ពណ៌ស្វាយ គឺជាបណ្តុំពណ៌ក្រហមលាយជាមួយពណ៌ខៀវ វាពោរពេញដោយភាពអាថ៌កំបាំង និងថ្លៃថ្នូរខ្ពង់ខ្ពស់។ នៅក្នុងឆ្នាំ២០២១ នេះ ពណ៌ខ្ចីៗ ស្រាលៗ មិនថាពណ៌អ្វីឡើយគឺមានការពេញនិយមខ្លាំង តួយ៉ាង ពណ៌ស្វាយខ្ចី ឬពណ៌ស្វាយត្របែកព្រៃ ទទួលបានការចាប់អារម្មណ៍ជាខ្លាំង។ វាបង្កើនមន្ដស្នេហ៍ ភាពរ៉ូមេនទិចជាងមុន និងបង្ហាញភាពអេឡេហ្គង់បំផុត។
ពណ៌ស្វាយត្របែកព្រៃនេះសក្ដិសមនឹងនារីសម័យថ្មីបំផុត ហើយក៏ស៊ីនឹងសម្បុរអាស៊ីផងដែរ ដោយបញ្វេញភាពទន់ភ្លន់ គួរឲ្យស្រឡាញ់ ទោះបីជាសម្បុរសណ្ដែកបាយក៏សក្ដិសមដែរ។ បើតាមការដើរបង្ហាញម៉ូដរបស់ម៉ាកអន្តរជាតិនានា ក៏ឃើញមានវត្តមានម៉ូឌែលសម្បុរខ្មៅប្រើឈុតពណ៌នេះផងដែរ ទោះបីលេចធ្លោបន្តិច ប៉ុន្តែគឺហ្វេហ្សិនកប់តែម្ដង។ ប្រសិនប្រិយមិត្តដែលមិនហ៊ានលេងខ្លួនខ្លាំង អាចស្ទាយ៌ពណ៌នេះជាមួយនឹងពណ៌ខ្មៅ ឬពណ៌ប្រភេះ ឬមួយក៏លេងនឹងខោខូវប៊ូយពណ៌ចាស់ ដើម្បីទទួលបានភាពស្រគត់ស្រគំបន្តិច តួយ៉ាង ឈុតអាវស្វាយ ខោខ្លីក្រម៉ៅ បន្ថែមនឹងអាវសាច់ចាក់ពណ៌ខ្មៅរបសម៉ាក Valentino ។ សម្រាប់មិត្តនារីនិយមហ្វេហ្សិនខ្លាំង អាចស្ទាយ៌ជាមួយនឹងក្រុមពណ៌ដូចគ្នា គឺជាលេងពណ៌ស្វាយមួយឈុតតែម្ដង ដូចម៉ាក Kenzo និង ម៉ាក Laquan Smith ឬក៏ស្ទាយ៌លាយជាមួយនឹងក្រុមពណ៌ស្រាល ដូចជាពណ៌លឿងខ្ចី ពណ៌ផ្ទៃមេឃ ពណ៌ទឹកសណ្ដែកខៀវ។ល។ តាមស្ទីលម៉ាក Etro ។
មិនត្រឹមតែសម្លៀកបំពាក់នោះទេ គ្រឿងបន្ទាប់បន្សំដូចជាកាបូប ស្បែកជើង វែនតាជាដើម ក៏មានការនិយមប្រើពណ៌នេះផងដែរ។ សម្រាប់អ្នកមិនហ៊ានប្រើ់សម្លៀកបំពាក់ពណ៌នេះ អាចគិតគូររកគ្រឿងបន្ទាប់បន្សំផ្សេងៗមកប្រើបាន បើចង់ដើរឲ្យទាន់សម័យនិយមនឹងគេ។ សូម្បីតែ iPhone ថ្មីៗនេះ ក៏មានចេញពណ៌ស្វាយខ្ចីនេះផងដែរ។ តាមការបង្ហាញរបស់ក្រុមហ៊ុន Apple គឺដើម្បីឧទ្ទិសទៅដល់លោក Steve Jobs ដោយពណ៌ស្វាយគឺជាពណ៌ដែលលោកចូលចិត្តបំផុត ប៉ុន្តែមិនមានឯកសារណាថាលោកចូលចិត្តពណ៌ស្វាយកម្រិតណាដែរ។ ប្រហែលជា Apple ក៏ចង់ដើរឲ្យទាន់វិស័យហ្វេហ្សិនផងដែរមើលទៅ! ទោះបីយ៉ាងណាក្ដី វាពិតជាបានបង្ហាញពីមន្ដស្នេហ៍នៃពណ៌ស្វាយត្របែកព្រៃយ៉ាងច្បាស់។ មួយវិញទៀត ការពេញនិយមនៃពណ៌មួយនេះ គឺចាប់មានពន្លកតាំងពីរដូវរងារឆ្នាំ២០២០ មកម្ល៉េះ ដោយបន្តជាគំហុកនារដូវផ្ការីក និងរដូវក្ដៅឆ្នាំ២០២១នេះទៀត។ ចំណែករដូវកាលថ្មីខាងមុខវិញ ពណ៌ស្វាយនឹងបន្តអនុភាពរបស់ខ្លួននៅលើឆាកបង្ហាញម៉ូដអន្តរជាតិជុំវិញសកលលោកផងដែរ៕
Article by LENG CHANREASEY