ជំនោរត្រសៀកៗបានរសាត់ខ្លួនចូលមកប្រាប់ជាសញ្ញាថា រដូវលំហើយចុងឆ្នាំបានចូលមកដល់ហើយ។ មិនយូរប៉ុន្មាន ឆ្នាំ២០២១ ក៏នឹងរសាត់បាត់ចេញពីចក្ខុឥន្រ្ទិយារម្មណ៍របស់មហាជនទាំងឡាយ។ មុននឹងឆ្នាំ ២០២១ ឃ្លាតចាកឆ្ងាយ សូវរីននាំមកនូវបណ្តុំមាតិកា និង កម្រងរូបថតហ្វេហ្សិនយ៉ាងច្រើនជាចំណងដៃដល់ប្រិយមិត្តអ្នកអានទាំងអស់របស់យើងឲ្យសប្បាយរីករាយក្នុងរដូវកាលចុងឆ្នាំនេះ។ ក្នុងលេខចេញផ្សាយខែវិច្ឆិកានេះ សូវរីន យើងបានសម្រិតសម្រាំងប្រមូលផ្តុំឈុតសម្លៀកបំពាក់សម្រាប់រដូវរងាដែលមានពណ៌ប្រផេះជាគោល តំណាងឲ្យលក្ខណៈធម្មជាតិកកត្រជាក់ញាប់ញ័រនៃសិសិររដូវ មកបង្ហាញជូនអស់លោក លោកស្រី អ្នកនាង កញ្ញា ឲ្យសមស្របតាមរដូវកាល។
ដោយឡែក សម្រាប់ទំព័របទសម្ភាសន៍បុគ្គលមានស្នាដៃ ក្នុងលេខទី១២២នេះ យើងនឹងបង្ហាញបទពិសោធន៍ ក្នុងការដឹកនាំអភិវឌ្ឍរបស់លោក ប្លែស គីលីយ៉ង់ ក្នុងតួនាទីជាសហប្រធាននៃសារមន្ទីរសេដ្ឋកិច្ច និង រូបិយវត្ថុ ស.ស.រ ដ៏ទំនើបទាន់សម័យមានតែមួយគត់នៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះដែរ លោកអ្នកក៏នឹងបានជួបជាមួយនឹងវត្តមានលោក សួង ម៉ារឌី មន្រ្តីក្រសួងបរិស្ថាន និងជាអ្នកជំនាញថតរូបអាជីពដែលកំពុងមានកេរ្តិ៍ឈ្មោះបោះសំឡេងលំដាប់ជួរមុខក្នុងផ្នែកថតរូបតាមដងផ្លូវ និង រូបទេសភាពស្អាតៗនៃតំបន់ទេសចរណ៍នានានៃប្រទេស កម្ពុជាយើងសព្វថ្ងៃ ព្រមជាមួយវត្តមានសិល្បករសហសម័យក្នុងស្រុកមួយចំនួនទៀត។
ជាចុងក្រោយ នៅលើទំព័រទស្សនាចរណ៍ផ្នែកខាងក្រោយ សូវរីនមានសេចក្តីសោមនស្សរីករាយដែលបានទៅដល់ទឹកដីស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលមានបរិយាកាសធម្មជាតិស្រស់ត្រកាលតាមជើងភ្នំ ខុសប្លែកពីបរិយា កាសទីរួមខេត្តដែលសម្បូរដោយអគារលំនៅឋាន និង អគារពាណិជ្ជកម្មច្រើនស្អេកស្កះ។ តាមរយៈនេះ យើងនឹងណែនាំទីតាំងបោះជំរំថ្មីមួយក្នុងស្រុកនេះ ដែលលោកអ្នកប្រាកដជាចង់សាកល្បងទៅសម្រាកលម្ហែនៅក្នុងដំណើរកម្សាន្តនៅថ្ងៃខាងមុខណាមួយជាមិនខាន។ រីឯហាងកាហ្វេផ្តោតលើការរៀបចំបរិយាកាសខាងក្រៅ (outdoor) ពេញនិយមថ្មីៗមួយចំនួនក៏នឹងត្រូវបានណែនាំសម្រាប់ខែនេះផងដែរ៕
សូមចុចលើតំណភ្ជាប់នេះ ដើម្បីចូលទស្សនាមាតិកាទស្សនាវដ្តីឌីជីថល