពេញ និងបើកសាលានំ ដ៏មានប្រជាប្រិយភាពមួយក្នុងចំណោមសាលាបង្រៀនធ្វើនំនានា។ កញ្ញាដាវ បានរៀបចំគម្រោងយ៉ាងល្អិតល្អន់ ដោយសារតែធ្លាប់ជួបបញ្ហាផ្ទាល់ខ្លួន និងបានដឹងច្បាស់ពីគោលបំណងរៀងៗខ្លួនរបស់មនុស្សគ្រប់ប្រភេទ មុននឹងបង្កើតមេរៀនធ្វើនំ។ ការធ្វើដូចនេះគឺដើម្បីចែករំលែកឲ្យអ្នកដែលមានការលំបាកដូចជា កញ្ញាដាវ កាលពី៥ឆ្នាំមុន ឲ្យមានឱកាសរៀនសូត្រ និងចាប់យកឱកាសអាជីវកម្មប្រសើរមួយ។
មុននឹងបើកហាងនំខេក កញ្ញា ដាវ ធ្លាប់គិតក្នុងចិត្តថា៖ “បើសិនជាមានថ្ងៃណាមួយខ្ញុំមានសមត្ថភាព ខ្ញុំនឹងបើកសាលាឲ្យគេរៀនតែម្ដង។ ហើយវាក្លាយជាឆន្ទៈមួយមកដល់សព្វថ្ងៃដើម្បីឲ្យគេបានមករៀន។ តម្លៃស្នូល (Core Value) របស់សាលានំ គឺចែករំលែក។ ហេតុនេះហើយទើបសាលានំពីមួយឆ្នាំទៅមួយឆ្នាំ មានសិស្សច្រើនឡើងៗ។” ភាពជោគជ័យឆាប់រហ័សដូច្នេះ គឺសុទ្ធតែបានមកពីការសហការយ៉ាងជិតស្និតពីសហការីទាំងអស់របស់កញ្ញា ដាវ។
កញ្ញាបាននិយាយថា យុទ្ធសាស្រ្តចម្បងក្នុងការធ្វើអាជីវកម្មរបស់កញ្ញា គឺការផ្តល់ទំនុកចិត្ត។ «មនុស្សម្នាក់ មិនអាចធ្វើរឿងបានច្រើនទេ ចុះបើមានម្នាក់ទៀត និងម្នាក់ទៀត បន្តបន្ទាប់ ដែលយើងអាចទុកចិត្តបាន? ចុះបើយើងផ្តល់ឱកាស ទំនុកចិត្ត បង្រៀនគ្នាទៅវិញទៅមក ឲ្យខ្លួនឯងមានឱកាសជួបមនុស្សថ្មី និងចាប់ដៃគ្នាបន្តទៀត តើនឹងមានអ្វីកើតឡើង?» នេះជាអ្វីដែលអាជីវកម្មរបស់សហគ្រិនតូចរូបនេះស្ទុះទៅមុខមិនឈប់ឈរ។ កញ្ញាបន្តថា៖ «តាំងពីដើមមក ខ្ញុំយល់ថាខ្ញុំមិនមានឧបសគ្គសោះឡើយ ព្រោះរាល់ឧបសគ្គ គឺជារឿងធម្មតាដែលត្រូវឆ្លងកាត់ ខ្ញុំចាត់ទុកថាវាជាជំហានមួយដែលយើងត្រូវឆ្លង ដែលយើងត្រូវរកវិធីសាស្រ្តឆ្លាតវៃមួយដើម្បីឆ្លងកាត់វា។ នៅពេលដែលយើងត្រៀមខ្លួនរួចរាល់ នៅពេលដែលយើងចេះគិតវិជ្ជមាន នៅពេលដែលយើងតាំងចិត្តថាយើងនឹងត្រូវធ្វើដំណើរទៅមុខរហូត នោះនឹងលែងមានអ្វីដែលជាឧបសគ្គហើយ»។
ជជែកពីគន្លឹះសម្រាប់យុវជនជំនាន់ក្រោយវិញ កញ្ញាដាវ និយាយថា៖ “ខ្ញុំពិតជាមិនចង់ឲ្យយុវជនវ័យក្មេងបោះបង់ចោលការសិក្សា ទោះបីជាពួកគាត់មានជំនាញអ្វីក៏ដោយ។ បើគាត់បោះចោលការសិក្សា ចុះបើសិនគាត់មិនជោគជ័យ តើគាត់បានអ្វីជាបង្គោលទៅមុខ? មនុស្សម្នាក់ៗគួរតែរៀន ហើយចាំធ្វើអាជីវកម្ម។ ធម្មតាបើយើងរៀនយើងមានវិធី ដឹងគន្លឹះ ហើយផ្លូវដែលយើងដើរក៏អាចនឹងងាយស្រួលជាង និងលឿនជាង” ។ សហគ្រិនតូចរូបនេះ ក៏បានបន្តទៀតថា៖ “សម្រាប់ខ្ញុំ ខ្ញុំគិតថា មនុស្សស្រីរឹងមាំ តែនៅពេលដែលមជ្ឈដ្ឋានជុំវិញខ្លួនបង្ហាញប្រាប់គាត់ថា គាត់មិនរឹងមាំ គាត់ត្រូវតែធ្វើនេះធ្វើនោះ វាធ្វើឲ្យគាត់គិតថា គាត់ប្រហែលជាមិនរឹងមាំមែនទេដឹង? តាមពិតមនុស្សស្រីរឹងមាំ ហើយមានភាពបត់បែនជាងមនុស្សប្រុសទៀត។ អីចឹងនៅពេលដែលយើងមានចំណុចប្រសើរ និងពិសេសហើយ យើងគួរតែទុកចិត្តលើខ្លួនឯង ហើយធ្វើអ្វីដែលយើងចង់ធ្វើ កុំពឹងផ្អែកលើអ្វីដែលគេនិយាយ។”
បើទោះជាអាក់ខានក្នុងការសិក្សាបន្តិចក្តី ប៉ុន្តែបច្ចុប្បន្ននេះ កញ្ញា ដាវ បានទទួលសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដោយជោគជ័យ និងកំពុងដឹកនាំអាជីវកម្មជាច្រើនមុខនៅក្នុងដៃ រួមមានហាងនំ The Cake ចំនួន១២សាខា នៅខេត្តបាត់ដំបង ភ្នំពេញ សៀមរាប និងកំពង់ចាម។ ទន្ទឹមនឹងភាពជោគជ័យទាំងនេះ កញ្ញាដាវនៅតែផ្តល់តម្លៃខ្ពស់លើការសិក្សាជាងអ្វីៗទាំងអស់។ កញ្ញានិយាយថា បើមានពេលវេលាគ្រប់គ្រាន់ កញ្ញានឹងរៀនបន្តនូវជំនាញដែលកញ្ញាចូលចិត្ត និងទទូចឲ្យយុវជនជំនាន់ក្រោយយកចិត្តទុកដាក់លើការសិក្សាឲ្យបានច្រើន។ ចំណែកគោលបំណងអនាគតសម្រាប់អាជីវកម្មនំវិញ កញ្ញាបានបញ្ជាក់ថា នឹងនាំយកកេរ្តិ៍ឈ្មោះសាលានំ ទៅកាន់ទីផ្សារអាស៊ាននៅក្នុងពេលឆាប់ៗនេះ៕
Article by HEM SOKKHIM
Image Courtesy: ម៉ៅ សាលីន