×

៥​ ​សំនួរ​ជាមួយ​ម្ចាស់​ជ័យ​លា​ភី​កម្មវិធី​ប្រកួត​គំនូរ​ ​White​ ​Canvas​ ​Cambodia​ 2021

NEWS 2 years ago
 
 

            កម្មវិធី​ប្រកួតប្រជែង​គំនូរ​ដែល​មានឈ្មោះ​ថា​ ​White​ ​Canvas​ ​Cambodia​ 2021 ​រៀបចំ​ឡើង​ដោយ​អង្គការ​ជប៉ុន​ ​Social​ ​Pass​ ​សហការ​ជាមួយ​មូលនិធិ​វប្បធម៌​ខាងកើត​ (Eastern​ ​Culture​ ​Foundation) ​គាំទ្រ​ដោយ​ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​និង​ស្ថានទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា​ ​ត្រូវ​បាន​ប្រកាស​លទ្ធផល​ជ័យលាភី​ជា​ផ្លូវការ​កាលពី​ចុង​ខែវិច្ឆិកា​កន្លងទៅ​ថ្មីៗ​នេះ។​ ​លោក​ ​ម៉ន​ ​ជា​ ​មកពី​ខេត្ត​កំពត​ ​បច្ចុប្បន្ន​រស់នៅ​ខេត្ត​សៀមរាប​ ​ជា​វិចិត្រករ​ជ័យលាភី​ពានរង្វាន់​មាស​ (Gold​ ​Prize) ​ដែល​ជា​ពានរង្វាន់​សម្រាប់​ម្ចាស់​ជ័យលាភី​លេខ១​របស់​កម្មវិធី​ប្រកួតប្រជែង​ស្នាដៃ​គំនូរ​ឆ្នាំ២០២១​នេះ​ក្នុង​លក្ខខណ្ឌ​មនុស្ស​ពេញវ័យ​ ​តាមរយៈ​គំនូរ​មួយ​ផ្ទាំង​ដែល​មាន​ចំណងជើង​ជា​ភាសា​អង់គ្លេស​ថា​ ​«Metamorphosis»​ (មេតាម៉ហ្វូស៊ីស) ​មានន័យ​ថា​ ​«ភាព​ប្រែប្រួល»។​ ​ខាងក្រោម​នេះ​ជា​សំនួរ​សម្ភាសន៍​ទាំង​៥​ជាមួយ​ម្ចាស់​ជ័យលាភី​ពានរង្វាន់​ខាងលើ៖

            ​១​. ​តើ​គំនូរ​ដែល​លោក​គូរ​សម្រាប់​ ​White​ ​Canvas​ ​Cambodia​ ​នេះ​ឆ្លុះបញ្ចាំង​អំពីអ្វី? ​មូលហេតុ​អ្វី​ជំរុញ​ឲ្យ​លោក​ជ្រើសរើស​គូរ​គំនូរ​មួយ​ផ្ទាំង​នេះ?
            ​គំនូរ​ដែល​ខ្ញុំ​ដាក់​ចូលរួម​ ​White​ ​Canvas​ ​Cambodia​ ​គឺ​ឆ្លុះបញ្ចាំង​អំពី​ខ្សែជីវិត​របស់​ខ្ញុំ​ផ្ទាល់​កាលពី​ខ្ញុំ​ទើប​តែ​ពិការ​ដៃ និង​ពេល​បច្ចុប្បន្ននេះ។​ ​អ្នក​ដែល​ជំរុញ​ឲ្យ​ខ្ញុំ​ដាក់​គំនូរ​មួយ​ផ្ទាំង​នេះ​ ​គឺ​ចិត្ត និង​គំនិត​ហើយ និង​បេះដូង​របស់​ខ្ញុំ​ ​ដែល​ចង់​ប្រាប់​ទៅ​អ្នកទស្សនា​ស្នាដៃ​សិល្បៈ​របស់​ខ្ញុំ​មួយ​នេះ​ ​ឲ្យ​ពួកគាត់​ដឹង​ថា​ក្រោយពេល​ខ្ញុំ​ពិការ​ដៃ និង​ពេល​បច្ចុប្បន្ននេះ​ ​ខ្ញុំ​បាន​ឆ្លងកាត់​អ្វីខ្លះ? ​និង​មាន​ឧបសគ្គ​អ្វីខ្លះ​សម្រាប់​ជីវិត​របស់​ខ្ញុំ?។​

            ២​. ​តើ​ការ​ប្រកួត​គំនូរ​លើក​នេះ​ជា​ការចូលរួម​ប្រកួត​គំនូរ​លើក​ទីប៉ុន្មាន​សម្រាប់​លោក? ​វា​ផ្តល់​បទពិសោធន៍​អ្វីខ្លះ​សម្រាប់​អាជីព​របស់​លោក?
            សម្រាប់​ការ​ដាក់​ប្រកួតប្រជែង​ស្នាដៃ​គំនូរ​របស់​ខ្ញុំ​ ​មាន​ចំនួន​ពីរ​លើក​ហើយ។​ ​លើកទីមួយ​ឆ្នាំ២០២០​ ​លើក​ទីពីរ​ឆ្នាំ២០២១​ ​នេះ​ ​ជាមួយ​កម្មវិធី​ ​white​ ​Canvas​ ​Cambodia​ ​ដូចគ្នា។​ ​វា​បាន​ផ្ដល់​បទពិសោធន៍​ ​ដូចជា​បាន​ដាក់​បង្ហាញ​ជា​សាធារណៈ​ឲ្យ​អ្នកទស្សនា​គាត់​បាន​មើល​អំពី​ស្នាដៃ​របស់យើង​ ​និង​គណៈកម្មការ​បាន​វាយ​តម្លៃ​ស្នាដៃ​របស់យើង​ថា​តើ​សិល្បៈ​របស់យើង​មាន​កម្រិត​បែប​ណា​ ​ហើយ និង​បាន​ចូលរួម​ជាមួយ​សិល្បករ​សិល្ប​ការិនី​នៅ​ក្នុង​ប្រទេស​កម្ពុជា​របស់យើង។​

            ៣. តើ​លោក​បាន​ជួបប្រទះ​បញ្ហា​លំបាក​អ្វីខ្លះ​ទម្រាំ​សម្រេច​គំនូរ​មួយ​ផ្ទាំង​នេះ?
            ការ​ជួប​បញ្ហា​សម្រាប់​ធ្វើ​គំនូរ​ ​មាន​ដូចជា​ ​ចុក​ដៃ​ ​ចុកចង្កេះ​ ​និង​ឈឺ​ចុង​ៗ​ដៃ​ ​ដែល​យើង​ត្រូវ​គាប​កាំបិត​ចិត​ប្លុក​ធ្វើ​គំនូរ​នីមួយៗ​ ​និង​ក្រោយពេល​ដែល​យើង​បាន​ចិត​ចេញ​ជា​រូបរាង​ហើយ​ ​យើង​ពិបាក​នៅ​ពេល​ដាក់​ក្រដាស​ព្រីន​ជាមួយ​ប្លុក​ ​ដោយសារតែ​យើង​ពិការ​ដៃ​ទាំងពីរ​ ​ពិបាក​កាន់​គាប​ដាក់ឲ្យ​វា​ស្មើ។​
 

            ៤. តើ​លោក​មាន​ពាក្យពេចន៍​អ្វីខ្លះ​ចង់និយាយ​ក្រោយ​ទទួល​បាន​ជ័យលាភី​នេះ?
            ខ្ញុំ​ចង់និយាយ​ថា​ ​អរគុណ​ (ចំពោះ) ​កម្មវិធី​ ​White​ ​Canvas​ ​Cambodia​ ​ដែល​បាន​បង្កើត​កម្មវិធី​នេះ​ឡើង​ដើម្បីឲ្យ​សិល្បករ​ ​សិល្ប​ការិនី​ ​នៅ​ប្រទេស​កម្ពុជា​របស់យើង​បាន​ចូលរួម​ប្រកួតប្រជែង​ស្នាដៃ​សិល្បៈ​របស់​ខ្លួន​មួយ​ ​ហើយ និង​សង្ឃឹម​ថា​កម្មវិធី​នេះ​នឹង​មាន​ជា​រៀងរាល់​ឆ្នាំ​ ​ហើយ និង​លើកទឹកចិត្ត​ដល់​បងប្អូន​សិល្បករ​សិល្ប​ការិនី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​នៅតែ​បន្ត​ធ្វើការងារ​សិល្បៈ​របស់​ខ្លួន​ដើម្បី​បាន​ចូលរួម​ប្រកួតប្រជែង​នៅ​ឆ្នាំក្រោយ​ទៀត។​

            ៥. តើ​នៅ​ជំហាន​បន្ទាប់​ ​លោក​មាន​គម្រោង​ធ្វើអ្វី​ខ្លះ?
            ជំហាន​បន្ទាប់​ ​គឺ​ខ្ញុំ​នៅតែ​បន្ត​ការងារ​សិល្បៈ​របស់​ខ្ញុំ​រហូត​ ​ពីព្រោះ​ការងារ​សិល្បៈ​នេះ​ហើយដែល​ជា​ការងារ​ជួយ​រក​ប្រាក​ចំណូល​ប្រចាំថ្ងៃ​របស់​ខ្ញុំ​ ​ជួយ​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងែ ​ហើយ និង​សង្ឃឹម​ថា​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ជួយ​គាំទ្រ​សិល្បៈ​របស់​ខ្ញុំ​មួយ​នេះ។​ ​សូម​អរគុណ!

            គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ម្ចាស់​ជ័យលាភី​ពានរង្វាន់​មាស​ ​ម៉ន​ ​ជា​ ​ទទួល​បាន​ពានរង្វាន់​ជ័យលាភី​១​គ្រឿង​ វិញ្ញា​បនប​ត្រ​ជ័យលាភី​ ​១​គ្រឿង​ ​និង​ទឹកប្រាក់​រង្វាន់​ចំនួន​ ​១០០០ដុល្លារ​សហរដ្ឋអាមេរិក​ ​ពី​កម្មវិធី​ប្រកួត​នេះ៕​

Article by SRIN SOKMEAN


SUGGESTIONS