×

ហានិ​ភ័យ​នៃ​ជំងឺ​សន្លាក់​ឆ្អឹង​ដែល​អ្នក​អាច​នឹង​មិនធ្លាប់​នឹកស្មាន​ដល់​

TRAVEL & LIVING 2 years ago
 
 

           តើ​អ្វី​ទៅជា​ជំងឺ​រលាក​សន្លាក់​? ​ជំងឺ​រលាក​សន្លាក់​គឺជា​ជំងឺ​បង្ក​ដោយ​ការ​សឹក​រេចរឹល​នៃ​ស្រទាប់​ឆ្អឹងខ្ចី​ ​ឬនៅ​សន្លាក់​ឆ្អឹង​ណាមួយ​ធ្វើឲ្យ​មានការ​ឈឺ​ចុកចាប់​ ​ហើម​ ​ជួន​រឹង​ ​អាច​ប៉ះពាល់​លើ​គ្រប់​សន្លាក់​ទាំងអស់​ ​ភាគច្រើន​គេ​សង្កេតឃើញ​កើត​នៅ​ម្តុំ​ឆ្អឹងខ្នង​ ​ត្រគាក​ ​ដៃ​ ​និង​ជង្គង់​។​ ​ជំងឺ​រលាក​សន្លាក់​មានការ​រីក​រាលដាល​ ​និង​វិវឌ្ឍ​ទៅតាម​វ័យ​ ​បើ​យោង​តាម​វិទ្យាស្ថាន​ជំងឺ​សន្លាក់​និង​ឆ្អឹង​នៅ​អាមេរិក​ ​ជំងឺ​នេះ​មិន​ត្រឹមតែ​កើត​លើ​មនុស្ស​វ័យ​ចំណាស់​អាយុ​ចាប់ពី​៦​៥​ឆ្នាំ​ឡើង​ទៅ​ប៉ុណ្ណោះ​ទេ​ ​សូម្បី​មនុស្ស​ពេញវ័យ​ ​វ័យ​ជំទង់​ ​និង​កុមារ​ក៏​អាច​កើត​ផង​ដែរ​។​ ​ដោយសារតែ​ជំងឺ​សន្លាក់​មាន​រោគសញ្ញា​ស្រដៀង​ទៅ​នឹង​ការ​ឈឺ​ចុកចាប់​រាងកាយ​ ​និង​អាការ​នៃ​ជំងឺ​ផ្សេងៗ​ ​វា​ពិត​ជាចាំបាច់​ណាស់​ដែល​តម្រូវ​ឲ្យ​យើង​ឧ​ស្សាហ៍​ទៅ​ត្រួតពិនិត្យ​វិនិច្ឆ័យ​ជាមួយ​គ្រូពេទ្យ​ជំនាញ​។​ ​អ្នកខ្លះ​កើតជំងឺ​នេះ​មិន​បង្ហាញ​រោគសញ្ញា​ឈឺចាប់​អ្វី​សូម្បី​បន្តិច​ ​លុះ​ទៅ​ថត​ឆ្លុះ​ទើប​ដឹង​ថា​ឆ្អឹងខ្ចី​ខូច​ ​ខណៈ​ដែល​អ្នកខ្លះ​ទៀត​ឆ្អឹងខ្ចី​ចាប់ផ្តើម​សឹក​រេចរឹល​ធ្វើឲ្យ​មានការ​ឈឺ​ចុង​ចាប់​ភ្លាម​ៗ​តែម្តង​។​ ​ការ​ដឹង​ទុកមុន​ជា​ផល​ល្អ​មួយ​ដែល​ជួយ​ទប់​ស្កាត់​ក៏ដូចជា​ការពារ​មិន​ឲ្យ​យើង​ទ្រុឌទ្រោម​ទាំង​វ័យក្មេង​។​ ​នៅ​ក្នុង​អត្ថបទ​នេះ​យើង​នឹង​បរិយាយ​អំពី​ជំងឺ​រលាក​សន្លាក់​ដែល​អាច​កើត​លើ​មនុស្ស​វ័យក្មេង​។​

          ​ដូច​បាន​ជម្រាប​ខាងដើម​រោគសញ្ញា​ជំងឺ​រលាក​សន្លាក់​ស្រដៀង​ទៅ​នឹង​ការ​ឈឺ​ចុកចាប់​រាងកាយ​ ​និង​អាការ​នៃ​ជំងឺ​ផ្សេងៗ​ ​ប៉ុន្តែ​ជាមួយគ្នា​នេះ​យើង​ក៏​អាច​កត់​សម្គាល់​ទៅលើ​រោគសញ្ញា​ទូទៅ​មួយ​ចំនួន​របស់​វា​ដូចជា​៖​សន្លាក់​មានការ​រោយ​ ​និង​ឈឺ​ចុកចាប់​ ​ជាពិសេស​នៅ​ពេល​ធ្វើ​ចលនា​, ​ការ​ឈឺ​ចុកចាប់​កើតឡើង​បន្ទាប់ពី​មិន​ធ្វើ​កម្ម​ភាព​រយៈពេល​យូរ​ ​ឬ​បន្ទាប់ពី​ធ្វើសកម្មភាព​ច្រើន​, ​រឹងដៃរឹងជើង​បន្ទាប់ពី​បាន​សម្រាក​ ,​មាន​អារម្មណ៍​ឈឺ​នៅ​តាម​សន្លាក់​ឬ​គន្លាក់​ម្រាមដៃ​, ​ហើម​តាម​សន្លាក់​លើស​ពី​មួយ​កន្លែង​ដែល​ជា​ធម្មតា​សម្រាប់​ក្មេង​កើត​នៅត្រង់​ជង្គង់​ ​ត្រគាក​ ​និង​កជើង​, ​មាន​អារម្មណ៍​ឮ​សំឡេង​កកិត​ឆ្អឹង​ពេល​ធ្វើ​ចលនា​ ​ជាពិសេស​នៅត្រង់​ជង្គង់​ ​និង​មាន​អារម្មណ៍​ចេះតែ​ច្រឡោត​ចង់​កន្ត្រាក់​ដៃ​កន្ត្រាក់​ជើង​នៅ​មិន​ស្ងៀម​។​ ​រោគសញ្ញា​ប៉ុន្មាន​ចំណុច​នេះ​ប្រសិនបើ​កើត​លើ​កូន​របស់​អ្នក​ច្រើនជាង​មួយ​ស​ប្តាហ៍ ​វា​ដល់ពេល​ដែល​អ្នក​ត្រូវ​យកកូន​ទៅ​ជួប​គ្រូពេទ្យ​ត្រួតពិនិត្យ​ដើម្បី​តាមដាន​ព្យាបាល​បន្ថយ​ភាព​ចុកចាប់​ ​ក៏​ដូច​ធ្វើឲ្យ​មុខងារ​រាងកាយ​ប្រសើរ​ឡើង​។

          ​មែនទែន​ទៅ​ជំងឺ​សន្លាក់​មិនមែន​មានតែ​១​ប្រភេទ​នោះ​ទេ​ ​វា​មាន​លើស​ពី​១​០​០​ប្រភេទ​ឯណោះ​។​ ​រៀងរាល់​ឆ្នាំ​ ​មនុស្ស​វ័យ​ជំទង់​ ​និង​មនុស្ស​ពេញវ័យ​រាប់​លាន​នាក់​ ​រួម​នឹង​កុមារ​ប្រមាណ​៣​០​ម៉ឺន​នាក់​បាន​កំពុង​ធ្វើ​រោគវិនិច្ឆ័យ​ពាក់ព័ន្ធ​នឹង​រោគសញ្ញាក៏ ដូចជា​ប្រឹក្សា​ការ​ព្យាបាល​ជំងឺ​សន្លាក់​។​ ​ជាក់ស្តែង​ ​ជំងឺ​សន្លាក់​ភាគច្រើន​ដែល​កំពុង​មាន​ឥទ្ធិពល​លើ​មនុស្ស​វ័យក្មេង​មាន​ដូចជា​៖

          ​Juvenile​ ​Idiopathic​ ​Arthritis​ ​គឺជា​ជំងឺ​សន្លាក់​កើត​លើ​កុមារ​ ​និង​មនុស្ស​វ័យ​ជំទង់​ ​អាយុ​ចាប់ពី​៦​ខែ​រហូតដល់​១​៦​ឆ្នាំ​។​ ​ពាក្យ​ថា​ ​idiopathic​ ​ឬ​មានន័យ​ថា​ករណី​មិន​ប្រាកដ​ ​ដែល​នេះ​ជា​ទម្រង់​អាថ៌កំបាំង​ឬ​ពិបាក​សន្មត​នៃ​ជំងឺ​សន្លាក់​មួយ​នេះ​។​ ​ឧទាហរណ៍​ជាក់ស្តែង​ ​ខណៈ​ដែល​កុមារ​មួយ​ចំនួន​មាន​រោគសញ្ញា​រំខាន​រយៈពេល​ត្រឹម​២​ទៅ​៣​ខែ​ ​ក្មេង​មួយ​ចំនួន​ទៀត​អាច​មាន​រោគសញ្ញា​ធ្វើទុក្ខ​រយៈពេល​វែង​ពេញ​មួយ​ជីវិត​។​ ​ក្មេង​ខ្លះ​អាច​មាន​រោគសញ្ញា​គ្រុនក្តៅ​ ​ហើម​ក្រពេញ​ទឹករងៃ​ឬ​ក្រពេញ​កូន​កណ្តុរ​ ​ឡើង​រមាស់​ឬ​ហើម​ស្បែក​ ​និង​ខ្លះទៀត​វិវឌ្ឍ​ទៅ​រក​ភាព​ធ្ងន់ធ្ងរ​ដូចជា​ការ​ហើម​រលាក​ភ្នែក​ជាដើម​។​

          ​ជំងឺ​សន្លាក់​ ​Rheumatoid Arthritis​ ​ឬ​ហៅ​កាត់​ថា​ R​A​ ​គឺជា​ជំងឺ​ ​Auto​immune​ ​disease​ (​ប្រព័ន្ធ​ភាព​សុំា​ប្រឆាំង​នឹង​ខ្លួនឯង​) ​ដែល​បង្ក​ទៅលើ​រាងកាយ​ទាំងមូល​ ​និង​បង្ក​ផល​រំខាន​នៅ​តាម​សន្លាក់​ទាំងអស់​នៃ​រាងកាយ​ ​ហើយ​វា​កើតឡើង​ចំពោះ​មនុស្ស​វ័យក្មេង​នេះ​តែម្តង​។​ ​និយាយរួម​ទៅ​ទាំង​ជំងឺ​សន្លាក់​ប្រភេទ​ ​Rheumatoid Arthritis​ ​និង​ជំងឺ​សន្លាក់​ ​Juvenile​ ​idiopathic​ ​arthritis​ ​បង្កឡើង​ដូចគ្នា​ដោយ​ប្រព័ន្ធ​ភាព​សុំា​នៃ​រាងកាយ​នឹង​វាយប្រហារ​កោសិកា​ ​ក៏ដូចជា​ជាលិកា​ខ្លួនឯង​។​ ​ករណី​តំណពូជ​ ​និង​បរិយាកាស​ជុំវិញ​ខ្លួន​ក៏​អាច​ជា​ផ្នែក​មួយ​នៃ​ការ​កើតជំងឺ​នេះ​ផង​ដែរ​។​ ​សូម្បី​ការផ្លាស់ប្តូរ​កោសិកា​ពូជ​ក៏​អាច​ធ្វើឲ្យ​បុគ្គល​ងាយ​ប្រឈម​ការ​វាយលុក​ពី​បរិយាកាស​ជុំវិញ​ខ្លួន​ដូចជា​វី​រុ​ស​ធ្វើឲ្យ​កើតជំងឺ​ផ្សេងៗ​មួយរំពេច​។​

          Os​t​e​o​arthritis​ ​គឺជា​ជំងឺ​សន្លាក់​មួយ​ប្រភេទ​ទៀត​ដែល​ក​ម្រ​កើត​លើ​មនុស្ស​វ័យក្មេង​។​ ​ប្រសិនបើ​កើត​លើ​មនុស្ស​វ័យ​ជំទង់​ឬ​មនុស្ស​ពេញវ័យ​ ​ជាទូទៅ​វា​អាច​កើតឡើង​តាមរយៈ​ការ​លេង​កីឡា​ ​ឬ​អារម្មណ៍​ស្ត្រេ​ស​ច្រើន​ផ្ទួនៗ​។​ ​ហេតុផល​ដែល​ជំងឺ​នេះ​ភាគច្រើន​កើតឡើង​ទៅលើ​មនុស្សចាស់​ ​គឺ​ដោយសារតែ​ការ​សឹក​ ​និង​ការ​អស់​ទឹក​សន្លាក់​ទ្រុឌទ្រោម​ទៅតាម​វ័យ​។​ ​អ្នក​កាន់តែ​ចាស់​ប៉ុនណា​ ​សន្លាក់​វា​នឹង​ធ្វើទុក្ខ​ទៅតាម​នោះ​។​ ​កត្តា​ដែល​អាច​ធ្វើឲ្យ​មនុស្ស​វ័យក្មេង​ប្រឈម​កើតជំងឺ​សន្លាក់​នេះ​មាន​ដូចជា​៖​ ​សន្លាក់​មាន​លក្ខណៈ​ខុសធម្មតា​ពី​ធម្មជាតិ​ (​ពិសេស​ត្រង់​ត្រគាក​ ​និង​ឆ្អឹងខ្នង​) ​ការ​ឡើង​ទម្ងន់​ដែល​ធ្វើឲ្យ​មាន​សម្ពាធ​តាម​សន្លាក់​ (​ពិសេស​ត្រង់​ត្រគាក​ ​ឆ្អឹងខ្នង​ ​និង​ជង្គង់​) ​ការ​ធ្វើឲ្យ​របួស​ត្រង់​សន្លាក់​ ​ការ​ប្រើ​សន្លាក់​ខ្លាំង​នៅ​អំឡុង​លេង​កីឡា​ ​ធ្វើ​លំ​ហាត់ប្រាណ​ ​ឬ​ការ​ធ្វើការងារ​ប្រើ​កម្លាំង​ ​ហើយ​មួយទៀត​ភាព​មិន​ស្មើគ្នា​នៃ​ការលូតលាស់​អ័រម៉ូន​ ​ឬ​ជាតិ​ដែក​នៅ​ក្នុង​ឈាម​ឡើង​ខ្ពស់​។​ ​ករណី​ជំងឺ​សន្លាក់​ Os​t​e​o​arthritis​ ​កើត​លើ​កូនក្មេង​ ​និង​មនុស្ស​វ័យ​ជំទង់​ក៏​អាច​បណ្តាលមកពី​ការ​ឡើង​ទម្ងន់​ទាំង​វ័យក្មេង​ផង​ដែរ​។​ ​ក្មេងស្រី​ ​និង​ស្ត្រី​អាច​ងាយ​ប្រឈម​កើតជំងឺ​សន្លាក់​គ្រប់​ប្រភេទ​ជាង​មនុស្ស​ប្រុស​ ​នេះ​ក៏​ព្រោះតែ​ប្រព័ន្ធ​ភាព​សុំា​របស់​មនុស្ស​ស្រី​ខ្លាំង​ជាង​ ​និង​ការ​ប​ម្រែ​ប​ម្រួ​លក​ម្រិ​ត​អ័រម៉ូន​របស់​ពួកគេ​។​

          ​តើ​វា​ពិតជា​មាន​សារៈសំខាន់​ដែរ​ទេ​ដែល​ត្រូវធ្វើ​ការ​ព្យាបាល​នៅ​វ័យក្មេង​? ​ការពិត​ណាស់​ការ​ជួប​ជាមួយ​អ្នកជំនាញ​ផ្នែក​សន្លាក់​មិន​ត្រឹមតែ​ធ្វើឲ្យ​អ្នកជំងឺ​មាន​អារម្មណ៍​ប្រសើរ​ឡើង​ប៉ុណ្ណោះ​ទេ​ ​ថែមទាំង​អាច​ការពារ​ស្ថានភាព​ជំងឺ​មិន​ឲ្យ​វិវឌ្ឍ​ទៅ​រក​ភាព​ធ្ងន់ធ្ងរ​ផង​ដែរ​។​ ​មានហេតុ​ផល​មួយ​ចំនួន​ដែល​មនុស្ស​វ័យក្មេង​គួរតែ​ប្រញាប់​ទៅ​ជួប​អ្នកជំនាញ​នៅ​ពេល​សង្ស័យ​ថា​ខ្លួន​កើតជំងឺ​សន្លាក់​។​ ​១​. ​ធ្វើការ​ព្យាបាល​ទាន់ពេល​ដើម្បី​ការពារ​កុំឲ្យ​ស្ថានភាព​កាន់តែ​អាក្រក់​ឡើង​ដូចជា​ការ​កើន​ឡើង​អាការ​ឈឺ​ចុកចាប់​ ​ហើយ​អាច​កំណត់​ការ​ធ្វើ​ចលនា​ ​និង​កែ​សម្រួល​រាងរៅ​រាងកាយ​ដូចជា​ជើង​កោង​ពី​ធម្មជាតិ​ជាដើម​។​ ​២​.​ឆាប់​បាន​រៀន​អំពី​វិធី​ធ្វើ​លំ​ហាត់ប្រាណ​ដែល​ជួយ​ពង្រឹង​ដល់​សាច់ដុំ​ដែល​មិន​បង្កើន​ស្ត្រេ​ស​ឬ​សម្ពាធ​ដល់​សន្លាក់​។​ ​៣​. ​បាន​រៀន​គ្រប់គ្រង​ទម្ងន់​ដើម្បី​ទទួល​បានសុខ​ភាព​ល្អ​ដោយ​ជ្រើសរើស​របប​អាហារ​ត្រឹមត្រូវ​ ​និង​ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​។​ ​៤​. ​បាន​យល់​ដឹង​ពី​ការប្រើប្រាស់​ឧបករណ៍​ ​និង​សម្ភារ​ផ្សេងៗ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ដើរ​កុំឲ្យ​ឈឺ​ចុកចាប់​។​ ​៥​. ​ទទួល​បាន​បទពិសោធន៍​ក្នុង​ការ​កាត់​ហ្វឹកហាត់​ធ្វើ​ចលនា​ដើម្បី​បន្ថយ​ភាព​ឈឺចាប់​។​

          ​សរុបទៅ​ជំងឺ​សន្លាក់​មិន​ត្រឹមតែ​កើត​លើ​មនុស្សចាស់​ប៉ុណ្ណោះ​ទេ​ ​ជាមួយគ្នា​នេះ​វាក​៏​អាច​កើត​លើ​មនុស្ស​វ័យក្មេង​រាប់​តាំងពី​កុមារភាព​រហូតដល់​វ័យ​ជំទង់​ ​និង​មនុស្ស​ពេញវ័យ​ផង​ដែរ​។​ ​តាម​ការស្រាវជ្រាវ​មកទល់​ពេលនេះ​នៅ​មិនទាន់​មាន​ក្រុម​គ្រូពេទ្យ​ណាមួយ​បញ្ជាក់​ថា​មាន​ថ្នាំ​ព្យាបាល​ជំងឺ​សន្លាក់​ឲ្យ​ជាសះស្បើយ​ទាំងស្រុង​នោះ​ទេ​ ​ហេតុដូច្នេះ​ ​វា​ពិត​ជាចាំបាច់​ដែល​យើង​គ្រប់គ្នា​គួរគប្បី​ត្រួតពិនិត្យ​ ​និង​ថែទាំ​តាំងពី​វ័យក្មេង​ដើម្បី​ការពារ​ក៏ដូចជា​កុំឲ្យ​វា​ទ្រុឌទ្រោម​ទៅតាម​វ័យ​។​ ​ក្នុង​នោះ​មាន​វិធី​មួយ​ចំនួន​ដែល​ជួយ​កាត់បន្ថយ​ការ​ប្រឈម​កើតជំងឺ​សន្លាក់​ដូចជា​ ​តែងតែ​រក្សា​ទម្ងន់​ឲ្យ​សមស្រប​ ​គ្រប់គ្រង​ក​ម្រិ​ត​ជាតិ​ស្ករ​ក្នុង​ឈាម​ ​ធ្វើ​លំ​ហាត់ប្រាណ​ស្រាល​ៗ​ដូចជា​ ​ដើរ​ ​ជិះកង់​ ​ឬ​ហែលទឹក​ ​រយៈពេល​៣​០​នាទី​ ​និង​៥​ដង​ក្នុង​មួយ​ស​ប្តាហ៍ ​ជៀសវាង​បង្ក​របួស​នៅ​តាម​សន្លាក់​ពេ​លលេង​កីឡា​ដោយ​ពាក់​សម្ភារ​ការពារ​ ​ជៀសវាង​ជក់បារី​ ញុំា​ត្រី​៣​ដង​ក្នុង​មួយ​ស​ប្តាហ៍ ​ជាពិសេស​ត្រី​សម្បូរ​ជាតិ​អូ​មេ​ហ្គា​៣​ ​និង​ឧ​ស្សាហ៍​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ទទួល​បាន​ការណែនាំ​ពី​វិធី​រស់នៅ​ឲ្យ​កាន់តែ​ប្រសើរ​៕​

Article by SRINSOKMEAN


SUGGESTIONS