×

វិចិត្រករ​គំនូរ​សហសម័យ​ជំនាន់​ថ្មី​ ​ម្ចាស់​ស្នាដៃ​ពិព័រណ៍​ ​«​សេរីភាព​នៃ​ថ្ងៃស្អែក​»​

NEWS 2 years ago
 
 

           ​ពិព័រណ៍​គំនូរ​ចំនួន​ ​២​៤​ ​ផ្ទាំង​ ​ក្រោម​ប្រធាន​បទ​ ​«​សេរីភាព​នៃ​ថ្ងៃស្អែក​»​ ​ដែល​កំពុង​ដាក់​តាំងនៅ​ក្នុង​វិចិត្រសាល​សិល្បៈ​ត្រជាក់​ភ្នែក​ (​ផ្ទះ​យូ​ឃិ​ន​) ​បើកឲ្យ​មហាជន​ចូលរួម​ទស្សនា​ដោយសេរី​រហូតដល់​ថ្ងៃ​ទី​១​០​ ​ខែកុម្ភៈ​ ​ខាងមុខនេះ​កើត​ចេញពី​ទឹក​ដៃ​ដ៏​ប៉ិនប្រសប់​របស់​យុវជន​ខ្មែរ​ជំនាន់​ថ្មី​មួយ​រូប​ឈ្មោះថា​ ​ប៉ែន​ រ៉ូ​ប៊ីត​។​ ​ផ្ទាំង​គំនូរ​ដែល​មាន​រចនាបថ​ជា​គំនូរ​អ​ជី​វ​ច​ល​ (​Still Life​) ​ទាំងនេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ការស្រមើស្រមៃ​គ្មាន​ទី​បញ្ចប់​ ​ឆ្លុះ​បង្ហាញ​ពី​ត​ថ​ភាព​ជាក់ស្តែង​មួយ​ចំនួន​ ​ជាពិសេស​ ​ការ​ផ្តោត​លើ​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​ក៏ដូចជា​ការ​បង្ហាញ​ពី​សេចក្តី​ឈឺចាប់​ដែល​តែងតែ​កើតឡើង​លើ​ស្ត្រី​រូប​។​ ​តើ​លោក​ ​ប៉ែន​ រ៉ូ​ប៊ីត​ ​ម្ចាស់​ស្នាដៃ​ពិព័រណ៍​នេះ​មាន​ប្រវត្តិ​ស្នាដៃ​ការងារ​ដូចម្តេច​ខ្លះ​? ​នឹង​មាន​គម្រោង​អ្វី​ជា​បន្ទាប់​សម្រាប់​ជា​កា​ដូ​ចំពោះ​អ្នកគាំទ្រ​វិ​ស​័​យ​គំនូរ​ក្នុងស្រុក​?

          ​លោក​ ​ប៉ែន​ រ៉ូ​ប៊ីត​ ​កើត​ក្នុង​ឆ្នាំ​១​៩​៩​១​ ​នៅ​ខេត្ត​បាត់​ដំបង​ ​ហើយ​កំពុង​រស់នៅ​ ​និង​បំ​ពេញការ​ងារ​នៅ​ទីក្រុង​ភ្នំ​ ​ពេញ​។​ ​ស្នាដៃ​ការងារ​វិចិត្រកម្ម​របស់​សិល្បករ​រូប​នេះ​ផ្តោត​លើ​អតីតកាល​ ​បច្ចុប្បន្នកាល​ ​និង​ ​អនាគត​នៃ​កា​រវេញ​បញ្ចូល​រវាង​សង្គម​-​នយោបាយ​នៃ​ប្រទេស​កម្ពុជា​។​ ​ការងារ​ទាំងនេះ​ទទួល​ឥទ្ធិពល​ពី​រូប​និមិត្ត​វិទ្យា​នៃ​វប្បធម៌​កម្ពុជា​ (​Cultural​ ​Icon​o​graph​y​) ​រួម​ជាមួយនឹង​បច្ចុប្បន្នភាព​នៃ​កិច្ច​សន្ទនា​នានា​អំ​ពីសង្គម​។​ ​កន្លងមក​ ​លោក​ធ្លាប់​ត្រូវ​បាន​ជ្រើសរើស​ជា​សិល្បករ​ឲ្យ​ចូលរួម​ក្នុង​មហោស្រព​ជាច្រើន​ ​រួម​មាន​ជាអាទិ៍​ ​មហោស្រព​ O​z​Asia​ (​A​D​E​L​AIDE​) (​ប្រទេស​អូស្ត្រាលី​, ​២​០​០​៦​), ​Peninsula​ ​A​us​t​r​ones​i​a​ ​International​ ​Art​ ​and​ ​Culture​ (តៃ​វ៉ាន់​, ​២​០​១​៥​), ​សិក្ខាសាលា​អាស៊ី​អាគ្នេយ៍​នៃ​ស្ទូឌីយោ​ ​T​e​p​ S​e​r​i​ ​So​k ​Sop​h​a​ (ឈៀ​ង​ម៉ៃ​, ​ប្រទេស​ថៃ​, ​២​០​០​៨​) -​ល​-​។​ ​រីឯ​ពិព័រណ៍​ទោល​ ​មាន​ដូចជា​ ​Out​ o​f​ ​This​ ​World​ (​ប្រទេស​ម៉ាឡេស៊ី​, ​២​០​២​០​), ​Beyond​ (​ខេត្ត​សៀមរាប​, ​២​០​១​៨​), ​Thread​ (​ក្រុងភ្នំពេញ​, ​២​០​១​៨​), K​ram​a​ (​ក្រុងភ្នំពេញ​,​២​០​១​៣​) ​និង​ Un​titled​ (​ក្រុងភ្នំពេញ​, ​២​០​១​២​)​។​ ​ដោយឡែក​ ​ពិព័រណ៍​ ​«​សេរីភាព​នៃ​ថ្ងៃស្អែក​»​ ​ប្រចាំ​ដើម​ឆ្នាំ​ ​២​០​២​២​ ​នេះ​ ​ជា​សមិទ្ធផល​ពិព័រណ៍​ទោ​លលើក​ទី​៦​ហើយ​ ​សម្រាប់​ជីវិត​ជា​វិចិត្រករ​របស់​លោក​។​ ​លក្ខណៈ​ពិសេស​នៃ​ពិព័រណ៍​ថ្មី​ចុងក្រោយ​នេះ​គឺ​វា​ជា​ស្នាដៃ​ស៊េ​រី​ទី​២​របស់​លោក​ (​បន្ទាប់ពី​ពិព័រណ៍​នៅ​ម៉ាឡេស៊ី​ ​កាលពី​ឆ្នាំ​២​០​២​០​) ​ដែល​ជា​ប្រភេទ​គំនូរ​បែប​តួអង្គ​ (​Figurative​) ​ផ្តោត​លើ​រូប​មនុស្ស​ ​ឬ​ ​រូប​សត្វ​ ​ដែល​បង្ហាញ​ពី​រឿងរ៉ាវ​ក្នុង​សង្គម​។​“​ការងារ​ដំបូង​របស់​ខ្ញុំ​ផ្តោត​លើ​បច្ចេកទេស​នៃ​ការ​រោយ​ពណ៌​ ​បង្កើត​ជា​មុខ​មនុស្ស​។​ ​កន្លងមក​ ​ខ្ញុំ​គូរ​តែ​មុខ​ ​Portray​ (​មុខ​មនុស្ស​) ​ខ្មែរយើង​ជាមួយ​របៀប​នៃ​ការ​ប្រើ​ក្រមា​របស់​គាត់​តាម​ទម្រង់​ផ្សេងៗ​ ​តែ​ការងារ​ថ្មី​នេះ​ ​ខ្ញុំ​សិក្សា​និង​អភិវឌ្ឍ​ទៅលើ​ការ​គូររូប​បែប​គំនូរ​ដូច​ឡើងវិញ​” ​លោក​បាន​បញ្ជាក់​។​ ​ស្រប​ជាមួយគ្នា​នេះ​ដែរ​ ​ចំណុច​នៃ​ការប្រើប្រាស់​ពណ៌​ ​ការ​ថ្លឹងថ្លែង​ពណ៌​ ​និង​ ​ការ​បញ្ជាក់​ន័យ​តាមរយៈ​ពណ៌​ (​ឧ​ទា​: ​ទេសភាព​ពេលល្ងាច​ ​តំណាង​ទុក្ខសោក​) ​សុទ្ធសឹងតែ​ជា​ចំណុច​លេចធ្លោ​សំខាន់​នៃ​ស្នាដៃ​ការងារ​របស់​លោក​។​

          ​បច្ចុប្បន្ន​លោក​គ្រោង​នឹង​តាំង​ពិព័រណ៍​ថ្មី​ដែល​ជា​ប្រភេទ​គំនូរ​មួយ​បែប​ទៀត​របស់​លោក​គឺ​ ​គំនូរ​អរូបី​ (​Abstract​) ​ដែល​មាន​លក្ខណៈ​ជា​សរសៃ​អំបោះ​ពណ៌​វេច​ត្បាញ​បញ្ចូល​គ្នា​ ​ប៉ុន្តែ​រំលេច​ជា​ទ្រង់ទ្រាយ​ខុសៗគ្នា​នៅ​លើ​ផ្ទៃ​ខាងក្រោយ​ (​background​) ​ពណ៌​ខ្មៅ​ ​លំនាំ​ផ្ទៃ​ក្រមា​ប្រពៃណី​ខ្មែរយើង​។​ ​មូលហេតុ​ដែល​ជំរុញចិត្ត​លោក​ឲ្យ​មាន​គម្រោង​នេះ​ឡើង​គឺ​ដោយសារ​លោក​​​មាន​ចំណង់ចំណូលចិត្ត​ចង់​បង្ហាញ​អ្វី​ដែល​ជា​អត្តសញ្ញាណ​វប្បធម៌​ប្រពៃណី​ខ្មែរ​។​ ​លោក​បាន​បង្ហើប​ទៀត​ថា​ ​ពិព័រណ៍​បន្ទាប់​នេះ​ជា​កិច្ច​សហការ​រវាង​វិចិត្រសាល​សិល្បៈ​ត្រជាក់​ភ្នែក​ ​និង​ ​វិចិត្រសាល​នៃ​សណ្ឋាគារ​ ​Rose​wood​ ​ក្នុង​អគារ​វ​ឌ្ឍនៈ​។​ ​ពិព័រណ៍​ខាងលើ​គ្រោង​នឹង​បើកទ្វារ​ស្វាគមន៍​សាធារណជន​ទាំងឡាយ​នៅនៅថ្ងៃទី១៧ ខែកុម្ភៈ​ខាង​មុន​នេះ​ ​ដែល​លោក​បាន​រៀបចំ​ស្នាដៃ​ដែល​ត្រូវ​ដាក់​តាំង​បង្ហាញ​ត្រៀម​រួចរាល់​អស់ហើយ​។​

          ​ជាចុងក្រោយ​ ​លោក​បាន​បង្ហាញ​នូវ​សុទិដ្ឋិនិយម​ចំពោះ​បច្ចុប្បន្នភាព​នៃ​វិ​ស​័​យ​គំនូរ​សហសម័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ដែល​ស្តែង​ឡើង​តាមរយៈ​កំណើន​វិចិត្រសាល​សម្រាប់​គំនូរ​សហសម័យ​ក្នុងស្រុក​ ​ទោះបីជា​សិល្បៈ​ប្រភេទ​នេះ​ពុំទាន់​ត្រូវ​បាន​មហាជន​ទូទៅ​ស្គាល់​ទូលំទូលាយ​ខ្លាំង​នៅឡើយ​ក៏ដោយ​ ​។​ ​ទោះបីជា​យ៉ាងណា​ ​លោក​បាន​ប្តេជ្ញា​ ​បន្ត​ការងារ​នេះ​ដើម្បី​ដុសខាត់​សមត្ថភាព​អាជីព​របស់​ខ្លួន​ឲ្យ​កាន់តែ​រីក​ម្រើ​ន​ទៅ​អនាគត​ហើយនិង​ស្វែងរក​ឱកាស​ដើម្បី​បន្ត​ការសិក្សា​ជំនាញ​នេះ​នៅ​បរទេស​បន្ថែម​ទៀត​៕​

Article by SRIN SOKMEAN


SUGGESTIONS