អាជីវកម្មហាងកាហ្វេតូចធំកំពុងមានសន្ទុះរីកចម្រើនស្ទើរគ្រប់ច្រកល្ហកនៃប្រទេសកម្ពុជាដែលសឹងតែមិនអាចចាំអស់ ។ ប៉ុន្តែមិនមែនគ្រប់ហាងកាហ្វេសុទ្ធតែជានិមិត្តរូបទេសចរណ៍ប្រចាំតំបន់នោះទេ។ កាលពីមុនមក លោកអ្នកទំនងជាបានស្គាល់ហាងកាហ្វេទេសចរណ៍ស្អាតៗល្បីតៗគ្នាប្រចាំតំបន់មួយចំនួនរួចមកហើយ តួយ៉ាង កាហ្វេលើភ្នំ (Led Zep Café) ប្រចាំខេត្តកែប កាហ្វេឃ្លាំងអំបិល (Khleang Ambel Coffee) ប្រចាំខេត្តកំពត និងស្រយាលកាហ្វេ (Sroyal Café & Pub) ប្រចាំស្រុកល្វាឯម ខេត្តកណ្តាល ជាដើម។ តោះ! មកបន្តភាគពីហាងកាហ្វេទៀត! សម្រាប់ខែធ្នូនេះ គេហទំព័រសូវរីនសូមណែនាំហាងកាហ្វេ «ភ្នំកាហ្វេ» (Phnom Coffee) ដែលជាគោលដៅទេសចរណ៍តូចតែខ្លឹមកំពុងរះលំដាប់ជួរមុខនៅលើទឹកដីភូមិសាស្រ្តតំបន់ភ្នំ ១០០៥ (អ្នកខ្លះហៅភ្នំ១៥០០) នៃស្រុកវាលវែង ខេត្តពោធិ៍សាត់ មិនឆ្ងាយប៉ុន្មានពីច្រកព្រំដែនថ្មដា។
តាមរយៈបទសម្ភាសន៍ជាមួយលោក ផាន់ វិរៈបុត្រ នាយកប្រតិបត្តិក្រុមហ៊ុន ថៃអាន (TA) ដែលជាក្រុមហ៊ុនគ្រប់គ្រងលើហាងកាហ្វេយីហោ «ភ្នំកាហ្វេ» ហាងកាហ្វេដ៏តូចច្រឡឹងលើទឹកដីធម្មជាតិដ៏ពិសិដ្ឋនេះត្រូវបានផ្តួចផ្តើមបង្កើតឡើងក្នុងគោលបំណងដើម្បីបំពេញនូវកំណើនតម្រូវការសេវាកម្មបម្រើម្ហូបអាហារនិងភេសជ្ជៈជាក់ស្តែងក្នុងតំបន់ភ្នំ១០០៥ដែលជាតំបន់សក្តានុពលទេសចរណ៍កំពុងអភិវឌ្ឍ « ដំបូង ពេលដែលយើងទៅដល់តំបន់នេះ យើងផ្តោតលើអចលនទ្រព្យទេ ប៉ុន្តែយើងឃើញចន្លោះខ្វះខាតពាក់ព័ន្ធវិស័យទេសចរណ៍។ នៅទីហ្នឹង ពីមុនផ្នត់គំនិតប្រជាជនគិតថា ដីដែលគាត់មានរាល់ថ្ងៃជាដីកសិកម្ម ក្រៅពីកសិកម្មគឺធ្វើអីអត់បានទេ! ប៉ុន្តែផ្នត់គំនិតពួកខ្ញុំគិតផ្សេង ព្រោះមានកត្តាអំណោយផលធម្មជាតិ ទេសភាព អាកាសធាតុ និងសណ្ឋានដី អំណោយផលទាំងអស់ […] » ។
ចំពោះទស្សនទានតុបតែងលម្អស្ថាបត្យកម្ម ឬ រចនាហាង ស្ថាបនិកហាងបានបញ្ជាក់ថា លោកមានសហស្ថាបនិកជាដៃគូម្នាក់ទៀតដែលមានបទពិសោធន៍ធ្លាប់ដើរលេងប្រទេសជាច្រើនជុំវិញពិភពលោក ទាំងអាស៊ី និង អឺរ៉ុប មានគំនិតចែករំលែកពិភាក្សាច្នៃបង្កើតបរិយាកាសហាងកាហ្វេដែលខុសប្លែកពីហាងកាហ្វេដទៃទៀតក្នុងស្រុកហើយមានលក្ខណៈផ្សារភ្ជាប់នឹងធម្មជាតិស្រស់ត្រកាលនៃតំបន់នេះ ជាពិសេសគឺចំណុចពណ៌ ដែលជ្រើសរើសយកមកប្រើក្នុងការរចនាតែម្តង ។ ក្រៅពីនេះ ចំណុចខ្លាំងរបស់ហាងដែលទាក់ទាញភ្ញៀវទេសចរទាំងឡាយឲ្យចូលមកទីនេះមិនចេះដាច់នោះគឺ រសជាតិកាហ្វេដែលភ្ញៀវប្រាថ្នាចង់សាកល្បង បរិយាកាសដែលញ៉ាំងអារម្មណ៍ឲ្យសប្បាយរីករាយ និងម្ហូបអាហារពិសេសៗប្រចាំហាង ដូចជា មាន់ដុត ប្រហុកអាំងជ្រុញ ម្ជូរព្រៃភ្នំ១០០៥ សាច់អាំងទឹកកាពិ និង សាច់អាំងមូកៈថៈ ដែលកំពុងពេញនិយម។
«អ្វីដែលសំខាន់ លក្ខណៈពិសេសរបស់ហាងខ្ញុំ គឺ ខ្ញុំលក់អារម្មណ៍! ខ្ញុំជឿថាត្រឹមកាហ្វេមួយកែវឆ្ងាញ់គាត់អាចទិញឯណាក៏បាន ប៉ុន្តែអារម្មណ៍ដែលមានបែបនេះគឺ អត់អាចរកកន្លែងណាបាន ក្រៅពីកន្លែងនេះបានទេ! » ស្ថាបនិកហាងបានអះអាងអមដោយស្នាមញញឹម៕