×

វត្ត​វិហារ​គោក​ ​អារាម​វប្បធម៌​ប្រវត្តិ​សា​ស្រ្ត​ដ៏​ទាក់ទាញ​នៅ​ខេត្ត​ក្រចេះ​

TRAVEL & LIVING 2 weeks ago
 
 

            ខេត្ត​ក្រចេះ​ជា​ខេត្ត​ដែល​មាន​សក្តានុពល​ទេសចរណ៍​មួយ​ប្រចាំ​ភូមិភាគ​ឦសាន​ប្រទេស​។​ ​ក្រៅពី​ធនធានធម្មជាតិ​ដ៏​សម្បូរ​បែប​នៃ​ដង​ទន្លេមេគង្គ​លើ​ដែល​ហូរកាត់​ទឹកដី​ ​ខេត្ត​នេះ​បង្កើត​បានជា​រមណីយដ្ឋាន​សំខាន់​ៗ​ដូចជា​ ​អន្លង់​ផ្សោត​ ​ទឹកជួរ​កាំ​ពី​ ​កោះ​ទ្រង់​ ​កោះ​ផ្តៅ​ ​និង​ ​កោះ​សាមសិប​ ​ខេត្ត​ក្រចេះ​ក៏​ជាគោល​ដៅ​ទេសចរណ៍​វប្បធម៌​ប្រវត្តិសាស្ត្រ​ ​ដែល​លេចធ្លោ​ជាងគេ​បំផុត​ប្រចាំ​ភូមិភាគ​នោះ​ពីព្រោះ​ខេត្ត​នេះ​ជា​ទីតាំង​អតីត​រាជធានី​ស​ម្ភុ​រ​បុរៈ (​មានន័យ​ថា​ ​ទីក្រុង​របស់​ព្រះសិវៈ​) ​នៃ​រដ្ឋ​ចេនឡា​លិចទឹក​ ​ក្នុង​សម័យ​ចេនឡា​ ​ដែល​ ​សព្វថ្ងៃ​ ​គឺ​ស្ថិតនៅ​ត្រង់​ភូមិ​សា​ស្រ្ត​ស្រុក​សំបូរ​ ​ភាគ​ខាងជើង​ក្រុង​ក្រចេះ​ ​ទីរួមខេត្ត​ក្រចេះ​ ​ប្រមាណ​ជាង​៣​០​គីឡូម៉ែត្រ​។​

            វត្ត​វិហារ​គោក​ ​ឬ​ ​វិហារ​គោ​កកើត​ ​ជា​អារាម​ពុទ្ធសាសនា​ដែល​នៅ​ជិតបង្កើយ​នឹង​វត្ត​ ​វិហារ​សសរ​១​០​ ​ដែល​ជា​រមណីយដ្ឋាន​ធំ​ជាងគេ​មួយ​តំណាង​ខេត្ត​ ​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ខ្ទរខ្ទារ​ ​គ្រប់ទិសទី​រាប់​សតវត្សរ៍​មក​ហើយ​។​ ​វត្ត​វិហារ​គោក​ ​មាន​ទីតាំង​ស្ថិត​ក្នុង​ឃុំ​សំបូរ​ ​ស្រុក​សំបូរ​ ​ខេត្ត​ក្រចេះ​ដែល​មាន​ចំណាយ​ប្រមាណ​៣​៦​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត​។​ ​ភ្ញៀវ​ទេសចរ​ទាំងឡាយ​ ​ត្រូវធ្វើ​ដំណើរ​ចេញពី​ទីរួមខេត្ត​ឆ្ពោះទៅ​ទិសខាងជើង​តាមផ្លូវ​ខេត្ត​លេខ​៣​៧​៧​ ​តាមផ្លូវ​ចាក់​ ​កៅស៊ូ​ប្រប​តាម​បណ្តោយ​ដង​ទន្លេមេគង្គ​កាត់តាម​រមណីយដ្ឋាន​កាំ​ពី​និង​ភ្នំ​សំបុក​ដោយ​ប្រើ​ ​ពេល​ប្រមាណ​១​ម៉ោង​ដើម្បី​ទៅដល់​ទីអារាម​នេះ​។​ ​លោកអ្នក​អាច​គយគន់​ទេសភាព​តាម​ ​ដងទន្លេ​ ​និង​ ​ភូមិ​ស្ថាន​អ្នកស្រុក​ចិត្រ​បុរី​និង​ស្រុក​សំបូរ​ជាហូរហែ​មិនសូវ​ដាច់​ ​ជាពិសេស​ ​ជាងគេ​នោះ​គឺ​ការ​ប្រកបរបរ​ធ្វើ​ក្រឡាន​ប្រពៃណី​លក់​តាម​ដង​ផ្លូវ​ ​ត្រង់​ភូមិ​សា​ស្រ្ត​ឃុំ​ថ្មគ្រែ​។​

            យោង​តាម​គេហទំព័រ​ជា​ផ្លូវការ​នៃ​រដ្ឋបាល​ខេត្ត​ក្រចេះ​ ​ស្រុក​សំបូរ​នេះ​មាន​លក្ខណៈ​ពិសេស​លើ​ផ្នែក​ពុទ្ធសាសនា​គឺ​មាន​វត្ត​ចំនួន​០​៤​ទីតាំង​ ​មាន​ព្រះវិហារ​ដែល​មាន​ព្រះពុទ្ធ​ ​បដិមា​បែរ​ព្រះ​ភ័ក្រ្ត​ទៅ​រក​ទិសធំ​ៗ​ទាំងបួន​ក្នុង​នោះ​រួម​មាន​ ​វិហារ​សសរ​១​០​០​ ​បែរ​ព្រះ​ភ័ក្រ្ត ​ទៅ​រក​ទិសខាងជើង​ ​វិហារ​គោក​បែរ​ព្រះ​ភ័ក្រ្ត​ទៅ​រក​ទិសខាងកើត​ ​វិហារ​លាវ​បែរ​ព្រះ​ភ័ក្រ្ត ​រក​ទិសខាងលិច​ ​និង​ ​គោក​វិហារ​ ​បែរ​ព្រះ​ភ័ក្រ្ត​ទៅ​ទិស​ខាងត្បូង​ (​សព្វថ្ងៃ​ ​បាក់បែក​អស់​ ​ហើយ​ ​នៅសល់​តែ​គ្រឹះ​ប៉ុណ្ណោះ​)​។​ ​បានជា​ហៅថា​ចំណុច​ពិសេស​ ​ពីព្រោះ​ជាទូទៅ​ ​តាម​ ​ក្បួន​សំណង់​អារាម​សាសនា​នៃ​ប្រទេស​កម្ពុជា​ ​ព្រះ​ពុទ្ធបដិមា​ ​ឬ​ ​ព្រះជីវ៍​ធំ​ត្រូវ​តម្កល់​បែរមុខ​ ​ទៅ​ទិសខាងកើត​។​

            យោង​តាម​ឯកសារ​របស់​វត្ត​ផ្ទាល់​ ​វត្ត​វិហារ​គោក​នេះ​មាន​ប្រវត្តិ​កំណើត​តាំងពី​យូរ​ ​លង់​ណាស់​មក​ហើយ​ ​ពោល​គឺ​វត្ត​នេះ​ចាប់បដិសន្ធិ​តាំងពី​ ​គ​.​ស​. ​១​១​៤​២​ ​មក​ម្ល៉េះ​ ​ដែល​គិត​ ​មកដល់​ឆ្នាំ​២​០​២​១​នេះ​ ​អារាម​នេះ​មាន​អាយុកាល​បាន​ ​៨​៧​៨​ ​ឆ្នាំ​ហើយ​។​ ​ដោយសារ​វា​ស្ថិត​ ​នៅ​លើ​ទីតាំង​អតីត​រាជធានី​សម័យ​បុរាណ​ ​និង​ ​មាន​ប្រវត្តិ​តាំង​ពីយូរយារ​បែប​នេះ​ហើយ​ ​ទើប​ប្រជាជន​ម្ចាស់​ស្រុក​នៅ​តំបន់​នោះ​ឲ្យ​តម្លៃ​វត្ត​នេះ​ជា​វត្ត​បុរាណ​មិនចាញ់​វត្ត​ព្រះវិហារ​ធំ​សសរ​១​០​០​ ​ដែល​មាន​ចម្ងាយ​ត្រឹមតែ​ប្រមាណ​១​០​០​ម៉ែត្រ​ពី​គ្នា​នោះ​ទេ​។​បើ​និយាយ​ពី​តម្លៃ​ ​ស្ថាបត្យកម្ម​វិញ​ ​វត្ត​នេះ​ជា​រចនាបថ​ព្រះវិហារ​ខ្មែរ​សម័យ​បុរាណ​ដែល​នៅ​សេសសល់​ប្រចាំ​ ​តំបន់​ ​និង​ ​សេសសល់​តិចតួច​ទូទាំង​ប្រទេស​។​ ​វត្ត​នេះ​ជា​វត្ត​ដែល​មាន​ព្រះវិហារ​ជហ្វា​៤​ ​ស្លាប​ដំបូល​ពីរ​ជាន់​ ​មាន​បាំងសាច​ ​និង​ ​ហោជាង​ឈើ​បុរាណ​ប្រកបដោយ​ក្បាច់ក្បូរ​យ៉ាង​ ​រស់រវើក​ល្អ​វិចិត្រ​ ​ព្រមទាំង​មាន​សសរ​ឈើ​ចំនួន​៦​០​ដើម​ធ្វើអំពី​ឈើ​តាត្រាវ​ដ៏​មាន​តម្លៃ​ ​ក្នុង​ ​ទម្រង់​លាត​ឥតមាន​ទឹប​មាស​ក្បាច់ក្បូរ​រចនា​អ្វី​នោះ​ទេ​ ​ហើយ​សង់​នៅ​លើ​ខឿន​ខ្ពស់​ផុត​ពី​ដី​ ​មាន​ថែវ​ព័ទ្ធជុំវិញ​។​

            ព្រះវិហារ​បុរាណ​នេះ​ត្រូវ​បាន​ជួសជុល​កែ​លម្អ​ឡើងវិញ​ដោយ​ឯកឧត្តម​ ​ទេស​រដ្ឋ​ម​ន្រ្តី អឹ​ម​ ​ឈុន​លឹម​ ​និង​ ​លោកជំទាវ​ ​កាលពី​ឆ្នាំ​២​០​០​៥​។​ ​ក្រោយ​ការ​ជួសជុល​និង​លាប​ពណ៌​សា​ ​ជាថ្មី​ ​ព្រះវិហារ​បុរាណ​ដ៏​តូច​ច្រឡឹង​នេះ​រឹត​តែ​មាន​សោភ័ណ​ភាព​ឡើង​ទ្វេ​ដង​។​ ​ក្រៅពី​វិហារ​ ​វត្ត​នេះ​ក៏មាន​សាលា​ឆាន់​ដ៏​ធំ​មួយ​ខ្នង​ធ្វើអំពី​ឈើ​ដំបូល​ប៉ិត​ក្រពើ​ហា​ប្រក់​ក្បឿងស្រកាលេញ​ដ៏​ក​ម្រ ​ព្រមទាំង​ដើមឈើ​ធំ​មួយ​ដើម​បែកមែក​សាខា​ដុះ​ចំកណ្តាល​វត្ត​ដ៏​ស្រស់​ស្អាត​អស្ចារ្យ​ ​ដែល​ទាក់ទាញ​ពុទ្ធ​សាសន​ក​ជន​គ្រប់​ទី​ជិត​ឆ្ងាយ​ឲ្យ​ចូល​មក​ធ្វើបុណ្យ​ទាន​តាម​រដូវ​កាល​និង​ឆ្លៀត​ថតរូប​អនុ​ស្សា​វ​រី​យ៍​នៅ​ក្នុង​បរិវេណ​នេះ​ជាហូរហែ​ញ៉ាំង​ប្រជាប្រិយភាព​វត្ត​នេះ​កាន់តែ​ល្បីឈ្មោះ​ជាប់​បន្ត​រហូតមកដល់​សព្វថ្ងៃ​៕​

Article​ ​by​ SR​IN​ ​SO​K​MEAN​


SUGGESTIONS