ខែកញ្ញាបានកន្លងផុតតែមួយប៉ប្រិចភ្នែក ហើយខែបន្ទាប់ក៏ចូលមកជំនួសតាមប្រក្រតិទិនសុរិយគតិ។ ខែតុលាឆ្នាំនេះដែលត្រូវនឹងខែភទ្របទក្នុងចន្ទគតិនោះត្រូវបានប្រជាពលរដ្ឋខ្មែរទូទាំងពិភពលោកសុទ្ធតែបានដឹងថាជារដូវកាលនៃបុណ្យប្រពៃណីជាតិចំបងរបស់ខ្មែរយើងគឺ ពិធីកាន់បិណ្ឌ កាន់បិណ្ឌដែលប្រជាជាតិយើងតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំគ្រប់រាជធានី-ខេត្តទូទាំងផ្ទៃប្រទេស។ ចំពោះហ្វេហ្សិនរបស់សូវរីនសម្រាប់ខែនេះយើងជ្រើសរើសយកពណ៌សជាគោលដើម្បីឆ្លុះបញ្ចាំងពីពណ៌ដែលផ្សារភ្ជាប់នឹងពិធីបុណ្យបែបសាសនានៅក្នុងវប្បធម៌ខ្មែរ ប៉ុន្តែយើងច្នៃចេញជាឈុតបែបទំនើបទាន់សម័យប្រកបដោយប្រណីតភាពប្រៀបបីដូចជាវឌ្ឍនភាពនៃប្រជាជាតិកម្ពុជាក្នុងសតវត្សរ៍ទី២១នេះដែរ។
តែទោះបីជាយ៉ាងនេះក្តីក៏មិនមានន័យថាយើងនឹងរំលងចោលនូវវប្បធម៌បែបបុរាណដ៏ថ្លៃថ្លាឲ្យផុតពីចក្ខិន្រ្ទីយារម្មណ៍របស់ប្រិយមិត្តអ្នកអានរបស់យើងនោះដែរ។ តាមរយៈទំព័រទស្សនាវដ្តីសូវរីនខែភទ្របទនេះ អស់លោក លោកស្រី អ្នកនាង កញ្ញា ទាំងឡាយនឹងបានឈ្វេងយល់ឲ្យកាន់តែជាក់ច្បាស់អំពីវិធានការនៃការប្រារព្ធពិធីបុណ្យ កាន់បិណ្ឌ ភ្ជុំបិណ្ឌ ក្នុងគន្លងបរិបទកូវីដ១៩ តាមសេចក្តីប្រកាសរបស់ក្រសួងធម្មការ និងសាសនា ព្រមទាំងចំណាប់អារម្មណ៍របស់មហាជនពាក់ព័ន្ធនឹងបញ្ហានេះ ព្រមទាំងសម្មតិកម្មផ្សេងៗស្តីពីមូលហេតុដែលខ្មែរមានទម្លាប់ប្រើស្បៃ ឬកន្សែងពានាទៅវត្តក្នុងកម្មវិធីបុណ្យនានាដែលយើងនៅឃើញរហូតមកដល់សព្វថ្ងៃនេះ។ អ្វីដែលពិសេសបំផុតនោះគឺ វត្តមានរបស់លោកព្រឹទ្ធាចារ្យ ពៀក ចាប៉ិច មត៌កមនុស្សរស់នៃព្រះរាជាណាចក្រកម្ពុជា ឯកទេសល្ខោនបាសាក់ទោល ឬផ្នែកនិទានរឿង ដែលមានតែមួយគត់នៅក្នុងប្រទេសយើង។
ជាចុងក្រោយ លោកអ្នកនឹងបានអាននូវអត្ថបទពណ៌នាអំពីគោលដៅអារាមសាសនាដ៏ពិសិដ្ឋចំនួន ៧ទីតាំងណែនាំដោយក្រុមការងារសូវរីនសម្រាប់ដំណើរកម្សាន្តរដូវបុណ្យភ្ជុំរបស់លោកអ្នកក្នុងឆ្នាំថ្មីនេះ ព្រមទាំងជម្រើសភោជនីយដ្ឋាន និងហាងកាហ្វេដែលមានលក្ខណៈពិសេសទាក់ភ្នែកសម្រាប់មិត្តយុវវ័យ ព្រមទាំងអត្ថបទល្អៗជាច្រើនទៀតដែលលោកអ្នកពិតជាជក់ចិត្តដិតអារម្មណ៍ជាក់ជាមិនខាន៕
សូមចុចលើតំណភ្ជាប់នេះ ដើម្បីចូលទស្សនាមាតិកាទស្សនាវដ្តីឌីជីថល