ឯកសារមាសស្តីពីក្បួនរៀបចំភោជនាហារព្រះរាជនិពន្ធ សម្តេចព្រះរាជកនិដ្ឋា នរោត្តម រស្មីសោភ័ណ្ឌ
NEWS 3 years agoសៀវភៅស្តង់ដារអន្តរជាតិមួយក្បាលដែលមានក្របរឹងតម្កល់ក្នុងស្រោមប្រអប់ពណ៌ទឹកប៊ិកអមដោយការរចនាអក្សរខ្មែរ-អង់គ្លេសពណ៌ទឹកប្រាក់យ៉ាងល្អវិចិត្រឆ្លុះបញ្ចាំងពីគុណភាពនិងការផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ថ្វាយព្រះវិញ្ញាណក្ខន្ធសម្តេចព្រះរាជកនិដ្ឋា នរោត្តម រស្មីសោភ័ណ្ឌ ដែលជាស្ថាបនិកសៀវភៅក្បួនភោជាហារពីសម័យដើមទសវត្សរ៍ឆ្នាំ១៩៧០។ សៀវភៅមួយក្បាលនេះមានចំណងជើងថា “The Culinary Art of Cambodia” ឬ “តម្រាភោជនាហារ” ដែលត្រូវបានបោះពុម្ពផ្សាយជាសាធារណៈឡើងវិញក្រោមការឧបត្ថម្ភរបស់សណ្ឋាគារ Templation Angkor Resort ខេត្តសៀមរាប តាមលំនាំច្បាប់ដើម ដោយមានបន្ថែមរូបថតម្ហូបអាហារទាំងនោះសាជាថ្មីក្រោយឯកសារដើមត្រូវបានបង្កើតកាលពីជាងកន្លះសតវត្សរ៍មុនហើយក៏ស្ទើរតែបាត់បង់លែងមានអ្នកស្គាល់សោះទៅហើយ។
ជាសំណាងល្អ នៅក្នុងឆ្នាំ២០១៩ លោក ប៊ឺរណាដ ខូហេន (Bernard Cohen) ស្ថាបនិកគេហទំព័រវប្បធម៌-អរិយធម៌អង្គរ Angkor Database រួមទាំងសហការី បានចំណាយពេល១៨ខែ ឬ ជាង១ឆ្នាំក្នុងបេសកកម្មស្រាវជ្រាវពីមត៌កឯកសារនេះឡើងវិញ ព្រមទាំងជីវប្រវត្តិនិងព្រះរាជសកម្មភាពកាលពីសម្តេចព្រះរាជកនិដ្ឋានៅមានព្រះជន្ម។ “ វិជ្ជារៀបចំភោជនាហារទាំងនេះពិតជាឆ្លុះបញ្ចាំងពីឱជារសព្រះស្ងោយដែលសម្តេច នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) ទ្រង់សព្វព្រះទ័យ ទ្រង់មិនសព្វព្រះទ័យចំពោះព្រះស្ងោយដែលមានរសជាតិហឹរមុតខ្លាំងនោះទេ។ ប៉ុន្តែនៅពេលនិពន្ធសៀវភៅនេះ សម្តេចព្រះរាជកនិដ្ឋាក៏យកព្រះទ័យទុកដាក់ទ្រង់ព្រះរាជតម្រិះចំពោះទំនោររសជាតិអាហារសម្រាប់ប្រជាជនខ្មែរទាំងមូលផងដែរ ” លោកបានពន្យល់។ លោកបានបន្ថែមថា នៅក្នុងអំឡុងពេលនៃការស្រាវជ្រាវខាងលើ ក្រុមការងាររបស់លោកបានប្រមូលសាក្សីរស់ បណ្ណសារឯកសារដែលនៅសេសសល់ ព្រមទាំងរូបថតកម្រៗជាច្រើនពាក់ព័ន្ធនឹងប្រធានបទខាងលើ ក្រោមការជួយជ្រោមជ្រែងជាពិសេសពីសំណាក់ឯកឧត្តម ហ្ស៊ូលីអូ ហ្ស៊ែលដ្រេស៍ (Julio Jeldres) ប្រវត្តិវិទូដ៏ឆ្នើមដែលសរសេរអំពីព្រះរាជពង្សាវតារនៃព្រះរាជវង្សានុវង្សខ្មែរក្នុងពេលបច្ចុប្បន្ន។
លក្ខណៈពិសេសនៃសៀវភៅខាងលើនេះគឺជាសៀវភៅស្នាព្រះហស្ថព្រះរាជនិពន្ធកម្រាស់១៨៤ទំព័ររបស់សម្តេចព្រះរាជកនិដ្ឋា នរោត្តម រស្មីសោភ័ណ្ឌ ដែលត្រូវជាបិតុច្ឆា (ម្តាយមីង) របស់ព្រះបរមរតនកោដ្ឋ និងត្រូវជាព្រះអយ្យកាបិតុច្ឆា (ជីដូនមីង) របស់ព្រះករុណា ព្រះបាទសម្តេច បរមនាថ នរោត្តមសីហមុនី។ សៀវភៅនេះមានបង្ហាញពីសេចក្តីផ្តើមផ្នែកប្រវត្តិសាស្រ្ត ច្បាប់បោះពុម្ពផ្សាយជាភាសាអង់គ្លេសពីទសវត្សរ៍ឆ្នាំ១៩៦០ពេញលេញទាំងស្រុងអមដោយក្បួនម្ហូបចំនួន៣០០មុខ វិធីចម្អិនម្ហូបជាភាសាខ្មែរចំនួន១៧០មុខដែលទ្រង់ជ្រើសរើសបោះពុម្ពក្នុងព្រឹត្តិបត្ររាជវង្សពីឆ្នាំ១៩៧០ កម្រងរូបថតឯកសារចាស់ថ្មីចំនួន២០០សន្លឹកនិង មឺនុយអាហារ៣មុខចំនួនប្រាំឈុតដែលត្រូវបានសម្រិតសម្រាំងដោយនារីខ្មែរបីរូបដែលកំពុងបម្រើការងារពាក់ព័ន្ធនឹងវិស័យវប្បធម៌បេតិកភណ្ឌខ្មែរ។
សូមបញ្ជាក់ជូនមហាជនទាំងឡាយឲ្យបានជ្រាបថា សៀវភៅនេះមានតម្លៃ២១ដុល្លារក្នុងមួយក្បាល ដែលប្រាក់ចំណេញពីការលក់ទាំងអស់នឹងត្រូវបរិច្ចាគទៅកាន់សមាគមមូលនិធិស្រ្តីសម្តេចរស្មីសោភ័ណដែលមានព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ម៉ារី ជាព្រះប្រធាន និងទៅកាន់វត្តរស្មីសោភណារាមនៅក្នុងខេត្តកណ្តាល ដែលយកឈ្មោះតាមព្រះនាមសម្តេចព្រះរាជកនិដ្ឋា។ ប្រសិនបើមានចំណាប់អារម្មណ៍ អស់លោក លោកស្រី អ្នកនាង កញ្ញា អាចទាក់ទងជាវតាមរយៈហាងកាហ្វេ White Mansion Café (ភ្នំពេញ) បណ្ណាគារ My Bookshop Cambodia (ភ្នំពេញ) សណ្ឋាគារ Templation Angkor Resort (សៀមរាប) សណ្ឋាគារ Le Relais de Chhlong (ក្រចេះ) រីសត Amber Resort (កំពត) និង នៅតាមបណ្តាទីតាំងជាច្រើនទៀតដូចមានចែងនៅក្នុងតំណភ្ជាប់ខាងក្រោមនេះ៖