កាលពីថ្ងៃទី០៧-០៨ ខែមីនា កន្លងទៅនេះ អង្គការហ្វារពន្លឺសិល្បៈបានបង្កើតព្រឹត្តិការណ៍ប្រវត្តិ សាស្រ្តសម្រាប់ខ្លួនតាមរយៈការសម្តែងសៀកដោយមានការចូលរួមពីសិល្បករចំនួន៩០នាក់ក្នុងរយៈពេលពេញ២៤ម៉ោងផ្សាយផ្ទាល់ចេញពីក្រុងបាត់ដំបងហើយមានអ្នកទស្សនាអនឡាញរហូតដល់កន្លះ លាននាក់។ នេះជាការប្រឹងប្រែងបំបែកកំណត់ត្រាពិភពលោក Guinness World Record ដែលត្រូវបាន រៀបចំធ្វើឡើងក្នុងគោលបំណងរៃអង្គាសថវិកាទ្រទ្រង់អង្គកាសិល្បៈក្រៅរដ្ឋាភិបាលមួយនេះក្នុងអំឡុង ពេលនៃការរាតត្បាតនៃជំងឺកូវីដ១៩។ ជាលទ្ធផល កម្មវិធីនេះបានប្រព្រឹត្តទៅប្រកបដោយជោគជ័យយ៉ាង ត្រចះត្រចង់ ហើយថែមទាំងទទួលបានពានរង្វាន់អន្តរជាតិរហូតដល់ទៅបី គឺពានរង្វាន់មាស និងពានរង្វាន់ប្រាក់ក្នុងប្រភេទពានរង្វាន់ Asia-Pacific Stevie Awards និង ពានរង្វាន់មាសមួយគ្រឿងទៀត ក្នុងប្រភេទពានរង្វាន់ Hermes Creative Awards។
អង្គការហ្វារដណ្តើមបានពានរង្វាន់មាស Gold Stevie នៅក្នុងចំណាត់ថ្នាក់នវានុវត្តន៍ព្រឹត្តិការណ៍ (Innovation In Events) និងពានរង្វាន់ប្រាក់ Silver Stevie នៅក្នុងចំណាត់ថ្នាក់នវានុវត្តន៍ផ្នែកទំនាក់ទំនង (Innovation in Communications) ដោយមានការប្រកួតប្រជែងពីសំណាក់បណ្តាប្រទេសចំនួន២៩នៅក្នុង ក្របខណ្ឌពានរង្វាន់ Pacific Region Stevie Awards 2021។ ទន្ទឹមនឹងនេះ ហ្វារក៏ឈ្នះពានរង្វាន់មាស សម្រាប់ព្រឹត្តិការណ៍ពិសេស នៅក្នុងក្របខណ្ឌពានរង្វាន់ Hermes Creative Awards ស្របជាមួយក្រុម ហ៊ុនស្ថាប័នលំដាប់ពិភពលោកល្បីៗដូចជា ក្រុមហ៊ុន AstraZenecca, LG, Pepsi, UNICEF, Manulife និង Reuters ជាដើម។
“វាជារឿងអស្ចារ្យដែលអង្គការមិនមែនរដ្ឋាភិបាលអាចរៀបចំព្រឹត្តិការណ៍ដ៏ធំសម្បើមបែបនេះ” នេះជាសម្តីរបស់មេប្រយោគមួយរូបនៃការប្រកួតពានរង្វាន់ Stevie Awards ឆ្លើយតបទៅនឹងជោគជ័យរបស់ អង្គការហ្វារ។ លោកបានបន្ថែមទៀតថា “លើសពីនេះទៅទៀត របៀបនៃការរៀបចំគឺពិតជានឹកស្មានមិន ដល់!” ធ្វើបានល្អណាស់ក្រុមការងារហ្វារ ហើយសូមមេត្តាបន្តជួយអប់រំកុមារដែលកំពុងជួបប្រទះនឹងការ លំបាក”។
លោក អូស្មាន់ ខាវ៉ាចា នាយកប្រតិបត្តិអង្គការហ្វារពន្លឺសិល្បៈបានថ្លែងថា “ខ្ញុំពិតជាមានមោទន ភាពចំពោះក្រុមការងារហ្វារ រួមមាន អ្នកធ្វើការស្ម័គ្រចិត្ត ដៃគូសហប្រតិបត្តិការ និង សិល្បករទាំងអស់ ដែលបានបង្កើតព្រឹត្តិការណ៍នេះឡើងពោរពេញដោយថាមពលរហូតឈ្នះពានរង្វាន់ដល់ទៅបីព្រមគ្នាក្នុងពេលមិនដល់មួយខែផង”។ លោកបានបន្តឲ្យដឹងថា ព្រឹត្តិការណ៍នេះនឹងជំរុញទឹកចិត្តមនុស្សគ្រប់រូបឲ្យ មានទំនុកចិត្តមកលើអង្គការហ្វារ និងជួយឧបត្ថម្ភគាំទ្រអង្គការទៅថ្ងៃមុខ។ ក្នុងអំឡុងពេលកូវីដរាតត្បាត នៅក្នុងប្រទេស អង្គការមិនអាចស្វែងរកប្រាក់ចំណូលពីការសម្តែងសៀកដូចសព្វមួយដងឡើយ។ ដូច នេះ អង្គការសង្ឃឹមថា ប្រជាជនកម្ពុជានឹងមានទឹកចិត្តជួយផ្តល់វិភាគទានក្រោយពីបានទស្សនាសមិទ្ធ ផលការងារដ៏អស្ចារ្យនេះដើម្បីជាប្រយោជន៍ចំពោះអនាគតកុមារទីទ័លក្រខ្វះខាតនៅទីនេះ។
សូមបញ្ជាក់ថា កម្មវិធីប្រគល់ពានរង្វាន់ខាងលើនឹងត្រូវប្រារព្ធធ្វើជាទម្រង់អនឡាញនៅថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ៕
Article by SRIN SOKMEAN
Image Courtesy: Phare