×

«​ឌុ​ក​ ឌេ​វី​ ​វ៉ានិស្សា​»​ ​ម្ចាស់​ជ័យ​លា​ភី​សិស្ស​ឆ្នើម​​បាន​សិក្សា​នៅ​ប្រទេស​ស្វីស​

NEWS 2 years ago
 
 

            ពិតជា​មោទកភាព​ ​និង​ជា​រឿង​ដ៏​គួរឲ្យ​កោតសរសើរ​ ​ដោយ​និស្សិត​ស្រី​ខ្មែរ​មួយ​រូប​បានជា​ប់​ជ័យ​លា​ភី​ជា​សិស្ស​ឆ្នើម​នៅ​ក្នុង​កម្មវិធី​ប្រគល់​សញ្ញាបត្រ​របស់​សាលាដ៏​ល្បី​មួយ​ប្រចាំ​ប្រទេស​ស្វីស​គឺ​ «​G​lion​ ​Institute​ o​f​ ​Higher Education​»​។​ ​ពិត​ណាស់​ ​ការ​ជាប់​ជ័យ​លា​ភី​សិស្ស​ឆ្នើម​ប្រចាំ​សាលា​នេះ​មិនមែន​ជា​រឿង​ងាយ​ទេ​ ​តែ​យ៉ាងណាមិញ​ ​និស្សិត​ស្រី​ខ្មែរ​ម្នាក់​មានឈ្មោះ​ថា​ ឌុ​ក​ ឌេ​វី​ ​វ៉ា​និស្សា ​ពិតជា​អាច​ធ្វើ​បាន​ដោយ​ទទួល​លទ្ធផល​ការសិក្សា​ខ្ពស់​ជាងគេ​រហូត​ឈាន​ដល់​លំដាប់​ពិន្ទុ​៩​១​.​៩​៥​ភាគរយ​ ​និង​ជាប់​ជា​ជ័យ​លា​ភី​សិស្ស​ឆ្នើម​លេខ​១​ក្នុងចំណោម​សិស្ស​ដែល​មកពី​៩​៩​ប្រទេស​ផ្សេងៗ​នៅ​លើ​សកលលោក​។​ ​ដើម្បី​ស្គាល់​ម្ចាស់​ជ័យ​លា​ភី​កាន់តែ​ច្បាស់​ ​ក៏ដូចជា​ចែករំលែក​បទពិសោធន៍​ ​និង​គន្លឹះ​ក្លាយ​ជា​សិស្ស​ពូកែ​ផង​នោះ​ ​សូវ​រី​ន​ ​បាន​ធ្វើ​បទសម្ភាសន៍​តាមរយៈ​ប្រព័ន្ធ​ទូរស័ព្ទ​ជាមួយ​និស្សិត​រូប​នេះ​ដូច​ខាងក្រោម​។​

            ឌុ​ក​ ឌេ​វី​ ​វ៉ា​និស្សា ​ជា​កូនស្រី​ច្បង​ក្នុងចំណោម​បង​ប្អូនស្រី​បី​នាក់​ ​ដែល​មាន​លោក​ឪពុក​ឈ្មោះ​ ឌុ​ក​ ​ឆេង​គីម​ឌៀ​ន​ ​បច្ចុប្បន្ន​មាន​តួនាទី​ជា​សមាជិកកិត្តិយស​នៃ​ព្រះរាជ​ខុទ្ទកាល័យ​នៃ​ព្រះមហាក្សត្រ​ ​និង​អ្នកម្តាយ​ឈ្មោះ​ គួ​ច​ ​ណាវី​ ​ជា​អ្នកជំនួញ​។​ ​បន្ទាប់ពី​ចាប់កំណើត​លើទឹក​ដី​ប្រទេស​សិង្ហបុរី​ ​វ៉ា​និស្សា ​មក​បាន​រស់នៅ​កម្ពុជា​រហូតដល់​មាន​អាយុ​៨​ឆ្នាំ​ទើប​ទៅ​ចាកចេញ​ទៅ​រស់នៅ​ប្រទេស​អង់គ្លេស​។​ ​ជីវិត​លើទឹក​ដី​អង់គ្លេស​ជាមួយនឹង​ប្អូនស្រី​២​នាក់​ ​កញ្ញា​បាន​សិក្សា​នៅ​ទីនោះ​រហូតដល់​ចប់​ថ្នាក់​បាក់ឌុប​។​ ​មកដល់​ឆ្នាំ​២​០​១​៨​ ​កញ្ញា​បាន​ចេញទៅ​បន្ត​ការសិក្សា​នៅ​ឯ​ប្រទេស​ស្វីស​ ​ដោយ​សិក្សា​នៅ​វិទ្យាស្ថាន​ឧត្តម​សិក្សា​ ​G​lion​ ​Institute​ o​f​ ​Higher Education​ ​ជ្រើស​ជំនាញ​ផ្នែក​គ្រប់គ្រង​បដិសណ្ឋារកិច្ច​អន្តរជាតិ​ ​ផ្តោត​លើ​ឯកទេស​ខាង​យុទ្ធសាស្ត្រ​សម្រាប់​ម៉ាក​ផលិតផល​បែប​ប្រណីត​ (​International​ ​Hospitality​ ​Management​ ​with​ ​a​ ​Specialization​ ​in​ ​Luxury​ ​Brand​ ​Strategy​)​។​

            កញ្ញា​បាន​រំឭក​ថា​ “​នៅពេលដែល​ខ្ញុំ​បាន​ទៅ​រៀន​បន្ត​នៅ​ប្រទេស​ស្វីស​វា​មាន​ការលំបាក​មួយ​ចំនួន​ដែរ​ ​ព្រោះ​វា​ជា​ការ​ចាប់ផ្តើម​ដំបូង​សម្រាប់​ខ្ញុំ​នៅ​លើទឹក​ដី​ស្វីស​ ​ខ្ញុំ​ទៅ​ទីនោះ​តែម្នាក់ឯង​ ​មិន​មានគ្រួសារ​ឬ​បងប្អូន​ណា​នៅ​ទីនោះ​ទេ​។​ ​អ្វី​គ្រប់យ៉ាង​គឺ​ថ្មី​ទាំងអស់​ ​ខ្ញុំ​ត្រូវ​រៀន​សម្រប​ខ្លួន​នៅ​ទីនោះ​ ​ហើយ​អ្វី​ដែល​ពិបាក​បំផុត​នោះ​គឺ​ការប្រើប្រាស់​ភាសា​ ​ព្រោះ​នៅ​ស្វីស​គេ​ប្រើ​ភាសាបារាំង​ ​អា​ឡឺម៉ង់ ​និង​អីុតាលី​ ​ដោយឡែក​ខ្ញុំ​អាច​និយាយ​បានតែ​ភាសា​អង់គ្លេស​ ​និង​ខ្មែរ​ប៉ុណ្ណោះ​ ​ដូច្នេះ​ហើយ​ខ្ញុំ​ត្រូវ​រៀន​ភាសាបារាំង​បន្ថែម​ទៀត​។​”

            ដោយមាន​មហិច្ឆតា​ចង់​ក្លាយ​ជា​សិស្ស​ពូកែ​ ​និង​សិស្ស​ឆ្នើម​មួយ​រូប​ ​យុវតី​វ័យ​២​១​ឆ្នាំ​រូប​នេះ​បាន​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ ​និង​ចំណាយ​ពេល​ស្ទើរតែ​ទាំងអស់​របស់​ខ្លួន​ទៅលើ​ការសិក្សា​។​ “​ខ្ញុំ​ត្រូវ​រៀន​ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ​ពេញ​ម៉ោង​នៅ​សាលា​ ​ចំណែក​ថ្ងៃសៅរ៍​ត្រូវ​រៀន​ភាសាបារាំង​បន្ថែម​ ​ឯ​ថ្ងៃអាទិត្យ​ខ្ញុំ​រៀន​បន្ថែម​ដោយខ្លួនឯង​នៅផ្ទះ​ឬនៅ​បណ្ណាល័យ​ ​ក៏ដូចជា​ធ្វើ​កិច្ច​ការស្រាវជ្រាវរបស់​សាលា ​(​Assignment​) ​ជាដើម​។​” ​កញ្ញា​បាន​លើកឡើង​ ​និង​បន្ត​ទៀត​ថា​ “​ដើម្បី​ក្លាយ​ជា​សិស្ស​ពូកែ​ ​និង​ទទួល​បាន​ជ័យ​លា​ភី​ជា​សិស្ស​ឆ្នើម​លេខ​១​មួយ​រូប​ ​យើង​ត្រូវ​ខិតខំ​រៀនសូត្រ​ ​គោរពវិន័យ​ ​គោរព​ម៉ោង​សិក្សា​ ​និង​ខិតខំ​បំ​ពេញការ​ងារ​សាលា​ឲ្យបាន​ល្អ​ ​ជាពិសេស​លទ្ធផល​ប្រឡង​រៀងរាល់​ឆ្នាំ​ក៏​ត្រូវធ្វើ​ឲ្យបាន​ល្អ​ដូចគ្នា។”

            ​តាមរយៈ​សូវ​រី​ន​កញ្ញា​មាន​ពាក្យពេចន៍​ដែរ​ថា​ “​ខ្ញុំ​សូម​អរគុណ​ចំពោះ​ម៉ាក់ប៉ា​ ​និង​ប្អូនស្រី​ទាំងពីរ​នាក់​ ​ដែល​ជា​អ្នក​ជំរុញ​ទឹកចិត្ត​ដ៏​ធំបំផុត​សម្រាប់​ខ្ញុំ​ ​ពាក្យ​លើកទឹកចិត្ត​ ​និង​ដំបូន្មាន​ល្អ​ៗ​បាន​ជួយ​ឱ្យ​ខ្ញុំ​យកឈ្នះ​លើ​ឧបសគ្គ​ទាំងអស់​។​ ​បើ​គ្មាន​ប៉ា​ម៉ាក់​លះបង់​ដើម្បី​ផ្តល់​ការអប់រំ​ ​ការ​គាំទ្រ​ ​និង​សេចក្តី​ស្រឡាញ់​ដល់​ខ្ញុំ​ទេ​ ​ខ្ញុំ​ក៏​មិន​អាច​ឈាន​មកដល់​ចំណុច​នេះ​ដែរ​។​ ​មួយវិញទៀត​ចំពោះ​ប្អូន​ៗ​ដែល​កំពុង​សិក្សា​ ​ត្រូវ​មាន​ពេលវេលា​សម្រាប់​ការសិក្សា​ឲ្យបាន​ច្រើន​ដើម្បី​សម្រេច​បាន​លទ្ធផល​ល្អ​បំផុត​សម្រាប់​ខ្លួនឯង​។​ ​សំខាន់​ត្រូវ​ហ៊ាន​សួរ​សំណួរ​នៅ​ពេល​អ្នក​មិន​យល់​ ​សួរ​កាន់តែ​ច្រើន​ ​អ្នក​កាន់តែ​ចេះ​ ​កាន់តែ​ចង់​រៀន​។​ ​ខ្ញុំ​ជឿ​ថា​ ​និស្សិត​កម្ពុជា​ទាំងអស់​នឹង​អាច​សម្រេច​បាន​លទ្ធផល​ដូច​ខ្ញុំ​ ​ខ្ញុំ​លើកទឹកចិត្ត​ដល់​សិស្ស​ទាំងអស់​ឱ្យ​ប្រឹងប្រែង​ឲ្យអស់​ពី​សមត្ថភាព​ទៅលើ​គ្រប់​កិច្ចការ​ដែល​ខ្លួន​កំពុង​ធ្វើ​”​។​ ​យ៉ាងណាមិញ​ ​ក្រោយ​បញ្ចប់​ការសិក្សា​នៅ​ប្រទេស​ស្វីស​ ​បច្ចុប្បន្ន​កញ្ញា​បាន​វិលត្រឡប់​មក​រស់នៅ​ប្រទេស​កម្ពុជា​វិញ​ជាមួយ​ឪពុក​ម្តាយ​​ ​ចំណែក​ប្អូនស្រី​ទាំង​២​គឺ​នៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​អង់គ្លេស​ជា​ធម្មតា​៕​

Article​ ​by ​SO​UN​G​ ​SO​KS​AN

Image Courtesy: ឌុ​ក​ ឌេ​វី​ ​វ៉ា​និស្សា


SUGGESTIONS