វិស័យហ្វេហ្សិនកំពុងដើរទន្ទឹមនឹងភាពរីកចម្រើននៃពិភពលោក។ សម្រាប់ឆ្នាំ២០២២ដែលកំពុងរំកិលខ្លួន សន្សឹមៗចូលមកដល់នេះ លោកអ្នកច្បាស់ជាប្រាថ្នាចង់បាននូវអ្វីដែលថ្មីប្លែកបើកទំព័រជីវិតថ្មីឲ្យកាន់តែស៊ីវិល័យស្របតាមសម័យកាល។ អាស្រ័យហេតុនេះ ឆ្លៀតក្នុងឱកាសដើមឆ្នាំនេះ សូវរីនបានពាំនាំមកនូវសេចក្តីផ្តើមនៃទំនោរហ្វេហ្សិនលំដាប់ពិពភលោកសម្រាប់ឆ្នាំ២០២២ និង ទស្សនទានផ្នែកហ្វេហ្សិនរដូវកាលថ្មីរបស់អ្នកជំនាញក្នុងប្រទេសឲ្យប្រិយមិត្តអ្នកអានទាំងឡាយបានឈ្វេងយល់ជាគោលត្រួសៗគ្រាន់ជាចំណេះដឹងសម្រាប់ឆ្នាំសាកលថ្មី។
យោងតាមប្រភពគេហទំព័រទស្សនាវដ្តីម៉ូដសម្លៀកបំពាក់ដ៏ល្បីកម្រិតអន្តរជាតិ Vogue ឆ្នាំ២០២២ សម្រាប់ឈុតហ្វេហ្សិនថ្មីត្រៀម និទាឃរដូវ/ រដូវក្តៅ សុភាពនារីអាចសាកល្បងលេងខ្លួនក្នុងឈុតប្រភេទ «Tinker, Tailor» ទាន់សម័យ ដែលផ្តោតសំខាន់លើការលាយបញ្ចូលរវាងម៉ូដសម្លៀកបុរស-ស្រ្តី ដូចជា ការពាក់អាវធំបុរសប្រភេទ blazer ដែលមានពណ៌ខុសពីពណ៌ខោ ជាមួយនឹងរ៉ូបរលុងៗ ឬ ឈុតអាវធំខើច (cropped smoking jacket) ជាមួយនឹងសំពត់ក្រណាត់ស្បៃ Tulle និងមានប្រើស្រោមបារជាលម្អ។ ឈុតប្រភេទខាងលើនេះតម្រូវឲ្យមានការតែងខ្លួនលេចធ្លោខ្លាំងបន្តិច ប៉ុន្តែជាសម្លៀកបំពាក់ដែលផ្តល់ផាសុកភាពជាសំខាន់។
ក្រៅពីនេះ ឈុតដទៃទៀតដែលនឹងពេញនិយមប្រចាំរដូវកាលនេះដែរ រួមមាន ជាអាទិ៍ ឈុតម៉ូដអាវមេអំបៅជាមួយនឹងខោសំយេះចង្កេះ លេងក្បាលពោះ (Millennium Bug) ឈុតឆើតឆាយសម្រាប់ពេលរាត្រី ប្រើរ៉ូបដែលមានឌិនអង្កាំ ឬ ស្បៃឌិនភ្លឺផ្លេក (Up All Night) ឈុតសំពត់ខើចខ្លី (Micro Mania) ឈុតខោអាវស្ទីលអ្នកជិះម៉ូតូធំ ប្រើអាវរឹបរាងអត់កជាមួយខោម៉ូដរហែកៗ ឬ អាវស្បែកប៉ោងស្មាកស្រួចជាមួយខោខូវប៊យ(Motorcycle Diaries) ឈុតពណ៌ចែងចាំង តួយ៉ាង ពណ៌សូកូឡាលាយក្រហមស្រស់ ពណ៌ទឹកក្រូចលាយផ្កាឈូកស្រស់ (Color Me Free) ឈុតលេងម៉ូដពីក្រោយ ប្រើរ៉ូបខ្លីខាងមុខវែងកន្ទុយខាងក្រោយ (Drama At the Back) និង ឈុតម៉ូដអាវឆ្នូតជាមួយខោខូវប៊យពណ៌ទឹកប៊ិកចាស់ ឬគ្រងអាវធំរោមសត្វបន្ថែមក៏បាន (Between The Lines) -ល-។ ទាំងនេះជាទំនោរហ្វេហ្សិនពីបរទេសដែលមិត្តនារីទាំងឡាយអាចយកមកកែច្នៃថែមថយខ្លះឲ្យស្របតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួន និង ឲ្យស្របតាមបរិបទក្នុងស្រុកយើងឲ្យរឹតតែប្រសើរ។
ចុះតើអ្នកឯកទេសផ្នែកហ្វេហ្សិនក្នុងស្រុកយើងវិញមានអ្វីខ្លះត្រៀមសម្រាប់ស្វាគមន៍ឆ្នាំ២០២២នេះ? តោះ!មកស្តាប់មតិរបស់ពួកគាត់វិញម្តង! លោក Hung Chin អ្នករចនាម៉ូដ និង ម្ចាស់ហាងសម្លៀកបំពាក់ CHIN Atelier បានបង្ហាញចំណាប់អារម្មណ៍ចំពោះឥទ្ធិពលបច្ចេកវិទ្យាមកលើចំណេះដឹងហ្វេហ្សិនសម្រាប់ឆ្នាំ២០២២ នេះថា “ សម្រាប់ខ្ញុំយល់ថា យុគសម័យនេះ បច្ចេកវិទ្យាបានគ្របដណ្តប់ការរស់នៅរបស់មនុស្សស្ទើរតែគ្រប់យ៉ាង។ ទូរសព្ទជាឧបករណ៍មួយធ្វើឲ្យពួកយើងទទួលព័ត៌មានរហ័ស និងទូលំទំលាយផងដែរ។ Instagram, Pinterest, Tik Tok, Youtube គឺជាបណ្តាញសង្គមដែលដ៏ពេញនិយមសម្រាប់គ្រប់បុគ្គល ជាពិសេសយុវវ័យសម័យថ្មី។ ពួកគេអាចទទួលចំណេះដឹង ការស្លៀកពាក់ ពិភពម៉ូត ពីបណ្តាញសង្គមទាំងនោះបានយ៉ាងងាយស្រួល។ លោកសង្កេតឃើញថា យុវវ័យកម្ពុជាមានរសនិយមនៃការស្លៀកពាក់ចម្រុះ។ អ្នកខ្លះនិយមធ្វើខ្លួនតាម idol (តារាសំណព្វចិត្ត) របស់ពួកគេ។ ទន្ទឹមនឹងនេះ អ្នកខ្លះក៏បង្កើតអត្តសញ្ញាណស្លៀកពាក់សំរាប់ក្រុមពួកគេផ្ទាល់ ហើយអ្នកខ្លះចូលចិត្តសន្សំសម្លៀកបំពាក់ដែលមានស្លាកយីហោល្បីៗ។ ដោយឡែក សំរាប់ CHIN Atelier របស់លោកមានចក្ខុវិស័យសំដៅផ្តល់នូវសេវាកម្មវាស់កាត់សម្លៀកបំពាក់ពិធីផ្លូវការប្រកបដោយសិល្បៈរសនិយមបែបលោកខាងលិច ផ្សារភ្ជាប់នឹងចំណង់ចំណូលចិត្តនៃការស្លៀកពាក់របស់អតិថិជនក្នុងស្រុកជាក់ស្តែង។
Image Courtesy: HUNG CHIN
លោក ពៅ ស៊ីថាន អតីតជ័យលាភីជើងឯកច្នៃម៉ូដកម្មវិធី ABC Lions of Fashion ប្រចាំឆ្នាំ២០២០ បានចែករំលែកថា “ក្នុងនាមជាអ្នកច្នៃម៉ូដមួយរូប ខ្ញុំគិតថាស្ទីលហ្វេហ្សិនផ្ទាល់ខ្លួនរបស់ខ្ញុំសម្រាប់ឆ្នាំ២០២២ នឹងឈានទៅរកស្ទីលជម្រើសកាន់តែថ្មីបន្ថែម បង្ហាញពីភាពរឹងមាំ ពីព្រោះការរាតត្បាត(នៃជំងឺកូវីដ១៩) ពិតជាបានធ្វើឲ្យខ្ញុំមានពេលឆ្លុះបញ្ចាំងថាខ្ញុំជានរណា និង អ្វីដែលខ្ញុំចង់បង្ហាញទៅកាន់ពិភពលោកក្នុងទម្រង់ហ្វេហ្សិន/ សិល្បៈ។ សម្រាប់ជាសាកល ខ្ញុំយល់ថា ពួកយើងនឹងឃើញការប្រើប្រាស់ពណ៌ Pastel (ពណ៌ស្រាលប្រឿងៗ) ចូលមកដល់សម្រាប់រដូវកាលនិទាឃរដូវ/រដូវក្តៅ ឆ្នាំ២០២២នេះ ព្រោះពណ៌ Pastel តំណាងអារម្មណ៍នៃភាពស្ងប់សុខ ហើយវាជាអ្វីដែលយើងពិតជាត្រូវការបន្ទាប់ពីការរាតត្បាតនេះដើម្បីឲ្យមើលទៅមានអារម្មណ៍ថាមានសន្តិភាពនិងភាពស្ងប់ក្នុងចិត្ត” ៕
Article by SRIN SOKMEAN