×

កញ្ញា​ ​ហេង​ ​រិន​សុ​ម៉ា​លី​តា​ ​នឹង​តំណាង​ជា​ទេវតា​ឆ្នាំ​ថ្មី​ ​ឆ្នាំ​ខាល​ ​ព្រះនាម​កិរិ​ណី​ទេវី​

NEWS 3 years ago
 
 

           នៅសល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​យើង​នឹង​ឈាន​ចូល​មកដល់​។​ ​ជាមួយគ្នា​នេះ​ ​កញ្ញា​ ​ហេង​ ​រិន​សុ​ម៉ា​លី​តា​ ​ដែលគេ​ស្គាល់​ថា​ជា​ជ័យ​លា​ភី​ធីតា​ឯក​សង្ក្រាន្ត​រដូវ​កាល​ទី​៣​ ​នឹង​ចូលខ្លួន​មក​សម្តែង​ជា​ទេវតា​ឆ្នាំ​ថ្មី​ ​ឆ្នាំ​ខាល​ ​ទ្រង់​ព្រះនាម​កិរិ​ណី​ទេវី​ ​ជា​បុត្រី​ទី​៥​នៃ​ក​បិ​ល​មហាព្រហ្ម​ ​ដែល​នឹង​បង្ហាញខ្លួន​នៅ​លើ​កញ្ចក់ទូរទស្សន៍​ជាតិ​កម្ពុជា​ ​ទ​ទក​ ​នៅ​ថ្ងៃ​មហាសង្ក្រាន្ត​ ​វេលា​ម៉ោង​ ​១​០​ ​និង​ 00 ​នាទី​។​ ​តើ​តំណាង​ទេវតា​ឆ្នាំ​ថ្មី​រូប​នេះ​មាន​ប្រវត្តិ​យ៉ាងណា​? ​ដើម្បី​ជ្រាប​ច្បាស់​ ​សូវ​រី​ន​ ​បាន​ជំនួប​ធ្វើ​បទសម្ភាសន៍​ផ្ទាល់​ ​និង​រៀបរាប់​ជូន​ដូច​ខាងក្រោម​។​

          ​ចាប់កំណើត​នៅ​ទី​ក្រុងភ្នំពេញ​ ​កញ្ញា​ ​ហេង​ ​រិន​សុ​ម៉ា​លី​តា​ ​មាន​វ័យ​ទើប​តែ​ ​២​២​ឆ្នាំ​ ​និង​មាន​រាងរៅ​ ​ក​ម្ពស់​១​,​៧​០​ម៉ែត្រ​ ​ទម្ងន់​ ​៥​២​គីឡូ​។​ ​កញ្ញា​ជា​កូនពៅ​នៅក្នុងចំណោម​បងប្អូន​៣​នាក់​ ​ស្រី​២​ប្រុស​១​។​ ​កញ្ញា​មាន​លោក​ឪពុក​ជា​មន្ត្រី​ចូលនិវត្តន៍​(​បច្ចុប្បន្ន​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​ឯកជន​) ​រីឯ​អ្នកម្តាយ​ជា​អតីត​នាដកា​របាំ​(​ស្លាប់​)​។​

          ​ក្រោយ​បញ្ចប់​ថ្នាក់​បាក់ឌុប​ ​កញ្ញា​បាន​ចូល​សិក្សា​ជំនាញ​ពី​​​រ​ក្នុង​ពេល​តែមួយ​ ​ពោល​ជំនាញ​សិក្សា​អន្តរជាតិ​នៅ​វិទ្យាស្ថាន​ភាសាបរទេស​(​IF​L​) ​និង​ជំនាញ​គ្រប់គ្រង​ពាណិជ្ជកម្ម​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។​ ​អំឡុង​រៀន​សាកលវិទ្យាល័យ​ ​កញ្ញា​ក៏បាន​ដាក់ពាក្យ​ជាប់​បម្រើ​ការងារ​ជានា​រី​អាកាសចរណ៍​ផង​ដែរ​។​ ​លុះ​មមាញឹក​ការងារ​កាន់តែ​ខ្លាំង​ ​កញ្ញា​បាន​សម្រេច​ចិត្ត​ផ្អាក​ការសិក្សា​ទាំង​កំពុង​សិក្សា​ឆ្នាំ​ទី​១​មក​បម្រើ​ការងារ​លើ​យន្តហោះ​ពេញ​ម៉ោង​។​ ​ធ្វើការ​បាន​រយៈពេល​ប្រហែល​៣​ឆ្នាំ​ ​កញ្ញា​បាន​ចាប់ផ្តើម​ការសិក្សា​ឡើងវិញ​ទៅលើ​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស​នៅ​វិទ្យាស្ថាន​ភាសាបរទេស​(​IF​L​) ​ហើយក៏​ស្រប​ចំ​ពេល​ដែល​កញ្ញា​ចូល​ប្រកួត​កម្មវិធី​ធីតា​ឯក​សង្ក្រាន្ត​ផង​ដែរ​។​

          ​មែនទែន​ទៅ​ ​កញ្ញា​ថា​ខ្លួន​ចូលចិត្ត​សិល្បៈ ​និង​ការងារ​ជានា​រី​អាកាសចរណ៍​តាំងតែពី​តូច​។​ ​កំឡុង​រៀន​ថ្នាក់​ទី​៨​កញ្ញា​បាន​ច្រៀង​ ​Cover​ ​បទ​ចម្រៀង​បរទេស​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ដែល​ធ្វើឲ្យ​ផ្ទុះ​ការចាប់អារម្មណ៍​បន្តបន្ទាប់​។​ ​ក្រោយមក​កញ្ញា​បាន​បង្កើត​គណនី​ ​T​i​k ​To​k ​ធ្វើ​វីដេអូ​និយាយ​អំពី​អាជីព​ជានា​រី​អាកាសចរណ៍​ ​រហូត​មានការ​គំា​ទ្រ​ធ្វើឲ្យ​បណ្តា​ម៉ាក​ផលិតផល​នានា​ចាប់អារម្មណ៍​ទំនាក់​ទង​ហៅ​ថត​ផ្សព្វផ្សាយ​ ​ហើយក៏​ធ្វើឲ្យ​ប្រជាប្រិយភាព​ចាប់ផ្តើម​ឡើង​ពី​ចុង​ឆ្នាំ​ ​២​០​១​៩​មក​។​

          ​បច្ចុប្បន្ន​ ​ក្រោយ​ពី​ទទួល​តំណែង​ជា​ធីតា​ឯក​សង្ក្រាន្ត​ ​កញ្ញា​មាន​តួនាទី​អភិ​រក្ស​ ​និង​ផ្សព្វផ្សាយ​នូវ​ ​វប្បធម៌​ ​អរិយធម៌​ ​និង​ប្រពៃណី​ខ្មែរ​ទៅកាន់​ប្អូន​ៗ​ ​ក៏ដូចជា​ពិភពលោក​ឲ្យ​ស្គាល់​កម្ពុជា​កាន់តែ​ច្បាស់​។​ ​កំពុង​សិក្សា​ផង​ ​ប្រឡូក​ការងារ​សិល្បៈ​ផង​ ​និង​បម្រើ​ការងារ​ជានា​រី​អាកាសចរណ៍​ផង​នោះ​ ​កញ្ញា​ ​ហេង​ ​រិន​សុ​ម៉ា​លី​តា​ ​ថា​ខ្លួន​មិន​ពិបាក​ក្នុង​ការបែងចែក​ពេលវេលា​គ្នា​ឡើយ​ ​ព្រោះ​ការងារ​ទាំងអស់​នេះ​សុទ្ធ​សឹង​មាន​ការរៀបចំ​ ​Schedule​ ​ឬ​ ​កាលវិភាគ​លៃលក​ទុកមុន​មិន​ឲ្យ​ជាន់​ពេល​គ្នា​នោះ​ទេ​។​ ​សម្រាប់​គម្រោង​ឆ្នាំ​ថ្មី​ ​ម្ចាស់​ជ័យ​លា​ភី​ដែល​អាច​និយាយ​បាន​៣​ភាសា​ ​គឺ​ភាសាខ្មែរ​ ​អង់គ្លេស​ ​និង​ចិន​ ​រូប​នេះ​ ​ចង់​អភិវឌ្ឍ​ខ្លួន​ឲ្យ​ប្រសើរ​ជាង​ឆ្នាំ​ចាស់​មួយ​ក​ម្រិ​ត​ទៀត​ ​ដោយ​ស្វែងរក​អ្វី​ថ្មីៗ​ ​បង្កើន​ចំណេះ​ដឹង​ ​និង​ពង្រឹង​ទៅលើ​ទេពកោសល្យ​បន្ថែម​ដើម្បី​បំពេញ​ឲ្យ​ដូច​បំណង​។​

          ​ជាចុងក្រោយ​តាមរយៈ​សូវ​រី​ន​ ​ធីតា​ឯក​សង្ក្រាន្ត​រដូវ​កាល​ទី​៣​ ​កញ្ញា​ ​ហេង​ ​រិន​សុ​ម៉ា​លី​តា​ ​មាន​ពាក្យពេចន៍​ថ្លែង​អំណរគុណ​ដល់​ពុក​ម៉ែ​បងប្អូន​ទាំងអស់​ដែល​តែងតែ​គាំទ្រ​កញ្ញា​រហូតមក​ ​និង​សូមជូនពរ​នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​នេះ​ ​សូមឲ្យ​រកទទួលទាន​មានបាន​គ្រប់​ៗ​គ្នា​ ​ធ្វើដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ប្រកបដោយ​សុវត្ថិភាព​ ​មាន​សុភមង្គល​ ​និង​ជៀស​ឆ្ងាយ​ពី​ជំងឺ​កូ​វី​ដ​១​៩​៕​

Article by HEM SOKKHIM


SUGGESTIONS