Sarah Boulet សាស្ត្រាចារ្យដ៏គំរូដែលបង្ហាញទិសដៅសំខាន់ៗដល់អ្នកច្នៃម៉ូដជំនាន់ថ្មី
NEWS 3 years agoSarah Marcni ជាឈ្មោះប្រើប្រាស់ក្នុងរង្វង់សិល្បៈរបស់អ្នកស្រី Sarah Boulet ជនជាតិបារាំង ដែលបានផ្លាស់ប្តូរទីលំនៅរបស់ខ្លួនមករស់នៅក្នុងប្រទេសកម្ពុជានៅអំឡុងឆ្នាំ២០១៣ ដើម្បីស្វែងរកទំនោរនិយមថ្មីៗដែលខុសប្លែកពីចំណេះជំនាញ និងបទពិសោធន៍របស់អ្នកស្រីឆ្លងកាត់ពីមុនមក។ ដោយឡែក ប្រសិនបើរំឮកពីការសិក្សារបស់អ្នកស្រីឯណេះវិញ នៅអំឡុងឆ្នាំ២០០៦ អ្នកស្រី Sarah បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រលើមុខជំនាញហ្វេហ្សិនឌីហ្សាញនៃសាកលវិទ្យាល័យ Parisian (ESAA Duperré) និងជាអតីតប្រធានសិល្បៈក្នុងផ្នែកប្រព័ន្ធផ្សព្វផ្សាយមួយកន្លែងស្ថិតក្នុងទីក្រុងប៉ារីសផងដែរ។
ជំនួបជាមួយនឹងអ្នកស្រី Sarah Boulet ជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យលីម កុក វីង លើមុខជំនាញហ្វេហ្សិនឌីហ្សាញបានបង្ហាញពីកត្តាសំខាន់ៗមួយចំនួនដែលធ្វើឲ្យអ្នកស្រីសម្រេចចិត្តផ្លាស់ប្តូរបទពិសោធន៍ការងាររបស់ខ្លួនយ៉ាងដូច្នេះថា «នៅអំឡុងឆ្នាំ២០១៧ ខ្ញុំបានគិតពិចារណាអំពីការងារបច្ចុប្បន្នរបស់ខ្ញុំ ខ្ញុំចាប់ផ្តើមមានអារម្មណ៍ថាខ្ញុំមិនចង់ធ្វើការងារនេះបន្តទៀតនោះទេ ក៏ព្រោះតែខ្ញុំបានចំណាយពេលវេលាក្នុងវិស័យនេះរយៈពេលជិត១០ឆ្នាំហើយ មួយវិញទៀតនោះ ខ្ញុំចង់យកជំនាញ និងគំនិតច្នៃប្រតិដ្ឋរបស់ខ្ញុំមកប្រើប្រាស់ជាថ្មីម្តងទៀត ហេតុដូចនេះខ្ញុំក៏ចាប់ផ្តើមហ្វឹកហាត់លើការគូរគំនូរឌីជីថលបន្ទាប់មកខ្ញុំមានឳកាសក្លាយជាសាស្ត្រាចារ្យផ្នែកគំនូរក្នុងសាកលវិទ្យាល័យមួយ»។ ពេលវេលាកាន់តែដើរទៅមុខបន្តិចម្តងៗដែលជាឳកាសដ៏ល្អកម្ររកបានសម្រាប់អ្នកស្រី Sarah ក្លាយជាសាស្ត្រាចារ្យដ៏មានប្រជាប្រិយម្នាក់លើមុខជំនាញហ្វេហ្សិនឌីហ្សាញ តួយ៉ាង នៅក្នុងឆ្នាំ២០១៨ អ្នកស្រីត្រូវបានចូលរួមជាផ្នែកមួយនៃសាកលវិទ្យាល័យលីម កុក វីង ដូច្នេះដែរ។ ទន្ទឹមនឹងនេះ អ្នកស្រី Sarah ក៏បានដើរតួយ៉ាងសំខាន់ក្នុងការដឹកនាំ ហ្វឹកហាត់ ពង្រឹងសមត្ថភាព និងជាទីប្រឹក្សាដ៏ល្អសម្រាប់អ្នកច្នៃម៉ូដហ្វេហ្សិនជំនាន់ថ្មីថែមទៀត។
តាមការលើកឡើងរបស់អ្នកស្រី Sarah បានឲ្យដឹងថា «ការប្រឡងឆមាសកន្លងទៅ សិស្សរបស់ខ្ញុំចាប់ផ្តើមបង្កើត និងហ្វឹកហាត់គំនិតច្នៃប្រតិដ្ឋរបស់ពួកគេលើខូឡិកហ្សិនទាក់ទងនឹងប្រធានបទដែលខ្ញុំបានកំណត់ ក្រោយពីការបញ្ចប់កិច្ចការទាំងនោះខ្ញុំអាចសន្មត់បានថាគំនិតច្នៃប្រតិដ្ឋរបស់ពួកគេពិតជាអស្ចារ្យ និងទាក់ទាញបំផុតផងដែរ ទោះបីជាពួកគេនៅមានកំហុសបន្តិចបន្តួច ប៉ុន្តែពួកគេបានព្យាយាមបង្ហាញសមត្ថភាពរបស់ពួកគេយ៉ាងល្អបំផុត ជាពិសេស ក្រុម The Mexart ពួកគេតែងបង្កើតសមទ្ធិផលថ្មីៗជាច្រើនដែលលើសពីការរំពឹងទុករបស់ខ្ញុំទៅទៀត»។ ជាការពិតណាស់ តាមរដូវកាលនីមួយៗពីមួយឆ្នាំទៅមួយឆ្នាំ ស្នាដៃរបស់អ្នកច្នៃម៉ូដហ្វេហ្សិនជំនាន់ថ្មីតែងពាំនាំនូវគំនិតច្នៃប្រតិដ្ឋខ្ពស់ ជាពិសេស ខូឡិកហ្សិននីមួយៗតែងបង្កប់នូវអត្ថន័យយ៉ាងក្បោះក្បាយដែលយើងគ្រប់គ្នាអាចសន្មត់បានថាវិស័យហ្វេហ្សិននឹងមានការរីកចម្រើនបន្ថែម។ ក្រៅពីការហ្វឹកហាត់លើមុខជំនាញហ្វេហ្សិន សាស្ត្រាចារ្យ Sarah ក៏បានលើកទឹកចិត្តសិស្សរបស់ខ្លួនចាប់ផ្តើមសាកល្បងបង្កើតអាជីវកម្មផ្ទាល់ខ្លួន តួយ៉ាង កញ្ញា វង់ ដារ៉ា (ម៉ារ៉ា) ចាប់ផ្តើមបង្កើតអាជីវកម្មអនឡាញផ្ទាល់ខ្លួនដែលមានឈ្មោះថា «Mara Swimwear» ជាដើម។
ជាចុងក្រោយ អ្នកស្រី Sarah បានផ្តល់ជាចំណាប់អារម្មណ៍មួយចំនួនសម្រាប់អ្នកជំនាន់ក្រោយយ៉ាងដូច្នេះថា «ប្រសិនបើអ្នកជំនាន់ក្រោយអាចចាប់ជំនាញជាអ្នកច្នៃម៉ូដហ្វេហ្សិននោះវាគឺជាធនធានដ៏សំខាន់មួយដែលអាចលើកស្ទួយសេដ្ឋកិច្ចក្នុងប្រទេស ម៉្យាងវិញទៀត ចំពោះវិស័យហ្វេហ្សិនពួកគេមិនត្រឹមតែអាចស្វែងយល់ពីការច្នៃម៉ូដសម្លៀកបំពាក់នោះទេ ប៉ុន្តែគេអាចស្វែងយល់ពីការចាប់យកឳកាសក្នុងការបង្កើតអាជីវកម្មផ្ទាល់ខ្លួនថែមទៀត យើងអាចនិយាយបានថា វិស័យហ្វេហ្សិន ជាស្នូលដ៏មានតម្លៃក្នុងការបណ្តុះគំនិតច្នៃប្រតិដ្ឋរបស់មនុស្សម្នាក់ៗ»៕
Article by PAN SIVLY
Image Courtesy: Sarah