ញ៉ា គឹមម៉ូលីនី ក្លាយជាអ្នកច្នៃម៉ូដហ្វេហ្សិនដ៏ប៉ិនប្រសប់ផ្ទុយពីជំនាញដែលបានសិក្សា
NEWS 4 years agoផ្តើមចេញពីការទស្សនាកម្មវិធីការដើរបង្ហាញម៉ូដសម្លៀកបំពាក់ហ្វេហ្សិនមួយដែលត្រូវបានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ជាតិ បានក្លាយជាចំណុច និងគោលដៅដ៏សំខាន់បំផុតសម្រាប់ អ្នកច្នៃម៉ូដហ្វេហ្សិនមួយរូបកំពុងមានការបោះសម្លេងគាំទ្រយ៉ាងខ្លាំងពីស្រទាប់យុវវ័យ ក៏ព្រោះតែអ្នកច្នៃម៉ូដហ្វេហ្សិនរូបនេះតែងពាំនាំនូវទំនោរប្លែកៗជាច្រើនសម្រាប់អ្នកគាំទ្រ ជាពិសេស ក្រោមការរចនាច្នៃម៉ូដសម្លៀកបំពាក់ហ្វេហ្សិនរបស់អ្នកច្នៃម៉ូដម្នាក់នេះតែងបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅថែមទៀតផង។
ជំនួបជាមួយនឹង អ្នកនាង ញ៉ា គឹមម៉ូលីនី ជាអតីតនិស្សិតនៃវិទ្យាស្ថាន សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអតីតសិស្សនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ និងបានបញ្ចប់ការសិក្សាផ្នែកហ្វេហ្សិនឌីហ្សាញ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលហ្វេហ្សិន MaPa (MaPa Fashion Design Academy) គឺជាអ្នកច្នៃម៉ូដហ្វេហ្សិន និងជាស្ថាបនិកានៃម៉ាកសម្លៀកបំពាក់ដែលមានឈ្មោះថា «លីនី (LYNY)» ផងដែរ។ យ៉ាងណាមិញ ប្រសិនបើតាមការលើកឡើងរបស់អ្នកនាង ម៉ូលីនី បានបង្ហាញ សូវរីន ឲ្យដឹងថា អ្នកនាងមានឈាមជ័រក្នុងគ្រួសារជាងកាត់ដេរសម្លៀកបំពាក់មួយកន្លែង ហើយស្ថិតនៅក្នុងវ័យ ១៥ឆ្នាំ អ្នកនាងមានសមត្ថភាពយល់ដឹងពីប្រភេទសាច់ក្រណាត់ដែលប្រើប្រាស់ ឬមិនអាចប្រើប្រាស់ទៅលើម៉ូដសម្លៀកបំពាក់នោះ តួយ៉ាង អ្នកនាងក៏ត្រូវបានដឹងថាមានសមត្ថភាពអាចក្នុងការឌិន និងការដេរម៉ូដដោយខ្លួនឯងយ៉ាងប៉ិនប្រសប់ថែមទៀត។ រយៈពេលកន្លងទៅពីមួយឆ្នាំទៅមួយឆ្នាំ ពេលវេលាបានផ្តល់អំណោយផងយ៉ាងខ្លាំង ហើយជាពេលវេលាដ៏សក្តិសមបំផុតសម្រាប់ អ្នកនាង ម៉ូលីនី ចាប់ផ្តើមសាកល្បងបើកអាជីវកម្មផ្ទាល់ខ្លួនដោយការដេរម៉ូដរ៉ូបដាក់លក់នៅទីផ្សារនៅអំឡុងពេលដែលអ្នកនាងកំពុងសិក្សាឆ្នាំទីបី បន្ទាប់មកទៀតអាជីវកម្មនោះក៏ត្រូវបានបញ្ឈប់ បន្ទាប់ពីអ្នកនាងបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ រ៉ាប់រងលើការងារ និងរៀបអាពាហ៍ពិពាហ៍។ បើទោះបីជាយ៉ាងនេះក៏ដោយ អ្នកច្នៃម៉ូដហ្វេហ្សិនរូបនេះនៅតែបន្តក្តីស្រមៃរបស់ខ្លួនជានិច្ច អ្នកនាងបានចំណាយពេលវេលាជាច្រើនក្នុងការខិតខំសិក្សាស្រាវជ្រាវព័ត៌មាន ក៏ដូចជាដំណោះស្រាយបញ្ហានានា តួយ៉ាង អ្នកនាងត្រូវធ្វើការសម្រេចចិត្តរវាងការងារបច្ចុប្បន្ន និងការងារក្នុងក្តីស្រមៃរបស់ខ្លួន។ ថ្វីដ្បិតតែមានការលំបាក្នុងការសម្រេចចិត្តបន្តិចពិតមែន ប៉ុន្តែអ្នកនាងបានជ្រើសរើសការងារក្តីស្រមៃរបស់ខ្លួន ហេតុដូច្នេះមកដល់បច្ចុប្បន្នអ្នកនាងបានរចនាម៉ូដហ្វេហ្សិនជាច្រើនឈុត រួមទាំងបង្កើតម៉ាកស្លាកយីហោផ្ទាល់ខ្លួន «LYNY» ប្រមាណជាមួយឆ្នាំកន្លងទៅនេះ។
បើតាមការលើកឡើងទៅលើ គម្រោង និងស្នាដៃរបស់អ្នកច្នៃម៉ូដរូបនេះ ខូឡិកហ្សិនមួយចំនួនត្រូវបានយកបង្ហាញក្នុងពិព័រណ៍អន្តរជាតិមួយក្នុងទីក្រុង Berlin នៃប្រទេសអាល្លឺម៉ង់ ក្រោមការគ្រប់គ្រង និងដឹកនាំដោយ MEDC (Modern Ethnic Design Center)។ ទន្ទឹមនឹងនេះ អ្នកនាងក៏បានរចនាម៉ូដខូឡិកហ្សិនជាច្រើនផងដែរដូចជា៖ Self-Discover Gender-101 Bridal Gown Bridal Dress Avant Garde និងខូឡិកហ្សិនថ្មីបន្ថែមទៀតកំពុងស្ថិតតែដំណើរ និងបង្ហាញជាផ្លូវការក្នុងពេលឆាប់ៗនេះ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកនាង ម៉ូលីនី ក៏បានធ្វើការដើរបង្ហាញម៉ូដខូឡិកហ្សិនរបស់ខ្លួនចំនួន ៤ ដងរួចមកហើយ រីឯខូឡិកហ្សិនមួយក្នុងចំណោមខូឡិកហ្សិនទាំងអស់ដែលអ្នកនាងបានរចនាច្នៃម៉ូដឈ្មោះថា Gender-101 ជាខូឡិកហ្សិនដែលបានប្រើប្រាស់ឈ្មោះម៉ាកសម្លៀកបំពាក់ «LYNY» ថែមទៀត។ ជាចុងក្រោយ អ្នកនាង ញ៉ា គឹមម៉ូលីនី ក៏បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនទាក់ទងវិស័យឧស្សាហកម្មវិស័យយ៉ាងដូច្នេះថា «ខ្ញុំស្រឡាញ់ និងគាំទ្រយ៉ាងពេញទំហឹងទៅលើស្នាដៃរបស់អ្នកច្នៃម៉ូដហ្វេហ្សិនជំនាន់ក្រោយដែលជាធនធានដ៏សំខាន់ក្នុងការអភិវឌ្ឍន៍វិស័យនេះកាន់តែរីកចម្រើនពីជំនាន់មួយទៅជំនាន់មួយទៀត បើទោះបីជាមានផលលំបាកយ៉ាងណាក៏ដោយ សូមកុំបោះបង់ចោលក្តីស្រមៃរបស់ខ្លួនក្នុងការបង្ហាញពីទេពកោសល្យរបស់ខ្លួនទៅកាន់ពិភពលោកដ៏ធំធេងនេះ៕
Article by PAN SIVLY
Image Courtesy: LYNY